២០១៦
សូម​អរគុណ​សម្រាប់​ការបម្រើ​របស់​អ្នក
April 2016


ការបម្រើ​នៅក្នុង​សាសនាចក្រ

សូម​អរគុណ​សម្រាប់​ការបម្រើ​របស់​អ្នក

អ្នក​គឺ​ជា​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​អំពី​ស្ត្រី​ទាំង​នោះ ដែល​ចាប់​តាំង​ពី​សម័យ​នៃ​ទីក្រុង​ណៅវ៉ូ​មក ដែល​បាន​បម្រើ​គ្នា​ទៅវិញ​ទៅមក តាមរយៈ​ការបង្រៀន​សួរ​សុខ​ទុក្ខ​ដោយ​សេចក្តីស្រឡាញ់ និង ការបំផុស​គំនិត ។

រូបភាព
visiting teachers

ខ្ញុំ​ពុំ​ស្គាល់​ឈ្មោះ​របស់​អ្នក អាយុ​របស់​អ្នក ឬ​អ្វី​ផ្សេង​ទៀត​ពី​អ្នក​ឡើយ ។ អ្វី​ដែល​ខ្ញុំ​ដឹង​នោះ​គឺ​ថា​អ្នក​គឺ​ជា​គ្រូ​បង្រៀន​សួរ​សុខទុក្ខ​របស់​ចូអាន ហើយ​ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ការបម្រើ​ដ៏​យកចិត្ត​ទុកដាក់​របស់​អ្នក​ដោយ​អស់​ពី​ដួងចិត្ត​របស់​ខ្ញុំ ។

ខ្ញុំ​ដឹង​ថា​ការសួរសុខទុក្ខ​ដល់​បងប្អូន​ស្ត្រី​មិន​សូវ​សកម្ម​ម្នាក់​ដូច​ជា​ចូអាន ( ឈ្មោះ​ត្រូវ​បាន​ប្តូរ ) ដែល​ជា​កូន​ប្រសា​ស្រី​របស់​ខ្ញុំ គឺ​មិន​ងាយ​ស្រួល​ទេ ជាពិសេស​នៅពេល​នាង​ហាក់​ដូច​ជា​មិន​សូវ​ស្វាគមន៍​អ្នក​នោះ ។ ខ្ញុំ​សង្ស័យ​ថា​នាង​ក៏​មិន​ចង់​ឲ្យ​អ្នក​មក​តាំង​តែ​ពី​លើក​ដំបូង​ម្ល៉េះ ។ ប៉ុន្តែ​ចូអាន​បាន​ប្រាប់​ខ្ញុំ​ថា អ្នក​គឺ​ជា​មិត្ត​ដ៏​ពិត​របស់​នាង បាន​ឈាង​ចូល​សួរសុខទុក្ខ​នាង ហើយ​ទទួល​អ្វីៗ​គ្រប់​យ៉ាង​ដែល​ជា​ចរិត​លក្ខណៈ​របស់​នាង ។

នៅ​អំឡុង ១៩​ឆ្នាំ​នេះ​ចាប់តាំង​ពី ចូអាន​បាន​រៀបការ​ជាមួយ​កូនប្រុស​របស់​ខ្ញុំ នេះ​គឺ​ជា​គ្រា​ដំបូង​ហើយ​ដែល​នាង​បាន​និយាយ​ថា​មាន​គ្រូ​បង្រៀន​សួរ​សុខ​ទុក្ខ ។ ថ្មីៗ​នេះ​នាង​បាន​ប្រាប់​ខ្ញុំ​ពី​ការសួរសុខទុក្ខ​យ៉ាង​ទៀងទាត់​របស់​អ្នក និង ពី​របៀប​ដែល​អ្នក​ចេះ​គិតគូរ និង​មាន​ចិត្ត​ទូលាយ ។ នាង​បាន​និយាយ​ថា អ្នក​បាន​ជួយ​នាង​ជា​ច្រើន​ដង នៅពេល​នាង​ឈឺ ហើយ​ធ្លាប់​ទាំង​បាន​សុំ​ដឹកជូន​ចៅស្រី​របស់​ខ្ញុំ​ទៅ​សកម្មភាព​យុវនារី​ទៀត​ផង ។

អស់​រយៈពេល​១០​ឆ្នាំ​កន្លង​ទៅ​នេះ ទាំង​នាង កូន​ប្រុស​ខ្ញុំ និង គ្រួសារ​របស់​ពួកគេ​បាន​រស់នៅ​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ​ពី​ពួក​យើង ។ ខ្ញុំ​បាន​អធិស្ឋានទូល សុំ​ឲ្យ​មាន​មនុស្ស​ផ្សេង​ទៀត​ដែល​នឹង​ស្រឡាញ់ ហើយ​មើល​ថែ​ពួកគេ​ដូច​ខ្ញុំ​បាន​ធ្វើ ហើយ​ខ្ញុំ​បាន​ទូល​អង្វរ​ទាំង​ទឹកភ្នែក​ដល់​ព្រះ​វរបិតា​សួគ៌ ថា​សុំ​ឲ្យ​អ្នក​ដទៃ​ទៀត​នឹង​ជួយ​ពួកគេ​ដូច​ដែល​ខ្ញុំ​ជួយ​ពួកគេ ប្រសិនបើ​ពួកគេ​រស់​នៅ​ជិត​ខ្ញុំ ។ ចេញ​ពី​អ្វី​ដែល​ចូអាន​បាន​និយាយ នោះ​អ្នក​គឺ​ជា​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​ខ្ញុំ ។

