២០១៦
អែលឌើរ រ៉ូណល អេ រ៉ាសបាន ៖ អ្នក​ដឹកនាំ​ដ៏​ប៉ិនប្រសព្វ ឪពុក​ដ៏​មាន​ភក្តីភាព
April 2016


អែលឌើរ រ៉ូណល អេ រ៉ាសបាន ៖ អ្នក​ដឹកនាំ​ដ៏​ប៉ិនប្រសប់ ឪពុក​ដ៏​មាន​ភក្តីភាព

រូបភាព
Elder Rasband

រូបថត​បាន​ទទួល​សិទ្ធិ​អនុញ្ញាត ពី​គ្រួសារ​រ៉ាសបាន លើកលែង​ដូច​បាន​កត់សម្គាល់ ។

រ៉ុន រ៉ាសបាន​ ពុំ​ដែល​មាន​មន្ទិល​សង្ស័យ​ថា លោក​នឹង​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​ឡើយ ។ សំណួរ​តែ​មួយ​គត់​ដែល​ក្មេង​អាយុ ១៩​ ឆ្នាំ​មាន​ពេល​កំពុង​បើក​ការហៅ​បម្រើ​បេសកកម្ម​នោះ​គឺ ទីកន្លែង​ណា ដែល​លោក​នឹង​ទៅ​បម្រើ ។

« ឪពុក​ខ្ញុំ​បាន​បម្រើ​បេសកកម្ម​នៅ​ប្រទេស​អាល្លឺម៉ង់ ។ បងប្រុស​របស់​ខ្ញុំ​បាន​បម្រើ​បេសកកម្ម​នៅ​ប្រទេស​អាល្លឺម៉ង់ ។ អនាគត​បង​ថ្លៃ​ប្រុស​របស់​ខ្ញុំ​បាន​បម្រើ​បេសកកម្ម​នៅ​ប្រទេស​អាល្លឺម៉ង់ » ។ លោក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​បាន​គិត​ថា ខ្ញុំ​នឹង​ទៅ​ប្រទេស​អាល្លឺម៉ង់​ដែរ​ហើយ » ។

ប៉ុន្តែ​ព្រះអម្ចាស់​មាន​ផែនការ​ផ្សេង​ទៀត ។ រ៉ុន​ត្រូវបាន​ហៅ​បម្រើ​បេសកកម្ម​ទៅ​សហរដ្ឋ​ភាគ​ខាង​កើត​ជំនួស​វិញ​ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង នូវ យ៉ោក ស.រ.អា. ។ ដោយ​ការខក​ចិត្ត​ លោក​បាន​កាន់​ក្រដាស​ហៅ​បម្រើ​របស់​ខ្លួន​ចូល​ទៅ​បន្ទប់ដេក លុត​ជង្គង់​ក្បែរ​គ្រែ អធិស្ឋាន បើក​ព្រះគម្ពីរ​របស់​គាត់​ដោយ​ព្រាវ​ៗ ហើយ​បាន​ចាប់ផ្តើម​អាន​វា ៖

« មើល​ចុះ និង មើលន៏ យើង​មាន​មនុស្ស​ជាច្រើន​នៅ​កន្លែង​នេះ គឺ​នៅ​ភូមិភាគ​ជុំ​វិញ ហើយ​ទ្វារ​ដ៏​មាន​ផលប្រយោជន៍​នឹង​ត្រូវបាន​បើកចំហ នៅភូមិភាគ​ជុំវិញ​នៅ ដែនដី​នៃ​ទិស​ខាង​កើត​នេះ ។

« ហេតុដូច្នោះ​ហើយ យើង​ជា​ព្រះអម្ចាស់​បាន​ទុក​ឲ្យ​អ្នក​មក​ឯ​ទីនេះ ដ្បិត​ដោយ​ហេតុនេះ​ហើយ ទើប​បាន​ចាំបាច់​សម្រាប់​សេចក្តី​សង្គ្រោះ នៃ​ព្រលឹង​ទាំងឡាយ » (គ. និង ស. ១០០:៣–៤ការសង្កត់​ធ្ងន់​ត្រូវបាន​បន្ថែម ) ។

រំពេច​នោះ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បញ្ជាក់​ដល់​រ៉ុន​ថា ការហៅ​របស់​លោក​ទៅ​បេសកកម្ម​ស្តេក​ភាគ​ខាង​កើត​គឺ​ពុំ​មែន​ជា​កំហុសឆ្គង​ឡើយ ។

លោក​បាន​រំឭក​ថា « ខ្ញុំ​បាន​ប្រែ​ពី​ការខក​ចិត្ត​ទៅ​ជា​ការមាន​នូវ​ការបញ្ជាក់​លើក​ដំបូង​របស់​ខ្ញុំ​ពី​ព្រះគម្ពីរ​ជាច្រើន ដែល​ថា​វា​គឺ​ជា​ទីតាំង​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​ទៅនោះ​ជា​បទពិសោធន៍​នៃ​ការផ្លាស់ប្តូរ​ជីវិត​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ » ។

បេសកកម្ម​របស់​លោក​ទៅ​កាន់​សហរដ្ឋ​ភាគ​ខាង​កើត គឺ​ជា​ការហៅ​ដំបូង​នៃ​ការហៅ​ជា​ច្រើន​របស់​សាសនាចក្រ ដែល​តម្រូវ​ឲ្យ​លោក​ធ្វើ​ដំណើរ​ទៅ​កន្លែង​ជា​ច្រើន​ដែល​លោក​មិន​ធ្លាប់​រំពឹង​ថា​នឹង​ទៅ ។ ហើយ​ការហៅ​និមួយៗ—គ្រូបង្រៀន ប៊ីស្សព ទីប្រឹក្សា​ជាន់ខ្ពស់ ប្រធាន​បេសកកម្ម សមាជិក​នៃ​ពួក​ចិតសិប​នាក់ រៀមច្បង​នៃ​គណៈប្រធាន​នៃ​ពួក​ចិតសិប​នាក់ និង សាវក​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ—អែលឌើរ រ៉ូណល អេ រ៉ាសបាន បាន​ទទួល​យក​តាម​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ហើយ​បន្ត​ពឹង​ផ្អែកលើ​ព្រះវិញ្ញាណ​របស់​ទ្រង់ នៅពេល​លោក​បម្រើ​ដល់​កូនចៅ​របស់​ព្រះ ។

