២០១៦
ចូរ​បង្រៀន​ពួកគេ​ឲ្យ​អាន​ព្រះគម្ពីរ​មរមន
April 2016


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ចូរ​បង្រៀន​ពួកគេ​ឲ្យ​អាន​ព្រះគម្ពីរ​មរមន

អ៊ីមីលៀន រីអូស ហ្គូប៊េក កាណាដា

អំឡុង​ពេល​បម្រើ​របស់​យើង​នៅក្នុង​បេសកកម្ម ជេនីវ៉ា ស្វ៊ីស ខ្ញុំ​ត្រូវ បាន​ហៅ ហើយ​ញែកចេញ​ធ្វើ​ជា​ប្រធាន​សាខា ហើយ​ភរិយា​របស់​ខ្ញុំ​ត្រូវបាន​ហៅ​ជា​ប្រធាន​សមាគម​សង្គ្រោះ ។ ដោយ​ធ្វើការ​ជាមួយ​គ្នា​អស់​ពី​កម្លាំង​របស់​យើង ដើម្បី​ដោះស្រាយ​ការលំបាក​នៅ​ក្នុង​សាខា ។ ទោះបី​ជា​សាខា​នេះ​បាន​រៀបចំ​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ ក៏​សាខា​នេះ​ពុំ​ឃើញ​មាន​ពិធី​បុណ្យ​ជ្រមុជ​ទឹក​អស់​ជា​ច្រើន​ឆ្នាំ ហើយ​ក៏​ពុំ​បាន​បញ្ជូន​អ្នក​ផ្សព្វផ្សាយ​សាសនា​ណា​ទៅ​បេសកកម្ម​ឡើយ​អស់​រយៈពេល ១៥​ឆ្នាំ ។

វា​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា យើង​ត្រូវការ​ជំនួយ​របស់​ព្រះអម្ចាស់​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​លំបាកលំបិន​ជា​ច្រើន​ដែល​សាខា​បាន​ជួប ។ បន្ទាប់​ពី​ខ្ញុំ​បាន​អធិស្ឋាន​អំពី​ឧបសគ្គ​នានា​របស់​សាខា នោះ​ព្រះវិញ្ញាណ​នៃ​ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​មក​ខ្ញុំ​ថា « ចូរ​បង្រៀន​សមាជិក​ឲ្យ​អាន​ព្រះគម្ពីរ​មរមន ហើយ​អ្នក​នឹង​មាន​ជោគជ័យ » ។

ភ្លាម​នោះ​យើង​បាន​ធ្វើ​ផែនការ​ដើម្បី​តាំងចិត្ត​សមាជិក​ទាំងអស់​ឲ្យ​ចាប់ផ្តើម​អាន​ព្រះគម្ពីរ​មរមន ។

លទ្ធផល​ដែល​ទទួល​បាន​គឺ​អស្ចារ្យ​ណាស់ ។ ភាពសុខសាន្ត និង ព្រះវិញ្ញាណ​បាន​ត្រឡប់​មក​កាន់​សាខា​វិញ ។ មាន​គ្រួសារ​ថ្មីៗ​បាន​ចូលរួម​សាសនាចក្រ ។ ដោយ​បាន​ជំរុញ​ពី​បំណង​របស់​ខ្លួន​ដើម្បី​បម្រើ នោះ​យុវជន​ម្នាក់​បាន​ចេញ​បម្រើ​បេសកកម្ម ។ អ្នក​រៀប​អាពាហ៍ពិពាហ៍​ដែល​មាន​បញ្ហា​មួយ​ចំនួន​ត្រូវបាន​ពង្រឹង ហើយ​គ្រួសារ​ប្រែ​កាន់តែ​ស្និទ្ធស្នាល​នឹង​គ្នា ។ សាខា​នេះ​បន្ដ​រីកចម្រើន​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

យើង និង សមាជិក​សាខា​បាន​ធ្វើ​ជា​សាក្សី​ចំពោះ​ខ្លួន​យើង នូវ​ព្រះចេស្តា​ដ៏​មាន​អព្ភូតហេតុ​នៃ​ព្រះគម្ពីរ​មរមន ។ វា​ពិត​ជា​សិលា​គន្លឹះ​នៃ​សាសនា​របស់​យើង និង ពី​ទីបន្ទាល់​របស់​យើង​អំពី​ដំណឹង​ល្អ និង អំពី​ព្រះយេស៊ូវគ្រីស្ទ ។ យើង​ស្រឡាញ់​វា​អស់​ពី​ដួង​ចិត្ត​របស់​យើង ។ វា​គឺ​ជា​ប្រភព​នៃ​ចំណេះ​ដឹង​ដែល​គ្មាន​ទីបញ្ជប់ និង ពុំ​ប្រែប្រួល ។

បទពិសោធន៍​នេះ​បាន​បង្រៀន​យើង​ថា ព្រះគម្ពីរ​មរមន​គឺ​ពិត​ជា​មធ្យោបាយ​ដ៏​ពិត ដើម្បី​ជួយ​បងប្អូន​ប្រុស​ស្រី​របស់​យើង ឲ្យ​ដក​ចេញ​នូវ​ស្រមោល​នៃ​ភាពងងឹត​ខាង​វិញ្ញាណ​ដែល​គ្រប​ដណ្តប់​លើ​ផែនដី​នេះ ។ ព្រះគម្ពីរ​នេះ​នាំ​មក​នូវ​ភាពសុខសាន្ត ក្តី​អំណរ សុភមង្គល ហើយ​មាន​បំណង​ប្រាថ្នា​កាន់តែ​ខ្លាំង ដើម្បី​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ។