២០១៥
ការរស់នៅ​ក្នុង​ពិភពលោក​ដែល​ពោរពេញ​ដោយ​ការផ្លាស់ប្ដូរ
June 2015


ការរស់នៅ ក្នុង ពិភពលោក ដែល​ពោរពេញ​ដោយ​ការផ្លាស់ប្ដូរ

ចេញមកពីសុន្ទរកថា ដែល​បាន​ផ្ដល់​នៅ​ក្នុង​សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០១០ ។

ប្រសិន​បើ​ជីវិត និង ការផ្លាស់​ប្ដូរ​ដ៏​លឿន​របស់​វា និង ការថប់​អារម្មណ៍​ជា​ច្រើន​ធ្វើ​ឲ្យ​ពិបាក​សម្រាប់​អ្នក​ក្នុង​ការ​មាន​អារម្មណ៍​អរ​សប្បាយ នោះ​ប្រហែល​ឥឡូវ​នេះ​ជា​ពេល​ដ៏​ល្អ​ដើម្បី​ផ្ដោត​ឡើង​វិញ​លើ​អ្វី​ដែល​សំខាន់​បំផុត ។

រូបភាព
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ
រូបភាព
Illustration of airplane in storm

រូបថត​យន្តហោះ © 06 photo/dollar Photo Club; រចនា​រូបថត​ដោយ ដេវី ស្តុកឃ័រ

តើ​អ្នក​ធ្លាប់​នៅក្នុង​យន្តហោះ ហើយ​ជួប​បទពិសោធន៍​ខ្យល់​គួច​ដែរ​ឬ​ទេ ? បុព្វហេតុ​ដ៏​ធម្មតា​បំផុត​មួយ​នៃ​ខ្យល់គួច គឺ​ជា​ការផ្លាស់​ប្ដូរ​ភ្លាមៗ​នៃ​ចលនា​កម្លាំង​ខ្យល់ ដែល​បណ្ដាល​ឲ្យ​យន្តហោះ​គ្រវែង​ចុះ​ឡើង រង្គោះ​រង្គើ និង រលាក់ ។ ទោះ​បី​ជា​យន្តហោះ​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​តទល់​នឹង​កម្លាំង​ខ្យល់​គួច​ដ៏​ខ្លាំង​ជាង​ខ្យល់​ដែល​អ្នក​ជួប​ប្រទះ​នៅ​ក្នុង​ការជិះ​ធម្មតា​ក្ដី ក៏​វា​នៅ​តែ​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ភ័យ​ដូច​គ្នា ។

តើ​អ្នក​ស្មាន​ថា អ្នក​បើក​យន្តហោះ​ធ្វើ​ដូច​ម្ដេច​ពេល​ជួប​នឹង​ខ្យល់​គួច​នោះ ? កូន​សិស្ស​ដែល​រៀន​បើក​យន្ត​ហោះ​ម្នាក់​ប្រហែល​ជា​គិត​ថា ការ​បន្ថែម​ល្បឿន​គឺ​ជា​វិធីសាស្ត្រ​មួយ​យ៉ាង​ល្អ ពីព្រោះ​វា​នឹង​ជួយ​ពួកគេ​ឲ្យ​ឆ្លង​កាត់​ខ្យល់​គួច​នោះ​បាន​កាន់តែ​លឿន ។ ប៉ុន្តែ​ការធ្វើ​ដូច្នោះ​ប្រហែល​ជា​ខុស​ហើយ ។ អ្នក​បើក​យន្តហោះ​ដែល​មាន​វិជ្ជា​ជីវៈ​ច្បាស់​លាស់​យល់​ថា មាន​កម្រិត​ល្បឿន​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ឆ្លង​កាត់​ខ្យល់​គួច ដែល​បង្រួម​ឥទ្ធិពល​អវិជ្ជមាន​នៃ​ខ្យល់​គួច​នោះ ។ ហើយ​ស្ទើរ​តែ​គ្រប់​ពេល​គឺ​ត្រូវ​បន្ថយ​ល្បឿន​វិញ ។ គោលការណ៍​នេះ​អនុវត្ត​ដូច​គ្នា​ទៅ​នឹង​កន្លែង​ផ្លូវ​រលាក់​ដែល​យើង​ត្រូវ​បន្ថយ​ល្បឿន ។

