២០១៦
បាន​តាំងចិត្ត​ដើម្បី​ឈប់
April 2016


បាន​តាំងចិត្ត​ដើម្បី ឈប់

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​នូវ យ៉ោក ស.រ.អា. ។

ជំនាញ​លេង​ព្យាណូ​របស់​ខ្ញុំ​ពុំ​បាន​ប្រសើរ​ឡើង​សោះ​ទោះបី​បន្ទាប់​ពី​អនុវត្ត​អស់​ជាច្រើន​ឆ្នាំ​ក្តី ។ ឪពុក​ម្តាយ​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​អាច​ឈប់​បាន​ប៉ុន្តែ​មាន​លក្ខខណ្ឌ​មួយ ៖ ខ្ញុំ​ត្រូវតែ​រៀន​ឲ្យ​បាន​៥០​បទ​នៃ​បទ​ទំនុក​តម្កើង ។

រូបភាព
playing piano

ខ្ញុំ​ខឹង​យ៉ាង​ខ្លាំង ហើយ​បាន​រត់​ចូល​ទៅក្នុង​ផ្ទះ​របស់​ខ្ញុំ ទាំង​យំ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ការខកចិត្ត​មួយ​ទៀត​ជាមួយ​នឹង​ការរៀន​ព្យាណូ ។ វា​គឺ​ជា​ឆ្នាំ​ទី​បួន​នៃ​ការរៀន​លេង​ព្យាណូ​របស់​ខ្ញុំ ហើយ​ខ្ញុំ អាច​លេង​បទចម្រៀង​កុមារ​តែ​បទ​ស្រួលៗ​ប៉ុណ្ណោះ ។ គ្រូបង្រៀន​របស់​ខ្ញុំ​បាន​ព្យាយាម​ស្វែងរក​ពាក្យ​វិជ្ជមាន​ដើម្បី​និយាយ​អំពី ការលេង​ព្យាណូ​ដ៏​អន់​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​នៅតែ​មាន​អារម្មណ៍​មិន​ល្អ​សោះ ។ ឪពុក​ម្ដាយ​ខ្ញុំ​បាន​ចំណាយ​ប្រាក់​សម្រាប់​ការរៀន​ព្យាណូ​ដែល​ខ្ញុំ​មិន​ចង់​រៀន ហើយ​ពុំ​សង្ឃឹម​ចង់​លេង​ឡើយ ។

ខ្ញុំ​ចង់​ឲ្យ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ប្រាប់​ខ្ញុំ​ឲ្យ​ឈប់​លេង ។ ខ្ញុំ​បាន​អង្វរ ថា « សូម​មេត្តា​ឲ្យ​កូន​ឈប់​លេង​ទៅ » ។ « កូន​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង ។ តើ​ធ្វើ​ដូចម្តេច​ទើប​ពុកម៉ែ​ឲ្យ​ខ្ញុំ​ឈប់ ? »

បន្ទាប់​ពី​ពិភាក្សា​វា​ជាមួយ​ពួកគាត់​មក ពួកគាត់​បាន​និយាយ​ថា « ប្រសិន​បើ​កូន​រៀន​ចេះ​៥០​បទ​នៃ​បទ​ទំនុក​តម្កើង នោះ​ពុក​ម៉ែ​នឹង​អនុញ្ញាត​ឲ្យ​កូន​ឈប់ » ។

ខ្ញុំ​បាន​ចាប់ផ្តើម​អនុវត្ត​វា​ភ្លាម ។ ខ្ញុំ​ចង់​ឈប់​លេង​យ៉ាង​ខ្លាំង ដូច្នោះ​ខ្ញុំ​បាន​ប្តេជ្ញាចិត្ត​ចំណាយ​ពេល​បន្ថែម​ទៀត​លេង​ព្យាណូ ។ ទំនុកតម្កើង​ទីមួយ « យើង​អរគុណ​ទ្រង់​ចំពោះ​ព្យាការី » ( ទំនុក​តម្កើង លេខ ១០ ) ចំណាយ​ពេល​ជិត​មួយ​ខែ​ទើប​អាច​លេង​បាន​ស្ទាត់ ។ ខ្ញុំ​នៅ​តែ​មាន​បំណង​ឈប់​លេង ដូច្នោះ​ខ្ញុំ​បាន​បន្ត​ហាត់​លេង​វា​រហូត ។

