២០១៦
តើ​គាត់​ជា​ប៊ីស្សព​ឬ ?
April 2016


តើ​គាត់ ជា​ប៊ីស្សព​ឬ ?

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ អិលលីណោយ ស.រ.អា ។

ដោយសារ​ខ្ញុំ​មិន​សូវ​សកម្ម​អស់​ជាច្រើន​ឆ្នាំ​មកហើយ សមាជិក​ម្នាក់​ដែល​ស្គាល់​ខ្ញុំ ពុំ​អាច​ជឿ​ថា​ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ប៊ីស្សព​ឡើយ ។

រូបភាព
the bishop

រូប​គំនូរ​ដោយ ម៉ាក ស្ម៊ីធ © ២០១៦

អំឡុង​ពេល​ប្រជុំ​គណៈកម្មការ​ប្រតិបត្តិ​បព្វជិតភាព អ្នកផ្សាយ​សាសនា​ពេញ​ម៉ោង​របស់​យើង​បាន​រាយការណ៍​ពី​ការជួប​សមាជិក​ម្នាក់​ដែល​កំណត់ត្រា​របស់​ខ្លួន​មិន​នៅក្នុង​វួដ​ឡើយ ។ ភ្លាម​នោះ​ខ្ញុំ​បាន​ស្គាល់​ឈ្មោះ​នោះ​ភ្លាម ហើយ​បាន​និយាយ​ថា នាង​និង ខ្ញុំ​ធ្លាប់​បាន​នៅ​វួដ​ជាមួយ​គ្នា​កាល​ពី​ច្រើន​ឆ្នាំ​មុន ។

អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​និយាយ​ថា « មែន​ហើយ ប៊ីស្សព នាង​បាន​និយាយ​ថា ហើយ​ហាក់​ដូច​ជា​មាន​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ថា​អ្នក​ក្លាយ​ជា​ប៊ីស្សព​ឬ » ។

ខ្ញុំ​បាន​សួរ​ពួកគេ​ថា « តើ​នាង​បាន​និយាយ​អ្វី​ខ្លះ ? »

ពួកគេ​និយាយ​ថា នាង​មើល​ទៅ​ដូច​ជា​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ហើយ​និយាយ​ថា «តើ​គាត់ ជា​ប៊ីស្សព​ឬ ? »

ខ្ញុំ​បាន​សើច ហើយ​ពន្យល់​ថា​បងស្រី​ម្នាក់​នេះ​បាន​ស្គាល់​ខ្ញុំ ថា​ជា​មនុស្ស​ផ្សេង​ពី​នេះ​យ៉ាង​ខ្លាំង​កាល​ពី​៣០​ឆ្នាំ​មុន ។

ក្រោយ​មក​នៅពេល​ខ្ញុំ​បាន​គិត​ពី​ព្រឹត្តិការណ៍​នោះ​មក ខ្ញុំ​បាន​គិត​អំពី​ការផ្លាស់​ប្តូរ​ដ៏​ច្រើន​នៅក្នុង​ជីវិត​របស់​ខ្ញុំ​អំឡុង​ពេល​៣០ ឆ្នាំ​ជាង​ដែល​គ្រួសារ​ខ្ញុំ និង ខ្ញុំ​បាន​ក្លាយ​ជា​សមាជិក ។ ខ្ញុំ​បាន​ស្គាល់​សមាជិក​ជាច្រើន​នៅក្នុង​វួដ​របស់​យើង​អស់​រយៈពេល​២០ ឆ្នាំ​មក​ហើយ ហើយ​បាន​បម្រើ​ជា​ប្រធាន​សាខា និង ប៊ីស្សព ប៉ុន្តែ​គ្មាន​សមាជិក​ទាំង​នេះ​ណា​មួយ​បាន​ស្គាល់​ខ្ញុំ​កាល​ពី ៣០​ឆ្នាំ​មុន​ឡើយ ។ ទោះបី​ជា​ខ្ញុំ​បាន​ចែកចាយ​ម្តងម្កាល​ពី​ព្រឹត្តិការណ៍​នានា​កាល​ពី​អតីត​កាល​របស់​ខ្ញុំ ដើម្បី​បង្រៀន​អំពី​ការប្រែចិត្ត និង ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្តី ក៏​សមាជិក​វួដ​ភាគច្រើន​ពុំ​ដឹង​ថា​មាន​នូវ​ការផ្លាស់ប្តូរ​ខ្លាំង​ប៉ុណ្ណា​ឡើយ​នៅក្នុង​ដំណើរ​ជីវិត​ក្នុង​សាសនាចក្រ​របស់​ខ្ញុំ ។

