២០១៦
នៅពេល​ដែល​ការណ៍​អាសគ្រាម​វាយ​ប្រហារ​នៅ​ក្នុង​ផ្ទះ—នោះ​ទាំង​ភរិយា និង ស្វាមី​ត្រូវការ​ការព្យាបាល
April 2016


នៅពេល​ដែល ការណ៍​អាសគ្រាម​វាយ​ប្រហារ​នៅ​ក្នុង​ផ្ទះ —នោះ​ទាំង​ភរិយា និង ស្វាមី ត្រូវការ​ការព្យាបាល

ខ្ញុំ​បាន​ឃើញ​ដោយ​ផ្ទាល់​ពី​ព្រះចេស្តា​របស់​ព្រះអង្គសង្គ្រោះ ក្នុង​ការព្យាបាល​អាច​កើត​ឡើង​ដល់​ភរិយា​ព្រមទាំង​ស្វាមី នៅពេល​ស្វាមី​មាន​ឧបសគ្គ​ជាមួយ​នឹង​ការណ៍​អាសគ្រាម ។

រូបភាព
husband, wife, and Christ

ការរចនា​រូបថត​ដែល​ថត​ដោយ​តួសម្តែង

អំឡុង​ពេល​ប្រាំមួយ​ខែ​ដំបូង​របស់​ខ្ញុំ​ក្នុង​នាម​ជា​ប៊ីស្សព មាន​គូស្វាមី​ភរិយា​មួយ​ចំនួន​នៅក្នុង​វួដ​របស់​ខ្ញុំ បាន​មក​ជួប​ខ្ញុំ​ដោយ​មាន​ទំនុក​ចិត្ត ប្រាប់​ខ្ញុំ​ពី​ការលំបាក​របស់​ស្វាមី​ដែល​មាន​បញ្ហា​ជាមួយ​ការណ៍​អាសគ្រាម ។ នៅក្នុង​ករណី​មួយ​ចំនួន ភរិយា​មាន​ភាពស្មុគស្មាញ​អំពី​ក្តីតក់ស្លុត​ដោយ​បាន​ដឹង​ពី​ការបំផ្លាញ​យ៉ាង​សម្ងាត់​នោះ មនុស្ស​ខ្លះ​ទៀត​បាន​ដឹង​ពី​វា​អស់​ពេល​ជា​ច្រើនខែ ឬ ឆ្នាំ​មក​ហើយ ។

ខ្ញុំ​មាន​អារម្មណ៍​អាណិតអាសូរ​ដល់​គូស្វាមី​ភរិយា​ទាំង​នោះ ហើយ​មាន​អារម្មណ៍​ពី​ព្រះចេស្តា​ប្រោសលោះ​របស់​ព្រះអង្គសង្គ្រោះ នៅពេល​ខ្ញុំ​បាន​ប្រឹក្សា​ជា​ទៀងទាត់ និង​ដោយ​ប្រុងប្រយ័ត្ន​ជាមួយ​នឹង​បងប្អូន​ប្រុស​ម្នាក់ៗ​ដើម្បី​ជួយ​ពួកគេ​ឲ្យ « រលាស់​ច្រវ៉ាក់ … ដែល​ចងក្រៀក [ ពួកគេ ] ចោល » ( នីហ្វៃទី ២ ៩:៤៥ ) ។

