២០១៦
ឱកាស​លើក​ទី​ពីរ
April 2016


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ឱកាស​លើក​ទី​ពីរ

ខាយលី ប៊លវីន នៅ​រដ្ឋ​អារីស្សូណា ស.រ.អា.

រូបភាព
violin

លើក​ទីមួយ ដែល​ខ្ញុំ​បាន​ជួប​គាត់ ខ្ញុំ​កំពុង​កាន់​វីយូឡុង ។

គាត់​បាន​ដើរ​ដោយ​អូស​ជើង​មក​ជិត​ខ្ញុំ ខណៈ​ដែល​ខ្ញុំ​កំពុង​ដើរ​ទៅ​បន្ទប់​អាហារ ដោយ​ស្ពាយ​ប្រអប់​វីយូឡុង​របស់​ខ្ញុំ ។

គាត់​បាន​និយាយ​ថា « វីយូឡុង » ពេល​គាត់​ដើរ​សំដៅ​មក​រក​ខ្ញុំ ។

ខ្ញុំ​និយាយ​ថា « មែនហើយ » ។

ខ្ញុំ​ពុំ​ធ្លាប់​និយាយ​ជាមួយ​នរណា​ម្នាក់​ដែល​ពិការ ហើយ​ពុំ​ដឹង​ពី​អ្វី​ដែល​ត្រូវ​និយាយ​ទៀត​ឡើយ ។ គាត់​បាន​ដើរ​តាម​ខ្ញុំ​ទៅ​តុ​ខ្ញុំ ហើយ​បាន​អង្គុយ​ក្បែរ​ខ្ញុំ ដោយ​ចង្អុល​ទៅ​ប្រអប់​វីយូឡុង​របស់​ខ្ញុំ ។

គាត់​បាន​និយាយ​ថា « វីយូឡុង » សារ​ជាថ្មី​ម្តង​ទៀត ។

ខ្ញុំ​បាន​បើក​ប្រអប់​វា​ឡើង ហើយ​គាត់​មាន​ការរំភើប​យ៉ាង​ខ្លាំង ។ គាត់​បាន​ទាញ​ខ្សែ​វីយូឡុង​ដោយ​ធ្ងន់ដៃ ។ ខ្ញុំ​បាន​ភ័យ នៅពេល​ខ្ញុំ​ស្រមៃ​គិត​ថា​ខ្សែ​មួយ​បាន​ដាច់​ចេញ​ពី​វីយូឡុង​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​បិទ​ប្រអប់​វា​ភ្លាម ។ គាត់​បាន​ឱប​ខ្ញុំ​ពីមុន​គាត់​ចាកចេញ​ទៅ ។

ខ្ញុំ​បាន​ឃើញ​គាត់​ជា​រឿយៗ​បន្ទាប់​ពី​ពេល​នោះ ។

នៅពេល​ណា​ដែល​គាត់​ឃើញ​ខ្ញុំ គាត់​បាន​កាន់​ស្មា​របស់​ខ្ញុំ និង គាត់​ថើប​ក្បាល​របស់​ខ្ញុំ ។

ពេញ​ឆ្នាំ​សិក្សា​នៅ​វិទ្យាល័យ ខ្ញុំ​ព្យាយាម​គេច​ពី​គាត់​រហូត នៅពេល​ខ្ញុំ​ឃើញ​គាត់​ដើរ​មក ។ នៅពេល​គាត់​ឃើញ​ខ្ញុំ គាត់​បាន​ឱប​ខ្ញុំ​យ៉ាង​ណែន ហើយ​ថើប​ខ្ញុំ​ដោយ​ប្រឡេកប្រឡាក់ ខ្ញុំ​ទ្រាំបាន​តែ​ពីរបី​នាទី​ប៉ុណ្ណោះ ដោយ​ញញឹម​ទាំង​បង្ខំ​ចិត្ត ហើយ​ដើរ​ចេញ​ទៅ​យ៉ាង​លឿន​ដោយ​ពុំ​និយាយ​អ្វី​មួយ​ម៉ាត់​ឡើយ ។