ដូច្នេះ ដំបូន្មាន​ដ៏​ល្អ​មួយ​គឺ​ថា ត្រូវ​បន្ថយ​ល្បឿន​បន្តិច ហើយ​ត្រូវ​រក្សា​លំនឹង ហើយ​យក​ចិត្ត​ទុក​ដាក់​តែ​ទៅ​អ្វី​ដែល​ចាំបាច់ នៅពេល​ដែល​ជួប​ប្រទះ​នឹង​គ្រោះ​អកុសល ។

ល្បឿន​នៃ​ជីវិត​សម័យ​ទំនើប

លក្ខណៈ​មួយ​នៃ​ជីវិត​ទាន់​សម័យ​ហាក់បី​ដូច​ជា​យើង​កំពុង​ធ្វើ​ចលនា​កាន់តែ​លឿន​ទៅ​មុខ ទោះ​ជា​ស្ថិត​នៅ​ក្នុង​ភាព​ចលាចល ឬ ឧបសគ្គ​យ៉ាង​ណា​ក្ដី ។

សូម​និយាយ​ត្រង់ វា​ស្រួល​ណាស់​ក្នុង​ការជាប់​រវល់ ។ យើង​ទាំង​អស់​គ្នា​អាច​គិត​ពី​ការធ្វើ​បញ្ជី​កិច្ចការ​យ៉ាង​វែង ដែល​ប៉ះពាល់​ដល់​កាលវិភាគ​របស់​យើង ។ មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​គិត​ថា ខ្លួន​គេ​មាន​តម្លៃ​គឺ​អាស្រ័យ​លើ​បញ្ជី​កិច្ចការ​ដែល​ពួកគេ​ត្រូវ​ធ្វើ​មាន​ប្រវែង​វែង ។

អ្នក​ឆ្លាតវៃ​ទប់ទល់​នឹង​ការល្បួង ដើម្បី​ជាប់​ទាក់ទិន​ក្នុង​ជីវិត​សែន​រវល់​ប្រញាប់​ប្រញាល់​ប្រចាំ​ថ្ងៃ ។ ពួកគេ​ធ្វើ​តាម​ដំបូន្មាន​នេះ​ថា « មាន​អ្វី​ច្រើន​ក្នុង​ជីវិត​ជាង​ភាព​តក់​ក្រហល់ » ។ សរុប​សេចក្ដី​មក គឺ​គេ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​អ្វី​ដែល​សំខាន់​ជាង​គេ ។

អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា « យើង​ត្រូវតែ​លះបង់​ការដែល​ល្អ ដើម្បី​ជ្រើសរើស​អ្វី​ដែល​ប្រសើរ​ជាង ឬ ប្រសើរ​លើស​គេ ពីព្រោះ​ការណ៍​ទាំងនោះ​អភិវឌ្ឍ​ជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ និង ពង្រឹង​ក្រុមគ្រួសារ​របស់​យើង » ។

ការស្រាវជ្រាវ​រក​ការណ៍​ដែល​ល្អ​បំផុត​នោះ​គឺ​តែងតែ​ដឹកនាំ​ទៅ​រក​គោលការណ៍​គ្រឹះ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ — គឺ​ជា​សេចក្ដី​ពិត​ដ៏​សាមញ្ញ និង អស្ចារ្យ​ដែល​ត្រូវ​បាន​បើក​សម្ដែង​មក​កាន់​យើង​ដោយ​ព្រះវរបិតាសួគ៌​អស់កល្ប ដែល​យក​ព្រះទ័យ​ទុក​ដាក់ និង មាន​ការចេះ​ដឹង​ទាំងអស់ ។

តើ​ខ្ញុំ​អាច​រៀន​ពី​អ្វី​ដែល​សំខាន់​បំផុត​បាន​តាម​របៀប​ណា ?