ទោះជា​យ៉ាង​ណា​ក្តី ប្រហែល​ជា​ការចាក់​ស្រោច​ព្រះវិញ្ញាណ​ដ៏​ច្រើន​មហិមា​បាន​កើត​ឡើង នៅពេល​ខ្ញុំ​បាន​ជួប​ភរិយា​របស់​ពួកគេ ។ ខ្ញុំ​បាន​ឃើញ​ថា អំឡុង​ពេល​ដែល​មុខ​របួស​មួយ​ចំនួន​នៅ​ថ្មីថ្មោង ហើយ​ស្នាម​របួស​ចាស់ៗ​ផ្សេង​ទៀត​ពី​ការធ្លាប់​បាន​ធ្វើ​បែប​នេះ​អស់​រយៈពេល​ជា​ច្រើន​ក្នុង​អតីតកាល នោះ​បងប្អូនស្រី​ទាំងនេះ​បាន​ស៊ូទ្រាំ​ដោយ​ក្តី​ឈឺចាប់​ខាង​វិញ្ញាណ​យ៉ាង​ខ្លាំង ដែល​បណ្តាល​មក​ពី​សំណួរ​ដូច​ជា « តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខ្លះ​ដែល​បណ្តាល​ឲ្យ​គាត់​ពុំ​ចាប់​អារម្មណ៍​មក​លើ​រូប​ខ្ញុំ ? » ឬ « ហេតុអ្វី​គាត់​ចង់​ស្រមៃ​ពី​ខ្លួន​គាត់​ជាមួយ​អ្នក​ផ្សេង​ទៀត​ជាជាង​ជាមួយ​ខ្ញុំ​ដូច្នេះ ? »

ដោយសារ​តែ​ស្វាមី​នោះ​បាន​ប្រព្រឹត្តិ​អំពើ​រំលង វា​ងាយស្រួល​សម្រាប់​ប៊ីស្សព ដើម្បី​មាន​អារម្មណ៍​ថា ស្វាមី​ភាគច្រើន​ត្រូវការ​ចូល​ទៅ​រក​កូន​សោ​ដើម្បី​បើកសោ​យក​ព្រះចេស្តា​ព្យាបាល​របស់​ព្រះអង្គ​សង្គ្រោះ ប៉ុន្តែ​ខ្ញុំ​បាន​រៀន​ដឹង​ថា ភរិយា​គួរតែ​ត្រូវបាន​ព្យាបាល​ពី​ក្តី​ឈឺ​ចាប់ និង របួស​គ្រាំគ្រា​ខាង​ក្នុង​ចិត្ត​ឲ្យ​ច្រើន​ដូច​ជា​ស្វាមី​ត្រូវការ​ការព្យាបាល​ពី​អំពើ​បាប និង ចំណង់​ដែល​អត់​ទ្រាំ​ពុំ​បាន ។

នៅក្នុង​ការថ្លែង​ទៅ​ដល់​ពួក​សាសន៍​នីហ្វៃ ព្យាការី​យ៉ាកុប​បាន​កាត់ទោស​ដល់​បុរស​ចំពោះ​ទង្វើ​ដែល​ពុំ​ស្មោះត្រង់​របស់​ពួកគេ​ចំពោះ​ភរិយា​ខ្លួន « ដែល​ភាគ​ច្រើន [ មាន ] អារម្មណ៍​ទន់ភ្លន់ និង បរិសុទ្ធ និង ចិត្ត​ទោរទន់​នៅ​ចំពោះ​ព្រះ គឺ​ជា​ការណ៍​ដែល​សព្វព្រះហឫទ័យ​ដល់​ព្រះ » ( យ៉ាកុប ២:៧ ) ។ លោក​បាន​បន្ត​ថា ៖ « អ្នក​បាន​ធ្វើ​ឲ្យ​ភរិយា​ដ៏​ទន់ភ្លន់​របស់​អ្នក​ខូចចិត្ត ​… ព្រោះ​តែ​គំរូ​ដ៏​អាក្រក់​របស់​អ្នក​នៅ​ចំពោះ​ពួកគេ ហើយ​សំឡេង​ដង្ហក់​នៃ​បេះដូង​គេ បាន​ឮ ឡើង​ទៅ​ដល់​ព្រះទាស់​នឹង​អ្នក » ( យ៉ាកុប ២:៣៥ ) ។ ខ្ញុំ​បាន​ឃើញ​ពី​សំឡេង​ដង្ហក់​ទាំងនេះ​ដោយ​ផ្ទាល់ ។ ជារឿយៗ​វា​ពុំ​កើត​ឡើង​មក​តែ​ពី​អារម្មណ៍​ដ៏​ឈឺចាប់​ខ្លាំង​របស់​ភរិយា​ទាំង​នោះ​អំពី​ការក្បត់​ដែល​បាន​បណ្តាល​មក​ពី​ការពាក់ព័ន្ធ​នឹង​ការណ៍​អាស​គ្រាម​របស់​ស្វាមី​ខ្លួន​ឡើយ ប៉ុន្តែ​វា​ក៏​បណ្តាល​មក​ពី​ពាក្យ​សម្តី​បន្ទាបបន្ថោក និង អាកប្បកិរិយា​ឈ្លើយ​ដែល​បង្ហាញ​ជា​ញឹកញាប់ ដែល​ជា​លទ្ធផល​នៃ​ការលំបាក​នៅក្នុង​ខ្លួន​ពួក​បុរស​ទាំង​នោះ ។ តាម​ពិត​វា​ជា​រឿង​ទូទៅ​ទៅ​ហើយ ដែល​បុរស​ម្នាក់​ទម្លាប់​ស្តី​បន្ទោស​ដល់​ភរិយា​ខ្លួន​ថា​មក​ពី​នាង​ទើប​គាត់​មាន​អាកប្បកិរិយា​បែប​នោះ ដោយ​លើក​យក​ទង្វើ​នានា​ដែល​នាង​បាន​ធ្វើ ឬ ពុំ​បាន​ធ្វើ ។ គួរ​ឲ្យ​ស្តាយ​ណាស់ វា​ក៏​ជា​រឿង​សាមញ្ញ​ទៅ​ហើយ​សម្រាប់​ភរិយា​ដែល​ចាប់​ផ្តើម​យក​មក​ពិចារណា ហើយ​ជឿ​លើ​ការចោទ​ប្រកាន់​ទាំង​នោះ ។

