២០១៦
ស្ថេរភាព​ខាងវិញ្ញាណ ៖ ការសង់​កប៉ាល់​មួយ​ដែល​មិន​អាច​លិច​បាន
April 2016


ស្ថេរភាព​ខាងវិញ្ញាណ ៖ ការសង់​កប៉ាល់​មួយ​ដែល​មិន​អាច​លិច​បាន

ដកស្រង់​ចេញ​ពី​ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់​ធ្វើ​ឡើង​នៅ​ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៤ ។ ចំពោះ​អត្ថបទ​ទាំង​មូល​ជា​ភាសា​អង់គ្លេស​សូម​ចូល​ទៅ​កាន់​គេហទំព័រ speeches.byu.edu

យើង​ត្រូវការ​មាន​ស្ថេរភាព​ខាង​វិញ្ញាណ​គ្រប់គ្រាន់ ដើម្បី​កាច់​ចង្កូត​ជីវិត​រមែង​ស្លាប់​របស់​យើង​ឲ្យ​បាន​ជោគជ័យ ហើយ​ត្រឡប់​ទៅ​គេហដ្ឋាន​សួគ៌ា​យើង​វិញ​ដោយ​សុវត្ថិភាព ។

រូបភាព
carpenter and tools

រូប និង រូបថត​នៃ​កប៉ាល់ © lublubachka/Thinkstock, MicheleBolero/Thinkstock, David Harding/Thinkstock

នៅ​ក្នុង​ដើម​សតវត្សរ៍​ទី ១៧ ព្រះរាជា​របស់​ប្រទេស​ស៊ុយអែដ ឈ្មោះ ហ្គូស្តាវ ទី II អាដូហ្វ បាន​បញ្ជា​ឲ្យ​សង់​កប៉ាល់​សង្គ្រាម​មួយ​ដែល​នឹង​ដាក់​ឈ្មោះ​ថា វ៉ាសា ។ ការសង់​កប៉ាល់​នោះ​តម្រូវ​ឲ្យ​ប្រើ​ធនធាន​ច្រើន​ណាស់ ជាពិសេស​គឺ​ដើម​សែន ដែល​ត្រូវការ​មកសាង​សង់​វា ។ ហ្គូស្តាវ អាដូហ្វ បាន​ទត​មើល​ដំណើរការ​សាងសង់​កប៉ាល់​នោះ​យ៉ាង​ដិតដល់ ដោយ​មាន​បំណង​ដើម្បី​ប្រាកដ​ថា​កប៉ាល់ វ៉ាសា នឹង​បាន​សម្រេច​ទាំងស្រុង​តាម​ការរំពឹង​របស់​ទ្រង់ ។

បន្ទាប់​ពី​ការសាងសង់​បាន​ចាប់ផ្តើម ហ្គូស្តាវ អាដូហ្វ​បាន​បញ្ជា​ថា កប៉ាល់ វ៉ាសា ត្រូវតែ​ធ្វើ​ឲ្យ​វែង ។ ដោយសារ​ផ្នែក​ទទឹង​នៃ​កប៉ាល់​បាន​សង់​រួច​ហើយ​ដោយ​ប្រើ​ឈើ​សែន នោះ​ព្រះរាជា​បាន​បង្គាប់​ឲ្យ​ស្ថាបនិក​ពង្រីក​បណ្តោយ​របស់​កប៉ាល់​ដោយ​ពុំ​ពង្រីក​ទទឹង​របស់​វា​ឡើយ ។ ទោះបី​ជា​ស្ថាបនិក​នោះ​បាន​ដឹង​ថា​ការធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ការធ្វើ​ដំណើរ​របស់​កប៉ាល់ វ៉ាសា ចុះ​ខ្សោយ​ក៏​ដោយ ក៏​ពួកគេ​ស្ទាក់ស្ទើរ​នឹង​ប្រាប់​ព្រះរាជា​នោះ​អំពី​អ្វី​ដែល​ពួកគេ​បាន​ដឹង ដែល​ទ្រង់​មិន​ចង់​ជ្រាប​ឡើយ ។ ពួកគេ​បាន​ស្តាប់​តាម​ការបញ្ជា ។ ហ្គូស្តាវ អាដូហ្វ ក៏​ប្រកាស​ផងដែរ​ថា កប៉ាល់​នេះ​ពុំមាន​ជាន់​ដាក់​កាំភ្លើង​ធំ​តាម​ទម្លាប់​ធម្មតា​ទេ ប៉ុន្តែ​ដាក់​កាំភ្លើង​ធំ​នៅ​លើ​ជាន់​ទាំង​បី ដោយ​ដាក់​កាំភ្លើង​ដែល​ធ្ងន់​ជាង​គេ​បំផុត​នៅ​ជាន់លើ​គេ​បង្អស់ ។ ជា​ថ្មី​ម្តង​ទៀត ទោះបី​ជា​វា​ផ្ទុយ​នឹង​ការវិនិច្ឆ័យ​របស់​ខ្លួន​ក្តី ស្ថាបនិក​នោះ​បាន​គោរព​តាម​បញ្ជា ។