ខ្ញុំ​គិត​ថា យើង​ទាំងអស់គ្នា​ភាគ​ច្រើន​មាន​សភាវគតិ​យល់​ពី​សារៈសំខាន់​នៃ​គោលការណ៍​គ្រឹះ ។ គ្រាន់តែ​ពេល​ខ្លះ យើង​ត្រូវ​បាន​រំខាន​ដោយ​កិច្ចការ​ជាច្រើន​ដែល​ហាក់​ដូច​ជា​មាន​ការទាក់ទាញ​ជាង ។

ឯកសារ​ដែល​បោះពុម្ព ប្រភព​ព័ត៌មាន​ផ្សេងៗ​ទៀត ឧបករណ៍​អេឡិចត្រូនិច និង គ្រឿង​ម៉ាស៊ីន​ផ្សេងៗ — ទាំងអស់​នេះ​វា​ជា​ជំនួយ ប្រសិន​បើ​ប្រើ​ដោយ​ត្រឹមត្រូវ — ប៉ុន្តែ​វា​អាច​ប្រែក្លាយ​ជា​ខូច​ទំនាក់​ទំនង ឬ ធ្វើ​ឲ្យ​មនុស្ស​ឯកោ​ក៏​បាន​ដែរ ។

ក៏​ប៉ុន្តែ​នៅក្នុង​​ចំណោម​សំឡេង និង ជម្រើស​ច្រើន​ក្រៃលែង បុរស​នៃ​ស្រុក​កាលីឡេ​ដ៏​រាបសា​បាន​ក្រោក​ឈរ​ឡើង លាត​ព្រះហស្ត​របស់​ទ្រង់ ។ សារលិខិត​ដ៏​សាមញ្ញ​របស់​ទ្រង់​គឺ​ថា ៖ « ចូរ​មក​តាម​ខ្ញុំ​ចុះ » ( លូកា ១៨:២២ ) ។ ហើយ​ទ្រង់​ពុំ​បាន​មាន​ព្រះបន្ទូល​ដោយ​ប្រើ​ប្រដាប់​បំពង​សម្លេង​នោះ​ទេ ប៉ុន្តែ​គឺ​ដោយ​សំឡេង​តូច​រហៀងៗ ( សូម​មើល ពង្សាវតារក្សត្រ ទី១ ១៩:១២ ) ។ វា​ជា​ការងាយ​ណាស់​សម្រាប់​សារលិខិត​គ្រឹះ​នៃ​ដំណឹងល្អ ក្នុង​ការបាត់បង់​នៅ​កណ្ដាល​ទឹក​ជំនន់​នៃ​ព័ត៌មាន​ដែល​វាយ​ប៉ះ​ត្រូវ​យើង​ពី​គ្រប់​ផ្នែក ។

ព្រះគម្ពីរ​ដ៏​បរិសុទ្ធ និង ពាក្យ​សម្ដី​របស់​ព្យាការី​ដែល​នៅ​រស់ បាន​សង្កត់​ធ្ងន់​ទៅ​លើ​គោលការណ៍ និង គោលលទ្ធិ​នៃ​ដំណឹង​ល្អ​ដែល​ជា​មូលដ្ឋាន​គ្រឹះ ។ មូលហេតុ​ដែល​យើង​ត្រឡប់​ទៅរក​គោលការណ៍​គ្រឹះ​ទាំងនេះ គឺ​ត្រឡប់​ទៅ​រក​គោលការណ៍​ដ៏​បរិសុទ្ធ ពីព្រោះ​វា​ជា​ផ្លូវ​ចូល​ទៅ​រក​សេចក្ដី​ពិត​នៃ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ ។

មូលដ្ឋាន​គ្រឹះ ៖ ទំនាក់ទំនង​ដ៏​សំខាន់​ទាំង​បួន

នៅ​ពេល​យើង​ងាក​ទៅ​រក​ព្រះវរបិតាសួគ៌ និង ស្វែងរក​ប្រាជ្ញា​របស់​ទ្រង់​ស្ដី​អំពី​ការណ៍​ដែល​ចាំបាច់​បំផុត យើង​រៀន​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​សារៈ​សំខាន់​នៃ​ទំនាក់ទំនង​ដ៏​សំខាន់​ទាំង​បួន ៖ ជាមួយ​ព្រះ​របស់​យើង ជាមួយ​គ្រួសារ​របស់​យើង ជាមួយ​មនុស្ស​ជាតិ​របស់​យើង និង ជាមួយ​ខ្លួន​ឯង ។ នៅ​ពេល​យើង​វាយតម្លៃ​ជីវិត​របស់​យើង​ដោយ​មាន​ឆន្ទៈ យើង​នឹង​ឃើញ​កន្លែង​ណា​ដែល​យើង​រសាត់​អណ្ដែត​ចេញ​ពី​ផ្លូវ​ដែល​ប្រសើរ​លើសលប់ ។ កែវ​ភ្នែក​នៃ​ការយល់​របស់​យើង​នឹង​បើក​ឡើង ហើយ​យើង​នឹង​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ដើម្បី​ធ្វើ​ឲ្យ​បេះដូង​យើង​បាន​បរិសុទ្ធ និង យកចិត្ត​ទុក​ដាក់​លើ​ជីវិត​របស់​យើង​ម្ដង​ទៀត ។

រូបភាព
A young man reading scriptures.