មាន​រឿង​មួយ​គួរឲ្យ​ចាប់​អារម្មណ៍​បាន​កើត​ឡើង ៖ ទំនុកតម្កើង​នានា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​លេង​ស្ទាត់​យ៉ាង​ងាយ​ស្រួល ។ ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ខ្លាំង​ជាង​មុន​ពេញ​មួយ​សប្តាហ៍ ។ ខ្ញុំ​បាន​ឃើញ​ថា​ខ្លួន​ខ្ញុំ​បាន​ច្រៀង​រហ៊ឹមៗ​នូវ​ទំនុកតម្កើង​នានា​អំឡុង​ពេល​ថ្ងៃ ហើយ​ច្រៀង​វា​យ៉ាង​ឮៗ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ។

ទីបំផុត ខ្ញុំ​បាន​ឈប់​តាម​ដាន​ថា​ខ្ញុំ​ចេះ​បាន​ប៉ុន្មាន​បទ​ហើយ ។ នៅពេល​ខ្ញុំ​បាន​លេង​ព្យាណូ​កាន់តែ​ស្ទាត់​ជំនាញ ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​អាច​លេង​ទំនុកតម្កើង​ថ្មី​មួយ​ស្ទើរតែ​បាន​ល្អ​ឥតខ្ចោះ​ក្នុង​រយៈពេល​តិច​ជាង ៣០​នាទី ។

ទីបំផុត​នៅពេល​ខ្ញុំ​បាន​បាន​បូក​សរុប​បទ​ទាំង​នោះ​ចូល​គ្នា នោះ​ខ្ញុំ​បាន​ដឹង​ថា​វា​មាន​ច្រើន​ជាង​៥០​បទ​ទៅ​ទៀត ។ ហើយ​គ្មាន​ផ្លូវ​ទេ​ដែល​ខ្ញុំ​នឹង​ឈប់​លេង​ព្យាណូ​នោះ ។ ខ្ញុំ​ប្រែ​ជា​មាន​ទំនុក​ចិត្ត​កាន់តែ​ច្រើន​ឡើងៗ​នៅក្នុង​សមត្ថភាព​របស់​ខ្ញុំ​ដើម្បី​លេង ហើយ​មាន​អារម្មណ៍​ពី​អំណាច​នៃ​ទំនុកតម្កើង​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។

ទំនុកតម្កើង​គឺ​ដូច​ជា​ព្រះគម្ពីរ​ដែរ វា​ប្រាប់​ពី​សេចក្តីពិត ។ នៅពេល​ខ្ញុំ​លេង​បទទំនុកតម្កើង នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​កំពុង​មុជ​ខ្លួន​របស់​ខ្ញុំ​ទាំង​ស្រុង​ទៅ​ក្នុង​ព្រះគម្ពីរ ។ ការរៀន​ពី​របៀប​លេង​ទំនុកតម្កើង​បាន​ជួយ​ខ្ញុំ​ដើម្បី​ស្ថាបនា​ទីបន្ទាល់ និង រៀន​ពី​សេចក្តី​ពិត ។ ខ្ញុំ​ឃើញ​ថា ខ្លួន​ខ្ញុំ​បាន​បណ្តែត​អារម្មណ៍​ទៅ​តាម​ពាក្យ​ពេចន៍​នានា​នៃ​ទំនុកតម្កើង​ផ្សេងៗ​នោះ ជួយ​ខ្ញុំ​ពេញ​មួយ​ជីវិត​ខ្ញុំ ។ ការលេង​ព្យាណូ​បាន​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ ហើយ​បាន​ផ្តល់​ឱកាស​នានា​ដល់​ខ្ញុំ​ទោះ​ជា​ខ្ញុំ​ទៅ​ទីណា​ក៏​ដោយ ។