២០១៦
អ្នក​យាម​នៅលើ​ប៉ម
April 2016


អ្នក​យាម នៅលើ​ប៉ម

រូបភាព
watchmen on the tower

អ្នក​យាម

អ្នក​យាម​គឺ​ជា​ឆ្មាំ​ដែល​ត្រូវ​បាន​ដាក់​នៅ​កំផែង​ជញ្ជាំង ឬ លើ​ប៉ម ដើម្បី​ឃ្លាំចាំ​មើល និង ព្រមាន​ប្រាប់​ទុក​ជាមុន​នូវ​គ្រោះថ្នាក់​ដែល​នឹង​កើត​ឡើង​មក​ពី​ចម្ងាយ ។ ពួកគេ​ត្រូវបាន​ជួល​ឲ្យ​ធ្វើ​ការ​ដើម្បី​ការពារ​ទីក្រុង ព្រមទាំង​ចម្ការ​ទំពាំង​បាយ​ជូរ ទីវាល​នានា ឬ វាល​ចិញ្ចឹម​សត្វ ។

ប្រភេទ​នៃ​ប៉ម

ប៉ម​នៅ​ជញ្ជាំង​ទីក្រុង ជាទូទៅ​ត្រូវបាន​សង់​ឡើង​នៅ​ទ្វារ​ច្រកចូល ឬ នៅ​ត្រង់​ទ្វារ​ជ្រុងៗ ( សូមមើល របាក្សត្រទី ២ ២៦:៩ ) ។ ទាំង​ប៉ម​ដែល​នៅ​ច្រក​ទ្វារ និង នៅ​ទ្វារ​ជ្រុង​ផ្តល់​នូវ​ទីតាំង​ដើម្បី​មើល​ពី​គ្រោះថ្នាក់​ដែល​កើត​មាន​ឡើង ហើយ​ការពារ​ការវាយ​ប្រហារ​ពី​សត្រូវ ( សូមមើល របាក្សត្រទី ២ ២៦:១៥ ) ។

ប៉ម​នៅ​បន្ទាយ ឬ ប្រាសាទ ជាទូទៅ​ជា​សំណង់​នៅ​ដាច់​តែ​ឯង​ដែល​បាន​សង់​លើ​ទីទួល​ខ្ពស់ ឬ ទីតាំង​ផ្សេងៗ​ដែល​បាន​រៀបចំ ។ ពេល​ខ្លះ​វា​គឺ​ជា​ទីតាំង​ដែល​មាន​ទំហំ​ធំ​ល្មម ធ្វើ​ជាទី​ជម្រក​ចុងក្រោយ សម្រាប់​ប្រជាជន​ទូទាំង​ទីក្រុង នៅពេល​ដែល​ពួកគេ​កំពុង​ត្រូវបាន​វាយ​ប្រហារ ( សូមមើល ពួកចៅហ្វាយ ៩:៤៦–៥២ ) ។

ប៉ម​នៅក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ ទីវាល ឬ វាល​ចិញ្ចឹម​សត្វ គឺ​ជា​សំណង់​តូចៗ​ដែល​សង់​ឡើង ដើម្បី​ជួយ​ការពារ​គ្រាប់​ពូជ និង ហ្វូង​សត្វ​ពី​ចោរលួច និង សត្វ​ព្រៃ ( សូមមើល របាក្សត្រទី ២ ២៦:១០; អេសាយ ៥:២; ២៧:៣ ) ។ ជា​រឿយៗ នៅ​ជាន់​ក្រោម​នៃ​ប៉ម​នេះ គឺ​ជា​បន្ទប់​មួយ​ដើម្បី​ដាក់​សម្ភារ​ផ្សេងៗ ។

អ្នក​យាម​នៅលើ​ប៉ម ៖

មាន​នូវ​ការយល់​ឃើញ​ដែល​ខ្ពង់ខ្ពស់ ។ នៅពេល​អ្នក​បម្រើ​របស់​ព្រះ​ត្រូវបាន​ហៅ និង ផ្តល់​សិទ្ធិអំណាច នោះ​ព្យាការី​ត្រូវបាន​ញែក​ចេញ​ពី​ពិភពលោក ពួកលោក​ខិត​ចូល​កាន់តែ​ជិត​ទ្រង់ ហើយ​ពួកលោក​ត្រូវបាន​អនុញ្ញាត​ឲ្យ​មើល​ឃើញ​នូវ​អ្វីៗ​ជា​ច្រើន​មក​ពី​ឋានសួគ៌ ។

