២០១៦
ទីបន្ទាល់​របស់​អ៊ីថាន
April 2016


ទីបន្ទាល់របស់​អ៊ីថាន

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា ។

គ្រប់គ្នា​ទំនង​ជា​មាន​នូវ​ទីបន្ទាល់​មួយ​លើកលែង​តែ​អ៊ីថាន​ប៉ុណ្ណោះ ។

« សូម​ស្ដាប់ សូម​ស្ដាប់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ខ្សឹប​ប្រាប់ ។ សូម​ស្តាប់ សូមស្តាប់​សំឡេង​តូច​រហៀង » ( ចម្រៀង​កុមារ ១០៦ ) ។

រូបភាព
ethans testimony

អ៊ីថាន​បាន​អង្គុយ​នៅក្នុង​ការប្រជុំ​ពេលវេលា​ចែកចាយ ហើយ​បាន​សម្លឹង​មើល​ទៅ សាម​មិត្តភក្ដិ​ដ៏​ជិតស្និទ្ធ​របស់​គាត់​ថ្លែង​ទីបន្ទាល់​របស់​ខ្លួន ។ មិត្ត​ភក្ដិ​របស់​គាត់ សារ៉ា​កំពុង​អង្គុយ​លើ​វេទិកា រង់ចាំ​ដល់​វេន​របស់​នាង ។ សាម​បាន​និយាយ​អំពី​គម្រោង​បម្រើ​មួយ​ដែល​គាត់​បាន​ធ្វើ ។ គាត់​បាន​និយាយ​ថា គាត់​មាន​ទីបន្ទាល់​អំពី​ការម្រើ ។ សារ៉ា​បាន​ថ្លែង​ទីបន្ទាល់​របស់​នាង​អំពី​ក្រុមគ្រួសារ ។ គ្រូរបស់​អ៊ីថាន​ក៏​ថ្លែង​ទីបន្ទាល់​របស់​គាត់​ផងដែររ ។ គាត់​បាន​និយាយ​អំពី​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ។ ពួកគេ​ទាំងអស់​គ្នា​បាន​ថ្លែង​ថា សាសនាចក្រ​នេះ​ពិត ។ គ្រប់គ្នា​ទំនង​ជា​មាន​នូវ​ទីបន្ទាល់​មួយ​លើកលែង​តែ​អ៊ីថាន​ប៉ុណ្ណោះ ។

« តើ​ខ្ញុំ​មាន​ទីបន្ទាល់​អំពី​អ្វី​ខ្លះ ? » អ៊ីថាន​បាន​ងឿង​ឆ្ងល់ ។

គាត់​បាន​គិត​ពី​រយៈពេល​ពីរបី​ឆ្នាំ​មុន នៅពេល​គាត់​នឹង​មិត្តភក្តិ​របស់​គាត់​បាន​ជ្រមុជទឹក ។ គ្រូបង្រៀន​ថ្នាក់​បឋម​សិក្សា​របស់​គាត់ គឺ​បងស្រី​ខាលឌើរ បាន​និយាយ​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

« ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ខ្មួលខ្មាញ់​ក្នុង​ដួងចិត្ត​របស់​អ្នក ។ គាត់​បាន​និយាយ​ថា ទ្រង់​អាច​ជួយ​អ្នក​ដឹង​ពី​អ្វី​ដែល​ពិត » ។ « ហើយ​នោះ​គឺ​ជា​របៀប​ដែល​អ្នក​ទទួល​នូវ​ទីបន្ទាល់​មួយ​អំពី​អ្វី ដែល​អ្នក​ជឿ » ។

អ៊ីថាន​បាន​ព្យាយាម​ធ្វើ​នូវ​អ្វី​ដែល​ត្រឹមត្រូវ ប្រយោជន៍​ឲ្យ​គាត់​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ គាត់​បាន​អាន​ព្រះគម្ពីរ ហើយ​អធិស្ឋាន ។ ប៉ុន្តែ​គាត់​ពុំ​ដែល​ធ្លាប់​មាន​អារម្មណ៍​ខ្មួលខ្មាញ់​ក្នុង​ចិត្ត​ដូច​គេ​បាន​និយាយ​ឡើយ ។ តើ​ការណ៍​នេះ​មាន​ន័យ​ថា គាត់​ពុំ​មាន​ទីបន្ទាល់​ឬ ?

សំណួរ​នេះ​បាន​ដក់​នៅក្នុង​ចិត្ត​របស់​អ៊ីថាន​នៅ​ថ្ងៃ​បន្ទាប់​នោះ ។ គាត់​កំពុង​គិត​អំពី​វា​នៅពេល​គាត់ និង សាម​លេង​ជិះ​កូន​ក្តារ​រំអិល​បន្ទាប់​ពី​មក​ពី​សាលា​វិញ ។ គាត់​បាន​ងឿងឆ្ងល់​ពី​របៀប​ដែល​គាត់​អាច​សួរ​សាម​អំពី​ទីបន្ទាល់​នោះ ។

ទីបំផុត​អ៊ីថាន​បាន​សួរ « ហេ៎ សាម តើ​ឯង​មាន​ការភ័យខ្លាច​ទេ នៅពេល​ឯង​បាន​ថ្លែង​ទីបន្ទាល់​កាល​ពី​ម្សិលមិញ​នោះ ? »