ខ្ញុំ​រអ៊ូរ​ហ៊ឹមៗ​ថា « អូ៎​អត់​ទេ » នៅពេល​ខ្ញុំ​បាន​ឃើញ​គាត់​នៅ​ការប្រគុំ​តន្ត្រី​ចុងក្រោយ​របស់​ខ្ញុំ​នៅ​វិទ្យាល័យ ។ បន្ទាប់​ពី​ការប្រគុំ​តន្ត្រី​ចប់ គាត់​បាន​ដើរ​យឺតៗ​មក​រក​ខ្ញុំ ពេល​ខ្ញុំ​បាន​ឈរ​ជាមួយ​មិត្ត​ខ្ញុំ​នៅ​ក្រៅ​សាល​ប្រជុំ ។

មិត្តភក្ដិ​របស់​ខ្ញុំ​ឈរ​សម្លឹង​ឱប​ដៃ​មើល​នៅពេល​គាត់​បាន​ដើរ​ឡើង​មក​ខ្ញុំ​ដោយ​ទាំង​ញញឹម​ញញ៉ែម លាត​ដៃ​របស់​គាត់​ឱប​ខ្ញុំ ។

« វិល្លាម !!! »

ខ្ញុំ​បាន​ងាក​ទៅ​មើល ហើយ​ឃើញ​ស្ត្រី​ម្នាក់​រត់​ត្រឹកៗ​មក​កាន់​យើង ។

នាង​និយាយ​ថា « សូមទោស » ដោយ​តោង​ដៃ​គាត់ ។ « វិល្លាម​ចូលចិត្ត​វីយូឡុង ។ គាត់​បាន​អង្វរ​ខ្ញុំ​ឲ្យ​នាំ​គាត់​មក​ការប្រគុំ​តន្ត្រី​នា​រាត្រី​នេះ ។ តោះ​យើង​ទៅ កូន​សម្លាញ់ » ។

ចាប់តាំង​ពី​នោះ​មក ខ្ញុំ​ភ្ញាក់​ខ្លួន​ថា​ខ្ញុំ​មិន​ធ្លាប់​ដែល​ស្គាល់​ឈ្មោះ​របស់​គាត់​ឡើយ ។ ខ្ញុំ​បាន​ជួប​វិល្លាម​ពីរ​ឆ្នាំ​មុន ប៉ុន្តែ​បាន​ចំណាយ​ពេល​ច្រើន​គេច​ចេញ​ពី​គាត់ ដែល​ខ្ញុំ​ពុំ​បាន​ព្យាយាម​ស្គាល់​គាត់​ឡើយ ។ នៅពេល​ខ្ញុំ​សម្លឹង​មើល​គាត់ និង​ម្តាយ​របស់​គាត់​ដើរ​ចេញ​ទៅ ខ្ញុំ​មាន​អារម្មណ៍​អាម៉ាស់​យ៉ាង​ខ្លាំង ។

ច្រើន​ឆ្នាំ​ក្រោយ​មក បន្ទាប់​ពី​ខ្ញុំ​បាន​រៀបការ ខ្ញុំ​បាន​បង្កើត​កូន​ប្រុស​តូច​ដ៏​ស្អាត​មួយ​ដែល​មាន​ជំងឺ​គ្រាស​គន្លង​ដែល​យើង​បាន​ដាក់​ឈ្មោះ​ថា ស្ពែនស៊ើរ ។ ជារឿយៗ​ខ្ញុំ​បាន​គិត​ពី​វិល្លាម​នៅពេល​ខ្ញុំ​មើល​កូន​ប្រុស​របស់​ខ្ញុំ ហើយ​ខ្ញុំ​ឆ្ងល់​ថា ប្រសិនបើ​ស្ពែនស៊ើរ​នឹង​មាន​បទពិសោធន៍​ស្រដៀង​នេះ​ដែរ​ឬ​អត់ ។ តើ​មនុស្ស​ជាច្រើន​នឹង​គេច​ចេញ​ពី​គាត់​ដោយសារ​តែ​គាត់​ថើប ឬ ឱប​ខ្លាំងៗ ឬ​ច្រើន​ពេក​ដែរ​ឬ​អត់ ? តើ​ក្មេង​អាយុ​ស្របាល​គ្នា​នឹង​រូបគេ​ពុំ​មាន​អារម្មណ៍​សុខ​ស្រួល​ជាមួយ​នឹង​ភាពពិការ​របស់​គាត់​ឬ​អត់ ?

