២០១៥
គ្មាន​ការប្ដូរ​តំបន់​ទេ
June 2015


គ្មាន ការប្ដូរ​តំបន់​ទេ

អ្នកនិពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

ប្រធាន​បេសកកម្ម​របស់​ខ្ញុំ​ច្បាស់​ជា​បាន​ធ្វើ​កំហុស​មួយ​ហើយ — តើ​ខ្ញុំ​អាច​រៀន​អ្វី​ពី​ការនៅ​ក្នុង​តំបន់​នេះ​កាន់តែ​យូរ​នោះ ?

រូបភាព
illustration of luggage

រូបភាព​ទ្វារ ដោយ gracethang/iStock/Thinkstock; រូបភាព​នៃ​ វ៉ាលិស​ដាក់​សម្លៀកបំពាក់ ដោយ monticello/iStock/Thinkstock

ខ្ញុំ​បាន​ចាកចេញ​ពី​ផ្ទះ​របស់​ខ្ញុំ​នៅ​ភូមិ​នេនត្សេ ប្រទេស តៃវ៉ាន់ ដើម្បី​ទៅ​បម្រើ​បេសកកម្ម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​នៅ​ប៉ែក​ខាង​ជើង​រដ្ឋ កាលីហ្វូញ៉ា ក្នុង​ឆ្នាំ ២០០៥ ។ តំបន់​ដែល​ដៃគូ​ខ្ញុំ និង ខ្ញុំ​ត្រូវ​បាន​ចាត់​ឲ្យ​បម្រើ​នោះ ជា​តំបន់​តូច​ល្មម​ដែល​ក្នុង​រយៈពេល​បួន​ខែ​កន្លះ យើង​បាន​គោះ​ទ្វារ​នៅ​គ្រប់​ផ្លូវ​ទាំងអស់​ដែល​នៅ​ក្នុង​តំបន់​ក្រុង​នោះ ។ កិច្ចការ​ផ្សព្វផ្សាយ​មាន​ការលំបាក ហើយ​ជា​ញឹកញាប់​មនុស្ស​ស្រែក​ឲ្យ​យើង ។ យើង​មាន​សាសនា​គន់ការី​ពីរ​បី​នាក់ ។ ចំពោះ​ខ្ញុំ កិច្ចការ​ហាក់​ដូច​ជា​ពុំ​ទៅ​មុខ​សោះ ។ បន្ទាប់​ពី​នៅ​ទី​នោះ​ជិត​បួន​ខែ ខ្ញុំ​ចង់​ចាកចេញ​រួច​ទៅ​ហើយ ។ ខ្ញុំ​ជឿ​ថា ខ្ញុំ​នឹង​ត្រូវ​ប្ដូរ​តំបន់ ។

យប់​ថ្ងៃ​អាទិត្យ ខ្ញុំ​បាន​រង់ចាំ​ទទួល​ទូរស័ព្ទ​រហូត​ដល់​ប្រធាន​ហ្សូន​របស់​ខ្ញុំ​បាន​ទូរស័ព្ទ​មក ។ ពេល​គាត់​បាន​ប្រាប់​ថា ខ្ញុំ​ត្រូវ​ចាត់​ឲ្យ​នៅ​ក្នុង​តំបន់​ដដែល​ប្រាំមួយ​សប្ដាហ៍​ទៀត ខ្ញុំ​មិន​អាច​ជឿ​ត្រចៀក​របស់​ខ្ញុំ​ទេ ។ ខ្ញុំ​បាន​គិត​ថា ពិត​ជា​មាន​កំហុស​អ្វី​មួយ​ហើយ !

សប្ដាហ៍​បន្ទាប់​នោះ​ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ជា​ប្រយោជន៍​សោះ​ឡើយ ហើយ​ប្រហែល​ជា​ដៃគូ​ខ្ញុំ​ក៏​ដូច្នោះ​ដែរ ព្រមទាំង​មនុស្ស​ដែល​នៅ​ក្រោម​ការដឹកនាំ​របស់​យើង​ផងដែរ ។ ខ្ញុំ​បដិសេធ​នឹង​ជឿ​ថា នេះ​គឺ​ជា​ការសម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ ។ ទោះ​យ៉ាង​ណា ខ្ញុំ​នៅតែ​ញញឹម​ពព្រាយ​ពេល​យើង​ជួប ឬ និយាយ​ជាមួយ​មនុស្ស​ផ្សេងៗ ប៉ុន្តែ​កប់​ជ្រៅ​នៅ​ក្នុង​ចិត្ត ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ ។ ដោយ​ការអួតអាង​របស់​ខ្ញុំ ខ្ញុំ​បន្ត​ប្រាប់​ខ្លួនឯង​ថា ខ្ញុំ​មិន​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​សម​នឹង​នៅ​ទេ ។ ខ្ញុំ​នៅ​តែ​សង្ឃឹម​ថា ប្រធាន​បេសកកម្ម​របស់​ខ្ញុំ​នឹង​ទូរស័ព្ទ ហើយ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ត្រូវ​ប្ដូរ​ទៅ​តំបន់​ផ្សេង ។