សាម​បាន​ស្ទុះ​ចេញ​ពី​កូន​ក្តារ​រំអិល ហើយ​បាន​ដើរ​ទៅ​វាល​ស្មៅ ។ គាត់​និយាយ​ពេល​កំពុង​អង្គុយ​ថា « អត់​ខ្លាច​ទេ » ។ « ខ្ញុំ​បាន​ចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ​នៅ​ពេល​យប់​ជាមួយ​គ្រួសារ​ពី​មុន​ខ្ញុំ​ចែកចាយ​វា​នៅ​ព្រះវិហារ » ។

អ៊ីថាន​បាន​អង្គុយ​ជាមួយ​គាត់ ហើយ​បាន​ដាក់​កូន​ក្តារ​រំអិល​លើ​ភ្លៅ​របស់​ខ្លួន ។ « ប៉ុន្តែ តើ​អ្នក​បាន​ដឹង​ថា អ្នក​មាន​ទីបន្ទាល់​មួយ​ដោយ​របៀប​ណា ? »

« មែនហើយ​ខ្ញុំ​បាន​អធិស្ឋាន ហើយ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ពី​វា » ។

អ៊ីថាន​បាន​ងក់​ក្បាល​យឺតៗ ហើយ​យក​ដៃ​ខ្លួន​បង្វិល​កង់ ។ ដោយ​គាត់​ចង់​មាន​អារម្មណ៍​បែប​នោះ​ផងដែរ ។

នា​ពេល​យប់​នោះ ជា​ពេល​ងងឹត ហើយ​ស្ងាត់ អ៊ីថាន​បាន​លុត​ជង្គង់​ចុះ​ក្បែរ​គ្រែ​របស់​ខ្លួន​ដើម្បី​អធិស្ឋាន ។

គាត់​បាន​និយាយ​ថា « ព្រះវរបិតាសួគ៌ សូម​ជួយ​ទូលបង្គំ​ឲ្យ​មាន​ទីបន្ទាល់​ផង ។ សូម​ជួយ​ទូលបង្គំ​ឲ្យ​ដឹង​ថា សាសនាចក្រ​នេះ​ពិត ។ ថា​យ៉ូសែប ស្ម៊ីធ គឺ​ជា​ព្យាការី ។ ហើយ​ថា​ព្រះគម្ពីរ​មរមន​ពិត » ។

នៅពាក់​កណ្តាល​នៃ​ការអធិស្ឋាន​របស់​គាត់ អ៊ីថាន​បាន​ឈប់ ។ គាត់​បាន​គិត​មួយ​សន្ទុះ ។ ក្រោយ​មក​គាត់​បាន​សួរ​ខ្លួន​ឯង​ថា « មែនហើយ តើ​ខ្ញុំ​ដឹង​អ្វី​ខ្លះ​ហើយ ? »

ហើយ​ក្រោយ​មក​អារម្មណ៍​ស្ងប់ស្ងាត់ សុខសាន្ត​បាន​មាន​លើ​គាត់ ។ វា​មិនមែន​ជា​អារម្មណ៍​ដ៏​ឆេះ​ខ្មួលខ្មាញ់​ឡើយ ។ ប៉ុន្តែ​អ៊ីថាន​បាន​ដឹង ថា នោះ​គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ។

មាន​គំនិត​មួយ​ផុស​ឡើង​នៅ​ក្នុង​ចិត្ត​របស់​អ៊ីថាន ៖ « ខ្ញុំ​ដឹង​ថា​ខ្ញុំ​ស្គាល់​អារម្មណ៍​នេះ » ។ ហើយ​នៅពេល​គាត់​បាន​គិត​ពី​អារម្មណ៍​នោះ គាត់​បាន​ដឹង​ថា​គាត់​ធ្លាប់​មាន​អារម្មណ៍​ដ៏​សុខសាន្ត​នេះ​ពីមុន​មក ។

នៅពេល​គាត់​បាន​អាន​ព្រះគម្ពីរ​មរមន វា​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ល្អ​និង​ត្រឹមត្រូវ ។ ឥឡូវ​គាត់​បាន​ដឹង​ថា អារម្មណ៍​នោះ​គឺ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ថ្លែង​ទីបន្ទាល់​ដល់​គាត់ ។ នៅពេល​គាត់​បាន​ទៅ​ព្រះវិហារ ហើយ​វា​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ល្អ និង ត្រឹមត្រូវ​នៅ​ទីនោះ នោះ​គឺ​ជា​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ផងដែរ ។ គាត់​បាន​មាន​ទីបន្ទាល់​មួយ​រួច​ទៅ​ហើយ !

គាត់​មិន​ចាំបាច់​ត្រូវ​ដឹង​គ្រប់​យ៉ាង​ក្នុង​ពេល​នេះ​ឡើយ ។ ប៉ុន្តែ​គាត់​បាន​ដឹង​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ពិត ហើយ​អាច​ជួយ​គាត់​ឲ្យ​បន្ត​ស្ថាបនា​ទីបន្ទាល់​របស់​គាត់ ។

អ៊ីថាន​បាន​ចាប់ផ្តើម​អធិស្ឋាន​ម្តង​ទៀត ។ ប៉ុន្តែ​លើក​នេះ​គឺ​ជា​ពេល​ដើម្បី​ថ្លែង​អំណរគុណ ។