សំណួរសម្ភាសន៍ដែលមិនបានរំពឹងទុក
អាលវិន អេ ប្រទេស ហ្វីលីពីន
បន្ទាប់ពីបេសកកម្មរបស់ខ្ញុំ ខ្ញុំបានមានការលំបាកក្នុងការស្វែងរកការងារធ្វើ ។ នៅទីបំផុត ខ្ញុំបានទទួលការសម្ភាសន៍មួយ ។ មុខតំណែងនោះគឺជាឱកាសដ៏អស្ចារ្យមួយ ប៉ុន្តែខ្ញុំបានព្រួយបារម្ភថាខ្ញុំពុំមានជំនាញគ្រប់គ្រាន់ ។ ដល់វេនខ្ញុំត្រូវសម្ភាសន៍ ហើយខ្ញុំបានអង្គុយទាំងភ័យនៅមុខអ្នកគ្រប់គ្រង ។ ពេលខ្ញុំក្រឡេកទៅតុរបស់គាត់ ខ្ញុំបានឃើញក្រដាសសំណួរដែលគាត់នឹងសួរដល់បេក្ខជន ។ បេះដូងខ្ញុំលោតក្ដុកក្ដាក់ៗ ។ សំណួរទាំងនោះប្រើនូវពាក្យពិបាកៗ ។
អ្នកគ្រប់គ្រងបានរកឃើញប្រវត្តិរូបរបស់ខ្ញុំ ហើយបានចាប់ផ្ដើមសួរអំពីបទពិសោធន៍ការងាររបស់ខ្ញុំ ។ ពេលគាត់អានថា « អ្នកផ្សព្វផ្សាយសាសនាពេញម៉ោង » គាត់បានសួរបើខ្ញុំអាចប្រាប់គាត់ពីអ្វីដែលខ្ញុំបានបង្រៀននៅក្នុងបេសកកម្ម ។
ខ្ញុំបាននិយាយជាមួយគាត់អំពីពួកព្យាការី ផែនការនៃសេចក្ដីសង្គ្រោះ និង ក្រុមគ្រួសារដ៏អស់កល្បជានិច្ច ។ គាត់ញញឹម ហើយនិយាយថា « ខ្ញុំចង់ឲ្យប្អូនមកជួបក្រុមគ្រួសារខ្ញុំ » ។
ជាថ្មីម្ដងទៀត គាត់បានទាញយកក្រដាសដែលមានសំណួរសម្រាប់សម្ភាសន៍ ។ អារម្មណ៍ភ័យខ្លាចរបស់ខ្ញុំបានត្រឡប់មកវិញ ។ គាត់បានសួរថា « តើប្អូនមានកន្លែងស្នាក់នៅនៅទីក្រុងម៉ានីលនេះទេ ? » គាត់មិនបានរងចាំចម្លើយរបស់ខ្ញុំនោះទេ ហើយបាននិយាយថា « មែនហើយ ប្អូនត្រូវការរកកន្លែងស្នាក់នៅ ។ ប្អូននឹងត្រូវចាប់ផ្ដើមការងារនៅថ្ងៃស្អែក » ។
វាជាអព្ភូតហេតុមួយ ។ ខ្ញុំមិនដែលភ្លេចទេ ពីរបៀបដែលការបម្រើបេសកកម្មបានជួយខ្ញុំនៅក្នុងការសម្ភាសន៍ការងាររបស់ខ្ញុំ ។