កើត​មក​ពី​ឪពុកម្ដាយ​ល្អ

នៅក្នុង​សុន្ទរកថា​លើក​ដំបូង​ក្នុង​នាម​ជា​សាវក​របស់​ព្រះយេស៊ូវគ្រីស្ទ អែលឌើរ រ៉ាសបាន បាន​បង្ហាញ​ពី​អំណរគុណ​ដ៏​អស់​ពី​ដួងចិត្ត​ចំពោះ​បុព្វការីជន​របស់​លោក ។ លោក​មាន​ប្រសាសន៍​ថា « ខ្ញុំ​បាន​កើត​មក​ពី​ឪពុក​ម្ដាយ​ល្អ នៅក្នុង​ដំណឹងល្អ​ហើយ​ពួកគាត់​កើត​មក​ពី​ឪពុក​ម្ដាយ​ល្អ​ទាំង​ប្រាំមួយ​ជំនាន់​ដែរ » ។

រូបភាព
young Elder Rasband with parents

ម្តាយ​របស់​លោក វើដា អែនឌើរសុន រ៉ាសបាន គឺ​ជា​អ្នក​ដឹកនាំ​ម្នាក់​ដែល​មាន​សេចក្តី​ស្រឡាញ់ ដែល​បាន​អប់រំ​ឲ្យ​រ៉ុន​ស្រឡាញ់​ព្រះគម្ពីរ​តាំង​ពី​ក្មេង ។ ឪពុក​របស់​លោក រ៉ូឡុន ហគីន រ៉ាសបាន គឺ​ជា​អ្នក​កាន់​បព្វជិតភាព​ដ៏​ស្មោះត្រង់ ដែល​ធ្វើ​ជា​គំរូ​អំពី​គុណធម៌​នៃ​ការឧស្សាហ៍​ព្យាយាម​ក្នុង​ការងារ ។

កើត​នៅ​ថ្ងៃ​ទី ៦ ខែ កុម្ភៈ ឆ្នាំ ១៩៥១ នៅក្នុង​ទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ ស.រ.អា. រ៉ូណល អេ ( អែនឌើរសុន ) រ៉ាសបាន គឺ​ជា​កូន​ទោល​នៅក្នុង​គ្រួសារ​លោក ។ ឪពុក​ម្តាយ​របស់​លោក​គឺ​ធ្លាប់​បាន​រៀបការ ហើយ​ធ្លាប់​លែងលះ​រៀងៗខ្លួន​ពីមុន​ពួកគេ​រៀបការ​ជាមួយ​គ្នា ហើយ​រ៉ុន​បាន​ចិញ្ចឹម​ឲ្យ​បាន​ធំ​ឡើង​ក្រោម​ការថែទាំ​ជាមួយ​នឹង​បងប្រុស​ពីរនាក់ និង បងស្រី​ម្នាក់ ។

បងស្រី​របស់​លោក ណានស៊ី ស្គីនល័រ បាន​និយាយ​ថា « លោក​មាន​បុគ្គលិក​លក្ខណៈ​របស់​ឪពុក​ម្តាយ​យើង ដូច្នេះ​យើង​ទាំងអស់​គ្នា​ស្រឡាញ់​គាត់ » ។ « រ៉ុន​ពុំ​ដែល​ឲ្យ​ម៉ាក់ និង ប៉ា​ឈរ ឬ អង្គុយ​ក្បែរ​គ្នា​ដោយ​គ្មាន​លោក​នៅ​ចន្លោះពួកគាត់​ឡើយ » ។

រ៉ុន​គឺ​ពិត​ជា​ក្មេង​ល្អ​ម្នាក់ ប៉ុន្តែ​លោក​សារភាព​ថា​លោក​ក៏​រប៉ិលរប៉ូច​ផងដែរ ។

លោក​និយាយ​ថា « គ្រូបង្រៀន [ ថ្នាក់​អង្គការ​បឋម​សិក្សា ] ប្រធាន​អង្គការ​បឋមសិក្សា​ស្តេក​របស់​ខ្ញុំ​បាន​មក​ជួប​ម្តាយ​ខ្ញុំ​ពីរបី​ដង ហើយ​មាន​ប្រសាសន៍​ថា ‹ រ៉ុននី រ៉ាសបាន​គឺ​ជា​ក្មេង​ចចេស​ណាស់ ប៉ុន្តែ​ពួកគាត់​មិន​ដែល​បោះបង់​ក្នុង​ការជួយ​ខ្ញុំ​ឡើយ ។ ពួកគេ​បង្ហាញ​សេចក្តី​ស្រឡាញ់​យ៉ាង​អស្ចារ្យ​ដល់​ខ្ញុំ ហើយ​អញ្ជើញ​ខ្ញុំ​ឲ្យ​ត្រឡប់​មក​ថ្នាក់​វិញ​ជានិច្ច » ។

កុមារភាព​របស់​រ៉ុន​បាន​ផ្តោត​យក​ចិត្ត​ទុកដាក់​លើ​សាសនាចក្រ—ការប្រជុំ​វួដ ពិធី​ជប់លៀង​ក្នុង​វួដ បរិភោគ​អាហារ​នៅ​វួដ និង ក្រុម​កីឡា​វួដ ។ នៅពេល​លោក​ទំនេរ​ពី​សាលាប្រជុំ​វួដ ខុតតុន​វ៉ូត ទីមួយ នោះ​លោក​ធ្វើ​ការងារ​ផ្សេងៗ ធ្វើ​សកម្មភាព​នានា​នៃ​ក្រុមកាយឫទ្ធិ ព្រម​ទាំង​ចំណាយ​ពេល​ជាមួយ​មិត្តភក្តិ ។ នៅក្នុង​ផ្ទះ ពេលវេលា​របស់​គ្រួសារ​បាន​ផ្តោត​ចិត្ត​ទុកដាក់​លើ​ព្រះគម្ពីរ ល្បែង​កម្សាន្ត និង កិច្ចការ​ផ្ទះ ។