នៅថ្ងៃ​ទី ១០ ខែ សីហា ឆ្នាំ ១៦២៨​កប៉ាល់ វ៉ាសា បាន​ចាប់ផ្តើម​ធ្វើ​ដំណើរ​ជា​លើក​ដំបូង​របស់​ខ្លួន ។ បន្ទាប់​ពី​កប៉ាល់ វ៉ាសា បាន​ចាកចេញ​ពី​កំពង់ផែ នោះ​មាន​ខ្យល់​បក់​យ៉ាង​ខ្លាំង​លើ​ក្តោង​របស់​វា ហើយ​កប៉ាល់​បាន​ចាប់ផ្តើម​ផ្អៀង ។ មិន​យូរ​ប៉ុន្មាន « កប៉ាល់​នោះ​បាន​ផ្អៀង​ទៅ​ស្តាំ ហើយ​ទឹក​បាន​ហូរ​យ៉ាង​គំហុក​ទៅក្នុង​កាំភ្លើង រហូត​ធ្វើ​ឲ្យ​កប៉ាល់​នោះ​បាន​លិច​ចុះ​បន្តិច​ម្តងៗ​ទៅក្នុង​បាត​សមុទ្រ លិច​ទាំង​ក្តោង និង ទង់ជាតិ​និង​អ្វីៗ​ទាំងអស់ » ។ ការធ្វើ​ដំណើរ​ដំបូង​របស់​កប៉ាល់ វ៉ាសា គឺ​បាន​ចម្ងាយ​ប្រហែល ១២៨០​ម៉ែត្រ ។

ព្រះរាជ​បំណង​របស់​ហ្គូស្តាវ អាដូហ្វ​ដើម្បី​បង្ហាញ​ពី​និមិត្ត​សញ្ញា​នៃ​ព្រះចេស្តា​ខ្លាំងក្លា​របស់​ទ្រង់​នោះ បាន​បំផ្លាញ​កប៉ាល់​ក្តោង​ដ៏​អស្ចារ្យ ដែល​ជា​កប៉ាល់​សង្គ្រាម​ដ៏​ខ្លាំង​បំផុត​នៅ​សម័យ​នោះ ។ ភាពស្ទាក់ស្ទើរ​មិន​ហ៊ាន​បើក​មាត់​និយាយ​របស់​ស្ថាបនិក​សង់​កប៉ាល់​នោះ — គឺ​ភាពភ័យខ្លាច​របស់​ពួកគេ​ចំពោះ​ការមិន​សព្វព្រះទ័យ​របស់​ព្រះរាជា — បាន​ធ្វើ​ឲ្យ​ព្រះរាជា​ដក​ខ្លួន​ចេញពី​ចំណេះដឹង និង ការយល់​ដឹង​របស់​ពួកគេ ។ ទាំងអស់​គ្នា​មាន​ការពាក់ព័ន្ធ​នឹង​ការខ្វះ​នូវ​ការមើល​ឃើញ​ពី​គោលដៅ​នៃ​គម្រោង​នោះ ៖ ដើម្បី​ការពារ​ប្រជាជន​ស៊ុយអែដ និង បំពេញ​គោលដៅ​ជា​អន្តរជាតិ​របស់​វា ។ កប៉ាល់​ដែល​ព្យាយាម​ប្រឆាំង​នឹង​ច្បាប់​នៃ​រូបកាយ​នេះ​គឺ​ជា​ទូក​សាមញ្ញ​មួយ​ដែល​នឹង​មិន​អណ្តែត​លើ​ទឹក​ឡើយ ។

