២០១៦
ចូរ​ទៅ​ជួយ​នាង​ទៅ
April 2016


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ចូរ​ទៅ​ជួយ​នាង​ទៅ

ថូម៉ាស រ៉ូប៊ីនសុន រដ្ឋ​កាលីហ្វូញ៉ា ស.រ.អា.

រូបភាព
woman with kids at the register

ខ្ញុំ​បាន​ឈរ​តម្រង់​ជួរ​នៅ​ស្ថានីយ​លក់​សាំង ។ នៅ​ពី មុខ​ខ្ញុំ មាន​ម្តាយ​ម្នាក់​ដែល​មាន​កូនតូច​ពីរ​នាក់​សុំ​លុយ ៣​ដុល្លារ​ដែល​មាន​តម្លៃ​ស្នើ​នឹង​ទិញ​សាំង និង ការ៉េម​វាន់នីឡា​ពីរ​ដុំ ។

ពេលក្រឡេក​មើល​ដំបូង ខ្ញុំ​អាច​ឃើញ​ថា​ពួកគេ​នៅ​តូចៗ​ណាស់ ។ កូនក្មេង​នោះ​ពុំ​ពាក់​ស្បែក​ជើង​ឡើយ ហើយ​ពាក់​សម្លៀក​បំពាក់​រហែក​រយ៉េរយ៉ៃ ។

ខ្ញុំ​បាន​ឮ​ស្ត្រី​នោះ​ដាក់​កាក់ប្រាក់​ដែល​ហាក់​បី​ដូចជា​ច្រើន​ណាស់​លើ​តុ​គិត​លុយ​ដើម្បី​បង់​ថ្លៃ​ទំនិញ ។

បន្ទាប់ពី​បង់​ថ្លៃ​សាំង​ខ្ញុំ​រួច ខ្ញុំ​បាន​ដើរ​ចេញ​ទៅ ហើយ​បាន​ក្រឡេក​មើល​ឡាន​របស់​ម្តាយ​រូប​នោះ ។ ឡាន​នោះ​គឺ​ជា​ឡាន​ស៊េរី​ចាស់​ដែល​ទំនង​ជា​ពុំ​អាច​ធ្វើ​ដំណើរ​បាន​ឆ្ងាយ​ដោយ​ប្រើ​សាំង​តែ​បី​ដុល្លារ​នោះ​បាន​ឡើយ ។

ខ្ញុំ​មាន​អារម្មណ៍​ក្តួល​អាណិត​ម្តាយ​នៃ​កូន​ពីរនាក់​នោះ ប៉ុន្តែ​ខ្ញុំ​បាន​ចាប់ផ្តើម​បញ្ឆេះ​ម៉ូតូ​ខ្ញុំ ហើយ​ចេញ​ដំណើរ​ទៅ ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ខ្ញុំ​ជិះ​តាម​ផ្លូវ​មក មាន​សំឡេង​មួយ​ប្រាប់​ខ្ញុំ​ថា ៖ « ចូរ​ទៅ​ជួយ​នាង​ទៅ » ។ ការបំផុសគំនិត​នោះ​បាន​កើត​ឡើង​ពីរដង ។

ខ្ញុំ​គ្រវី​ក្បាល​របស់​ខ្ញុំ ដោយ​គិត​ថា​នាង​ប្រហែល​ជា​ចេញ​ទៅបាត់​ហើយ ។ តើ​ខ្ញុំ​នឹង​និយាយ​ទៅ​កាន់​នាង​តាម​របៀប​ណា​ទៅ ?

សំឡេង​នោះ​បាន​កើត​ឡើង​យ៉ាង​ច្បាស់​ជា​លើក​ទីបី ៖ « ចូរ​ទៅ​ជួយ​នាង​ទៅ ! »

ខ្ញុំ​បាន​ត្រឡប់​ទៅ​ស្ថានីយ​លក់​សាំង​វិញ ដោយ​ព្យាយាម​រកមើល​ថា​តើ​ខ្ញុំ​នឹង​និយាយ​ថា​ម៉េច ប្រសិនបើ​នាង​នៅ​ទីនោះ ។

នៅពេល​ទៅ​ដល់ ខ្ញុំ​បាន​ឃើញ​ថា​ទ្វារ​ឡាន​របស់​នាង​បើក ។ នាង​អង្គុយ​នៅ​កៅអី​តៃកុង ហើយ​កូនតូច​ពីរនាក់​របស់​នាង​កំពុង​ញុំា​ការ៉េម​របស់​ខ្លួន​នៅ​កៅអី​ក្រោយ ។

ខ្ញុំ​បាន​អធិស្ឋាន​យ៉ាង​ខ្លី​ទូល​សួរ​ដល់​ព្រះវរបិតាសួគ៌​ពី​អ្វី​ដែល​ខ្ញុំ​គួរ​និយាយ ។ សំឡេង​ដដែរ​នោះ​បាន​និយាយ​មក​កាន់​ខ្ញុំ « ណែនាំ​ខ្លួន​អ្នក​ឲ្យ​នាង​ស្គាល់ ហើយ​សុំ​នាង​ជួយ » ។ ខ្ញុំ​បាន​ដើរ​ទៅ​រក​ឡាន​របស់​នាង ហើយ​បាន​ណែនាំ​ខ្លួន​ខ្ញុំ​ដល់​នាង ។ ខ្ញុំ​បាន​ប្រាប់​នាង​ថា ខ្ញុំ​មាន​អារម្មណ៍​បំផុស ដើម្បី​សួរ​នាង​ប្រសិន​បើ​នាង​ត្រូវការ​ជំនួយ ។

នាង​បាន​ចាប់ផ្តើម​យំ ហើយ​និយាយ​ថា « ខ្ញុំ​ទើប​តែ​បាន​បញ្ចប់​ការអធិស្ឋាន​ទៅ​ព្រះយេស៊ូវ ដោយ​សុំ​ឲ្យ​ទ្រង់​បញ្ចូន​នរណា​ម្នាក់​មក​ជួយ​ខ្ញុំ » ។

ព្រះវរបិតាសួគ៌​បាន​ឆ្លើយ​តប​ការអធិស្ឋាន​របស់​នាង ។ ខ្ញុំ​បាន​ចេញ​ប្រាក់​ចាក់​សាំង​ឲ្យ​ពេញ​ដល់​នាង ហើយ​បាន​ឲ្យ​លេខ​ទូរសព្ទ​របស់​បុរស​ម្នាក់​នៅក្នុង​កូរ៉ុម​អែលឌើរ​របស់​យើង​ដែល​បម្រើ​នៅគ្រា​នោះ ។ ខ្ញុំ​ពុំ​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ជាមួយ​ម្តាយ​វ័យ​ក្មេង​នេះ​នៅពេល​ក្រោយ​ទៀត​ឡើយ ប៉ុន្តែ​ខ្ញុំ​មាន​អំណរគុណ​ដែល​ខ្ញុំ​បាន​ធ្វើ​តាម​ការបំផុស​គំនិត​ដើម្បី​ជួយ​នាង ។