លោក​និយាយ​ថា « ឪពុក​របស់​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ពី​អត្ថន័យ​នៃ​ការងារ​តាមរយៈ​គំរូ​របស់​គាត់ ។ ម្តាយ​របស់​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​អំពី​ការងារ​តាមរយៈ​ការផ្តល់​ការងារ​ឲ្យ​ខ្ញុំ​ធ្វើ » ។

ឪពុក​របស់​រ៉ុន​បើក​ឡាន​ដឹក​នំបុ័ង គាត់​ត្រូវ​ក្រោក​ឡើង​ម៉ោង​៤​ព្រឹក​រាល់​ថ្ងៃ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ​យប់​ជ្រៅ​រាល់​យប់ ។ ម្តាយ​របស់​លោក​នៅ​ផ្ទះ​ចិញ្ចឹម​កូនៗ ជួយ​រក​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​គ្រួសារ​ដោយ​ការធ្វើ និង លក់​តុក្កតា​កូន​ក្រមុំ​ព័រសឺឡែន ។

រ៉ុន មាន​សមត្ថភាព​ជា​អ្នកដឹកនាំ​ពី​ធម្មជាតិ ផ្ទេរ​សិទ្ធិ និង សម្រេច​កិច្ចការ​នានា—ដែល​វា​បាន​ជួយ​គាត់​យ៉ាង​ល្អ​នៅក្នុង​ទំនួលខុសត្រូវ​ក្នុង​ការងារ​អាជីព និង ខាង​សាសនា​របស់​លោក—គឺ​មាន​ប្រយោជន៍​ដល់​លោកតាំង​ពី​ក្មេង ។

បងស្រី​របស់​លោក​ចាំ​ថា « រ៉ុន​ត្រូវបាន​ចាត់​ឲ្យ​កាត់​ស្មៅ » ប៉ុន្តែ រ៉ុន បាន​ធ្វើ​ដូច​ជា​ម៉ាក ធ្វាន ថម សរយើរ​ដែរ​គឺ​អាច​បញ្ចុះបញ្ចូល​មិត្តភក្តិ​របស់​គាត់​ឲ្យ​មក​ជួយ​លោក ។

ណានស៊ី​និយាយ​ថា « ពេល​ខ្ញុំ​មើល​ទៅ​វាលស្មៅ នោះ​ខ្ញុំ​នឹង​ឃើញ​មិត្តភក្តិ​ស្និទស្នាល​របស់​គាត់​កាត់​ស្មៅ​ជំនួស​គាត់​វិញ » ។ « សប្តាហ៍​ក្រោយ​មក​មិត្តភក្តិ​ម្នាក់​ផ្សេង​ទៀត​របស់​គាត់​បាន​មក​កាត់​ស្មៅ ។ គាត់​គ្រាន់តែ​អង្គុយ​នៅ​រាលហាល​ខាង​មុខ ហើយ​សើច និង និយាយ​កំប្លែង​ជាមួយ​ពួកគេ នៅពេល​ពួកគេ​បាន​ធ្វើ​កិច្ចការ​របស់​គាត់ » ។

ឪពុក​ម្ដាយ​របស់​រ៉ុន​មាន​បញ្ហា​ហិរញ្ញវត្ថុ ប៉ុន្តែ​ក្រុមគ្រួសារ​នេះ​មាន​ដំណឹង​ល្អ ។ រ៉ុន​និយាយ​ថា « យើង​ពុំ​ដែល​មាន​ប្រាក់​ច្រើន​ឡើយ ប៉ុន្តែ​វា​ពុំ​ដែល​ប៉ះពាល់​ដល់​សុភមង្គល​របស់​ខ្ញុំ​ឡើយ » ។

មិត្តភក្តិ និង ថ្នាក់​ដឹកនាំ​ដ៏​ជា​ទី​ទុក​ចិត្ត

ដោយ​បាន​ចម្រើន​វ័យ​ធំ​ឡើង នោះ​រ៉ុន​ត្រូវបាន​ប្រទាន​ពរ​ដោយ​មាន​មិត្តភក្តិ​ល្អៗ និង មាន​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ដែល​ជា​ទី​ទុក​ចិត្ត រួមមាន​ប្រធាន​ស្តេក​របស់​គាត់​ដែល​បម្រើ​អស់​រយៈ​១៤​ឆ្នាំ កាល​គាត់​នៅ​ពី​ក្មេង—ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ ១៩២០–២០០៧ ) ដែល​ក្រោយ​មក​បាន​បម្រើ​នៅក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង នៅក្នុង​គណៈប្រធាន​ទី​មួយ ។ គ្រួសារ​របស់​រ៉ុន រីករាយ​នឹង​មិត្តភាព​យ៉ាង​ស្និទស្នាល​ជាមួយ​ប្រធាន ហ្វោស្ត និង គ្រួសា​របស់​លោក ។ លោក​មាន​ប្រសាសន៍​ថា « ប្រធាន​ហ្វោស្ត​តែង​ហៅ​ខ្ញុំ​ថា​ជា​ក្មេង​នៅ ខុតតុនវ៉ូត ដោយសារ​លោក​បាន​ជួយ​ចិញ្ចឹម​បីបាច់​ខ្ញុំ » ។

រ៉ុន​គ្មាន​ពេលវេលា​សម្រាប់​លេង​កីឡា​នៅ​សាលា​ឡើយ​កាល​គាត់​រៀន​នៅ​វិទ្យាល័យ ដោយសារ​គាត់​មាន​ការងារ​មួយ​ជាប់​ជានិច្ច ប៉ុន្តែ​គាត់​បាន​ឆ្លៀតពេល​សម្រាប់​មិត្តភាព​ដ៏​ស្មោះស្ម័គ្រ​ដែល​មាន​ជា​យូរអង្វែង​នៅក្នុង​ជីវិត​នេះ។

