២០១៥
មិត្ត​ម្នាក់​របស់​ខ្ញុំ​ចង់​សាកល្បង​អ្វី​ដែល​មិន​ល្អ គ្រាន់តែ​ម្ដង​ប៉ុណ្ណោះ ដើម្បី​នាង​អាច​យល់​ពី​រឿង​នោះ ពេល​មនុស្ស​និយាយ​ពី​វា ។ តើ​ខ្ញុំ​អាច​ជួយ​នាង​យ៉ាង​ដូចម្ដេច ដើម្បី​ឲ្យ​នាង​យល់ថា វា​មិន​មែន​ជា​គំនិត​ល្អ​ទេ ?
June 2015


សំណួរ និង ចម្លើយ

« មិត្ត​ម្នាក់​របស់​ខ្ញុំ​ចង់​សាកល្បង​អ្វី​ដែល​មិន​ល្អ គ្រាន់តែ​ម្ដង​ប៉ុណ្ណោះ ដើម្បី​នាង​អាច​យល់​ពី​រឿង​នោះ ពេល​មនុស្ស​និយាយ​ពី​វា ។ តើ​ខ្ញុំ​អាច​ជួយ​នាង​យ៉ាង​ដូចម្ដេច ដើម្បី​ឲ្យ​នាង​យល់ថា វា​មិន​មែន​ជា​គំនិត​ល្អ​ទេ ? »

រឿង​ដ៏​សំខាន់​បំផុត​មួយ​ដែល​អ្នក​អាច​ធ្វើ គឺ​ជួយ​មិត្ត​អ្នក​ឲ្យ​ចងចាំ​ពី​មូលហេតុ​ដែល​យើង​មាន​ព្រះបញ្ញត្តិ​ទាំងឡាយ ។ ព្រះវរបិតាសួគ៌​ប្រទាន​ដល់​យើង​នូវ​ព្រះបញ្ញត្តិ​ទាំងឡាយ ពីព្រោះ​ទ្រង់​ស្រឡាញ់​យើង ហើយ​ត្រាស់​ដឹង​ថា ព្រះបញ្ញត្តិ​ទាំង​នោះ​នឹង​ជួយ​យើង​ឲ្យ​រីករាយ និង​ជួយ​យើង​ឲ្យ​ក្លាយ​ដូច​ជា​ទ្រង់ ។

នៅក្នុង​គម្ពីរ​សញ្ញា​ថ្មី ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ថា « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ » ( យ៉ូហាន ១៤:១៥ ) ។ សូម​ជួយ​មិត្ត​របស់​អ្នក​ឲ្យ​ដឹង​ថា ការជ្រើសរើស​អ្វី​ដែល​ត្រូវ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ និង ការដឹងគុណ​ដល់​ដង្វាយធួន និង ដំណឹងល្អ​របស់​ទ្រង់ ។

អ្នក​អាច​រំឭក​នាង​ផងដែរ​ថា ការធ្វើ​អ្វី​ដែល​អាក្រក់​ដឹកនាំ​ទៅ​រក​ផល​អាក្រក់ សូម្បី​វា​តែ​ម្ដង​ក៏​ដោយ ។ យើង​មិន​អាច​ធ្វើ​អំពើ​បាប ហើយ​គេច​ផុត​ពី​ផល​របស់​វា​នោះ​ទេ ។ ការ​មិន​គោរព​ដោយ​ចេតនា​នូវ​ព្រះបញ្ញត្តិ​ទាំងឡាយ គឺ​ដូច​ជា​ការ​ឈាន​ជើង​ចេញ​ពី​ព្រះវរបិតាសួគ៌ ហើយ​ទូល​ទ្រង់​ថា ទ្រង់​មិន​សំខាន់​ខ្លាំង​ដូច​ជា​មិត្តភក្ដិ​របស់​យើង ឬ មនុស្ស​ដទៃ​ទៀត​ឡើយ ។

ព្រះវរបិតាសួគ៌​ស្រឡាញ់​យើង ហើយ​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​យើង​ឲ្យ​មាន​ការដឹកនាំ​ពី​ព្រះវិញ្ញាណ ពេល​យើង​រក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ បើ​យើង​គោរព​ប្រតិបត្តិ នោះ​ព្រះវិញ្ញាណ​នឹង​បង្រៀន​យើង​ច្រើន​ជាង​ដែល​យើង​អាច​រៀន​ដោយ​ការ​ដក​ពិសោធន៍​ជាមួយ​នឹង​អំពើ​បាប ។