គូស្វាមី​ភរិយា​មួយ​គូ​បែប​ដូច្នេះ​បាន​អង្គុយ​នៅ​ក្នុង​ការិយាល័យ​របស់​ខ្ញុំ គឺ​ក្រោយ​ថ្ងៃ​ដែល​ស្វាមី​របស់​គាត់​បាន​សារភាព​ពី​ទម្លាប់​នៃ​ការណ៍​អាសគ្រាម​ខ្លួន ដែល​បាន​រុកគុន​គាត់​តាំង​ពី​នៅ​យុវវ័យ ។ ខណៈ​កំពុង​តែ​អង្គុយ​ស្តាប់​មេរៀន​ថ្នាក់​សមាគម​សង្គ្រោះ ដោយ​ផ្អែកលើ​សុន្ទរកថា​សន្និសីទ​ទូទៅ​ខែ​មេសា ឆ្នាំ ២០១៤​របស់​ស៊ីស្ទើរ លីនដា អេស រីវេស « ការ​ការពារ​ពី​រូប​អាសគ្រាម — ផ្ទះ​ដែល​ផ្ដោត​លើ​ព្រះគ្រីស្ទ » ភរិយា​រូប​នេះ​ចាប់​ផ្តើម​ទទួល​ស្គាល់​ពី​អាកប្បកិរិយា​ទិតៀន​របស់​ស្វាមី​នាង​ចំពោះ​រូបនាង​អំពី​ទំនោរ​ជា​ច្រើន​ដែល​គ្រូបង្រៀន​បាន​ពិពណ៌នា ។ បន្ទាប់​ពី​មេរៀន​ចប់ នាង​បាន​ទៅ​ជួប​ស្វាមី​របស់​ខ្លួន​ដើម្បី​សួរ​សំណួរ ហើយ​គាត់​បាន​សារភាព​ពី​ការណ៍​អាថ៌កំបាំង​ថា គាត់​បាន​លាក់​បាំង​វា​យូរយារ​ណាស់​មក​ហើយ ។ ការខូចចិត្ត​ដែល​នាង​គិត​ទុក​នោះ ឥឡូវ​នេះ​កាន់តែ​ធ្វើ​ឲ្យ​នាង​កើតទុក្ខ​ធ្ងន់​ឡើង​ដោយសារ​តែ​ការថ្នាំងថ្នាក់​ចិត្ត​ដ៏​យ៉ាង​ខ្លាំង​នោះ ។ អំឡុងពេល​លើក​ដំបូង​ដែល​ពួកគេ​ជួប​ខ្ញុំ នោះ​ពួកគេ​មាន​ការលំបាក​ដើម្បី​មើល​ឃើញ​ថា​អាពាហ៍ពិពាហ៍​របស់​គួរតែ​បន្ត​ទៅ​មុខ​ទៀត​ឬ​អត់ ។ ខ្ញុំ​បាន​ធានា​ជាមួយ​នឹង​ពួកគេ​ថា នឹង​មាន​នូវ​សេចក្តីសង្ឃឹម ខ្ញុំ​បាន​ផ្តល់​ការទូន្មាន​មួយ​ចំនួន​ដំបូង ហើយ​ក្រោយ​មក​អញ្ជើញ​ពួកគេ​ឲ្យ​ត្រឡប់​មក​វិញ ព្រមទាំង​ជួប​ជាមួយ​ខ្ញុំ​ម្នាក់​ម្តង ។