គ្រួសារ​ខ្ញុំ និង ខ្ញុំ​ត្រូវបាន​នាំ​ឲ្យ​ស្គាល់​សាសនាចក្រ​នេះ​ក្នុង​ខែ ឧសភា ឆ្នាំ ១៩៧៩ ហើយ​ខ្ញុំ​បាន​ដឹង​ភ្លាម​ថា ទីនេះ​ហើយ​គឺ​ជា​កន្លែង​ដែល​ត្រឹមត្រូវ​សម្រាប់​យើង ។ យើង​បាន​ជ្រមុជ​ទឹក​នៅ​ខែ​មិថុនា ហើយ​នៅពេល​ដំបូង​យើង​ទាំងអស់គ្នា​សកម្ម ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ខ្ញុំ​បាន​ឈប់​ចូលរួម​ព្រះវិហារ ហើយ​បាន​ត្រឡប់​ទៅ​រក​ទម្លាប់​ចាស់​របស់​ខ្ញុំ​វិញ ។ ខ្ញុំ​ពុំ​ដែល​មាន​មន្ទិល​សង្ស័យ​អំពី​ភាពពិត​ដ៏​ពោរពេញ​នៃ​ដំណឹង​ល្អ និង ការស្តារ​ឡើង​វិញ​ឡើយ ប៉ុន្តែ​ខ្ញុំ​ពុំ​បាន​គិត​ថា ខ្ញុំ​ពុំ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ក្លាយ​ជា​សមាជិក​សាសនាចក្រ​ល្អ​ឡើយ ។

នៅ​ឆ្នាំ ១៩៨២ ដោយសារ​ខ្ញុំ​បន្ត​សេព​គ្រឿង​ស្រវឹង នោះ​ភរិយា​របស់​ខ្ញុំ ដែល​ពុំ​ធ្លាប់​ធ្លាក់​ជំនឿ​របស់​គាត់​នោះ បាន​រៀបចំ​ក្រដាស​ស្នាម​សុំ​លែងលះ​ខ្ញុំ ។ កាល​នោះ​គ្រួសារ​របស់​ខ្ញុំ​កំពុង​រស់នៅ​ក្នុង​ទីក្រុង អូក្លាហូម៉ា ស.រ.អា. ប៉ុន្តែ​ខ្ញុំ​បាន​ត្រឡប់​ទៅ​រដ្ឋ អិលលីណោយ ស.រ.អា. វិញ ជា​កន្លែង​ដែល​ខ្ញុំ​ត្រូវបាន​ចិញ្ចឹម​ឲ្យ​ធំ​ឡើង ។ ខ្ញុំ​បាន​ធ្លាក់ខ្លួនដល់​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ហៀប​នឹង​បាត់បង់​អ្វី​មួយ ដែល​ពិត​ជា​មាន​តម្លៃ​បំផុត​ចំពោះ​ខ្ញុំ ៖ គឺ​គ្រួសារ​ខ្ញុំ ។

