២០១៦
បព្វជិតភាព ៖ យុថ្កា​ដ៏​មាំមួន
April 2016


ដំណឹងល្អ​ពី​បុរាណ

បព្វជិតភាព ៖ យុថ្កា​ដ៏​មាំមួន

អត្ថបទ​នេះ​ត្រូវបាន​រៀបចំ​ដោយ​អែលឌើរ អិល ថម ភើរី នៅថ្ងៃ​ទី​២៨ ខែ ឧសភា ឆ្នាំ ២០១៥ ពីរ​ថ្ងៃ​ពីមុនមរណភាព​របស់​លោក ដើម្បី​ចែកចាយ​ដល់​អ្នក​កាន់បព្វជិតភាព​វ័យ​ក្មេង ។

រូបភាព
Aaronic Priesthood members passing the sacrament

កម្លាំង​ដ៏​មហិមា​នៅក្នុង​ជីវិត​របស់​ខ្ញុំ​គឺ​ជា​បព្វជិតភាព​នៃ​ព្រះ ។ ខ្ញុំ​ជឿ​ថា​វា​គឺ​ជា​យុថ្កា​ដ៏​មាំមួន​សម្រាប់​អ្នក​ដែល​ជា​យុវវ័យ​នេះ​ផងដែរ ។ ប៉ុន្តែ​ដើម្បី​ឲ្យ​វា​មាន​អំណាច​នៅក្នុង​ជីវិត​របស់​អ្នក នោះ​អ្នក​ចាំបាច់​ត្រូវ​យល់ និង ប្រើប្រាស់​វា ។

បទពិសោធន៍​ដំបូងៗ​ជាមួយ​បព្វជិតភាព

ខ្ញុំ​បាន​ធំដឹង​ក្ដី​ឡើង​នៅក្នុង​ស្ថានភាព​ដ៏​មនោរម្យ​មួយ​នៅក្នុង​ទីក្រុង លូហ្គែន រដ្ឋ​យូថាហ៍ ។ កាល​វ័យ​កុមារ ខ្ញុំ​ពុំ​ចាំបាច់​បារម្ភ​ពី​អាហារ ឬ ទីជម្រក ឬ ការអប់រំ​ឡើយ ។ ប៉ុន្តែ​ប្រហែល​ជា​ដោយសារ​ជីវិត​ដ៏​ស្រណុក​បែប​នេះ នោះ​ខ្ញុំ​ត្រូវតែ​ធ្វើ​អ្វី​មួយ​ដែល​ខ្ញុំ​អាច​តោង​ចាប់​យ៉ាង​ជាប់ ដែល​ជា​យុថ្កា​ចំពោះ​រូប​ខ្ញុំ ។

ចំពោះ​ខ្ញុំ​យុថ្កា​នោះ​គឺ​ជា​បព្វជិតភាព​នៃ​ព្រះ ។ ខ្ញុំ​ធ្លាប់​នៅក្នុង​ស្ថានភាព​អស្ចារ្យ កាល​ខ្ញុំ​កំពុង​ធំ​ពេញ​វ័យ ។ ប៉ា​របស់​ខ្ញុំ​ត្រូវបាន​ហៅ​ជា​ប៊ីស្សព កាល​ខ្ញុំ​អាយុ​បាន​មួយ​ឆ្នាំ ហើយ​គាត់​គឺ​ជា​ប៊ីស្សព​របស់​ខ្ញុំ​អស់​រយៈពេល ១៩​ឆ្នាំ ។ ការណែនាំ​ក្នុង​នាម​ជា​ឪពុក និង ខាង​វិញ្ញាណ​របស់​គាត់ បាន​ជួយ​ខ្ញុំ​យ៉ាង​ខ្លាំង ។