ដោយ​មាន​ការអធិស្ឋាន​ដ៏​ស្មោះត្រង់​ដែល​ខ្ញុំ​បាន​អធិស្ឋាន នៅក្នុង​ការរៀបចំ​សម្រាប់​ការជួប​ទាំង​នោះ ខ្ញុំ​ក៏​ពិនិត្យ​សើររើ​ឡើង​វិញ​ពី​យោបល់​ដែល​បាន​ផ្តល់​ឲ្យ​នៅក្នុង Ministering Resources លើ​គេហទំព័រ LDS.org ជាពិសេស​នៅក្នុង​ធនធាន​សម្រាប់​ការគាំទ្រ​ស្វាមី​ភរិយា​ដែល​មាន​បញ្ហា​ជាមួយ​ការណ៍​អាសគ្រាម ខ្ញុំ​បាន​អាន​ចំណុច​ខាង​ក្រោម ៖ « សូម​បង្ហាញ​សេចក្តី​ស្រឡាញ់ និង កង្វល់​របស់​អ្នក​ចំពោះ​ពួក​នាង​ម្នាក់ៗ ព្រម​ទាំង​ស្វាមី​របស់​នាង​ផងដែរ ។ សូម​បញ្ជាក់​ឲ្យ​ច្បាស់​ថា​នាង​ពុំ​មាន​ទំនួលខុសត្រូវ​ចំពោះ​បញ្ហា​ការណ៍​អាសគ្រាម​របស់​ស្វាមី​នាង ឬ អាកប្បកិរិយា​អាក្រក់ ហើយ​ពុំ​ត្រូវបាន​រំពឹង​ឲ្យ​ស៊ូទ្រាំ​ចំពោះ​អាកប្បកិរិយា​រំលោភ​បំពាន​នេះ​ឡើយ » ។

នៅពេល​ខ្ញុំ​បាន​ជួប​ស្ត្រី​រូប​នេះ ខ្ញុំ​បាន​ស្តាប់ ហើយ​ធ្វើ​តាម​ការទូន្មាន​នេះ ហើយ​បាន​បន្ថែម​ការធានា​អះអាង​ថា ទង្វើ​របស់​ស្វាមី​នាង​គឺ​ពុំមែន​មក​ពី​នាង​ឡើយ ពុំ​មែន​ជា​អ្វី​ដែល​នាង​បាន​ធ្វើ ឬ ពុំ​បាន​ធ្វើ​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​គឺ​មកពី​ទំនាស់​ផ្ទៃ​ក្នុង​ផ្ទាល់​ខ្លួន​របស់​គាត់​វិញ​ទេ​តើ ។ ខ្ញុំ​បាន​មើល​ពី​អារម្មណ៍​ធូរស្បើយ និង ការលួងចិត្ត​ដែល​មាន​ចំពោះ​នាង នៅពេល​នាង​យល់​ពាក្យ​ទាំងនេះ ហើយ​ទទួល​អារម្មណ៍​ពី​ការបញ្ជាក់​របស់​ព្រះវិញ្ញាណ​ថា​ពាក្យ​ទាំង​នេះ​គឺ​ពិត ។ នៅ​ចុង​បញ្ចប់​នៃ​ការសម្ភាស​នោះ គាត់​បាន​សុំ ប្រសិនបើ​ខ្ញុំ​នឹង​ផ្តល់​ការប្រសិទ្ធ​ពរ​បព្វជិតភាព​ដល់​គាត់ ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​គឺ​ជា​មនុស្ស​ម្នាក់​គត់​ដែល​នាង​អាច​ងាក​មក​រក​សម្រាប់​ការប្រសិទ្ធពរ​បែប​នោះ នៅពេល​នាង​សុំ​ឲ្យ​រក្សា​ស្ថានភាព​របស់​នាង​ជា​ការសម្ងាត់​ពី​គ្រួសារ និង មិត្តភក្ដិ ។