យើង​ពុំ​ត្រូវការ​ការ​ដក​ពិសោធន៍​ទេ

ខ្ញុំ​នឹង​បង្រៀន​មិត្ត​របស់​អ្នក​ថា « អ្វី​ក៏​ដោយ​ដែល​ល្អ​ចេញ​មក​ពី​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​អាក្រក់​ចេញ​មក​ពី​អារក្ស » ( អាលម៉ា ៥:៤០ ) ។ ខ្ញុំ​ក៏​នឹង​ពន្យល់​ផង​ដែរ​ថា ទង្វើ​គ្រប់​យ៉ាង​មាន​ផល​របស់​វា ហើយ​ថា​យើង​មិន​គប្បី​ធ្វើ​អ្វីៗ​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​យើង​នោះ​ទេ ។ យើង​ពុំ​ចាំបាច់​ដក​ពិសោធន៍​ការណ៍​អាក្រក់​នោះ​ទេ ។ មាន​នូវ​ការណ៍​អាក្រក់​ច្រើន​ហួស​ហើយ​នៅ​ជុំ​វិញ​ខ្លួន​យើង ហើយ​វា​ងាយ​ស្រួល​នឹង​ឃើញ​ណាស់​ថា មនុស្ស​ជា​ច្រើន​បាន​រស់នៅ​ក្នុង​ទុក្ខ​វេទនា ពីព្រោះ​ពួកគេ​ពុំ​រក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ​ទេ ។

វីនីសូស អេស អាយុ ១៧ ឆ្នាំ ទីក្រុង សៅ ប៉ូឡូ ប្រទេស ប្រស៊ីល

ប្រាប់​ពី​របៀប​ដើម្បី​យក​ឈ្នះ​ការល្បួង

សូម​ប្រាប់​មិត្ត​របស់​អ្នក​ថា អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ការឈរ​របស់​នាង​ចំពោះ​ព្រះភ័ក្ត្រ​ព្រះ ។ យើង​មិន​ត្រូវ​លះបង់​សេចក្ដី​សង្គ្រោះ​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ជា​ថ្នូរ​នឹង​បទពិសោធន៍​ខាង​លោកិយ​នៅ​ទេ ។ ហើយ​អ្នក​នឹង​កាន់តែ​ជួយ​ដល់​មិត្ត​អ្នក ប្រសិន​បើ​អ្នក​អាច​ប្រាប់​នាង​អំពី​របៀប​ដែល​អ្នក​បាន​យក​ឈ្នះ​លើ​ការល្បួង ។

អេមិលី ជី អាយុ ១៩ ឆ្នាំ ផឺតូ រីកូ

យើង​មាន​សក្ដានុពលភាព​ដ៏​ទេវភាព

អ្នក​អាច​ពន្យល់​ដោយ​រាបសា​ទៅកាន់​មិត្ត​របស់​អ្នក​ថា ខណៈ​ដែល​ជម្រើស​អាក្រក់​មួយ​អាច​ហាក់​ដូច​ជា​ពុំ​មាន​អន្តរាយ នោះ​វា​អាច​នាំ​ទៅ​កាន់​អំពើ​បាប​ដែល​កាន់តែ​ធ្ងន់ធ្ងរ ។ អ្នក​ក៏​អាច​ចែកចាយ​ខគម្ពីរ​នេះ ៖ « ព្រះអម្ចាស់​ពុំ​អាច​ទត​មើល​អំពើ​បាប សូម្បី​តែ​បន្តិច​បន្តួច » ( គ. និង ស. ១:៣១ ) ។ សូម​រំឭក​មិត្ត​អ្នក​ថា សូម្បី​តែ​បទពិសោធន៍​នៃ​អំពី​បាប​តែ​មួយ អាច​ធ្វើ​ឲ្យ​យើង​ពុំ​មាន​ភាព​បរិសុទ្ធ​ដើម្បី​ស្ដាប់​សំឡេង​នៃ​ព្រះវិញ្ញាណ ។ លើស​អ្វីៗ​ទាំងអស់ សូម​ឲ្យ​នាង​ដឹង​ថា អ្នក​ស្រឡាញ់​នាង ហើយ​ថា​ការ​ជ្រើសរើស​ត្រូវ គឺ​ជា​ផ្នែក​នៃ​សក្ដានុពលភាព​ដ៏​ទេវភាព​របស់​នាង ក្នុង​នាម​ជា​បុត្រី​នៃ​ព្រះ ។

អាឌ្រីអាណា អេហ្វ អាយុ ១៧ ឆ្នាំ រដ្ឋ អារីហ្សូណា ស.រ.អា

គ្រាន់តែ​ម្ដង​នឹង​ឈឺចាប់

គ្រប់​ការណ៍​អាក្រក់​ទាំងអស់ សូម្បី​បើ​អ្នក​ធ្វើ​វា​តែ​ម្ដង វា​នឹង​ធ្វើ​ឲ្យ​អ្នក​ចេញ​ឆ្ងាយ​ពី​ព្រះវិញ្ញាណ ។ ប្រសិន​បើ​ព្រះវិញ្ញាណ​យាង​ចេញ វា​នឹង​កាន់តែ​ងាយ​ស្រួល​សម្រាប់​សាតាំង​ដើម្បី​ល្បួង​អ្នក​ឲ្យ​ធ្វើ​ការណ៍​អាក្រក់​កាន់តែ​ច្រើន​ឡើងៗ ។ អ្នក​នឹង​ត្រូវតែ​ប្រែចិត្ត​ពី​អំពើ​បាប​ទាំងអស់​របស់​អ្នក មិន​ថា​អ្នក​ធ្វើ​វា​ច្រើន​ដង​ប៉ុណ្ណា​ទេ ហើយ​ការប្រែចិត្ត​ពី​អំពើ​បាប​ធ្ងន់ធ្ងរ​ទាំងឡាយ អាច​ជា​ដំណើរ​ការ​ដ៏​យូរ​អង្វែង និង ឈឺចាប់ ។