របៀប​ដែល​ការអះអាង​ឡើង​វិញ​បាន​មក

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​បន្ទាប់ ពេល​ខ្ញុំ​កំពុង​រៀបចំខ្លួន​ទាំង​ទើសទាល់ ដើម្បី​ទៅ​ព្រះវិហារ នោះ​ទូរស័ព្ទ​បាន​រោទ៍​ឡើង ។ គឺ​ប្រធាន​បេសកកម្ម ។ គាត់​សួរ​សុខ​ទុក្ខ​ខ្ញុំ​ដូច​សព្វ​ដង ដោយ​សំឡេង​ដ៏​ស្មោះត្រង់ នោះ​គាត់​បាន​មាន​ប្រសាសន៍​ថា « ស៊ីស្ទើរ ឆូ កាលពី​ម្សិលម៉ិញ​នៅ​ពេល​អាហារ​ថ្ងៃ​ត្រង់ ខ្ញុំ​បាន​គិត​អំពី​ស៊ីស្ទើរ ហើយ​មាន​អារម្មណ៍​ថា​ខ្ញុំ​ត្រូវ​ទូរស័ព្ទ​ទៅ​ស៊ីស្ទើរ ដើម្បី​ប្រាប់​ឲ្យ​ស៊ីស្ទើរ​ដឹង​ថា ស៊ីស្ទើរ​នៅក្នុង​តំបន់​ដ៏​ត្រឹមត្រូវ​ហើយ ។ ស៊ីស្ទើរ​កំពុង​នៅ​កន្លែង​ដែល​ស៊ីស្ទើរ​សម​នឹង​នៅ » ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​យំ​ពេល​ខ្ញុំ​បាន​ឮ​ពាក្យ​សម្ដី​របស់​គាត់ ។

ខ្ញុំ​បាន​អរគុណ​គាត់ ហើយ​បាន​ដាក់​ទូរស័ព្ទ​ចុះ ។ ពេល​ខ្ញុំ​ចាប់​ផ្ដើម​យំ អារម្មណ៍​ដ៏​ថ្លា​ដូច​គ្រីស្ទាល់​បាន​ចូល​មក​ក្នុង​ដួង​ចិត្ត​របស់​ខ្ញុំ​យ៉ាង​ខ្លាំង​ថា មាន កិច្ចការ​ដែល​មិន​ទាន់​ធ្វើ​ចប់​កំពុង​រង់ចាំ​ខ្ញុំ​នៅក្នុង​តំបន់​នេះ ។ ខ្ញុំ​ក៏​បាន​ដឹង​ផងដែរ​ថា ព្រះវរបិតាសួគ៌​របស់​ខ្ញុំ​ទ្រង់​ត្រាស់​ដឹង​ពី​គំនិត និង ការថប់​បារម្ភ​របស់​ខ្ញុំ ។ ទ្រង់​យល់​ពី​ភាព​ទន់ខ្សោយ​របស់​ខ្ញុំ ហើយ​ទ្រង់​បាន​បញ្ជូន​អ្នក​បម្រើ​របស់​ទ្រង់​ឲ្យ​មក​ធ្វើ​ការអះអាង​ឡើង​វិញ​ដល់​ខ្ញុំ ។