ទីមួយ ទំនាក់ទំនង​របស់​យើង ជាមួយ​ព្រះ គឺ​ពិសិដ្ឋ និង សំខាន់​បំផុត ។ យើង​គឺជា​បុត្រ​ខាង​វិញ្ញាណ​របស់​ទ្រង់ ។ ទ្រង់​គឺ​ជា​ព្រះវរបិតា​របស់​យើង ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​សុភមង្គល ។ នៅ​ពេល​យើង​ស្វែងរក​ទ្រង់ រៀន​ពី​បុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ នៅពេល​យើង​បើក​ដួងចិត្ត​ទទួល​ឥទ្ធិពល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ជីវិត​យើង​នឹង​កាន់តែ​មាន​លំនឹង និង សុវត្ថិភាព ។ យើង​នឹង​ទទួល​បទពិសោធន៍​នៃ​ភាពសុខសាន្ត សេចក្ដី​អំណរ និង ជោគជ័យ​ដ៏​អស្ចារ្យ នៅពេល​យើង​ធ្វើ​អ្វី​ដែល​ប្រសើរ​បំផុត ដើម្បី​រស់នៅ​តាម​ផែនការ​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះ ហើយ​រក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។

យើង​អភិវឌ្ឈ​ទំនាក់ទំនង​ជាមួយ​ព្រះវរបិតាសួគ៌ តាមរយៈ​ការរៀន​សូត្រ​អំពី​ទ្រង់ សន្ទនា​ជា​មួយ​ទ្រង់ ដោយ​ប្រែចិត្ត​ពី​អំពើ​បាប​របស់​យើង និង ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ​សកម្ម ដ្បិត « បើ​មិន​មក​តាម [ ព្រះគ្រីស្ទ ] នោះ​គ្មាន​អ្នកណា​អាច​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ » ( យ៉ូហាន ១៤:៦ ) ។ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​របស់​យើង​ជាមួយ​ព្រះ យើង​ត្រូវការ​ពេលវេលា​ដ៏​មាន​អត្ថន័យ​ជាមួយ​ទ្រង់​ដោយ​ឡែក​តែ​ឯង ។ ការ​យកចិត្ត​ទុកដាក់​ដោយ​ស្ងាត់ៗ​លើ​ការអធិស្ឋាន​ផ្ទាល់​ខ្លួន និង ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ តែងតែ​ប្រឹងប្រែង​ឲ្យ​មាន​ភាព​សក្តិសម​នៃ​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​បច្ចុប្បន្ន​ជានិច្ច — នេះ​ហើយ​គឺ​ជា​ការវិនិយោគ​ដ៏​ឆ្លាត​វៃ​ចំពោះ​ពេល​វេលា​របស់​យើង និង ការ​ខិត​ខំ​របស់​យើង ដើម្បី​ខិត​ចូល​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ ។ ចូរ​ស្ដាប់​តាម​ការអញ្ជើញ​របស់​ទំនុកដំកើង​ថា « ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា​អញ​ជា​ព្រះ » ( ទំនុក​ដំកើង ៤៦:១០ ) ។

រូបភាព
Family members sitting around a table. They are talking to each other.

