២០១៦
បុត្រី​នៃ​ព្រះវរបិតា​ដ៏​អស់​កល្ប​ជានិច្ច​របស់​យើង
April 2016


សារលិខិត​បង្រៀន​សួរ​សុខទុក្ខ

បុត្រី​នៃ​ព្រះវរបិតា​ដ៏​អស់​កល្ប​ជានិច្ច​របស់​យើង

សូម​សិក្សា​ឯកសារ​នេះ​ប្រកប​ដោយ​ការអធិស្ឋាន ហើយ​ព្យាយាម​ស្វែង​រក​អ្វី​ដែល​ត្រូវ​ចែកចាយ ។ តើ​ការ​យល់​ដឹង​អំពី « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » បង្កើន​សេចក្តីជំនឿ​របស់​អ្នក​ទៅលើ​ព្រះ ហើយ​ប្រទាន​ពរ​ដល់​អ្នក​ទាំងឡាយ​ដែល​អ្នក​ថែទាំ​តាមរយៈ​ការបង្រៀន​សួរ​សុខ​ទុក្ខ​យ៉ាង​ដូចម្តេច ? សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ reliefsociety.lds.org ។

រូបភាព
ត្រា​សមាគម​សង្គ្រោះ

សេចក្ដី​ជំនឿ ក្រុម​គ្រួសារ ការសង្គ្រោះ

រូបភាព
elderly woman

ព្រះគម្ពីរ​បង្រៀន​យើង​ថា « យើង​រាល់​គ្នា​ជា​ពូជ​ព្រះ​ហើយ » ( កិច្ចការ ១៧:២៩ ) ។ ព្រះ​បាន​ហៅ​អិមម៉ា ស្ម៊ីធ ភរិយា​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ​ថា​ជា « បុត្រី​របស់​យើង » ( គ. និង ស. ២៥:១ ) ។ ការប្រកាស​ដល់​ក្រុមគ្រួសារ បង្រៀន​យើង​ថា​យើង​ម្នាក់ៗ​គឺ​ជា « បុត្រី … សំណព្វប់​ខាង​វិញ្ញាណ​របស់​ព្រះបិតា​មាតា​សួគ៌ » ។

ខារ៉ូល អិម ស្ទេហ្វិន ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​មាន​ប្រសាសន៍​ថា « នៅក្នុង​នគរ​នៃ [ ជីវិត​មុន​ផែនដី ] យើង​បាន​រៀន​អំពី​អត្តសញ្ញាណ​នៃ​ភាព​ជា​ស្ត្រី​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ។

« ដំណើរ​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង​មក​កាន់​ផែនដី​នេះ​ពុំ​ផ្លាស់ប្តូរ​សេចក្តីពិត​ទាំង​នោះ​ឡើយ » ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា « ព្រះវរបិតា​របស់​អ្នក​ដែល​គង់​នៅ​ស្ថានសួគ៌ ស្គាល់​ឈ្មោះ​របស់​អ្នក និង ស្គាល់​ពី​កាលៈទេសៈ​នានា​របស់​អ្នក » ។ « ទ្រង់​ស្ដាប់​ឮ​ការ​អធិស្ឋាន​របស់​អ្នក ។ ទ្រង់​ត្រាស់​ដឹងអំពី​សេចក្តី​សង្ឃឹម និង ក្តី​សុបិន​របស់​អ្នក រួម​ទាំង​សេចក្តី​ភ័យខ្លាច ព្រមទាំង​ការលំបាក​នានា​របស់​អ្នក » ។

ស៊ិស្ទើរ ស្ទេហ្វិន មាន​ប្រសាសន៍​ថា « យើង​ម្នាក់ៗ ជា​សមាជិក និង មាន​ចំណែក​យ៉ាង​សំខាន់​ក្នុង​ក្រុម​គ្រួសារ​របស់​ព្រះ ។ « ក្រុមគ្រួសារ​ទាំងអស់​នៅលើ​ផែនដី​ខុសៗ​ពី​គ្នា ។ ហើយ​នៅពេល​យើង​ព្យាយាម​អស់​ពី​សមត្ថភាព ដើម្បី​បង្កើត​ទំនៀមទម្លាប់​គ្រួសារ​ដ៏​រឹងមាំ នោះ​សមាជិកភាព​នៅក្នុង​ក្រុម​គ្រួសារ​របស់​ព្រះ គឺ​មិន​អាស្រ័យ​ទៅ​លើ​ស្ថានភាព​ប្រភេទ​ណា​មួយ — ដូចជា​ស្ថានភាព​អាពាហ៍ពិពាហ៍ ស្ថានភាព​ហិរញ្ញវត្ថុ ស្ថានភាព​សង្គម ឬ ស្ថានភាព​ដែល​យើង​ចេញ​ផ្សាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ឡើយ » ។