កាល​ស្ពែនស៊ើរ​អាយុ​បួន​ឆ្នាំ ខ្ញុំ​បាន​យក​គាត់​ទៅ​មន្ទីរពេទ្យ​ក្នុង​មូលដ្ឋាន​មួយ​តាម​ការណាត់​ជួប ។ នៅពេល​ខ្ញុំ​យក​គាត់​ចេញ​ពី​ឡាន នោះ​ខ្ញុំ​បាន​ឃើញ​មនុស្ស​ពីរនាក់​ចេញ​ពី​មន្ទីរ​ពេទ្យ ។ មិន​គួរ​ឲ្យ​ជឿ​សោះ​ថា ខ្ញុំ​ដឹង​ថា​នោះ​គឺ​ជា​វិល្លាម និង ម្តាយ​របស់​គាត់ ។

« វិល្លាម !!! » ខ្ញុំ​បាន​ស្រែក​ហៅ​នៅពេល​យើង​ដើរ​នៅ​ជិត​គ្នា ខ្ញុំ​មាន​ក្តី​រំភើប​យ៉ាង​ខ្លាំង ។

« សួស្តី ! » គាត់​ដើរ​យឺតៗ​កាត់​ចំណត​ឡាន ដោយ​មាន​ស្នាម​ញញឹម​យ៉ាង​ធំ ។ គាត់​បាន​ចាប់​ដៃ​ខ្ញុំ ហើយ​រលាក់​ដៃ​ដោយ​ក្តី​អំណរ ។

« ប្អូន​សុខ​សប្បាយ​ទេ ? » ខ្ញុំ​បាន​សួរ​គាត់ ។

គាត់​និយាយ​ថា « វីយូឡុង » ដោយ​ក្តី​រំភើប​ដែល​អាច​ឃើញ​ក្នុង​កែវ​ភ្នែក​គាត់ ។

វីយូឡុង។ គាត់​ក៏​ចងចាំ​ខ្ញុំ​ផងដែរ ។ « មែន​ហើយ » ខ្ញុំ​បាន​និយាយ​ទាំង​ញញឹម ព្រម​ទាំង​យំ​ផងដែរ​ថា « ខ្ញុំ​បាន​លេង​វីយូឡុង » ។

នៅពេល​យើង​និយាយ​គ្នា នោះ ដួងចិត្ត​ខ្ញុំ​បាន​អធិស្ឋាន​ខ្សឹបៗ​ក្នុង​ចិត្ត​ចំពោះ​សេចក្តីមេត្តា​ករុណា​ដ៏​ទន់ភ្លន់​នៃ​ព្រះវរបិតា​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​គង់​នៅ​ឋានសួគ៌ ដែល​ដឹង​ថា​ខ្ញុំ​ចង់​ជួប​វិល្លាម​ម្តង​ទៀត​ខ្លាំង​ប៉ុណ្ណា ។ ខ្ញុំ​មាន​អំណរ​គុណ​ថា​ព្រះ​បាន​ឃើញ​ខ្ញុំ — ជា​ម្តាយ​វ័យ​ក្មេង​ដ៏​លំបាក​ដែល​មាន​កង្វល់​ជាមួយ​នឹង​បញ្ហា​សុខភាព​របស់​កូន​ខ្លួន ហើយ​ព្រួយ​បារម្ភ​ពី​អនាគត​របស់​កូនៗ — ហើយ​ប្រទាន​បទពិសោធន៍​នេះ​ដល់​ខ្ញុំ ដែល​រំឭក​ខ្ញុំ​ថា ទ្រង់​ស្គាល់​ពួកយើង ។