ទំនាក់​ទំនង​សំខាន់ ទីពីរ គឺ​ទំនាក់ទំនង ជាមួយ​ក្រុមគ្រួសារ​យើង ។ ពីព្រោះ « គ្មាន​ជោគជ័យ​ណា​អាច​តប​ស្នង​នឹងបរាជ័យ​នៅ​ក្នុង​ផ្ទះ​បាន​ឡើយ » នោះ​យើង​ត្រូវ​តែ​ផ្ដល់​អាទិភាព​ដល់​ក្រុមគ្រួសារ​យើង ។ យើង​កសាង​គ្រួសារ​ដោយ​មាន​ទំនាក់​ទំនង​ស្រឡាញ់ និង ជ្រាលជ្រៅ តាម​រយៈ​ការធ្វើ​ការ​សាមញ្ញ​ជាមួយ​គ្នា ដូច​ជា​ការបរិភោគ​អាហារ​ពេល​ល្ងាច​ជា​គ្រួសារ រាត្រី​ជួបជុំ​គ្រួសារ និង លេង​ល្បែង​រីករាយ​ជាមួយ​គ្នា ។ នៅក្នុង​ទំនាក់ទំនង​គ្រួសារ សេចក្ដី​ស្រឡាញ់ ត្រូវ​ប្រកប​អក្សរ​ថា ព-េ-ល-វ-េ-ល-ា គឺ​ពេលវេលា ។ ការ​ឆ្លៀត​ពេល​ដើម្បី​គ្នា​នឹង​គ្នា​ទៅវិញ​ទៅ​មក​គឺជា​គន្លឹះ​សម្រាប់​ភាព​សុខដុម​នៅក្នុង​គេហដ្ឋាន ។ យើង​និយាយ​ជាមួយ​គ្នា​ប្រសើរ​ជាង​គ្រាន់តែ​និយាយ​អំពី​គ្នា​ទៅវិញ​ទៅ​មក ។ យើង​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក និង អបអរ​ចំពោះ​ភាព​ខុស​គ្នា​របស់​យើង ក៏​ដូច​ជា​ភាព​ដូច​គ្នា​របស់​យើង​ផងដែរ ។ យើង​កសាង​ចំណង​ដ៏​ទេវភាព​ជាមួយ​គ្នា នៅពេល​យើង​ចូល​ទៅ​រក​ព្រះ​ជាមួយ​គ្នា តាមរយៈ​ការអធិស្ឋាន​ជា​គ្រួសារ ការ​សិក្សា​ដំណឹង​ល្អ និង ការថ្វាយ​បង្គំ​នៅ​ថ្ងៃ​អាទិត្យ ។

រូបភាព
A young man showing something on his smartphone to another young man.

ទំនាក់​ទំនង​សំខាន់ ទីបី ដែល​យើង​មាន គឺ​ទំនាក់ទំនង ជាមួយ​មនុស្ស​ជាតិ ។ យើង​កសាង​ទំនាក់ទំនង​នេះ​ម្នាក់​ម្ដងៗ — តាមរយៈ​ការយល់​ដឹង​ពី​សេចក្ដី​ត្រូវការ​របស់​អ្នក​ដទៃ បម្រើ​គេ និង ផ្ដល់​ពេលវេលា និង ទេពកោសល្យ​របស់​យើង ។ ខ្ញុំ​មាន​ការកោត​សរសើរ​ចំពោះ​បងស្រី​ម្នាក់​ដែល​មាន​បន្ទុក​ដោយសារ​បញ្ហា​ជរា និង ជំងឺ ប៉ុន្តែ​គាត់​បាន​សម្រេច​ចិត្ត​ថា ទោះបី​គាត់​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​ក្ដី គាត់​នៅ​តែ​ស្ដាប់​បាន ។ ដូច្នេះ រាល់​សប្ដាហ៍​គាត់​រក​មនុស្ស​ដែល​ហាក់បី​ដូច​ជា​មាន​បញ្ហា ឬ បាក់ទឹកចិត្ត ហើយ​គាត់​ចំណាយ​ពេល​ជាមួយ​ពួកគេ ស្ដាប់​រឿងរ៉ាវ​របស់​ពួកគេ ។ វា​ជា​ពរជ័យ​ខ្លាំង​ណាស់​នៅ​ក្នុង​ជីវិត​មនុស្ស​ជាច្រើន​ដោយ​សារ​គាត់ ។

រូបភាព
Informal portrait of a young woman at the General Women's Meeting, March 2014.