អេមីលី អិល អាយុ ១៤ ឆ្នាំ រដ្ឋ យូថាហ៍ ស.រ.អា

ចូរ​រឹងមាំ​ឡើង

សូម​អះអាង​សារ​ជា​ថ្មី​ដល់​នាង​ថា អ្នក​ស្រឡាញ់​នាង ហើយ​ចង់​ជួយ​នាង​ឲ្យ​ជ្រើសរើស​ត្រូវ ។ ខ្ញុំ​បាន​ដឹង​តាមរយៈ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ថា យើង​មិន​ចាំបាច់​ជ្រើស​ជម្រើស​ដូច​គ្នា​ទៅ​នឹង​នរណា​ម្នាក់ ដើម្បី​ស្គាល់​ពី​គេ​នោះ​ទេ ។ ពេល​ដែល​យើង​រស់នៅ​តាម​ដំណឹងល្អ នោះ​ព្រះវិញ្ញាណ​នឹង​ជួយ​យើង​ឲ្យ​ដឹង​ពី​របៀប​ដើម្បី​ស្គាល់​មនុស្ស ។ សូម​រំឭក​មិត្ត​អ្នក​ថា នាង​ត្រូវ​បន្ត​រឹង​មាំ ដើម្បី​នាង​អាច​ជួយ​អ្នក​ផ្សេង​ទៀត​ឲ្យ​គោរព​ព្រះបញ្ញត្តិ​ទាំងឡាយ​ផងដែរ ។ សូម​អធិស្ឋាន​ថា អ្នក​នឹង​អាច​ជួយ និង បម្រើ​ដល់​នាង ។

វេនីណា ភី អាយុ ១៩ ឆ្នាំ ប៊ូណូស អ៊ែរ៉េស ប្រទេស អាហ្សង់ទីន

អ្នក​ប្រហែល​ជា​នឹង​មិន​អាច​បញ្ឈប់​បាន

ខ្ញុំ​នឹង​ប្រាប់​មិត្ត​ខ្ញុំ​ថា កុំ​សូម្បី​តែ​គិត​អំពី​វា ។ វា​មិន​មែន​ជា​គំនិត​ល្អ​ទេ ក្នុង​ការធ្វើ​អ្វី​ដែល​អាក្រក់​សូម្បី​តែ​ម្ដង ពីព្រោះ​អ្នក​ប្រហែល​ជា​នឹង​មិន​អាច​បញ្ឈប់​វា​បាន ពេល​អ្នក​បាន​ចាប់​ផ្ដើម​វា​ហើយ ។ ព្រះវរបិតាសួគ៌​បាន​ប្រទាន​ព្រះបញ្ញត្តិ​ដល់​យើង​ដើម្បី ជួយ​យើង​ឲ្យ​មាន​សុវត្ថិភាព និង សេចក្ដី​រីករាយ ។

ដាក់ឡាស ប៊ី អាយុ ១៣ ឆ្នាំ រដ្ឋ កាលីហ្វ័រញ៉ា ស.រ.អា

វា​ចាប់​ផ្ដើម​ពី​តូច​មុន

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​មាន​ប្រសាសន៍​ម្ដង​ថា « ការ​ធ្វើ​ដំណើរ​រាប់​ពាន់​គីឡូ​គឺ​ចាប់​ផ្ដើម​ពី​មួយ​ជំហាន ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឈាន​ជំហាន​របស់​អ្នក » ( “Place No More for the Enemy of My Soul,” លីអាហូណា, ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៤៥ ) ។ ខ្ញុំ​នឹង​ជួយ​មិត្ត​ខ្ញុំ​ឲ្យ​យល់​ថា សាតាំង​ប្រើប្រាស់​ការល្បួង​តូចៗ​ដើម្បី​នាំ​យើង​ឲ្យ​ចាប់​ផ្ដើម​ចុះ​ទៅ​តាម​ផ្លូវ​អាក្រក់ ។ ពេល​អ្នក​សាកល្បង​អ្វី​ដែល​អាក្រក់ សូម្បី​តែ​ម្ដង នោះ​អ្នក​អនុញ្ញាត​ឲ្យ​សាតាំង និង អ្នក​ដើរ​តាម​វា ចាប់​ផ្ដើម​ល្បួង​អ្នក​ឲ្យ​ធ្វើ​វា​ម្ដង​ហើយ​ម្ដង​ទៀត ។

ស៊ីមីឡូនី អេហ្វ អាយុ ១៨ រដ្ឋ យូថាហ៍ ស.រ.អា