សម្រាប់​ពួកយើង​ដើម្បី​កាច់​ចង្កូត​ជីវិត​រមែង​ស្លាប់​របស់​យើង​ឲ្យ​បាន​ជោគជ័យ យើង​ត្រូវការ​ស្ថេរភាព​ខាង​វិញ្ញាណ​គ្រប់គ្រាន់ ដើម្បី​ទប់ទល់​នឹង​ខ្យល់​បក់បោក ធ្វើការ​កាច់ចង្កូត​ដែល​ចាំបាច់ ហើយ​ត្រឡប់​ទៅកាន់​ផ្ទះ​របស់​ព្រះវរបិសួគ៌​យើង​វិញ​ដោយ​សុវត្ថិភាព ។ មាន​រឿង​ជាច្រើន​ដែល​យើង​អាច​ធ្វើ​ដើម្បី​បង្កើន​ស្ថេរភាព​ខាង​វិញ្ញាណ​របស់​យើង ។ ខ្ញុំ​នឹង​ប្រាប់​នូវ​ចំណុច​បួន ។

គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ

ទី​មួយ​គឺ​ការគោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។ គឺ​ដូចជា​កប៉ាល់ វ៉ាសា ដែល​ត្រូវ​ចុះចូល​នឹង​ក្រឹត្យវិន័យ​នៃ​រូបកាយ នោះ​យើង​ទាំងអស់​គ្នា​ត្រូវចុះ​ចូល​ទៅ​នឹង​ក្រឹត្យ​វិន័យ​ខាង​វិញ្ញាណ​ផងដែរ ។ គ្មាន​នរណា​ម្នាក់​អាច​ជៀស​ផុត​បាន​ឡើយ ។ យើង​ត្រូវតែ​គោរព​ធ្វើ​តាម​ក្រឹត្យវិន័យ​ខាង​វិញ្ញាណ​ទាំង​នេះ ដែល​យើង​ហៅ​ថា​បទបញ្ញត្តិ​របស់​ព្រះ ។

ដោយ​ធ្វើតាម​ក្រឹត្យវិន័យ​ខាង​រូបកាយ​នៅក្នុង​ការសង់​កប៉ាល់ អាច​មាន​អារម្មណ៍​ថា​មាន​ភាពតានតឹង​ចំពោះ​ហ្គូស្តាវ ប៉ុន្តែ​កប៉ាល់ វ៉ាសា នឹង​ពុំ​លិច​ពីមុន​បេសកកម្ម​របស់​វា​ចាប់​ផ្តើម​ឡើយ ប្រសិន​បើ​វា​បាន​គោរព​តាម​ក្រឹត្យវិន័យ​ទាំង​នេះ ។ ផ្ទុយ​ទៅវិញ វា​មាន​សេរីភាព និង ភាព​អាច​បត់បែន​បាន​ដើម្បី​សម្រេច​បាន​នូវ​អ្វី​ដែល​វា​ត្រូវ​ធ្វើ ។

ដូចគ្នា​នេះ​ផងដែរ ការគោរព​តាម​ក្រឹត្យវិន័យ​របស់​ព្រះ រក្សា​នូវ​សេរីភាព ភាព​អាច​បត់បែន និង សមត្ថភាព​របស់​យើង​ដើម្បី​សម្រេច​បាន​នូវ​សក្តានុពល​របស់​ខ្លួន ។ ព្រះបញ្ញត្តិ​ពុំ​មែន​ដើម្បី​គាប​សង្កត់​យើង​ឡើយ ។ ផ្ទុយ​ទៅវិញ ការគោរពប្រតិបត្តិ​នាំ​ឲ្យ​បង្កើត​នូវ​ស្ថេរភាព​ខាង​វិញ្ញាណ ហើយ​មាន​សុភមង្គល​យូរ​អង្វែរ ។

ការគោរព​ប្រតិបត្តិ​គឺ​ជា​ជម្រើស​យើង ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា « មើលចុះ​យើង​បាន​ប្រទាន​បញ្ញត្តិ​ទាំងឡាយ​ដល់​អ្នក​រាល់​គ្នា ដូច្នេះ​ចូរ​ធ្វើតាម​បញ្ញត្តិ​ទាំងឡាយ​របស់​យើង » ( នីហ្វៃទី ៣ ១៥:១០ ) ។ វា​គឺ​សាមញ្ញ​ណាស់ ។ ចូរ​ធ្វើ​ការសម្រេច​ចិត្ត​ចុះ ។ សូម​សម្រេច​ចិត្ត​នៅ​ពេល​នេះ​ដើម្បី​គោរព​ប្រតិបត្តិ​តាម​ដោយ​ឥត​លំអៀង ។ គ្មាន​អ្វី​នឹង​អាច​បង្កើន​ស្ថេរភាព​ខាង​វិញ្ញាណ​បន្ថែម​ទៀត​ឡើយ ។ គ្មាន​អ្វី​នឹង​ផ្តល់​សេរីភាព​ដ៏​អស្ចារ្យ​ដល់​យើង ឲ្យ​សម្រេច​បាន​នូវ​បេសកកម្ម​នៃ​ជីវិត​របស់​យើង​ឡើយ ។

