២០១៦
ទោះបី​ជា​អ្នក​អៀនខ្មាស​ក៏​ដោយ
April 2016


ទោះបី​ជា​អ្នក អៀនខ្មាស​ក៏​ដោយ

សូម​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ហើយ​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​អ្នក នៅក្នុង​កិច្ច​ខិតខំ​របស់​អ្នក ដើម្បី​ចែកចាយ​ដំណឹង​ល្អ ។

រូបភាព
shy missionary

កាល​ខ្ញុំ​ជា​ប្រធាន​បេសកកម្ម​ថ្មី​នៅក្នុង​ប្រទេស​ប្រេស៊ីល ខ្ញុំ​សម្ភាស​អែលឌើរ​មួយ​ចំនួន ។ ខ្ញុំ​បាន​សុំ​ឲ្យ​អែលឌើរ​ម្នាក់​ណែនាំ​ខ្លួន​ឲ្យ​ខ្ញុំ​ស្គាល់ ។

គាត់​បាន​ពោល​ថា « ខ្ញុំ​មាន​ការអៀនខ្មាស​ណាស់ » ។ គាត់​បាន​បារម្ភ​ថា ភាព​អៀនខ្មាស​របស់​ខ្លួន រារាំង​ដល់​ការ​បម្រើ​របស់​គាត់ ។

ខ្ញុំ​បាន​សួរ​ថា « តើ​អ្នក​គិត​ថា ព្រះអម្ចាស់​អាច​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ល្អ​ឬ​ទេ ?»

« ខ្ញុំ​ជឿ​ថា​ព្រះអម្ចាស់​អាច​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​បាន »។

« ដូច្នេះ​សូម​ឲ្យ​ទ្រង់​ជួយ​ដល់​អ្នក​ទៅ ។ តើ​អ្នក​គិត​ថា​អ្នក​អាច​ធ្វើ​ដូច្នោះ​បាន​ទេ ?

គាត់​និយាយ​ថា « ខ្ញុំ​អាច​ធ្វើ​បាន » ។

ខ្ញុំ​ហ៊ាន​សារភាព​ថា នៅពេល​គាត់​បាន​ដើរ​ចេញ​ទៅ នោះ​ខ្ញុំ​បាន​គិត​ថា « មែនហើយ ខ្ញុំ​សង្ឃឹម​ថា​គាត់​អាច​ធ្វើ​វា​បាន » ។

អស់​ពេល​ជា​ច្រើន​សប្តាហ៍​បាន​កន្លង​ផុត​ទៅ ហើយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដដែល​នេះ​បាន​មក​សម្ភាស​ម្តង​ទៀត។ ម្តង​នេះ​ដៃគូ​របស់​អែលឌើរ​ដែល​អៀន​នោះ​និយាយ​ថា « ប្រធាន​ខ្ញុំ​ពុំ​ដឹង​ថា​ប្រធាន​បាន​ប្រាប់​អ្វី​ដល់​គាត់ ប៉ុន្តែ​គាត់​ពិត​ជា​បាន​ផ្លាស់ប្តូរ ។ គាត់​បាន​ប្រែ​ជា​ពូកែ​និយាយ​ជាមួយ​មនុស្ស » ។ ដូច្នោះ​ហើយ​ខ្ញុំ ទន្ទឹង​រង់ចាំ​ជួប​គាត់​ម្តង​ទៀត ។