ខ្ញុំ​បាន​ចាប់​ផ្តើម​អធិស្ឋាន​ដោយ​លុត​ជង្គង់​ទាំង​ព្រឹក ទាំង​យប់​ដល់​ព្រះ ដែល​ជា​អង្គ​ដែល​ខ្ញុំ​ពុំ​ប្រាកដ​ថា​នៅ​មាន​ទ្រង់​ទៀត​នោះ ឬ ប្រសិនបើ​មាន​ទ្រង់​មែន ខ្ញុំ​គិត​ថា​ទ្រង់​បាន​ភ្លេច​ខ្ញុំ​យូរ​ហើយ ។ ប៉ុន្តែ​ខ្ញុំ​បាន​អធិស្ឋាន​ដោយ​ស្មោះត្រង់​អស់​រយៈពេល​បីខែ ។ នា​ព្រឹក​ព្រលឹម​មួយ ខណៈ​ដែល​ខ្ញុំ​កំពុង​អធិស្ឋាន​ដោយ​អស់​ពី​ចិត្ត នោះ​អារម្មណ៍​ធូរ​ស្បើយ​យ៉ាង​ខ្លាំង​មួយ​បាន​មាន​ក្នុង​ខ្លួន​ខ្ញុំ ហើយ​ខ្ញុំ​បាន​ដឹង​ថា​ព្រះមាន​ព្រះជន្ម​រស់នៅ ថា​ទ្រង់​បាន​ស្គាល់​ខ្ញុំ ហើយ​ថា​ទ្រង់​ស្រឡាញ់​ខ្ញុំ ។ ហើយ​ខ្ញុំ​ក៏​ដឹង​ផងដែរ​ថា​ខ្ញុំ​នឹង​មិន​ប៉ះ​គ្រឿង​ស្រវឹង​សូម្បី​តែ​មួយ​តំណក់​ទៀត​ឡើយ ។

នៅ​ល្ងាច​នោះ ភរិយា​របស់​ខ្ញុំ​បាន​ទូរសព្ទ​មក​ខ្ញុំ ដើម្បី​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា នាង​នឹង​ផ្ញើ​ឯកសារ​លែងលះ​មក​ឲ្យ​ខ្ញុំ​ចុះ​ហត្ថលេខា ។ អំឡុង​ពេល​និយាយ​គ្នា​នោះ នាង​បាន​និយាយ​ថា « មាន​អ្វី​មួយ​ប្លែក​យ៉ាង​ខ្លាំង​អំពី​បង ។ អូន​មិន​ជឿ​ថា​បង​នឹង​ផឹក​ស្រា​ម្តង​ទៀត​ឡើយ ហើយ​អូន​នឹង​ហែក​ក្រដាស​ស្នាម​ទាំង​នេះ​ចោល » ។ យើង​បាន​ជួបជុំ​គ្នា​វិញ ហើយ​ពីរ​ឆ្នាំ​ក្រោយ​មក នាង​បាន​បង្កើត​កូន​ប្រុស​ទី​បី​របស់​យើង ។

បុគ្គល​ម្នាក់​អាច​ស្មាន​ថា​ខ្ញុំ​នឹង​ត្រឡប់​ទៅ​សកម្ម​ទាំងស្រុង​វិញ​នៅក្នុង​សាសនាចក្រ ប៉ុន្តែ​ខ្ញុំ​ជា​មនុស្ស​រឹងរូស​ម្នាក់ ។ ខ្ញុំ​បាន​ត្រឡប់​ទៅ​វិញ ហើយ​បាន​ទទួល​ការហៅ​ជា​អ្នក​ណែនាំ​កូរ៉ុម​អែលឌើរ ។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ខ្ញុំ​បាន​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា​នៅទន់​ខ្សោយ​ក្នុង​ការបង្រៀន ហើយ​បាន​ធ្លាក់​ខ្លួន​អសកម្ម​ម្តង​ទៀត ។

នៅ​ក្នុង​ឆ្នាំ ១៩៩១ យើង​បាន​ប្តូរ​ទៅ​នៅ​សាខា​តូច​មួយ ។ បួន​ប្រាំ​ខែ​ពីមុន​កូន​ប្រុស​ពៅ​របស់​យើង​អាយុ ៨​ឆ្នាំ ភរិយា​របស់​ខ្ញុំ ដែល​ជា​ប្រធាន​បឋម​សិក្សា បាន​សួរ​គាត់​ថា តើ​គាត់​ចង់​ឲ្យ​នរណា​ជ្រមុជទឹក​ឲ្យ​គាត់ ។ មែនហើយ គាត់​ចង់​ឲ្យ​ឪពុក​របស់​ខ្លួន​ធ្វើ​ពិធី​បរិសុទ្ធ​នោះ ។ ភរិយា​របស់​ខ្ញុំ​បាន​ប្រាប់​គាត់​ថា ប្រហែល​ជា​វា​មិន​អាច​កើត​ឡើង​បាន​ទេ ។ គាត់​ពុំ​ទទួល​យក​ចម្លើយ​នោះ​ឡើយ ហើយ​បាន​ចាប់ផ្តើម​កិច្ចការ​នៃ​ការធ្វើ​ឲ្យ​ឪពុក​របស់​គាត់​សកម្ម​ឡើង​វិញ ។ គាត់​មិន​បង្អង់​ពេល​ឡើយ ហើយ​មិន​យូរ​ប៉ុន្មាន ខ្ញុំ​បាន​ឃើញ​ថា​ខ្ញុំ​បម្រើ​ជា​ប្រធាន​ក្រុម​កាយរិទ្ធ ហើយ​ក្រោយ​មក​ខ្ញុំ​បាន​ជ្រមុជទឹក និង​បញ្ជាក់​ដល់​កូន​ប្រុស​របស់​ខ្ញុំ ។

