២០១៦
ប្រាក់​ពេសូ​សម្រាប់​ព្រះវរបិតាសួគ៌
April 2016


ប្រាក់​ពេសូ​សម្រាប់ ព្រះវរបិតាសួគ៌

អ្នកនិពន្ធ​រស់នៅ​ក្នុងរដ្ឋ ខារ៉ូឡាញណា​ខាង​ជើង ស.រ.អា. ។

« រក្សា​បទបញ្ញត្តិ ។ ព្រោះ​នាំ​ឲ្យ​មាន​សុវត្ថិភាព និង ក្តី​សុខសាន្ត » ( សៀវភៅ​ចម្រៀង​កុមារ​ ១៤៦ ) ។

រូបភាព
pesos for Heavenly Father

អាណា​បាន​ទំពា​បន្ទះ​នំ​ថតធីឡា​មួយ​ម៉ាត់​ចុងក្រោយ​របស់​ខ្លួន ។ វា​ទន់ ហើយ​ឆ្ងាញ់ ។ អាណា​ចូលចិត្ត​បន្ទះ​នំ​ថតធីឡា​របស់​ជីដូន​នាង​ណាស់ ។ វា​ជា​អាហារ​ពេល​ព្រឹក​ដ៏​ល្អ​បំផុត ។

អាណា​បាន​មើល​ជីដូន​អាប៊ុយឡា​លាង​ចាន ។

វា​ដូច​ជា​ព្រឹក​ធម្មតា​ផ្សេង​ទៀត​ដែរ ។ ប៉ុន្តែ​មាន​អ្វី​មួយ​ដែល​មិន​ដូច​គ្នា​ឡើយ ។

អាប៊ុយឡា​តែង​ដើរ​ទៅ​ផ្សារ​ដើម្បី​ទិញ​អាហារ ។ ប៉ុន្តែ​ថ្ងៃ​នេះ​គាត់​មិន​ទៅ​ផ្សារ​ទេ ។ ថ្ងៃ​នេះ​គ្មាន​ប្រាក់​ទិញ​អាហារ​ឡើយ ។

« តើ​យើង​នឹង​ញុំា​អ្វី​នៅ​ថ្ងៃ​ស្អែក ? » អាណា​បាន​ការងឿង​ឆ្ងល់ ។

ក្រោយ​មក​អាណា​បាន​ចាំ ។ នាង​បាន​ដឹង​ពី​កន្លែង​ដែល​មាន​ប្រាក់​ខ្លះ ! យប់​មិញ​នាង​បាន​ឃើញ អាប៊ុយឡា​បាន​ដាក់​ប្រាក់​ពេសូ​មួយ​ចំនួន​នៅក្នុង​អាវ-ស​តូច​មួយ ។

« អាប៊ុយឡា តើ​លោក​យាយ​ភ្លេច​ហើយ​មែន​ទេ ? លោក​យាយ​មាន​ប្រាក់​ទិញ​អាហារ »។

« ប្រាក់​អ្វី​ទៅ ? » អាប៊ុយឡា​បាន​សួរ ។

អាណា​បាន​រត់​ទៅ​យក​ប្រាក់​នោះ ។ នាង​បាន​ក្រឡុក​កាបូប​តូច​ដែល​មាន​ប្រាក់​កាក់​នោះ ។ គ្លីង ! គ្លីង !

អាប៊ុយឡា​បាន​ញញឹម ។ « នោះ​គឺ​ជា​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​យើង​ទេ អាណា ។ នោះ​គឺ​ជា​ប្រាក់ របស់​ទ្រង់ ទេ » ។

« ប៉ុន្តែ​តើ​យើង​នឹង​ញុំា​អ្វី​នៅ​ថ្ងៃ​ស្អែក ? » អាណា​បាន​សួរ ។

អាប៊ុយឡា​បាន​និយាយ​ថា « កុំ​បារម្ភ​អី » ។ « យាយ​ជឿ​ថា​ព្រះវរបិតាសួគ៌​នឹង​ជួយ​យើង » ។