បន្ទាប់​ពី​និយាយ​តាម​ទូរស័ព្ទ​ហើយ ខ្ញុំ​ចាប់​ផ្ដើម​ទទួល​ស្គាល់​ពី​កន្លែង​ដែល​ខ្ញុំ​បម្រើ ហើយ​ធ្វើ​ការ​កាន់តែ​ខ្លាំង​ជាង​មុន ។ ខ្ញុំ​បាន​អធិស្ឋាន​សូម​កម្លាំង​ជា​រៀង​រាល់​ថ្ងៃ សូម​ឲ្យ​មើល​ឃើញ​កាន់​តែ​ច្បាស់​ពី​របៀប​ដែល​ខ្ញុំ​អាច​ធ្វើ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​រំពឹង​ចង់​ឲ្យ​ខ្ញុំ​ធ្វើ ។ អស់​ពេញ​ប្រាំ​សប្ដាហ៍​បន្ទាប់​នោះ ដៃគូ​ខ្ញុំ និង ខ្ញុំ​បាន​ឃើញ​អព្ភូតហេតុ​ជាច្រើន កាលដែល​យើង​បាន​អនុវត្ត​សេចក្ដី​ជំនឿ​គ្រប់គ្រាន់​ដើម្បី​ខិតខំ​ធ្វើការ ។ សាសនាគន់ការី​ដែល​បាន​រៀបចំ​យ៉ាង​ល្អ​ម្នាក់ បាន​ប្ដូរ​មក​នៅ​ក្នុង​តំបន់​យើង ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​មុន​ពេល​ខ្ញុំ​ប្ដូរ​តំបន់ ។

យើង​ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​ក្នុង​ផ្ទះ​ដែល​ពីមុន​មក​គេ​មិន​ស្វាគមន៍​យើង ។ យើង​បាន​ជួប​មនុស្ស​ថ្មីៗ​ជា​ច្រើន ដែល​កំពុង​ជួប​ការពិបាក ហើយ​យើង​មាន​ពរជ័យ​ដែល​បាន​ចែកចាយ​ពាក្យ​លួងលោម​របស់​ព្រះ​ជាមួយ​ពួកគេ ។ ទោះបី​មនុស្ស​មួយ​ចំនួន​ពុំ​បាន​ជ្រើសរើស​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ពេល​នោះ​ក្ដី ក៏​ខ្ញុំ​នឹង​មិន​ដែល​ភ្លេច​ពី​ទឹកមុខ​ដ៏​ចែងចាំង​របស់​ពួកគេ ឬ ពី​របៀប​ដែល​ព្រះវិញ្ញាណ និង សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​បាន​ធ្វើ​ឲ្យ​រំជួល​ដល់​ដួងចិត្ត​របស់​ពួកគេ — និង ដួងចិត្ត​ខ្ញុំ ។

អ្វី​ដែល​ខ្ញុំ​បាន​រៀន

ខ្ញុំ​បាន​រៀន​ថា ព្រះអម្ចាស់​ពិត​ជា​ត្រាស់​ដឹង​ពី​យើង​ម្នាក់ៗ ទ្រង់​មិន​បញ្ជូន​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ទ្រង់​ទៅ​កន្លែង​នានា​ដោយ​ពុំ​មាន​ហេតុផល​នោះ​ទេ ។ ខ្ញុំ​បាន​រៀន​ថា ពេល​យើង​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​តំបន់​មួយ ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ប្រើប្រាស់​យើង​នៅ​ទី​នោះ ជា​ឧបករណ៍​ដើម្បី​សម្រេច​កិច្ចការ​របស់​ទ្រង់ ។ ពេល​យើង​ដាក់​ខ្លួន​យើង​នៅក្នុង​ព្រះហស្ត​ទ្រង់ នោះ​អព្ភូតហេតុ​កើត​មាន​ឡើង ហើយ​ដួងចិត្ត​នឹង​ទន់ សូម្បី​ពេល​យើង​មិន​ឃើញ​ថា​វា​អាច​កើត​ឡើង​ដោយ​របៀប​ណា​ក៏​ដោយ ។

ជា​ពិសេស ខ្ញុំ​បាន​រៀន​ថា ប្រធាន​បេសកកម្ម​របស់​ខ្ញុំ ក៏​ដូច​ជា​អ្នក​ដឹកនាំ​សាសនាចក្រ​ផ្សេងៗ​ទៀត គឺ​ពិត​ជា​ត្រូវ​បាន​ហៅ​ពី​ព្រះ​ដើម្បី​ធ្វើ​ជា​អ្នក​បម្រើ​របស់​ទ្រង់ ។ ព្រះអម្ចាស់​ធ្វើ​ឲ្យ​អ្នក​ដឹកនាំ​របស់​យើង​សក្តិសម​នឹង​ទទួល​វិវរណៈ និង ការបំផុស​គំនិត ដែល​យើង​ត្រូវការ​សម្រាប់​សុខុមាលភាព​នៃ​ព្រលឹង​យើង ។

ខ្ញុំ​មាន​អំណរគុណ​ជា​រៀង​រហូត សម្រាប់​បទពិសោធន៍​ទាំងឡាយ​ដែល​ខ្ញុំ​ទទួល​បាន ដែល​ជា​លទ្ធផល​នៃ ការ​ដែល មិន បាន​ប្តូរ​តំបន់ ។