ខ្ញុំ​គិត​ថា​នោះ គឺ​ជា​មូលហេតុ​ធំ​បំផុត​ដែល​ខ្ញុំ​អន្ទះសារ​ចង់​បាន​បព្វជិតភាព​អើរ៉ុន​នៅ​ថ្ងៃ​ខួបកំណើត​អាយុ ១២​ឆ្នាំ​របស់​ខ្ញុំ ។ ខ្ញុំ​ចាំ​ពី​ថ្ងៃ​ដ៏​ពិសេស​ដែល​ឪពុក​របស់​ខ្ញុំ​ដាក់​ដៃ​គាត់​លើ​ក្បាល​ខ្ញុំ ហើយ​បាន​តែងតាំង​ខ្ញុំ ។ បន្ទាប់​មក ខ្ញុំ​បាន​បន្ត​រីកចម្រើន​ជា​បន្ត​បន្ទាប់​នៅក្នុង​តំណែង​នៃ​បព្វជិតភាព​អើរ៉ុន ហើយ​ទទួល​ការបម្រើ​ដែល​ខ្ញុំ​ពេញចិត្ត​ជា​ខ្លាំង ។

ការចែក​សាក្រាម៉ង់​គឺ​ជា​រឿង​មួយ​ពិសេស​ណាស់​សម្រាប់​ខ្ញុំ ។ អ្នក​អាច​ឃើញ​មនុស្ស​តាំងចិត្ត​របស់​ពួកគេ ដើម្បី​ធ្វើ​តាម​ព្រះអម្ចាស់ ហើយ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ នៅពេល​ពួកគេ​ទទួល​ទាន​និមិត្តរូប​នៃ​ព្រះកាយ និង ព្រះលោហិត​របស់​ទ្រង់ ។

ការរីកចម្រើន​នៅក្នុង​ការយល់ដឹង​អំពី​បព្វជិតភាព

ខណៈ​ដែល​ពេលវេលា​បាន​រំកិល​ទៅមុខ ខ្ញុំ​បាន​បញ្ចប់​វិទ្យាល័យ ហើយ​ក្រោយ​មក​បន្ទាប់​ពី​ខ្ញុំ​រៀន​នៅ​មហាវិទ្យា​ល័យ​បាន​មួយ​ឆ្នាំ ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យ​ទៅ​បេសកកម្ម ។ ខ្ញុំ​រីករាយ​នឹង​បេសកកម្ម​របស់​ខ្ញុំ​គ្រប់​ពេល ហើយ​ស្រឡាញ់​ដៃ​គូ​របស់​ខ្ញុំ ។ មាន​ដៃគូ​ម្នាក់​ដ៏​ពិសេស​ដែល​ជា​កម្លាំង​ដ៏​រឹងមាំ​ដល់​ខ្ញុំ ។ ខ្ញុំ​បាន​រៀន​ច្រើន​ពី​គាត់ នៅពេល​យើង​បំពេញ​ទំនួល​ខុសត្រូវ​របស់​យើង ។

ដោយសារ​ប្រទេស​នោះ​ស្ថិត​នៅក្នុង​សង្គ្រាម នៅពេល​ខ្ញុំ​បាន​ត្រឡប់​មក​ពី​បេសកកម្ម​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​ចូល​កងទ័ព​ម៉ារីន​របស់​សហរដ្ឋ ។ នៅពេល​សង្គ្រាម​ចប់ ខ្ញុំ​បាន​ត្រឡប់​ចូលរៀន​មហា​វិទ្យាល័យ​វិញ រៀបការ ហើយ​ចាប់​ផ្តើម​មាន​គ្រួសារ ។ ដោយសារ​ការផ្លាស់ប្តូរ​វិជ្ជាជីវៈ​ជា​បន្ត​បន្ទាប់​បាន​នាំ​ខ្ញុំ​ទៅ​កាន់​ទីកន្លែង​ជាច្រើន​នៅ​ទូទាំង​សហរដ្ឋ ជា​កន្លែង​ដែល​ខ្ញុំ​បាន​រៀន​យ៉ាង​ច្រើន នៅពេល​ខ្ញុំ​បាន​បម្រើ​នៅក្នុង​ការហៅ​នៃ​បព្វជិតភាព​ជាច្រើន ។ នៅ​ទីបំផុត​ខ្ញុំ​បាន​ប្តូរ​ទៅ​រស់នៅ​ទីក្រុង បូស្តុន រដ្ឋ ម៉ាស្សាឈូសេត ជា​កន្លែង​ដែល​ខ្ញុំ​បាន​បម្រើ​ជា​ប្រធាន​ស្តេក ។ គឺ​នៅ​ទីនោះ​ហើយ​ដែល​ខ្ញុំ​ត្រូវបាន​ហៅ​ធ្វើ​ជា​ជំនួយ​ការ​នៃ​ពួក​ដប់ពីរនាក់ ហើយ​១៧ ខែក្រោយ​មក ក្លាយ​ជា​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

មេរៀន​ដែល​បាន​រៀន​ក្នុង​នាម​ជា​សាវក

តើ​ខ្ញុំ​បាន​រៀន​អ្វី​ខ្លះ​ក្នុង​នាម​ជា​សមាជិក​នៃ​កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់ ?