មិត្តភក្ដិ​កាល​នៅ​កុមារភាព​របស់​លោក​ឈ្មោះ ក្រេក ម៉ាកឃ្លារី​បាន​និយាយ​ថា « ខ្ញុំ​សរសើរ​រ៉ុន​ជានិច្ច ចំពោះ​បុគ្គលិក​លក្ខណៈ​របស់​គាត់ ប៉ុន្តែ​គាត់​មិន​ល្អ​ឥតខ្ចោះ​នោះ​ទេ » ។ គាត់​បាន​បន្ថែម​ទាំង​ញញឹម​ទៀត​ថា « ខ្ញុំ​បាន​ប្រាប់​គាត់​ថា ប្រសិន​បើ​គាត់​ឡើង​ឋានសួគ៌ នោះ​ខ្ញុំ​ក៏​នឹង​បាន​ឡើង​ឋានសួគ៌​ផងដែរ ដោយសារ​យើង​បាន​ធ្វើ​កិច្ចការ​ទាំង​នោះ​ដូច​គ្នា​ពេល​យើង​ចម្រើន​វ័យ​ធំ​ឡើង » ។

រ៉ុន​បាន​ទៅ​បម្រើ​បេសកកម្ម​នៅ​ដើម​ឆ្នាំ ១៩៧០ ប៉ុន្តែ ក្រេក​កំពុង​ពិចារណា​ពី​ការពន្យា​ពេល​ដើម្បី​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា រហូត​ដល់​រដូវ​ស្លឹក​ឈើ​ជ្រុះ​បន្ទាប់ ។ នោះ​គឺ​ជា​ពេល​ដែល​រ៉ុន​បាន​ទូរសព្ទ​ទៅ​គាត់​ពី​បេសកកម្ម​របស់​ខ្លួន ។

បងប្រុស ម៉ាកឃ្លារី​និយាយ​ថា « ខ្ញុំ​ពុំ​ដឹង​ពី​របៀប​ដែល​លោក​បាន​ទទួល​ការអនុញ្ញាត​ដើម្បី​ទូរសព្ទ​មក​ឡើយ ប៉ុន្តែ​លោក​បាន​ស្តី​ប្រដៅ​ខ្ញុំ​ចំពោះ​ការមិន​រំភើប​ចិត្ត​ក្នុងការចេញ​បេសកកម្ម​របស់​ខ្ញុំ​ភ្លាមៗ​នោះ ។ ពិត​ណាស់ ខ្ញុំ​មិន​បាន​ពន្យា​ពេល​ទេ » ។

រ៉ុន​បាន​ប្រាប់​ថា បេសកកម្ម​របស់​លោក​គឺ​ជា​បទពិសោធន៍​មួយ​យ៉ាង « អស្ចារ្យ​បំផុត » ។ លោក​និយាយ​ថា « ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ខ្ញុំ​នូវ​បទពិសោធន៍ និង ជំរុញ​សេចក្តីជំនឿ​ដ៏​អស្ចារ្យ​ជាច្រើន ។ បេសកកម្ម​របស់​ខ្ញុំ​បាន​ជះឥទ្ធិពល​យ៉ាង​ធំធេង​ចំពោះ​ជីវិត​ខាង​វិញ្ញាណ​របស់​ខ្ញុំ » ។

ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​រ៉ុន​បាន​បម្រើ​នៅក្នុង​កោះ​ប៊ើរមូដា ។ ប្រធាន​បេសកកម្ម​របស់​លោក ហារ៉ូត នីហ្វៃ វីលគីនសុន បញ្ចូន​តែ « អ្នក​ផ្សព្វផ្សាយ​សាសនា​ណា​ដែល​គោរព​ប្រតិបត្តិ​ឥត​លំអៀង » ទៅ​ទីនោះ ដោយសារ​គាត់​អាច​ទៅ​ជួប​ពួកគេ​យូរៗ​ម្តង​តែ​ប៉ុណ្ណោះ ។

រ៉ុន​និយាយ​ថា « យើង​នៅ​តែ​ឯង ប៉ុន្តែ​ប្រធាន​បេសកកម្ម​ពុំ​មាន​ការព្រួយ​បារម្ភ​អំពី​យើង​ឡើយ ។ យើង​បាន​បំពេញ​កាតព្វកិច្ច​របស់​យើង » ។

« យុវនារី​ដ៏​មាន​ឧត្តមគតិ » នៃ​ក្លឹប​ឌែលតា ហ្វី

បន្ទាប់​ពី​ចប់​បេសកកម្ម​របស់​ខ្លួន​នៅ​ឆ្នាំ ១៩៧២ នោះ​រ៉ុន​រក​បាន​ការងារ​មួយ ហើយ​បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​យូថាហ៍​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នោះហើយ​បាន​ចូលរួម​ក្នុង​ក្លឹប ឌែលតា ហ្វី កាប៉ា ក្លឹប​មហា​វិទ្យាល័យ​សម្រាប់​អ្នក​ត្រឡប់​ពី​បេសកកម្ម​វិញ ។ នៅក្នុង​សកម្មភាព​សង្គម​នៃ​ក្លឹប​មហា​វិទ្យាល័យ​នោះ គាត់​កត់សម្គាល់​ឃើញ​យុវនារី​ដ៏​ស្រស់​ម្នាក់​ដែល​មាន​ឈ្មោះ​ថា មេឡានី ធ្វីឆែល ។ មេឡានី​គឺ​ជា « យុវនារី​ដ៏​មាន​ឧត្តមគតិ » ម្នាក់​នៅក្នុង​ក្លឹប​ឌែលតា ហ្វី ដែល​បាន​ជួយ​ដល់​សកម្មភាព​បម្រើ​នានា​របស់​ក្លឹប​មហា​វិទ្យាល័យ ។

មេឡានី​ក៏​ដូច​ជា​រ៉ុន​ផងដែរ​គឺ​ជា​កូន​ដែល​កើត​មក​ពី​ក្រុមគ្រួសារ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ឪពុក​របស់​គាត់​គឺ​ជា​មេបញ្ជាការ​ទាហាន ហើយ​ម្តាយ​របស់​គាត់​ពុំ​ដែល​ឲ្យ​ការប្តូរ​ទីលំនៅ​ជា​ញឹកញាប់​របស់​គ្រួសារ​ខ្លួន ក្លាយ​ជា​ការដោះសារ​ចំពោះ​ការខកខាន​ទៅ​ព្រះវិហារ​ឡើយ ។

មេឡានី​បាន​មាន​ចិត្ត​រំភើប​ចំពោះ​សេចក្តីសប្បុរស សុជីវធម៌ និង ចំណេះ​ដឹង​អំពី​ដំណឹង​ល្អ​របស់​រ៉ុន​ខ្លាំង​ណាស់ ។ « ខ្ញុំ​បាន​និយាយ​ប្រាប់​ខ្លួន​ឯង​ថា ‹ លោក​គឺ​ជា​បុរស​ដ៏​អស្ចារ្យ​ម្នាក់ ហើយ​វា​គ្មាន​បញ្ហា​ទេ ប្រសិន​បើ​ខ្ញុំ​មិន​មាន​ឱកាស​ដើរ​លេង​ជា​គូ​ជាមួយ​លោក​នោះ ។ ខ្ញុំ​គ្រាន់តែ​ចង់​ធ្វើ​ជា​មិត្ត​ជិតស្និទ​របស់​លោក​ប៉ុណ្ណោះ › » ។

នៅពេល​ទំនាក់ទំនង​របស់​ពួកគេ​រីកចម្រើន នោះ​ព្រះវិញ្ញាណ​បាន​បញ្ជាក់​ក្នុង​អារម្មណ៍​របស់​នាង​អំពី​រ៉ុន និង ការប្តេជ្ញាចិត្ត​របស់​លោក​ចំពោះ​ព្រះអម្ចាស់ ។ មិន​យូរ​ប៉ុន្មាន មិត្តភាព​របស់​ពួកគេ​បាន​ក្លាយ​ទៅ​ជា​ស្នេហា​ដែល​មេឡានី​ហៅ​ថា « ដំណើរ​រឿង​ស្នេហា​ដ៏​អណ្តែតអណ្តូង » ។

អែលឌើរ រ៉ាស​បាន​មាន​ប្រសាសន៍​ថា​នាង​គឺ​ជា​ដៃគូ​ដ៏​ល្អ​ឥតខ្ចោះ ។ « មេឡានី​មាន​ភក្តីភាព និង មរតក​នៅក្នុង​ដំណឹង​ល្អ​ដូច​ជា​ខ្ញុំ​ផងដែរ ។ យើង​បាន​ក្លាយ​ជា​មិត្តិភក្តិ​ជិតស្និទ​នឹង​គ្នា ហើយ​នោះ​គឺ​ជា​ពេល​ដែល​ខ្ញុំ​បាន​សុំ​នាង​រៀបការ » ។

រូបភាព
Rasbands wedding day

ពួកគេ​បាន​រៀបការ​នៅ​ថ្ងៃ​ទី ៤ ខែ កញ្ញា ឆ្នាំ ១៩៧៣ ក្នុង​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក ។ លោក​មាន​ប្រសាសន៍​ថា « ចាប់តាំង​ពី​នោះ​មក​លោក​បាន​មាន​ដៃគូ​ដ៏​អស់កល្ប​ដែល​មិន​គិត​ពី​ខ្លួន​ឯង…​បាន​ជួយ​ខ្ញុំ​ឲ្យ​ប្រែ​កាន់តែ​ដូចជា​សិស្ស​របស់​ព្រះយេស៊ូគ្រីស្ទ ។ ក្ដីស្រឡាញ់ និង ការបម្រើ​របស់​នាង និង កូនៗ​៥​នាក់​របស់​យើង ព្រមទាំង​ភរិយា និង ស្វាមី​របស់​ពួកគេ និង ចៅៗ​ទាំង​២៤​នាក់​របស់​យើង គាំទ្រ​ដល់​ខ្ញុំ » ។

« តោះ​យើង​ទៅ »

អំឡុង​ពេល​កំពុង​បម្រើ​ជា​ប្រធាន​កូរ៉ុម​អែលឌើរ​នៅក្នុង​វួដ​នៃ​និស្សិត​ដែល​បាន​រៀបការ​រួច​របស់​លោក នោះ​រ៉ុន​បាន​ស្គាល់ ចូន ហាន់ស្មែន ស៊ីញ័រ អ្នក​ផ្តល់​ដំបូន្មាន​ក្រុមប្រឹក្សា​វួដ ។ មិន​យូរ​ប៉ុន្មាន ចូន​មាន​ការកោត​សរសើរ​ចំពោះ​របៀប​ដែល​រ៉ុន​បាន​ដឹកនាំ​កូរ៉ុម ។

អែលឌើរ ហាន់ស្មែន ដែល​បាន​បម្រើ​ជា​ពួក​ចិត​សិបនាក់​ប្រចាំ​តំបន់​ពី​ឆ្នាំ ១៩៩៦ ដល់ ២០១១ បាន​មាន​ប្រសាសន៍​ថា « លោក​មាន​ទេពកោសល្យ​នៃ​ភាព​ជា​អ្នក​ដឹកនាំ និង រៀបចំ​រចនាសម្ព័ន្ធ​យ៉ាង​អស្ចារ្យ ។ ខ្ញុំ​បាន​គិត​ថា​វា​មិនមែន​ជា​រឿង​ធម្មតា​ទេ ដែល​យុវជន​ម្នាក់​ដែល​នៅ​រៀន​មហាវិទ្យាល័យ​អាច​ដឹកនាំ​កូរ៉ុម​បាន​យ៉ាង​ល្អ​បែប​នោះ » ។

អស់​រយៈពេល​ជាច្រើន​ខែ ចូន​បាន​មើល​ឃើញ​ថា​រ៉ុន​បាន​ប្តូរ​ពី​ការគិត​ទៅ​ជា​សកម្មភាព នៅពេល​លោក​បំពេញ​កាតព្វកិច្ច​បព្វជិតភាព ។ នៅពេល​មាន​ការរើស​បុគ្គលិក​ជាន់​ខ្ពស់​ផ្នែក​ទីផ្សារ​នៅ​ក្រុមហ៊ុន​របស់​ចូន—ដែល​នឹង​ក្លាយ​ជា​សាជីវកម្ម​គីមី​ហាន់ស្មែន—គាត់​បាន​សម្រេច​ចិត្ត​ថា រ៉ុន​មាន​ជំនាញ​នានា​ដែល​គាត់​ចង់​បាន ហើយ​ហៅ​គាត់​ឲ្យ​ធ្វើ​ការងារ​នោះ ។ មុខងារ​នោះ​បាន​ចាប់ផ្តើម​នៅ​សប្តាហ៍​បន្ទាប់​នៅ​រដ្ឋ អូហៃអូ ស.រ.អា. ។

រ៉ុន​បាន​រំឭក​ថា « ខ្ញុំ​បាន​ប្រាប់​មេឡានី​ថា ‹ បង​នឹង​មិន​ឈប់​រៀន ហើយ​ផ្លាស់ទីលំនៅ​ឡើយ › ។ បង​ខិតខំ​ពេញ​មួយ​ជីវិត​របស់​បង​ដើម្បី​បញ្ចប់​ការសិក្សា​ពី​មហា​វិទ្យាល័យ ហើយ​នៅទីបំផុត​បង​ជិត​បាន​សម្រេច​គោលដៅ​ហើយ » ។

មេឡានី​បាន​រំឭក​រ៉ុន​ថា ការស្វែងរក​ការងារ​ល្អ​នេះ​ហើយ​គឺ​ជា​មូលហេតុ​ដែល​លោក​ត្រូវសិក្សា ។

នាង​បាន​សួរ​ថា « តើ​បង​បារម្ភ​ពី​រឿង​អ្វី ? អូន​ចេះ​ពី​របៀប​រៀបចំ​អីវ៉ាន់ ហើយ​ផ្លាស់ទីលំនៅ ។ អូន​បាន​ធ្វើ​វា​ពេញ​មួយ​ជីវិត​របស់​អូន​ហើយ ។ អូន​នឹង​អនុញ្ញាត​ឲ្យ​បង​ទូរសព្ទ​ទៅ​ម្តាយ​របស់​បង​រាល់​យប់ ។ តោះ​យើង​ទៅ » ។

រូបភាព
Elder Rasband with Jon Huntsman Sr

ចូន មាន​ទំនុកចិត្ត​លើ​រ៉ុន គឺ​ជា​រឿង​ត្រឹមត្រូវ​ណាស់ ។ ក្រោម​ការគ្រប់គ្រង​របស់​ចូន នោះ​រ៉ុន​បាន​រីកចម្រើន​យ៉ាង​លឿន​នៅក្នុង​ក្រុមហ៊ុន ក្លាយ​ជា​ប្រធាន​ក្រុមហ៊ុន និង ជា​ប្រធាន​ប្រតិបត្តិ​នៅក្នុង​ឆ្នាំ ១៩៨៦ ។ លោក​បាន​ធ្វើ​ដំណើរ​ជា​ច្រើន​កន្លែង​ដើម្បី​បំពេញ​ការងារ​ក្រុមហ៊ុន—ទាំង​ក្នុង និង ក្រៅស្រុក ។ បើ​ទោះបី​ជា​មាន​កាលវិភាគ​រវល់​ក្តី រ៉ុន​បាន​ព្យាយាម​មក​ផ្ទះ​វិញ​ចុង​សប្តាហ៍ ។ ហើយ​នៅពេល​លោក​ធ្វើ​ដំណើរ យូរៗ​ម្តង​លោក​បាន​យក​សមាជិក​គ្រួសារ​ខ្លួន​ទៅ​ជាមួយ​លោក ។

មេឡានី និយាយ​ថា « នៅពេល​លោក​នៅ​ផ្ទះ លោក​ពិតជា​ធ្វើ​ឲ្យ​កូនៗ​មាន​អារម្មណ៍​យ៉ាង​ពិសេស និង ពេញ​ដោយ​ក្តី​ស្រឡាញ់ » ។ លោក​បាន​ចូលរួម​សកម្មភាព​នានា និង កម្មវិធី​កីឡា​របស់​កូនៗ​តាម​ពេលវេលា​ដែល​អំណោយ​ផល​ឲ្យ ។ ជេនេសា ម៉ាកហ្វើសុន ជា​កូនស្រី​ម្នាក់​ក្នុង​ចំណោម​កូន​បួន​នាក់ របស់​គូស្វាមីភរិយា​មួយ​គូ​នេះ បាន​និយាយ​ថា កាតព្វកិច្ច​សាសនា​នៅ​ថ្ងៃ​អាទិត្យ​របស់​ឪពុក​នាង គឺ​ត្រូវ​អង្គុយ​បែក​ពី​ក្រុមគ្រួសារ​អំឡុង​ពេល​ប្រជុំ​សាសនាចក្រ​ជានិច្ច ។

នាង​និយាយ​ថា « យើង​នឹង​ដណ្តើម​គ្នា​អង្គុយ​ក្បែរ​លោក​នៅ​ព្រះវិហារ ព្រោះ​លោក​កម្រ​មាន​វត្តមាន​នៅ​ទីនោះ​ណាស់ ។ ខ្ញុំ​ចាំ​ពេល​ខ្ញុំ​ចាប់​ដៃ​លោក ហើយ​គិត​ខ្លួន​ខ្ញុំ​ថា ‹ ប្រសិនបើ​ខ្ញុំ​អាច​រៀន​ប្រែក្លាយ​ដូច​ជា​លោក នោះ​ខ្ញុំនឹង​នៅលើ​ផ្លូវ​ត្រឹមត្រូវ ហើយ​នឹង​ប្រែក្លាយ​កាន់តែ​ដូច​ជា​ព្រះអង្គសង្គ្រោះ › ។ លោក​គឺ​ជា​វីរបុរស​របស់​ខ្ញុំ​ជានិច្ច » ។

រូបភាព
Rasband family

គ្រីស្ទាន​កូនប្រុស​របស់​គូស្វាមី​ភរិយា​នេះ រំឭក​ពី​អនុស្សាវរីយ៍​នៃ « ពេលវេលា​របស់​ឪពុក និង កូនប្រុស » ។ គាត់​និយាយ​ថា មិត្តភាព​ជាមួយ​អ្នក​ដទៃ​ជា​រឿង​បណ្តោះអាសន្ន ព្រោះ​គ្រួសារ​ពួក​យើង​ឧស្សាហ៍​ប្តូរ​ទី​លំនៅ « ប៉ុន្តែ​ឪពុក​របស់​ខ្ញុំ​គឺ​ជា​មិត្តភក្តិ​ដ៏​ជិតស្និទ្ធ​របស់​ខ្ញុំ​ជានិច្ច »—ទោះបី​ពេលខ្លះ​គាត់​គឺ​ជា​គូប្រកួតប្រជែង​ម្នាក់​ក្តី ។

មិន​ថា​ការស៊ុត​បាល់​បោះ​ជាមួយ​គ្រីស្ទាន​ការលេងល្បែង​កម្សាន្ត​ជាមួយ​កូនស្រី​គាត់ ឬ ស្ទូចត្រី​ជាមួយ​គ្រួសារ និង មិត្តភក្ដិ​របស់​ខ្លួន​ឡើយ រ៉ុន​តែងតែ​ឈ្នះ ។

គ្រីស្ទាន​និយាយ​ថា « អំឡុង​ពេល​យើង​ធំឡើង គឺ​គាត់​ពុំ​អនុញ្ញាត ឲ្យ​នរណា​ម្នាក់ ឈ្នះ​គាត់​ឡើយ ។ យើង​ត្រូវតែ​ប្រឹងប្រែង​ដើម្បី​ទទួល​ជ័យជំនះ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​យើង​កាន់តែ​ប្រសើរ​ឡើង ។ ហើយ​ប្រពៃណី​នេះ​បន្ត​រហូត​ដល់​ចៅៗ​ជា​ទីស្រឡាញ់​របស់​លោក​ដែរ » ។

អស់ជា​ពេល​ជា​ច្រើន​ឆ្នាំ គ្រួសារ​របស់​រ៉ុន​អាច​ឃើញ​យ៉ាង​ច្បាស់​ពី​របៀប​ដែល​ការបម្រើ​នៅក្នុង​សាសនាចក្រ​បាន​តម្កើង​សមត្ថភាព​របស់​លោក ដើម្បី​បង្ហាញ​សេចក្តីស្រឡាញ់ និង ការអាណិតអាសូរ ដើម្បី​បង្ហាញ​អារម្មណ៍​នៃ​ព្រះវិញ្ញាណ ហើយ​បំផុស​គំនិត​របស់​មនុស្ស​ដទៃ​ទៀត​ឲ្យ​ធ្វើ​កិច្ចការ​នានា​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ខ្លួន ។ បន្ទាប់​ពី​កំណើត​ចៅប្រុស​របស់​រ៉ុន និង មេឡានី ឈ្មោះ​ផាសតុន កើត​មក គ្រួសារ​នេះ​បាន​ពឹង​ផ្អែក​ទាំងស្រុង​លើ​កម្លាំង​ខាង​វិញ្ញាណ និង ការគាំទ្រ​របស់​រ៉ុន ។

ផាសតុន មាន​ជំងឺ​តំណ​ពូជ​ដ៏​កម្រ​ពី​កំណើត គាត់​ត្រូវ​រង​ការឈឺចាប់​ព្រោះ​បញ្ហា​សុខភាព​ជាច្រើន ដែល​ជា​ការ​សាកល្បង​ចំពោះ​គ្រួសារ​គាត់​ទាំង​ខាង​រូបកាយ សតិអារម្មណ៍ និង ខាង​វិញ្ញាណ ។ អែលឌើរ រ៉ាសបាន​បាន​ហៅ​ដំណើរ​ការ​នេះ បន្ទាប់​ពី​កំណើត​របស់​ផាសតុន​ថា « ជា​ការសាកល្បង​ដ៏​ពិបាក​មួយ​ដើម្បី​រៀន​មេរៀន​ពិសេសៗ ដែល​ទាក់ទង​នឹង​ភាពអស់កល្ប​របស់​ពួកគេ » ។

រូបភាព
Elder and Sister Rasband with grandson

អំឡុងពេល​បី​ឆ្នាំ​យ៉ាង​ខ្លី​នៃ​ជីវិត​របស់​ផាសតុន—ជា​ពេល​ដែល​មាន​សំណួរ​ជាច្រើន​តែ​មាន​ចម្លើយ​តិចតួច—អែលឌើរ រ៉ាសបាន​ បាន​ឈរ​ជា​បង្គោល​ខាង​វិញ្ញាណ ដោយ​ដឹកនាំ​គ្រួសារ​របស់​លោក​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះចេស្តា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ជាមួយ​នឹង​ការប្រកាស​នៃ​ការហៅ​បម្រើ​ថ្មី​របស់​លោក សមាជិក​គ្រួសារ និង មិត្តភក្ដិ​ជាច្រើន​គ្មាន​ការភ្ញាក់​ផ្អើល​ឡើយ ។ គ្រីស្ទាន​និយាយ​ថា « ពួក​យើង​ទាំងអស់​គ្នា​ដែល​ស្គាល់​លោក​ច្បាស់ បាន​លើក​ដៃ​យ៉ាង​ខ្ពស់ នៅពេល​គាត់​ត្រូវបាន​គាំទ្រ​ជា​សាវក » ។

