២០១៥
បងប្អូន​ស្រី​ក្នុង​ដំណឹងល្អ
June 2015


បងប្អូន​ស្រី ក្នុង ដំណឹងល្អ

អ្នក​និពន្ធ​រស់​នៅ​ក្នុង​ទីក្រុង ម៉ិកស៊ីកូ ប្រទេស​ម៉ិកស៊ីកូ ។

ដោយសារ​ខ្ញុំ​អាច​មើល​ឃើញ​ពរជ័យ​ទាំងឡាយ​នៃ​ដំណឹងល្អ​នៅក្នុង​ជីវិត​ខ្ញុំ នោះ​ខ្ញុំ​ចង់​ចែកចាយ​វា​ជាមួយ​មិត្ត​ខ្ញុំ ។

ខ្ញុំ​ស្រឡាញ់​មិត្ត​ខ្ញុំ ឡូភីតា ដូច​ជា​ប្អូន​ស្រី​ម្នាក់​អញ្ចឹង ។ យើង​បាន​ជួប​គ្នា​នៅ​ថ្នាក់​ទី​ប្រាំមួយ ហើយ​យើង​ទាំងពីរ​នាក់​នៅក្នុង​ក្រុម​ដើរ​ព្យុះ​ហយាត្រា​របស់​សាលា ។ នៅ​ឆ្នាំ​សិក្សា​បន្ទាប់ យើង​កាន់តែ​ជិតស្និត​នឹង​គ្នា ហើយ​បាន​ចាប់ផ្ដើម​ពឹងពាក់​គ្នា​ទៅ​វិញ​ទៅ​មក ។ នាង​បាន​ប្រាប់​ខ្ញុំ​អំពី​ឧបសគ្គ​ទាំងឡាយ​ដែល​នាង​មាន​នៅ​ផ្ទះ ព្រោះ​ឪពុក​របស់​នាង​មិន​បាន​នៅ​ទី​នោះ ហើយ​ម្ដាយ​នាង​ពុំ​អាច​ផ្ដល់​ការយក​ចិត្ត​ទុក​ដាក់​ដែល​នាង​ត្រូវការ ។ ខ្ញុំ​បាន​ដឹង​ថា នាង​មិន​សប្បាយ​ចិត្ត​ដែល​ឪពុក​ម្ដាយ​របស់​នាង​ពុំ​មែន​ជា​ផ្នែក​ដ៏​ធំ​នៅក្នុង​ជីវិត​នាង ។ នាង​ឯកា ប៉ុន្តែ​នាង​មាន​ខ្ញុំ​នៅ​ជាមួយ​នាង​ជានិច្ច ។

ខ្ញុំ​មាន​ពរជ័យ​ដែល​បាន​កើត​មក​នៅក្នុង​ផ្ទះ​មួយ​ដែល​មាន​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ។ វា​បាន​នាំ​មក​ក្នុង​ជីវិត​ខ្ញុំ​នូវ​សេចក្ដី​សុខសាន្ត ដែល​មិត្តភក្ដិ​ខ្ញុំ​ជា​ច្រើន​ពុំ​មាន ។ ដោយសារ​ខ្ញុំ​អាច​មើល​ឃើញ​ពរជ័យ​ទាំងឡាយ​ដែល​ដំណឹងល្អ​បាន​ផ្ដល់​ដល់​ខ្ញុំ នោះ​ខ្ញុំ​ចង់​ចែកចាយ​វា​ជាមួយ​ឡូភីតា ។

ខ្ញុំ​បាន​និយាយ​ជាមួយ​នាង​អំពី​សាសនាចក្រ ហើយ​បាន​អញ្ជើញ​នាង​ឲ្យ​ទៅ​ការប្រជុំ​រួម​យុវជន​យុវនារី​ជាមួយ​ខ្ញុំ ។ នាង​បាន​ទទួល​ការអញ្ជើញ ហើយ​បាន​ចាប់ផ្ដើម​មក​ព្រះវិហារ និង សកម្មភាព​វួដ​ជាមួយ​ខ្ញុំ និង ក្រុមគ្រួសារ​ខ្ញុំ ។ ខ្ញុំ​បាន​ណែនាំ​នាង​ទៅ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​បាន​បង្រៀន​នាង​អំពី​ដំណឹងល្អ ហើយ​បាន​អញ្ជើញ​នាង​ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ នាង​ទទួល​បាន​ទីបន្ទាល់​មួយ ហើយ​ពេល​នាង​សុំ​ម្ដាយ​នាង​ថា​បើ​នាង​អាច​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បាន​ឬ​ទេ នោះ​ម្ដាយ​នាង​បាន​យល់​ព្រម ។

បុណ្យ​ជ្រមុជ​ទឹក​របស់​នាង​ពិសេស​ខ្លាំង​ណាស់ ពីព្រោះ​នាង​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះវរបិតាសួគ៌​របស់​យើង ដើម្បី​ចងចាំ​ទ្រង់ និង រក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ទៅ​កាន់​នាង​នៅ​ថ្ងៃ​នោះ ហើយ​បាន​ប្រាប់​នាង​ថា នាង​ស្ថិត​នៅ​ក្នុង​កន្លែង​ដ៏​ត្រឹមត្រូវ ហើយ​ថា​ព្រះវរបិតាសួគ៌​ទ្រង់​មាន​មោទនភាព​ចំពោះ​នាង​ណាស់ ។ ខ្ញុំ​ស្រឡាញ់​ឡូភីតា ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​នាង​ជា​មិត្ត​ខ្ញុំ ហើយ​ឥឡូវ​នេះ​ជា​បង​ប្អូន​ស្រី​ក្នុង​ដំណឹងល្អ ។ ខ្ញុំ​ដឹង​ថា ជីវិត​របស់​នាង​នឹង​បាន​រីករាយ​ជាង​មុន ព្រោះ​នាង និង អនាគត​ក្រុមគ្រួសារ​នាង​នឹង​បាន​រីករាយ​ជាមួយ​នឹង​ពរជ័យ​នៃ​ដំណឹងល្អ ។

ឡូភីតា​បាន​ប្រាប់​ខ្ញុំ​ថា នាង​មាន​អំណរគុណ ដែល​ខ្ញុំ​បាន​សម្រេច​ចិត្ត​ចែកចាយ​ដំណឹងល្អ​ជាមួយ​នាង ។ នាង​និយាយ​ថា តាំង​ពី​នាង​ចាប់​ផ្ដើម​ចូលរួម​ក្នុង​សាសនាចក្រ ជីវិត​របស់​នាង​កាន់តែ​ប្រសើរ​ឡើង ហើយ​នាង​មាន​អារម្មណ៍​នៃ​សេចក្ដី​សុខសាន្ត ។ ខ្ញុំ​ដឹង​ថា នេះ​ជា​ការ​បញ្ជាក់​សេចក្តី​ពិត​ពី​ព្រះវិញ្ញាណ​ចំពោះ​នាង ។ នាង​ក៏​និយាយ​ផងដែរ​ថា ថ្ងៃ​មួយ នាង​នឹង​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​មាន​សេចក្ដី​អំណរគុណ​ចំពោះ​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​រក​ឃើញ​មិត្ត​របស់​ខ្ញុំ និង ពីព្រោះ​តែ​សេចក្ដី​អំណរ​ដែល​ខ្ញុំ​មាន​ពេល​ខ្ញុំ​ចែកចាយ​អ្វី​មួយ​ដែល​មាន​តម្លៃ​បំផុត​សម្រាប់​រូប​ខ្ញុំ ។