បើទោះ​ជា​ចូអាន និង កូន​ប្រុស​របស់​ខ្ញុំ​ពុំ​គោរព​តាម​ច្បាប់​នៃ​ពាក្យ​សំដី​នៃ​ប្រាជ្ញា​វាងវៃ ហើយ​ពុំ​ចូលរួម​សាសនាចក្រ​ក្តី ក៏​ពួកគេ​នៅ​តែ​ជា​មនុស្ស​ល្អ ហើយ​ពួកគេ​ស្រឡាញ់​កូនៗ​របស់​ខ្លួន​ដែរ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ពុំ​បាន​មើល​បំណាំ​ពី​ការជក់បារី​របស់​ចូអាន​ឡើយ ។ អ្នក​ពុំ​បាន​កាត់ទោស​គាត់​បើ​ទោះ​ជា​គាត់​មិន​បាន​ចូល​រួម​ព្រះវិហារ​ក្តី ។ អ្នក​បាន​ព្យាយាម​ស្គាល់​គាត់ ហើយ​ដឹង​ថា គាត់​គឺ​ជា​ម្តាយ​ដ៏​មាន​សេចក្តី​ស្រឡាញ់​ម្នាក់ ដែល​ចង់​ឲ្យ​កូន​ស្រី​របស់​ខ្លួន​ចូលរួម​សាសនាចក្រ ហើយ​ទទួល​បាន​នូវ​ទីបន្ទាល់ ។ ហើយ​នៅពេល​ចូអាន​ទទួល​ការវះកាត់ អ្នក​បាន​យក​អាហារ​ពេល​ល្ងាច​មក​ឲ្យ ជា​ជាង​មាន​មន្ទិល​សង្ស័យ​ថា នាង​បាន​នាំ​បញ្ហា​សុខភាព​មួយ​ចំនួន​នេះ​មក​លើ​ខ្លួន ដោយសារ​តែ​ខ្លួន​ឯង​ផ្ទាល់​ឡើយ ។

ខ្ញុំ​មាន​អំណរ​គុណ​ថា អ្នក​គឺ​ជា​គំរូ​មួយ​សម្រាប់​ចៅ​ស្រី​របស់​ខ្ញុំ ។ នាង​អាច​កោត​សរសើរ​អ្នក​ថា ជា​មនុស្ស​ម្នាក់ ដែល​ខ្វល់ខ្វាយ​ពី​មនុស្ស​គ្រប់គ្នា ហើយ​ខិតខំ​យ៉ាង​ខ្លាំងក្លា​ដើម្បី​បង្ហាញ​ការខ្វល់ខ្វាយ​ដោយ​ក្តី​ស្រឡាញ់ ។ នាង​បាន​ប្រាប់​ខ្ញុំ​ថា នាថ្ងៃ​មួយ​នៅពេល​អ្នក​ពុំ​បើក​ឡាន​មក​នោះ អ្នក​បាន​ដើរ​ជាង​មួយ​គីឡូម៉ែត្រ​មក​ផ្ទះ​របស់​នាង​ជាមួយ​កូន​តូចៗ​របស់​ខ្លួន ដោយ​យក​ទាំង​នំ​ឃុកឃី​មក​ផង ។

អ្នក​បាន​ប្រាប់​នាង​ថា « ខ្ញុំ​បាន​គិត​អំពី​អ្នក និង ម្តាយ​របស់​អ្នក ហើយ​ចង់​ធ្វើ​អ្វី​ដែល​ល្អ​ដល់​ពួក​អ្នក — គឺ​គ្រាន់តែ​ដោយសារ​ហេតុផល​នេះ​ឯង » ។

ខ្ញុំ​ចង់​ប្រាប់​អ្នក​ថា ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ការលះបង់​របស់​អ្នក ចំពោះ​ការហៅ​របស់​អ្នក​ក្នុង​នាម​ជា​គ្រូ​បង្រៀន​សួរ​សុខ​ទុក្ខ ។ អ្នក​គឺ​ជា​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​អំពី​ស្ត្រី​ទាំង​នោះ ដែល​ចាប់​តាំង​ពី​សម័យ​នៃ​ទីក្រុង​ណៅវ៉ូ​មក ដែល​បាន​បម្រើ​គ្នា​ទៅវិញ​ទៅមក តាមរយៈ​ការបង្រៀន​សួរ​សុខ​ទុក្ខ​ដោយ​សេចក្តីស្រឡាញ់ និង ការបំផុស​គំនិត ។ អ្នក​បាន​បង្ហាញ​ការបម្រើ និង សេចក្តី​ស្រឡាញ់​នោះ​តាម​រយៈ​របៀប​ដែល​អ្នក​បាន​សួរសុខទុក្ខ​ដោយ​ក្តីស្រឡាញ់​ដល់​កូន​ប្រសា​ស្រី​ដែល​អសកម្ម​របស់​ខ្ញុំ ។

សូម​អរគុណ ។