ស្តាប់​តាម​ការទូន្មាន និង បន្ត​រៀន​ពេញ​មួយ​ជីវិត

រូបភាព
carpenter’s tools

ទីពីរ យើង​ត្រូវការ​ផ្តោត​ចិត្ត​ទុក​ដាក់ ហើយ​ស្តាប់​តាម​ការទូន្មាន​មក​ពី​ប្រភព​ដែល​គួរទុកចិត្ត ហើយ​ប្តេជ្ញា​ចិត្តដោយ​ខ្លួន​យើង ដើម្បី​បន្ត​រៀន​ពេញ​មួយ​ជីវិត ។

គ្រោះថ្នាក់​មួយ​នៃ​ការទទួល​បាន​ចំណេះ​ដឹង​គឺ​ជា​អំនួត​ដែល​អាច​កើត​ឡើង នៅពេល​យើង​គិត​ថា​យើង​ចេះ​ច្រើន​ហើយ ថា​គ្មាន​អ្វី​ទៀត​ត្រូវ​រៀន​ឡើយ ។ យើង​បាន​ឃើញ​ការណ៍​ទាំង​នេះ​នៅ​ក្នុង​មនុស្ស​ជាច្រើន ដែល​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ប្រាជ្ញា​ផ្ទាល់​របស់​ខ្លួន ។ វា​ពិត​ជា​លំបាក​ដើម្បី​បង្រៀន​ដល់​អ្នក​ដែល​គិត​ថា​ខ្លួន​ឯង​ចេះ​អ្វីៗ​គ្រប់​យ៉ាង​ទាំងអស់ ។

ដោយ​ដឹង​ពី​ការណ៍​នេះ និង មាន​បំណង​បន្ត​រៀន​ពេញ​មួយ​ជីវិត​នោះ​ប្រធាន ហិនរី ប៊ី អាវរិង ជា​ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយ បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​នៅតែ​មាន​អ្វី​ជា​ច្រើន​ដើម្បី​រៀន ។ មនុស្ស​គ្រប់​គ្នា​អាច​បង្រៀន​ខ្ញុំ​នូវ​អ្វី​ជា​ច្រើន » ។ នៅពេល​គាត់​បាន​ផ្តល់​ការហៅ​ខ្ញំ​ឲ្យ​ធ្វើ​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ប្រធាន អាវរិង​បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​សំខាន់​មួយ ។ លោក​បាន​មាន​ប្រសាសន៍​ថា នៅពេល​លោក​ស្តាប់​នរណា​ម្នាក់​ប្រាប់​រឿង​មួយ​ដែល​លោក​ធ្លាប់​បាន​ស្តាប់​ពី​មុន ឬ ប្រាប់​ខគម្ពីរ​ដែល​គាត់​ស្គាល់​ច្បាស់​ហើយ នោះ​គាត់​សួរ​ខ្លួន​ឯង​ថា « ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​សង្កត់​ធ្ងន់​ពី​ចំណុច​នេះ​ដល់​ខ្ញុំ ? » និង « តើ​ខ្ញុំ​ពុំ​ទាន់​បាន​រៀន​អ្វី​ខ្លះ​ពី​រឿង ឬ ខគម្ពីរ​នោះ ? » ប្រសិនបើ​យើង​ចង់​បង្កើន​ស្ថេរភាព​ខាង​វិញ្ញាណ​របស់​យើង នោះយើង​នឹង​មាន​ឆន្ទៈ​ដើម្បី​រៀន ហើយ​បន្ទាបខ្លួន​គ្រប់គ្រាន់​ដើម្បី​ទទួល​យក​ការណែនាំ​ពុំថា​យើង​មាន​អាយុ ឬ បទពិសោធន៍​ប៉ុណ្ណា​នោះ​ឡើយ ។

វា​ពិត​ជា​ជម្រើស​របស់​យើង ។ យើង​អាច​ស្តាប់ ហើយ​ស្តាប់​តាម​ការទូន្មាន​ដែល​បាន​ផ្តល់​ដល់​យើង​ដោយ​អ្នក​ដឹកនាំ​សាសនាចក្រ ជាពិសេស​អស់​អ្នក​ដែល​យើង​គាំទ្រ​ថា ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ តាមរយៈ​ឪពុក​ម្តាយ និង តាម​រយៈ​មិត្តភក្តិ​ដែល​ទុក​ចិត្ត — ឬ​ក៏​មិន​ស្តាប់​តាម ។ យើង​អាច​ព្យាយាម​ដើម្បី​បន្ត​រៀន​ពេញ​មួយ​ជីវិត​នេះ — ឬ​ក៏​មិន​ចង់​រៀន ។ យើង​អាច​បង្កើន​ស្ថេរភាព​ខាង​វិញ្ញាណ​របស់​យើង — ឬ​មិន​បង្កើន ។ ប្រសិន​បើ​យើង​ពុំ​បង្កើន​ស្ថេរភាព​ខាង​វិញ្ញាណ​របស់​យើង​ទេ នោះ​យើង​នឹង​ក្លាយ​ដូចជា​កប៉ាល់ វ៉ាសា — គឺ​ជា​កប៉ាល់​ដែល​នឹង​មិន​អណ្តែត​ទឹក​ឡើយ ។

បម្រើ​អ្នក​ដទៃ

ទីបី កិច្ចខិតខំ​របស់​យើង​ជួយ​ដល់​មនុស្ស​ដទៃ ការ​ខ្វល់ខ្វាយ​ពី​មនុស្ស​ដទៃ និង​ការ​បម្រើ​មនុស្ស​ដទៃ​បង្កើន​ស្ថេរភាព​ខាង​វិញ្ញាណ​របស់​យើង ។

ភាពអស់កល្បជានិច្ច​ស្ថិត​នៅ​យ៉ាង​ច្បាស់ នៅពេល​យើង​ផ្តោត​លើ​មនុស្ស​ដទៃ នៅពេល​យើង​ព្យាយាម​ជួយ​ដល់​កូនចៅ​របស់​ព្រះវរបិតាសួគ៌ ។ ខ្ញុំ​បាន​ឃើញ​ថា​វា​កាន់តែ​ងាយស្រួល​ជាង ដើម្បី​ទទួល​ការបំផុស​គំនិត នៅពេល​ខ្ញុំ​កំពុង​អធិស្ឋាន​ដើម្បី​ស្វែងរក​របៀប​ដែល​ខ្ញុំ​អាច​ជួយ​នរណា​ម្នាក់ ជាង​នៅពេល​ខ្ញុំ​អធិស្ឋាន​យ៉ាង​សាមញ្ញ​សម្រាប់​ខ្លួន​ខ្ញុំ ។

យើង​អាច​ជឿ​ថា​នៅពេល​ណា​មួយ​នា​គ្រា​ខាង​មុខ នោះ​យើង​នឹង​មាន​ស្ថានភាព​ដ៏ល្អ​ប្រសើរ​ជាង​នេះ​ដើម្បី​ជួយ​មនុស្ស​ដទៃ ។ តាម​ពិត​ទៅ នេះ​គឺ​ជា​ពេល​វេលា​នោះ​ហើយ ។ យើង​នឹង​ខុស ប្រសិន​បើ​យើង​គិត​ថា​វា​នឹង​កាន់តែ​ងាយ​ស្រួល នៅពេល​យើង​មាន​ពេលច្រើន លុយ​ច្រើន ឬ មាន​អ្វីៗ​ផ្សេង​ទៀត​ជា​ច្រើន​ដើម្បី​បម្រើ​មនុស្ស​ដទៃ ។ ដោយ​ពុំ​គិត​ពី​កាលៈទេសៈ​ណា​ឡើយ នោះ​យើង​មាន​ជម្រើស ។ តើ​យើង​នឹង​ជួយ​មនុស្ស​ដទៃ ឬ ក៏​អត់​ជួយ ? យើង​បាន​បរាជ័យ​នូវ​ការសាកល្បង​ដ៏​សំខាន់​នៃ​ជីវិត​រមែង​ស្លាប់​នេះ ប្រសិន​បើ​យើង​ពុំ​ជ្រើសរើស​ដើម្បី​ជួយ​ដល់​អស់​អ្នក​ដែល​ត្រូវការ​ជំនួយ​នោះ ។ ហើយ​ប្រសិនបើ​យើង​ជួយ នោះ​យើង​បង្កើន​ស្ថេរភាព​ខាង​វិញ្ញាណ​ផ្ទាល់​របស់​យើង ។