ខ្ញុំ​បាន​រៀន​ថា មាន​អ្នក​ណែនាំ មាន​យុថ្កា និង ការការពារ​នៅក្នុង​បព្វជិតភាព ។

បព្វជិតភាព​បាន​មាន​ជាយូរ​មក​ហើយ ។ ពីមុន​អ័ដាម​មក​លើ​ផែន​ដី គាត់​មាន​នូវ​បព្វជិតភាព ។ នៅពេល​ពូជពង្ស​របស់​អ័ដាម​បាន​បែកខ្ញែករួម​ទាំង​មាន​បព្វជិតភាព វា​បាន​ក្លាយ​ជា​ការណ៍​ចាំបាច់​ដើម្បី​រៀបចំ​របៀប​ដែល​បព្វជិតភាព​ត្រូវបាន​បម្រើ ។ ព្រះអម្ចាស់​បាន​ធ្វើ​ការណ៍​នេះ ដោយ​ហៅ​អ័ប្រាហាំ​ឲ្យ​ធ្វើជា​អធិបតី​លើ​គ្រួសារ​របស់​គាត់​នៃ​អ្នក​កាន់​បព្វជិតភាព ។ អង្គការ​នេះ​បាន​បន្ត​រហូត​ដល់​អ៊ីសាក យ៉ាកុប ដែល​ក្រោយ​មក​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​អ៊ីស្រាអែល​វិញ ។

ច្រើន​សតវត្សរ៍​ក្រោយ​មក កូន​ចៅ​របស់​អ៊ីស្រាអែល​បាន​ស្ថិត​នៅក្នុង​សេវកភាព ។ ព្រះអម្ចាស់​បាន​បញ្ជូន​ម៉ូសេ​ឲ្យ​ទៅ​រំដោះ​ពួកគេ ប៉ុន្តែ​នៅពេល​គាត់​បាន​ធ្វើ​ការណ៍​នោះ ពួកគេ​បាន​បង្ហាញ​ថា​ពួកគេ​ជា​ប្រជាជន​ដែល​ពុំ​ទាន់​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​បព្វជិតភាព​មីលគីស្សាដែក​នៅ​ឡើយ ។ ដូច្នេះ​ពួកគេ​ត្រូវ​បានទុក​ឲ្យ​នៅតែ​មាន​បព្វជិតភាព​អើរ៉ុន រហូត​ដល់​ជំនាន់​ព្រះអង្គសង្គ្រោះ ។

ខ្ញុំ​ឃើញ​ថា​វា​គួរ​ឲ្យ​ចាប់​អារម្មណ៍ នូវ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​នា​គ្រា​ដំបូង កាល​ទ្រង់​បាន​ចាប់​ផ្តើម​ការបម្រើ​របស់​ទ្រង់ ។ ទ្រង់​បាន​រៀបចំ​បព្វជិតភាព​មិលគីស្សាដែក ។ ទ្រង់​បាន​ហៅ​ពួក​សាវក ហើយ​បាន​បង្រៀន​ពួកគេ​អំពី​ក្រឹត្យវិន័យ និង របៀប​នៃ​បព្វជិតភាព ។ ទ្រង់​បាន​ហៅ​ពេត្រុស​ឲ្យ​ធ្វើ​ជា​ប្រធាន​សាវក ដោយ​បង្កើត​ខ្សែ​ស្រឡាយ​នៃ​សិទ្ធិ​អំណាច​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ នៅក្នុង​ជំនាន់​នោះ និង ជំនាន់​នេះ គឺ​ព្រះយេស៊ូវគ្រីស្ទ​ជា​អង្គ​ដែល​ជ្រើសរើស​ប្រធាន​សាវក​ឲ្យ​ធ្វើ​ជា​អធិបតី​លើ​សាសនាចក្រ ហើយ​គឺ​ព្រះអង្គសង្គ្រោះ​ដែល​ដឹកនាំ​លោក​នៅក្នុង​កាតព្វកិច្ច​បព្វជិតភាព​របស់​លោក ។