ប្រាំ​បី​ខែ​បន្ទាប់​ពី​ខ្ញុំ​សកម្ម​គឺ​ជា​ពេលវេលា​ដ៏​រីករាយ ។ យើង​បាន​ផ្សារភ្ជាប់​ជា​គ្រួសារ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ឈីកាហ្គោ អិលលីណោយ ហើយ​ខ្ញុំ​ត្រូវបាន​ហៅ​បម្រើ​ជា​អ្នក​ណែនាំ​កូរ៉ុម​អែលឌើរ​ម្តង​ទៀត លើក​នេះ​ខ្ញុំ​ពុំ​បាន​បោះបង់​វា​ទៀត​ឡើយ ។ ក្រោយ​មក​ខ្ញុំ​ត្រូវបាន​ហៅ​ជា​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​សាខា ហើយ​ប្រាំខែ​ក្រោយ​មក ខ្ញុំ​ត្រូវបាន​ហៅបម្រើ​ជា​ប្រធាន​សាខា ។ ប្រហែល​ជា​មួយ​ខែ បន្ទាប់​ពី​ការបម្រើ​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​ចាំ​ពី​ការគិត​ថា «តើ​ខ្ញុំ ជា​ប្រធាន​សាខា​ឬ ? »

ខ្ញុំ​បាន​ប្រាប់​ពួក​បរិសុទ្ធ​ដែល​មាន​ការលំបាកៗ ជាច្រើន​ឆ្នាំ​ថា ប្រសិនបើ​ខ្ញុំ​អាច​រីកចម្រើន​នៅក្នុង​ដំណឹង​ល្អ មនុស្ស​គ្រប់​គ្នា​អាច​ធ្វើ​វា​បាន​ផងដែរ ។ វា​គឺ​ជា​ការយល់​ដឹង​នូវ​អំណាច​ពិត​នៃ​ព្រះអង្គ​សង្គ្រោះ និង ដង្វាយធួន​របស់​ទ្រង់ ហើយ​បោះជំហាន​ទៅ​មុខ​ដើម្បី​មក​កាន់​ទ្រង់ ។

ខ្ញុំ​នឹង​មាន​អំណរគុណ​ជា​រៀង​រហូត​ដល់​ភរិយា និង កូនៗ​របស់​ខ្ញុំ និង ដល់​គ្រូ​បង្រៀន​តាម​ផ្ទះ អ្នក​ដឹកនាំ​កូរ៉ុម​អែលឌើរ ប៊ីស្សព និង ពួក​បរិសុទ្ធ​ដ៏​ស្មោះត្រង់​ផ្សេង​ទៀត ដែល​បាន​ធ្វើ​ជា​គំរូ​ល្អ​អស្ចារ្យ​សម្រាប់​ខ្ញុំ ។ វា​គឺ​ជា​ឯកសិទ្ធ​មួយ​ដើម្បី​បម្រើ​ព្រះអម្ចាស់ និង ពួក​បរិសុទ្ធ​ក្នុង​រយៈពេល ២០​ឆ្នាំ​ចុងក្រោយ​នេះ ។ ជីវិត​របស់​ខ្ញុំ​បាន​ពរ​យ៉ាង​លើស​លប់​លើស​ពី​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​អាច​ស្រមៃ​គិត ។