២០១៦
ការវាស់វែង​ពី​ពរជ័យ​នៅក្នុង​ប្រទេស​ម៉ាដាហ្គាស្ការ
April 2016


ប្រវត្តិ​របស់​យុវមជ្ឈិមវ័យ

ការវាស់វែង​ពី​ពរជ័យ​នៅក្នុង​ប្រទេស ម៉ាដាហ្គាស្ការ

ទោះបី​ជា​មាន​នូវ​ស្ថានភាព​នយោបាយ​តានតឹង និង សេដ្ឋកិច្ច​យ៉ាប់យឺន​នៅ​ក្នុង​ប្រទេស​នេះ​ក្តី សូឡូហ្វូ​ពឹង​ផ្អែក​លើ​ពរជ័យ​នានា​ដែល​កើត​ឡើង​តាមរយៈ​ការរស់នៅ​តាម​ដំណឹង​ល្អ ។

រូបភាព
lemur and baobab tree

រូបថត ៖ ខាង​លើ​បាន​ផ្តល់​ឲ្យ​ដោយ​សូឡូហ្វូ រ៉ាវេឡូចោណា ខាង​ក្រោម © iStock/Thinkstock

បន្ទាប់​ពី​ភរិយា​របស់​ខ្លួន​បាន​រងទុក្ខ​ដោយ​ការខកចិត្ត​ពី​ការរលូត​កូន​អំឡុង​ពេល​មាន​ផ្ទៃពោះ​ដំបូង នោះ​សូឡូហ្វូ រ៉ាវេអូចោណា​មាន​អារម្មណ៍​ថា​ការអធិស្ឋាន​របស់​ពួកគេ​បាន​ទទួល​ចម្លើយ​មួយ​ឆ្នាំ​ក្រោយ​មក នៅពេល​ពរពោះ​លើក​ទី​ពីរ ។ គាត់​និង​ភរិយា​របស់​គាត់​ឈ្មោះ ហារី ម៉ាទីន ពិចារណា​ពី​កំណើត​របស់​កូន​ស្រី​ខ្លួន​ថា​ជា​ពរជ័យ​មួយ​ដ៏​មហិមា​បំផុត ។ សូឡូហ្វូ​ពន្យល់​ថា « ដោយសារ​យើង​បាន​សុំ​ព្រះ ហើយ​ទ្រង់​បាន​ប្រទាន​នាង​មក​ឲ្យ​យើង នោះ​យើង​បាន​ដាក់​ឈ្មោះ​មួយ​ដល់​នាង​ដែល​ជា​ភាសា​ម៉ាឡាកាស៊ី​មាន​ន័យ​ថា ‹ ចម្លើយ​របស់​ព្រះ › » ។

រូបភាព
Solofo with his daughter

សូឡូហ្វូ ជា​យុវមជ្ឈិមវ័យ​មក​ពី​ប្រទេស ម៉ាដាហ្គាស្ការ ដែល​យល់​ដឹង​ថា​ព្រះ​ឆ្លើយតប​ការអធិស្ឋាន ហើយ​ប្រទាន​ពរ​ដល់​ពួក​អ្នក​ស្មោះត្រង់​នៅ​ចំ​គ្រា​ដែល​ត្រូវការ ។ សូឡូហ្វូ​និយាយ​ថា « ជីវិត​នេះ​ពុំ​ងាយ​ស្រួល​ឡើយ ហើយ​នៅពេល​មនុស្ស​ពុំ​បាន​នូវ​អ្វី​ដែល​ពួកគេ​ចង់​បាន​ទេ នោះ​មនុស្ស​មួយ​ចំនួន​ចាប់ផ្តើម​សួរ​ថា ‹ ហេតុអ្វី​រឿង​នេះ​កើត​ឡើង​ចំពោះ​ខ្ញុំ ? › ពួកគេ​អាច​ចាកចេញ​ពី​សាសនាចក្រ ឬ មាន​ចម្ងល់​នឹង​ជំនឿ​របស់​ខ្លួន​លើ​ព្រះ ។ ប៉ុន្តែ​នៅពេល​រស់នៅ​តាម​ដំណឹង​ល្អ ហើយ​អាន​ព្រះគម្ពីរ​នោះ​គឺ​មាន​ភាព​ងាយ​ស្រួល​ជាង ។ នៅពេល​យើង​ពិត​ជា​រស់នៅ​តាម​ដំណឹង​ល្អ នោះ​អ្នក​ពិត​ជា​អាច​ឃើញ​ពរជ័យ​ជា​ច្រើន » ។