ដូច្នេះ​បព្វជិតភាព​មាន​នូវ​ខ្សែ​ស្រឡាយ​ផ្ទាល់​មក​ពី​អម្ចាស់ និង ព្រះអង្គ​សង្គ្រោះ​របស់​យើង តាមរយៈ​ប្រធាន​សាវក ដល់​សាវក​ដទៃ និង ដល់​អ្នក​កាន់​បព្វជិតភាព​ផ្សេង​ទៀត​នៅក្នុង​សាសនាចក្រ ។ កូនសោ​នៃ​សិទ្ធិ​អំណាច​ត្រូវបាន​ផ្តល់​ឲ្យ​ដល់​ពួកសាវក ហើយ​ដរាប​ណា​កូនសោ​ទាំង​នោះ​មាន​នៅលើ​ផែនដី នោះ​យើង​នឹង​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះអម្ចាស់​ផ្ទាល់ ។ ការដឹកនាំ​ដ៏​ទេវភាព​នេះ​ការពារ​យើង ហើយ​ធានា​អះអាង​ដល់​យើង​ថា​សាសនាចក្រ​នេះ​នឹង​មិន​ងាក​ចេញ​ពី​សេចក្តីពិត​ឡើយ ។ វា​នឹង​បន្ត​នៅ​ជាប់​លាប់​ជានិច្ច ដោយសារ​វា​ពុំ​មែន​ត្រូវបាន​ដឹកនាំ​ដោយ​បុគ្គល​នៅលើ​ផែនដី​នេះ​ឡើយ ។ វា​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះអម្ចាស់ ។

រៀន​ពី​គោលលទ្ធិ​នានា​នៃ​បព្វជិតភាព

ការទូន្មាន​ដ៏​អស្ចារ្យ​បំផុត​ដែល​ខ្ញុំ​មាន​សម្រាប់​អ្នក​ដែល​ជា​យុវជន នោះ​គឺ​ត្រូវ​សិក្សា​គោលលទ្ធិ​នានា​នៃ​បព្វជិតភាព យល់ដឹង​ពី​អំណាច ដែល​អ្នក​មាន​នៅ​ក្នុង​ការអនុវត្ត​បព្វជិតភាព​របស់​អ្នក ហើយ​រៀន​ពី​របៀប​ដែល​វា​អាច​ប្រទាន​ពរដល់​ជីវិត​របស់​អ្នក និង ជីវិត​របស់​មនុស្ស​ដទៃ​ទៀត ។

ខ្ញុំ​សន្យា​ថា ប្រសិន​បើ​អ្នក​នឹង​រៀន​ពី​គោលលទ្ធិ​នានា​នៃ​បព្វជិតភាព ហើយ​បំពេញ​កាតព្វកិច្ច​បព្វជិតភាព​របស់​អ្នក នោះ​បព្វជិតភាព​នឹង​ក្លាយ​ជា​យុថ្កា​ដ៏​មាំមួន ដែល​នឹង​រក្សា​សុវត្ថិភាព​ខាង​វិញ្ញាណ​របស់​អ្នក ហើយ​នាំ​អ្នក​ឲ្យ​មាន​សេចក្តីអំណរ​ដ៏​អស្ចារ្យ ។ ចូរ​ធ្វើ​ជា​កូរ៉ុម​បព្វជិតភាព​មួយ​ដ៏​ពិត ។ ចូរ​ឈោង​ទៅ​ជួយ​ដល់​មិត្តភក្តិ ហើយ​នាំ​ពួកគេ​ឲ្យ​មក​កូរ៉ុម​របស់​អ្នក ។ សូម​បង្កើត​ភាព​ជា​បងប្អូន​ប្រុស​នៅក្នុង​កូរ៉ុម​របស់​អ្នក ដែល​នឹង​ក្លាយ​ទៅ​ជា​គ្រឹះ​ដ៏​អចិន្ត្រៃយ៍​សម្រាប់​ជីវិត​របស់​អ្នក ។