នៅ​ព្រឹក​បន្ទាប់​អាប៊ុយឡា​បាន​ឲ្យ​អាណា​នូវ​បន្ទះ​នំ​ថតធីឡា​ពោត​ចុង​ក្រោយ​បង្អស់ ។ ក្រោយ​មក​គាត់​បាន​អង្គុយ​ចុះ​លើ​កៅអី ។ គាត់​បាន​ដេរ​ផ្កា​ពណ៌​ក្រហម​នៅ​លើ​រ៉ូប​មួយ ហើយ​បាន​និទាន​រឿង​ប្រាប់​កាល ពី​គាត់​នៅ​ក្មេង ។ គាត់​មើល​ទៅ​មិន​បារម្ភ​សោះ ។

ក្រោយ​មក​អាណា​ឮ​សំឡេង​គោះទ្វារ ។ នាង​បាន​រត់​ទៅ​បើក​ទ្វារ ។

« លោក​អ៊ុំ​ពេច្រូ ! »

លោក​អ៊ុំ​ពេច្រូ​បាន​និយាយ​ថា « អ៊ុំ​មាន​អារម្មណ៍​ថា​អ៊ុំ​គួរតែ​សួរ​សុខ​ទុក្ខ​អ្នក​ទាំងពីរ » ។ គាត់​បាន​ដាក់​ថង់​បី​នៅលើ​តុ ។ មួយ​ថង់​មាន​ម្សៅ​ពោត​សម្រាប់​ធ្វើ​បន្ទះ​នំ​ថតធីឡា ។ មួយ​ថង់​ទៀត​ជា​សាច់ ។ មួយ​ថង់​ទៀត​ជា​បន្លែ​ស្រស់​មក​ពី​ផ្សារ ។

អាប៊ុយឡា​បាន​និយាយ​ថា « អូ៎ កូន​ប្រុស​ជា​ទីស្រឡាញ់​របស់​ម្ដាយ​អើយ » ។ « ម្ដាយ​នឹង​ចំអិន​សម្ល​សាច់​ប្រហិត​យ៉ាង​ឆ្ងាញ់ ! »

លោក​អ៊ុំ​ពេច្រូ​បាន​និយាយ​ថា « សម្ល​របស់​ម៉ែ​គឺ​ជា​សម្ល​ដែល​ឆ្ងាញ់​ជាង​គេ​បំផុត​នៅ​លើ​លោក​នេះ » ។

អាណា​បាន​សើច ហើយ​ទះដៃ ។

បន្ទាប់​មក​នាង​បាន​ឈប់ ។ មាន​អ្វី​មួយ​ទៀត​ដែល​នាង​ចង់​ដឹង ។ « អាប៊ុយឡា តើ​លោក​យាយ​បាន​ដឹង​ថា​លោកអ៊ុំ​ពេច្រូ​នឹង​មក​ថ្ងៃ​នេះ​មែន​ទេ ? តើ​នោះ​ជា​មូលហេតុ​ដែល​លោក​យាយ​ពុំ​បារម្ភ​ឬ ?

អាប៊ុយឡា​និយាយ​ថា « អត់​ទេ » ។ នៅពេល​ដែល​យាយ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​យាយ យាយ​មាន​ជំនឿ​ថា ព្រះវរបិតាសួគ៌​នឹង​ប្រទាន​ពរជ័យ​ដល់​យាយ ។ ហើយ​ទ្រង់​ពិត​ជា​បាន​ប្រទាន​មែន ! »

អាណា​បាន​ឱប​អាប៊ុយឡា ។ នាង​មាន​អារម្មណ៍​ថា​ជា​ក្មេងស្រី​ដែល​មាន​សុភមង្គល​បំផុត​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក ។ នាង និង អាប៊ុយឡា​មាន​សេចក្តីជំនឿ​លើ​ព្រះវរបិតា​សួគ៌ ។ ឥឡូវ​នេះ​នាង​អាច​រង់ចាំ​ញុំា​សម្ល​ដ៏​ឆ្ងាញ់​របស់​អាប៊ុយឡា​បាន​ហើយ !