២០១៦
ចូរកុំ​បាញ់
April 2016


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ចូរ​កុំបាញ់​ឡើយ !

ឈ្មោះ​ត្រូវ​បាន​ដក​ចេញ

រូបភាព
police officer on a bridge

បប និង​ខ្ញុំ​បាន​អង្គុយ​នៅក្នុង​ឡាន​ប៉ូលីស​របស់​យើង កំពុង​រង់ចាំ​សញ្ញា​ឲ្យ​រំកិល​ឡាន​ទៅមុខ​ទៀត ។ យើង​បាន​ចាប់​ផ្តើម​ការយាម​ល្បាត​របស់​យើង​រយៈពេល​ពីរម៉ោង​មុន បន្ទាប់​ពី​ការជូន​ដំណឹង​ដល់​ឡាន​ដែល​បាន​និយាយ​នោះ​នៅក្នុង​វិទ្យុ​ទាក់ទង​ប៉ូលីស​ដែល​មាន​សញ្ញា​ព្រមាន ។

ការព្រមាន​នោះ​បាន​ប្រាប់​ថា « មាន​អំពើ​ចោរកម្ម​មួយ​កំពុង​កើត​ឡើង » ។ « មាន​ចោរ​ពីរនាក់ ហើយ​ទាំងពីរ​នាក់​មាន​កាំភ្លើង ។ មាន​គេ​ឃើញ​ពួកវា​នៅក្នុង​ឡាន​ព៌ណ​ទឹក​ក្រូច​មួយ ។ សាក្សី​និយាយ​ថា ចោរ​ទាំង​នោះ​សាហាវ​ណាស់ ហើយ​មិន​ញញើត​នឹង​បាញ់​សម្លាប់​មនុស្ស​ឡើយ » ។

អំពើ​ចោរកម្ម​បែប​នេះ​ទើប​តែ​កើត​នៅ​ក្នុង​តំបន់​នោះ ប៉ុន្តែ​ទោះបី​ជា​មាន​កិច្ចខិតខំ​ខ្នះខ្នែង​ដោយ​អស់​ពី​សមត្ថភាព​របស់​យើង​ក្តី ក៏​ចោរ​ទាំង​នោះ​នៅតែ​គេច​ខ្លួន​បាន​ម្តង​ហើយ​ម្តង​ទៀត ។ ខ្ញុំ​បាន​ឈប់​គិត​ពី​រឿង​នោះ​ភ្លាម​ពេល​ខ្ញុំ​បាន​ឃើញ​មនុស្ស​ពីរ​នាក់ ចេញ​មក​ពី​ផ្ទះ​មួយ​នៅ​ផ្លូវ​ដ៏​ងងឹត​ឈឹង ហើយ​ឡើង​ជិះឡាន​ពណ៌​ទឹក​ក្រូច​នោះ ។ ឥឡូវនេះ​ពួកគេ​បើក​ឡាន​នៅ​លើ​ផ្លូវ​ដដែល​ជាមួយ​យើង​ដែរ ។

ខ្ញុំ​បាន​និយាយ​តាម​វិទ្យុ​ទាក់ទង​ថា « ខ្ញុំ​សុំ​កង​កម្លាំង​ជំនួយ​បន្ថែម​ទៀត » ។ « ជនសង្ស័យ​កំពុង​បើក​ឡាន​ពួកវា​ទៅ​ទិស​ខាង​ជើង​ចេញ​ពី​ទីតាំង​របស់​យើង​ហើយ » ។

កង​ជំនួយ​បន្ថែម​របស់​យើង ដែល​ជា​ប៉ូលីស​ពុំ​ពាក់​ឯកសណ្ឋាន និង ពុំ​បើក​ឡាន​ប៉ូលីស​នោះ​បាន​បើក​ឡាន​ចេញ​ទៅ ខណៈ​ដែល​បប និង ខ្ញុំ​បាន​បើក​តាម​ពី​ក្រោយ ។ បន្ទាប់​ពី​រថយន្ត​ទាំង​បី​គ្រឿង​របស់​យើង​បាន​បើក​នៅ​លើ​ស្ពាន នោះ​កង​ជំនួយ​របស់​យើង​បាន​ឈប់​ឡាន​ភ្លាម​នៅ​លើ​ស្ពាន​ពីមុខ​ឡាន​ពណ៌​ទឹក​ក្រូច​នោះ ហើយ​យើង​ចត​ឡាន​នៅ​ពី​ក្រោយ​ឡាន​នោះដោយ​ឃាំង​ឡាន​របស់​ជន​សង្ស័យ​នោះ ។ ភ្លាម​នោះ ឡាន​ទឹក​ក្រូច​បាន​ឈប់​ហើយ មនុស្ស​ទាំងពីរ​នាក់​នៅ​ក្នុង​ឡាន​នោះ បាន​ក្រាប​ចុះ​លាក់ខ្លួន ។

« ចុះ​ចេញ​ពី​ឡាន ហើយ​ដាក់​ដៃលើ​ក្បាល ! » ខ្ញុំ​បាន​បញ្ជា​បែប​នេះ​បន្ទាប់​ពី​ខ្ញុំ​ចុះ​ពី​ឡាន ។ គ្មាន​នរណា​ម្នាក់​ឆ្លើយ​តប​ឡើយ ។