ទំនាក់​ទំនង​សំខាន់ ទីបួន គឺ​ទំនាក់ទំនង ជាមួយខ្លួន​ឯង ។ វា​ហាក់​បី​ដូច​ជា​ប្លែក​ក្នុង​ការគិត​ពី​ការមាន​ទំនាក់ទំនង​ជាមួយ​ខ្លួនឯង ប៉ុន្តែ​យើង​ពិត​ជា​មាន ។ មនុស្ស​មួយ​ចំនួន​មិន​សូវ​ជា​មាន​ភាព​ស្រុះស្រួល​ជាមួយ​ខ្លួនឯង​ប៉ុន្មាន​ទេ ។ ពួកគេ​រិះគន់ និង មាន​ភាព​ល្វីង​ជូរចត់​ជាមួយ​នឹង​ខ្លួនឯង​ពេញ​មួយ​ថ្ងៃ រហូត​ដល់​គេ​ចាប់​ផ្ដើម​ស្អប់​ខ្លួន​ឯង ។ ខ្ញុំ​សូម​ផ្ដល់​យោបល់​ថា សូម​កាត់​បន្ថយ​ភាព​ប្រញាប់​ប្រញាល់ ហើយ​ឆ្លៀត​ពេល​បន្តិច​បន្តួច​បន្ថែម​ដើម្បី​រៀន​ស្គាល់​ខ្លួន​អ្នក​ឲ្យ​បាន​កាន់តែ​ប្រសើរ ។ សូម​ដើរ​គយគន់​ធម្មជាតិ មើល​ព្រះអាទិត្យ​រះ រីករាយ​ជាមួយ​នឹង​ស្នាព្រហស្ត​នៃ​ការបង្ក​បង្កើត​របស់​ព្រះ ពិចារណា​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ និង ស្វែង​រក​ថាតើ​វា​មាន​អត្ថន័យ​ចំពោះ​អ្នក​ផ្ទាល់​យ៉ាង​ដូចម្ដេច ។ សូម​រៀន​មើល​ខ្លួន​អ្នក​ដូច​ព្រះវរបិតាសួគ៌​មើល​អ្នក — គឺ​ជា​បុត្រី ឬ បុត្រា​ដ៏​មាន​តម្លៃ​ជាមួយ​នឹង​សក្ដានុពលភាព​ដ៏​ទេវភាព ។

កម្លាំង​នៅ​ក្នុង​ភាពសាមញ្ញ

ភាព​រឹង​មាំ​បាន​មក មិន​មែន​តាមរយៈ​សកម្មភាព​ដ៏​វីវក់​ទេ ប៉ុន្តែ​តាមរយៈ​ការចាក់​គ្រឹះ​ដ៏​រឹងមាំ​នៃ​សេចក្ដី​ពិត និង ពន្លឺ ។ វា​បាន​មក​ពី​ការដាក់​ការយកចិត្ត​ទុក​ដាក់ និង ការខិតខំ​របស់យើង​ទៅ​លើ​មូលដ្ឋាន​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ វា​បាន​មក​ពី​ការ​ផ្តោតយកចិត្តទុកដាក់​ទៅលើ​អ្វីៗ​ដ៏​ទេវភាព​ដែល​មាន​សារៈសំខាន់​បំផុត ។

សូម​យើង​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​ភាព​សាមញ្ញ​បន្តិច ។ ចូរ​យើង​ធ្វើ​ការផ្លាស់​ប្ដូរ​ដែល​ចាំ​បាច់​ដើម្បី​យក​ចិត្ត​ទុកដាក់​លើ​ជីវិត​របស់​យើង​សារ​ជា​ថ្មី ទៅលើ​ភាព​ស្រស់​ស្អាត​យ៉ាង​វិសេស​នៃ​ផ្លូវ​នៃ​ភាពជា​សិស្ស​ជា​ពួក​គ្រីស្ទាន​ដ៏​រាបទាប សាមញ្ញ — ជា​ផ្លូវ​ដែល​តែងតែ​ដឹកនាំ​ឆ្ពោះ​ទៅ​ជីវិត​មានន័យ សេចក្ដី​រីករាយ និង សេចក្ដី​សុខសាន្ត ។

កំណត់​ចំណាំ

  1. Mahatma Gandhi, in Larry Chang, Wisdom for the Soul ( ឆ្នាំ ២០០៦ ) ទំព័រ ៣៥៦ ។

  2. ដាល្លិន អេក អូក “Good, Better, Best,” លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១០៧ ។

  3. J. E. McCulloch, Home: The Savior of Civilization ( ឆ្នាំ ១៩២៤ ) ទំព័រ ៤២; សូមមើល​ផងដែរ Conference Report, ខែ មេសា ឆ្នាំ ១៩៣៥ ទំព័រ ១១៦ ។