នៅពេល​គាត់​បាន​ចូល​មក​ក្នុង​ការិយាល័យ​របស់​ខ្ញុំ គាត់​បាន​ឱន​មុខ​ចុះ​ក្រោម ។

គាត់​បាន​ពោល​ថា « ខ្ញុំ​មាន​ដំណឹង​ល្អ​មួយ​ចំនួន » ។ « ខ្ញុំ​នៅតែ​អៀន ប៉ុន្តែ​ខ្ញុំ​បាន​សូម​ព្រះអម្ចាស់​ឲ្យ​ជួយ​ខ្ញុំ បន្ទាប់​មក​ខ្ញុំ​បាន​បើក​មាត់​របស់​ខ្ញុំ ហើយ​បាន​ចាប់ផ្តើម​និយាយ ។ តើ​ប្រធាន​ដឹង​ទេ ? ឥឡូវ​ខ្ញុំ​ធ្វើ​បែប​នេះ​គ្រប់​ពេល ។ ខ្ញុំ​ថែម​ទាំង​ពុំ​ចាំ​ពី​អ្វី​ដែល​ខ្ញុំ​និយាយ​នោះ​ផង ។ រឿង​ដ៏​អស្ចារ្យ​នោះ​គឺ​ថា​មនុស្ស​ចូលចិត្ត​វា ។ ពួកគេ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ។ ពួកគេ​និយាយ​មក​កាន់​ខ្ញុំ និង អ្វី​ដែល​ខ្ញុំ​ត្រូវតែ​ប្រាប់​ពួកគេ » ។

ខ្ញុំ​មាន​ភាព​អស្ចារ្យ ដោយ​ឃើញ​អ្នក​ផ្សព្វផ្សាយ​សាសនា​រូប​នេះ​បាន​ផ្លាស់ប្រែ​នៅពេល​គាត់​បាន​ដាក់​ទី​ទុកចិត្ត​របស់​ខ្លួន​លើ​ព្រះអម្ចាស់ ។ គាត់​បាន​ក្លាយ​ជា​ឧបករណ៍​ដ៏​អស្ចារ្យ​មួយ​នៅក្នុង​ការនាំ​សុភមង្គល​ដល់​មនុស្ស​ជាច្រើន​នាក់ ។

ការយកឈ្នះ​លើ​ភាពភ័យខ្លាច

នៅពេល​យើង​ចែកចាយ​ដំណឹង​ល្អ ពេល​ខ្លះ​យើង​មាន​អារម្មណ៍​ភិតភ័យ ។ ប៉ុន្តែ​ដូចអ្វី​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​អៀនខ្មាស​នេះ​បាន​បង្ហាញ ព្រះអម្ចាស់​នឹង​ដឹកនាំ​យើង ប្រសិនបើ​យើង​ទុក​ចិត្ត​លើ​ទ្រង់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​យើង​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​និយាយ ( សូមមើល នីហ្វៃទី ២ ៣២:២–៣) ហើយ​នៅពេល​មនុស្ស​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះពួកគេ​តែងតែ​ឆ្លើយតប​ក្នុង​របៀប​មួយ​យ៉ាង​វិជ្ជមាន ។ មនុស្ស​ជាច្រើន​ប្រែ​ជា​ចាប់​អារម្មណ៍​ដោយសារ​អ្វី​ដែលយើង​ជឿ និង ចង់​ដឹង​បន្ថែម​ទៀត ។

សេចក្តី​អំណរ​ដ៏​ធំ​មហិមា

ខ្ញុំ​មាន​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌​នឹង​ដឹកនាំ​យើង​នៅក្នុង​កិច្ចខិតខំ​របស់​យើង ដើម្បី​ចែកចាយ​ដំណឹង​ល្អ ហើយ​នៅក្នុង​ដំណើរការ​នោះ យើង​នឹង​មាន​សេចក្តី​អំណរ​ដ៏​ធំ​មហិមា ។ តាម​ពិត​ទៅ សេចក្តីអំណរ​នោះ​នឹង​នៅ​ជាមួយ​យើង ពុំ​គ្រាន់តែ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ឡើយ ប៉ុន្តែ​ថែម​ទាំង​នៅក្នុង​ជីវិត​ខាង​មុខ​ផងដែរ ។ ( សូមមើល គ. និង ស. ១៨:១៦) ។ វា​ជា​ហេតុផល​មួយ​ដ៏​ល្អ​ដើម្បី​ឈាន​ជើង​ចេញ​ពី​ស្ថានភាព​សុខស្រួល​របស់​អ្នក ហើយ​ធ្វើ​អ្វី​មួយ ទោះបី​ជា​អ្នក​អៀនខ្មាស​ក៏​ដោយ ។