ដោយ​រៀប​នឹង​បាញ់​កាំភ្លើង នោះ​ខ្ញុំ​បាន​បញ្ជា​ម្តង​ទៀត​ថា « ចុះ​ចេញ​ពី​ឡាន ហើយ​ដាក់​ដៃលើ​ក្បាល ! » ។ ចូរ​ធ្វើ​ឥឡូវ​ភ្លាម ! »

ភ្លាម​នោះ​អ្នក​បើក​ឡាន​បាន​ក្រោក​មក ហើយ​ងាក​មក​រក​ខ្ញុំ ។ ខ្ញុំ​អាច​ឃើញ​ដែក​ភ្លឺ​ចាំង​ព្រាកៗ​នៅក្នុង​ដៃ​គាត់ ។

ការបំពាក់បំប៉ន​របស់​ខ្ញុំ និង ការយល់ដឹង​ទូទៅ​របស់​ប៉ូលីស បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ធ្វើ​បែប​នេះ​ដើម្បី​ការពារ​ជីវិត​របស់​ខ្ញុំ ។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ដ៏​តានតឹង​នោះ ខ្ញុំ​បាន​ឮ​សំឡេង​មួយ ។ វា​ជា​សំឡេង​ស្ងប់ស្ងាត់ ប៉ុន្តែ​ពោរពេញ​ដោយ​អំណាច និង ព្រះចេស្តា ៖ « ចូរកុំ​បាញ់ ! »

ខ្ញុំ​បាន​រំពឹង​ថា​នឹង​បាញ់​ក្នុង​គ្រា​ណា​មួយ ប៉ុន្តែ​ខ្ញុំ​រង់ចាំ​មនុស្ស​នៅ​ក្នុង​ឡាន​នោះ​ជា​អ្នក​បាញ់​មុន​សិន ។ ផ្ទុយ​ទៅ​វិញ អ្នក​បើក​ឡាន បាន​លើក​ដៃ​របស់​ខ្លួន ហើយ​ដាក់​ខ្ពស់​ផុត​ពី​ក្បាល ដែល​មាន​អ្វី​ដូច​ជា​កាំភ្លើង ហើយ​បាន​ទម្លាក់​ដៃ​របស់​គាត់​ដាក់​លើ​ភ្លៅ​របស់​ខ្លួន ។

« នៅ​ឲ្យ​ស្ងៀម ! » ខ្ញុំ​បាន​និយាយ ពេល​ខ្ញុំ​រត់​ទៅ​កាន់​ឡាន ។ « នៅ​ឲ្យ​ស្ងៀម ! »

ពេល​នោះ​គឺ​ដូច​ជា​រឿង​នៅក្នុង​ទូរទស្សន៍​អញ្ចឹង — រហូត​ដល់​ខ្ញុំ​បាន​ដឹង​ថា មនុស្ស​ដែល​នៅ​ក្នុង​ឡាន​នោះ​គឺ​ជា​យុវនារី​ពីររូប​ដែល​មាន​ការភិតភ័យ​យ៉ាង​ខ្លាំង ។ អ្វី​ដែល​ខ្ញុំ​បាន​គិត គឺ​ថា ជា​កាំភ្លើង​នោះ​គឺ​គ្រាន់​តែ​ជា​ក្បាល​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព​ទេ ។

ក្រោយ​មក​យើង​បាន​ដឹង​ថា យុវនារី​នោះ កំពុង​យក​ឡាន​ទៅ​សង​មិត្ត​ប្រុស​របស់​ខ្លួន​វិញ ។ ពួក​នាង​ពុំ​ដឹង​ថា​ពួក​គេ​ជា​មនុស្ស​បែប​ណា​ឡើយ ។

« ខ្ញុំ​គិត​ថា​អ្នក​នឹង​ត្រូវ​បាញ់​សម្លាប់​ហើយ ខាល ! » បប​បាន​ប្រាប់​ខ្ញុំ​ពេល​ក្រោយ​មក ។ « ខ្ញុំ​ស្ទើរ​តែ​បាញ់​កាំភ្លើង​ទៅ​ហើយ ។ ខ្ញុំ​ពុំ​ដឹង​ថា ហេតុអ្វី​ខ្ញុំ​ពុំ​បាញ់​នោះ​ឡើយ » ។

ប៉ូលីស​ស៊ើប​អង្កេត​ទាំង​ពីរ​ដែល​ពុំ​ជិះ​ឡាន​ប៉ូសីល​នោះ​បាន​និយាយ​ដូច​គ្នា ទោះ​បី​ជា​ពុំ​មាន​ឮ​សំឡេង​នោះ ប៉ុន្តែ​ខ្ញុំ​ស្តាប់​ឮ ។ ខ្ញុំ​ដឹង​ថា​មាន​តែ​ព្រះចេស្តា​នៃ​ស្ថានសួគ៌ អាច​សង្គ្រោះ​យុវនារី​ទាំង​ពីរ​នោះ​ពី​សេចក្តី​ស្លាប់ ហើយ​ជួយ​មន្ត្រី​ប៉ូលីស​ទាំង​បួន​ពី​ការធ្វើ​កំហុស​ដ៏​អកុសល ។ បទពិសោធន៍​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចំណេះ​ដឹង​ពិតប្រាកដ​ថា ព្រះវរបិតាសួគ៌​របស់​យើង​អាច និង ធ្វើ​អន្តរាគមន៍​ចំពោះ​សេចក្តី​ជំនឿ​របស់​យើង ។