មើល​ឃើញ​ពី​អ្វីៗ​ដែល​មនុស្ស​ទាំងអស់​មើល​ពុំ​ឃើញ ។ « អ្នក​មើល​ឆុត​អាច​ដឹង​អំពី​ការណ៍​ទាំងឡាយ​ដែល​កន្លង​មកហើយ និង ការណ៍​ទាំងឡាយ​ដែល​នឹង​កើត​ឡើង​នៅពេល​ខាង​មុខផង ហើយ​ដោយសារ​ប្រដាប់​បកប្រែ​ទាំង​នេះ ទើប​គ្រប់​ការណ៍​ទាំងអស់​ត្រូវបាន​បើក​ឲ្យ​ឃើញ ឬ និយាយ​ម្យ៉ាង​ទៀត​ថា ការណ៍​សម្ងាត់​ទាំងឡាយ​នឹង​ត្រូវ​បាន​សម្តែង​ឲ្យ​ដឹង ហើយ​ការណ៍​លាក់កំបាំង​ទាំងឡាយ​នឹង​ត្រូវបាន​ចេញ​មក​ឯ​ពន្លឺ ហើយ​ការណ៍​ទាំងឡាយ​ដែល​គ្មាន​គេដឹង នោះ​ក៏​នឹង​ត្រូវបាន​ធ្វើ​ឲ្យ​ដឹង ដោយសារ​វត្ថុ​ទាំង​នោះ ហើយ​ការណ៍​ទាំងឡាយ​ក៏​នឹង​ត្រូវ​ធ្វើ​ឲ្យ​ដឹង​ដោយសារ​វត្ថុ​ទាំង​នោះ​ដែរ បើ​ពុំនោះ​សោត​ទេ នឹង​ពុំ​មាន​នរណា​អាច​ដឹង​បាន​ឡើយ » ( ម៉ូសាយ ៨:១៧ ) ។

មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ។ ព្យាការី​មាន​នូវ​ទំនួលខុសត្រូវ​យ៉ាង​ហ្មត់ចត់​ដើម្បី ព្រមាន​យើង​ពី​គ្រោះថ្នាក់​ដែល​នឹង​កើត​ឡើង ហើយ​ពួកលោក​នឹង​បន្ត​ធ្វើ​ការណ៍​នេះ​ដោយ​ពុំ​គិត​ពី​មតិ ឬ និន្នាការ​របស់​សាធារណជន​នៅក្នុង​សង្គម​ឡើយ ។

ព្រមាន​អំពី​អ្វីៗ​ទាំងអស់​ដែល​វា​ពុំ​ទាន់​កើត​ឡើង ។ « ព្យាការី​ប្រកាស​បដិសេធ​អំពើ​បាប​ទាំង​ស្រុង ហើយ​ទាយ​ទុក​ជាមុន​ពី​ផលវិបាក​របស់​វា ។ លោក​គឺ​ជា​អ្នក​ផ្សាយ​អំពី​សេចក្ដី​សុចរិត ។ ម្តងម្កាល ពួកព្យាការី​អាច​នឹងត្រូវ​បាន​បំផុស​គំនិត​ឲ្យ​ទាយ​ទុក​ជា​មុន​អំពី អនាគតកាល​សម្រាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​លោក » ( សេចក្ដីណែ​នាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្យាការី » lds.org/scriptures/gs ) ។

ផ្តល់​នូវ​សុវត្ថិភាព និង ការការពារ ។ តាមរយៈ​ការស្តាប់​តាម​ការព្រមាន​របស់​ព្យាការី នោះ​យើង​អាច​មាន​សុវត្ថិភាព ហើយ​ចៀសវាង​ពី​គ្រោះថ្នាក់​ដែល​អាច​ធ្លាក់​មក​លើ​យើង ម្នាក់ៗ ឬ ទាំងអស់​គ្នា ប្រសិនបើ​យើង​ពុំ​ស្តាប់​តាម ។