រស់នៅក្នុង​ប្រទេស​មួយ​ដែល​មាន​បញ្ហា​យ៉ាង​ធ្ងន់ធ្ងរ​ដូច​ជា ភាពកម្សត់​ទុរគត៌ ភាពគ្មាន​ស្ថេរភាព​នៅក្នុង​រដ្ឋាភិបាល ហេដ្ឋារចនា​សម្ព័ន្ធ​ខ្សត់ខ្សោយ និង មាន​គ្រោះ​ធម្មជាតិ​ច្រើន នោះ​វា​បញ្ជាក់​យ៉ាង​ច្បាស់​ពី​មូលហេតុ​ដែល​សូឡូហ្វូ​និយាយ​ថា​ជីវិត​នេះ​វា​ពុំ​ងាយ​ស្រួល​ឡើយ ។ ប៉ុន្តែ​សម្រាប់​គាត់ ពរជ័យ​ដែល​រស់នៅ​តាម​ដំណឹង​ល្អ គឺ​ធំធេង​ជាង​ភាពលំបាក​នោះ​ទៅទៀត ។ គាត់​និយាយ​ថា « ខ្ញុំ​ពុំ​អាច​រាប់​ពរជ័យ​ដែល​ខ្ញុំ​បាន​ទទួល​ឡើយ ដរាប​ណា​ខ្ញុំ​រស់នៅ​តាម​ដំណឹងល្អ​នោះ » ។

ដោយសារ​សាសនាចក្រ​ទើប​តែ​ថ្មី​នៅក្នុង​ប្រទេស ម៉ាដាហ្គាស្ការ ( សាខា​ដំបូង​គេ​ត្រូវបាន​រៀបចំ​នៅក្នុង​ឆ្នាំ ១៩៩០ ) សូឡូហ្វូ​និយាយ​ថា​ផ្នែក​មួយ​ដ៏​លំបាក​បំផុត​នៃ​ការធ្វើ​ជា​សមាជិក​នោះ​គឺ​ជា​ពាក្យ​ចចាមអារ៉ាម និង ការយល់​ខុស​អំពី​សាសនាចក្រ ។ សូឡូហ្វូ​ថ្លែង​ថា គឺ​ដូច​នៅក្នុង​ការនិមិត្ត​របស់​លីហៃ​អំពី​ដើម​ជីវិត​ដែរ « មនុស្ស​ពុំ​ឱប​ក្រសោប​យក​ដំណឹង​ល្អ​ពេញលេញ​ឡើយ ដោយសារ​ពួកគេ​មាន​អារម្មណ៍​ខ្មាស់អៀន​នៅ​ចំពោះ​មុខ​មិត្តភក្តិ​របស់​ខ្លួន ហើយ​ខ្លាច​ថា​គ្រួសារ​របស់​ពួកគេ​នឹង​បោះ​បង់​គេ​ចោល » ។ គាត់​និយាយ​ថា អ្វី​ដែល​ធ្វើ​ឲ្យ​សូឡូហ្វូ​មាន​ភាពខុស​ពី​ពួកគេ​នោះ គឺ​ថា « ខ្ញុំ​ពុំ​ធ្លាប់​អៀន​ខ្មាស់​ឡើយ ។ ខ្ញុំ​រស់នៅ​តាម​ដំណឹង​ល្អ ហើយ​ខ្ញុំ​តែងតែ​ចង់​ចែកចាយ​វា​ជាមួយ​សហការី​របស់​ខ្ញុំ ទោះបី​ជា​ពួកគេ​មួយ​ចំនួន​ពុំ​ចាប់​អារម្មណ៍​នឹង​វា​ក្តី » ។ ជារឿយៗ​គាត់​តែង​ចែក​ទីបន្ទាល់​យ៉ាង​សាមញ្ញ​របស់​គាត់ ដែល​ធ្វើ​ឲ្យ​មិត្ត​រួម​ការងារ​របស់​គាត់​ដាក់​ឈ្មោះ​ហៅ​ក្រៅ​គាត់​ថា « គ្រូគង្វាល » ។

រូបភាព
Solofo and Hary Martine

នៅក្នុង​ចំណោម​ភាពវឹកវរ​នៃ​សេចដ្ឋកិច្ច និង នយោបាយ នោះ​សូឡូហ្វូ និង ម៉ារី ម៉ាទីន​ពឹងផ្អែក​ទាំងស្រុង​លើ​ពរជ័យ​នៃ​សេចក្តីសញ្ញា​ព្រះវិហារ​បរិសុទ្ធ​របស់​ខ្លួន ( ពួកគេ​បាន​រៀប​អាពាហ៍​ពិពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​យ៉ូហាណែ​ស្បើក​អាហ្វ្រិក​ខាង​ត្បូង មួយ​ឆ្នាំ​ក្រោយ​ពី​បេសកកម្ម​របស់​ពួកគេ — ដែល​គាត់​បម្រើ​នៅក្នុង​ប្រទេស អ៊ូហ្គង់ដា ហើយ​ភរិយា​គាត់​បម្រើ​នៅក្នុង​ប្រទេស ម៉ាដាហ្គាស្ការ ) ព្រមទាំង​ការទុកចិត្ត​របស់​ពួកគេ​លើ​ព្រះអម្ចាស់ ។ សូឡូហ្វូ​ពន្យល់​ថា « ខ្ញុំ​មាន​ដំណឹង​ល្អ ហើយ​ខ្ញុំ​ដាក់​ជីវិត​របស់​ខ្ញុំ​នៅ​ក្នុង​ព្រះហស្ត​របស់​ព្រះ » ។ គាត់​អាច​ពឹងផ្អែក​លើ​ទីបន្ទាល់​ដ៏​រឹងមាំ​របស់​ខ្លួន ដោយសារ​គាត់​មាន​សេចក្តី​ជំនឿ​រួចហើយ​លើ « ការឆ្លើយ​តប​របស់​ព្រះ » ។