ដើម្បី​ជួយ​ក្នុង​ដំណើរការ​ការព្យាបាល ខ្ញុំ​បាន​អញ្ជើញ​ស្វាមី​នោះ​ឲ្យ​ចូលមក​ក្រុម​ជា​សះស្បើយ​លើ​ការញៀន​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ក្នុង​មូលដ្ឋាន ហើយ​ខ្ញុំ​បាន​លើក​ទឹកចិត្ត​ភរិយា​គាត់​ឲ្យ​ចូលរួម​ក្រុម​នោះ​ផងដែរ​សម្រាប់​ស្វាមី និង សមាជិក​គ្រួសារ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ពី​ការលួងលោម​ដែល​គាត់​បាន​មាន​ពី​ការប្រជុំ​ជាមួយ​បងប្អូន​ស្រី​ផ្សេង​ទៀត ដែល​យល់​ពី​ការរងទុក្ខ​របស់​ខ្លួន និង សេចក្តីសង្ឃឹម​ដែល​នាង​បាន​ទទួល ដែល​ឃើញ​គូស្វាមី​ភរិយា​នានា​ដែល​បានឆ្លងកាត់ ការសាកល្បង​ដូចគ្នា​នេះ​ហើយ​បាន​យក​ឈ្នះ​វា​ជាមួយ​គ្នា ។

ប៉ុន្មាន​ខែ​ក្រោយ​បន្ទាប់​ពី​ការជួប​លើក​ទីមួយ​ជាមួយ​គូស្វាមី​ភរិយា​នេះ​បាន​កន្លង​ផុត​ទៅ នោះ​ក្តីស្រឡាញ់ និង ការខ្វល់ខ្វាយ​របស់​ខ្ញុំ​ចំពោះ​ពួកគេ​បាន​កើន​ឡើង ដោយសារតែ​ទំនាក់ទំនង​ជាច្រើន​ដែល​យើង​មាន​ជាមួយ​គ្នា ។ អំឡុង​ពេល​ដែល​ខ្ញុំ​ទទួល​ស្គាល់​ថា ការបន្ត​ដំណើរ​លើ​ផ្លូវ​របស់​ពួកគេ​នឹង​មិន​បន្ត​ទៅមុខ​បាន​ដោយ​គ្មាន​ឧបសគ្គ នោះ​វា​គឺ​ជា​សេចក្តី​អំណរ​សម្រាប់​ខ្ញុំ​ដើម្បី​ដឹង​ថា​ពី​មួយ​ខែ​ទៅមួយ​ខែ​ទៀត ស្វាមី​នោះ​បាន​ទប់​អារម្មណ៍​របស់​ខ្លួន​ពី​តណ្ហា និង ការណ៍​អាសគ្រាម ហើយ​មើល​ឃើញ​ពី​តម្លៃ និង ទំនុកចិត្ត​របស់​ភរិយា​ខ្លួន ដែល​ឆ្លុះ​បញ្ជាំង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់ ។