បទគម្ពីរ​បន្ថែម

យេរេមា ១:៥; រ៉ូម ៨:១៦; គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:២៣–២៤

ចេញ​ពី​ប្រវត្តិសាស្ត្រ​របស់​យើង

នៅក្នុង​ដំណើរ​រឿង​នៃ​ការនិមិត្ត​ដំបូង ព្យាការី​យ៉ូសែប ស្ម៊ីធ​បញ្ជាក់​ពី​សេចក្តី​ពិត​ជា​ច្រើន — ដោយ​រួមមាន​ថា ព្រះវរបិតា​សួគ៌​របស់​យើង​ស្គាល់​ឈ្មោះ​យើង ។

យ៉ូសែប វ័យ​ក្មេង​មាន​ការលំបាក​ដើម្បី​ដឹង​ថា​ព្រះវិហារ​ណា​មួយ​ត្រូវ​ចូលរួម ហើយ​បាន​រកឃើញ​ការណែនាំ​នៅក្នុង​គម្ពីរ​យ៉ាកុប ១:៥ ។ យ៉ូសែប បាន​សម្រេច​ចិត្ត​ថា​លោក​នឹង​សួរ​ដល់​ព្រះ ។

នា​ព្រឹក​មួយ​នៃ​និទាឃរដូវ​ក្នុង​ឆ្នាំ ១៨២០ លោក​បាន​ចូល​ទៅក្នុង​ព្រៃ ដើម្បី​អធិស្ឋាន ប៉ុន្តែ​នៅ​មួយ​រំពេច​នោះ​លោក​ត្រូវបាន​គ្រប​សង្កត់​ដោយ​អំណាច​ខ្មៅ​ងងឹត​ណា​មួយ ។ ស្តី​អំពី​រឿង​នោះ លោក​បាន​សរសេរ ៖

« នៅខណៈ​ការភ្ញាក់​ផ្អើល​ដ៏​មហិមា​នេះ ស្រាប់តែ​ខ្ញុំ​បាន​ឃើញ​បង្គោល​ពន្លឺ​មួយ​នៅ​ចំ​លើ​ក្បាល​ខ្ញុំ មាន​រស្មី​ចែងចាំង​លើស​ជាង​សុរិយា​ទៅ​ទៀត​ដែល​ចុះ​សន្សឹមៗ​មក​ចំ​លើ​រូប​ខ្ញុំ ។

« នៅពេល​រស្មី​នោះ​លេច​មក​មិន​យូរ​ប៉ុន្មាន ស្រាប់តែ​ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​បាន​រួច​ពី​ខ្មាំង​សត្រូវ​ដែល​បាន​ចង​ខ្ញុំ​ទុក ។ កាល​ពន្លឺ​ស្ថិត​ចំ​ពី​លើ​រូប​ខ្ញុំ ខ្ញុំ​បាន​ឃើញ​តួអង្គ​ពីរ​ដែល​មាន​រស្មី និង សិរីរុងរឿង​ដែល​ពុំ​អាច​ពណ៌នា​បាន​ឈរ​នៅ​អាកាស​ពី​លើ​រូប​ខ្ញុំ ។ តួអង្គ​មួយ​មាន​ព្រះបន្ទូល​មក​ខ្ញុំ ដោយ​ហៅ​ខ្ញុំ​តាម​ឈ្មោះ ហើយ​ចង្អុល​ទៅ​តួអង្គ​មួយ​ទៀត ដោយ​មាន​ព្រះបន្ទូល​ថា — នេះ​ជា​ព្រះរាជ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ។ ចូរ​ស្ដាប់​ទ្រង់​ចុះ !» ( យ៉ូសែប ស៊្មីធ — ប្រវត្តិ ១:១៦–១៧ ) ។

កំណត់​ចំណាំ

  1. « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ។

  2. ខារ៉ូល អិម ស្ទីហ្វិន « គ្រួសារ​គឺ​មកពីព្រះ » Liahona, ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១១ ។

  3. ជែហ្វ្រី អ័រ ហូឡិន « To Young Women » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ២៨ ។

  4. ខារ៉ូល អិម ស្ទីហ្វិន « គ្រួសារ​គឺ​មក​ពី​ព្រះ » ទំព័រ ១១ ។

  5. សូមមើល​ប្រធាន​បទ​ដំណឹង​ល្អ « ដំណើរ​រឿង​នៃ​ការនិមិត្ត​ដំបូង » topics.lds.org