ធ្វើ​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ​ក្លាយ​ជា​គ្រឹះ​របស់​យើង

រូបភាព
the ship Vasa

រូប និង រូបថត​នៃ​កប៉ាល់ © lublubachka/Thinkstock, MicheleBolero/Thinkstock, David Harding/Thinkstock

ទីបួន នឹង​ជា​ទី​បញ្ចប់ ហើយ​ជា​ចំណុច​សំខាន់​បំផុត ស្ថេរភាព​ខាង​វិញ្ញាណ​របស់​យើង​កើន​ឡើង​នៅក្នុង​ចំណែក​នៃ​កម្រិត​ដែល​យើង​ស្ថាបនា​ព្រះយេស៊ូវ​គ្រីស្ទ​ជា​គ្រឹះ​របស់​យើង ។

ប្រសិន​បើ​គ្មាន​ព្រះគ្រីស្ទ​ទេ យើង​នឹង​ត្រូវបាន​បោកបក់​ដូចជា​នាវា​ដែល​នៅលើ​ទឹក​រលក​ដែរ ។ យើង​គ្មាន​អំណាច​ដោយសារ​យើង​គ្មាន​ក្តោង ។ យើង​គ្មាន​ស្ថេរភាព​ឡើយ ជាពិសេស​នៅក្នុង​គ្រា​នៃ​ព្យុះ​ដោយសារ​យើង​គ្មាន​យុថ្កា​ឡើយ ។ យើង​គ្មាន​ទិសដៅ ឬ គោលបំណង​ឡើយ ដោយសារ​យើង​គ្មាន​ចង្កូត​កាច់​នោះឡើយ ។ យើង​ត្រូវ​ធ្វើ​ឲ្យ​ព្រះគ្រីស្ទ​ក្លាយ​ជា​គ្រឹះ​របស់​យើង ។

ដើម្បី​ប្រឈម​មុខ យកឈ្នះ និង រៀបចំ​ខ្លួនជាស្រេច ​សម្រាប់​ខ្យល់​ព្យុះ​នៃ​ជីវិត នោះ​យើង​ត្រូវតែ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ចេះបន្ទាបខ្លួន មាន​ឆន្ទៈ ហើយ​ប្តេជ្ញា​ចិត្ត​បន្ត​រៀន​ពេញ​មួយ​ជីវិត បម្រើ​មនុស្ស​ដទៃ ហើយ​ស្ថាបនា​ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ជា​គ្រឹះ​នៃ​ជីវិត​របស់​យើង ។ នៅពេល​យើង​ធ្វើ​បែប​នោះ យើង​បង្កើន​ស្ថេរភាព​ខាង​វិញ្ញាណ​របស់​យើង ។ មិន​ដូច​ជា​កប៉ាល់ វ៉ាសា ឡើយ នោះ​យើង​នឹង​អាច​ត្រឡប់​ទៅ​ច្រាំង​វិញ​ដោយ​សុវត្ថិភាព ដោយ​បំពេញ​នូវ​ជោគវាសនា​របស់​យើង ។

កំណត់ចំណាំ

  1. លិខិត​មកពី​ក្រុមប្រឹក្សា នៃ​ព្រះរាជាណាចក្រ​ស៊ុយអែដ​ទៅ​ដល់​ព្រះរាជា ហ្គូស្តាវ​ទី II អាដូហ្វ ការបកប្រែ​ត្រូវបាន​ដកស្រង់​នៅក្នុង រីឆាដ អូ ម៉ាសុន « The Vasa Capsizes » virtualschool.edu/mon/CaseStudies/Vasa/vasa.html ។ នៅមាន​ដំណើរ​រឿង​ជាច្រើន​អំពី​កប៉ាល់ វ៉ាសា ឧទាហរណ៍​សូមមើល vasamuseet.se/en សម្រាប់​ប្រវត្តិ​នៃ​រឿង​នេះ និង តំណ​ភ្ជាប់​ដទៃ​ទៀត ។

  2. ហិនរី ប៊ី អាវរិង នៅក្នុង រ៉ូបឺត អិល អ៊ីតុន និង ហែនរី ជេ អាវរិង I Will Lead You Along ៖ The Life of Henry B. Eyring ( ឆ្នាំ ២០១៣ ) ទំព័រ​ទី ៤០៩ ។