នៅក្នុង​ការសម្ភាស​ថ្មីៗ​នេះ​ជាមួយ​ពួកគេ ភាពតានតឹង​ផ្លូវ​ចិត្ត និង ដំណក់​ទឹក​ភ្នែក​កាល​ពី​ជួប​លើក​ដំបូង​នោះ​ត្រូវបាន​ជំនួស​ដោយ​ស្នាម​ញញឹម និង​សើច​សប្បាយ​វិញ ។ ប៉ុន្តែ​ប្រហែល​ជា​លទ្ធផល​ដ៏​ធំ​មហិមា​ដែល​សង្ឃឹម​ចង់​បាន​នោះ — គឺ​សេចក្តី​សង្ឃឹម​ថា ពុំគ្រាន់តែ​អាពាហ៍ពិពាហ៍​របស់​ពួកគេ​បន្ត​ទៅមុខ​ទៀត​ឡើយ ប៉ុន្តែ​ថា​វា​ថែមទាំង​មាន​នូវ​សក្តានុពល​ដែល​នឹង​ក្លាយ​ទៅ​ជា​អ្វី​ដែល​ល្អ​ស្រស់​ត្រកាល និង តម្កើង​ឡើង ។

ជាអកុសល​ខ្ញុំ​ទទួល​ស្គាល់​ថា ពុំមែន​គូស្វាមី​ភរិយា​គ្រប់​គូ​នឹង​មាន​បទពិសោធន៍​ដែល​មាន​លទ្ធផល​ល្អ​បែប​នេះ​ទេ ។ អាពាហ៍ពិពាហ៍​មួយ​ចំនួន​អាច​បរាជ័យ នៅពេល​អ្នក​ដែល​មាន​បញ្ហា​ជាមួយ​ការណ៍​អាសគ្រាម​បដិសេធ​ធ្វើការ​កែលម្អ ។ ប៉ុន្តែ​ដោយ​ពុំគិត​ពី​ផ្លូវ​ដែល​ស្វាមី​បាន​ជ្រើសរើស​ឡើយ នោះ​ខ្ញុំ​បាន​ដឹង​ថា​ការទូន្មាន​ឲ្យ​បម្រើ​ដល់​ភរិយា​គឺ​ជា​ការបំផុស​គំនិត​មួយ ។ ខ្ញុំ​សង្ឃឹម​ថា គ្មាន​បងប្អូន​ស្រី​ណា​នៅក្នុង​ស្ថានភាព​នេះ នឹង​មាន​អារម្មណ៍​ថា​នាង​ត្រូវ​បាន​គេ​មើល​រំលង វិនិច្ឆ័យ​ខុស ឬ ពុំ​យល់​ចិត្ត​ពី​ប៊ីស្សព​របស់​ខ្លួន​ឡើយ ។ ការបម្រើ​របស់​ប៊ីស្សព​គឺ​ជា​គន្លឹះ​មួយ​ដែល​ព្រះចេស្តា​របស់​ព្រះ​អង្គ​សង្គ្រោះ​ត្រូវបាន​បើក​បង្ហាញ ដើម្បី​ព្យាបាល​ដួងចិត្ត​បុគ្គល​ម្នាក់​យ៉ាង​ពេញលេញ — គឺ​ដល់​អស់​អ្នក « ដែល​ត្រូវបាន​ចាក់​ទំលុះ​ឲ្យ​មាន​របួស​យ៉ាង​ជ្រៅ » ( ​យ៉ាកុប ២:៣៥ ) ។

រូបភាព
family studying scriptures

ខាង​ក្រោម ៖ ឃើរី​មាន​ភាពតក់ស្លុត​ពេល​នាង​ដឹង​ពី​ឧបសគ្គ​របស់​ស្វាមី​នាង​ជាមួយ​ការណ៍​អាសគ្រាម ប៉ុន្តែ​នាង​បាន​មាន​សេចក្តី​សង្ឃឹម ហើយ​បាន​ព្យាបាល​តាមរយៈ​ព្រះ​យេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់ ។