« ទូលបង្គំ​នឹង​ទៅ​បម្រើ »

នៅក្នុង​ឆ្នាំ ១៩៩៦ ពេល​លោក​មាន​អាយុ ៤៥​ឆ្នាំ ជា​ពេល​ដែល​រ៉ុន​មាន​ភាពជោគជ័យ​ក្នុង​វិជ្ជាជីវៈ នោះ​គាត់​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​ប្រធាន​បេសកកម្ម​នៃ​បេសកកម្ម នូវ យ៉ោក នូវយ៉ោក ខាង​ជើង ។ ដូច​ជា​ពួកសាវក​ពី​បុរាណ​ដែរ លោក « បាន​ទុក​សំណាញ់ [ របស់​គាត់ ] ចោល » (ម៉ាថាយ ៤:២០) ។

អែលឌើរ រ៉ាសបាន​មាន​ប្រសាសន៍​ថា « ការទទួល​យក​ការហៅ​បម្រើ​គឺ​គ្រាន់តែ​មួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ » ។ លោក​បាន​មាន​ប្រសាសន៍​ទៅកាន់​ព្រះអម្ចាស់​ថា « ព្រះអម្ចាស់​ចង់​ឲ្យ​ទូលបង្គំ​ទៅ​បម្រើ នោះ​ទូល​បង្គំ​នឹង​ទៅ​បម្រើ » ។

អំឡុងពេល​បម្រើ​រ៉ុន​បាន​ប្រើ​មេរៀន​ដ៏​អស្ចារ្យ​ដែល​លោក​បាន​រៀន​ពី​បទពិសោធន៍​នៃ​វិជ្ជាជីវៈ​របស់​លោក​គឺ ៖ « មនុស្ស​មាន​សារៈសំខាន់​ជាង​អ្វីៗ​ផ្សេង​ទៀត » ។ ជាមួយ​នឹង​ចំណេះដឹង​នោះ ព្រមទាំង​ទេពកោសល្យ​ដែល​លោក​បាន​អភិវឌ្ឍ នោះ​លោក​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចាប់ផ្តើម​បម្រើ​ពេញ​ម៉ោង​នៅក្នុង​នគរ​របស់​ព្រះអម្ចាស់ ។

រូបភាព
Elder Rasband as mission president in New York

រ៉ុន និង មេឡានី​បាន​បម្រើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​នៅក្នុង​ទីក្រុង នូវ យ៉ោក​ដោយ​មាន​ទាំង​ឧបសគ្គ និង ក្តី​រំភើប ។ បន្ទាប់​មក រ៉ុន​បាន​ផ្ទេរ​ទំនួលខុសត្រូវ​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា—បំផុស​ឲ្យ​ពួកគេ​មាន​ភក្តីភាព និង ការ​បង្រៀន ស្ថាបនា និង លើក​ស្ទួយ​ពួកគេ​ក្នុង​កិច្ចការ​នោះ ។

នៅក្នុង​ឆ្នាំ ២០០០ ប្រាំបី​ខែ​បន្ទាប់​ពី​រ៉ុន និង មេឡានី​បាន​បញ្ចប់​បេសកកម្ម​របស់​ពួកគេ នោះរ៉ុន​ត្រូវបាន​ហៅ​បម្រើ​ជា​ពួក​ចិតសិបនាក់ ដែល​លោក​មាន​ការរៀបចំ បទពិសោធន៍ និង ទេពកោសល្យ​ជា​ច្រើន​ដែល​បាន​ប្រទាន​ពរ​ដល់​សាសនាចក្រ ។ ក្នុង​នាម​ជា​សមាជិក​នៃ​ពួកចិតសិប​នាក់ នោះ​លោក​បាន​បម្រើ​ជា​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​តំបន់​អើរ៉ុប​កណ្តាល ដោយ​ជួយ​គ្រប់គ្រង​ប្រទេស​ទាំង ៣៩ ។ ទោះបី​ជា​លោក​បាន​ចប់​ពី​មហាវិទ្យាល័យ​ជាង ៤០​ឆ្នាំ​ក្តី លោក​នៅតែ​បន្ត​ធ្វើ​ជា​សិស្ស​ដ៏​ឧស្សាហ៍ ស្វាគមន៍​ដល់​ការបង្ហាត់​បង្រៀន​ជាបន្ត​បន្ទាប់​ពី​ពួក​បងប្អូន​ប្រុស​ច្បង នៅពេល​លោក​បានគ្រប់គ្រង​តំបន់​ខាង​លិច​នៃ​អាមេរិក​ខាង​ជើង​ភាគ​ពាយព្យ និង តំបន់​ទាំងបី​នៅ​យូថាហ៍ លោក​បាន​បម្រើ​ជា​នាយក​ប្រតិបត្តិ​នៃ ការិយាល័យ​ព្រះវិហារ​បរិសុទ្ធ ហើយ​បាន​បម្រើ​នៅក្នុង​គណៈប្រធាន​នៃ​ពួកចិតសិប ដោយ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ពួក​ដប់ពីរនាក់ ។

ថ្មីៗ​នេះ អែលឌើរ រ៉ាសបាន​បាន​ថ្លែង​ថា « វា​ជា​កិត្តិយស និង ឯកសិទ្ធិ​ដ៏​អស្ចារ្យ​អ្វីម៉្លេះសម្រាប់​ខ្ញុំ ដើម្បី​ធ្វើ​ជា​មនុស្ស​ដ៏​តូច​បំផុត​នៅក្នុង​ចំណោម​ពួក​ដប់ពីរនាក់ ហើយ​រៀន​ពី​ពួកលោក​គ្រប់​ជំហាន និង គ្រប់​ឱកាស​ទាំងអស់ » ។

« អ្វី​ដែល​ពួក​លោក​បាន​ដឹង នោះ​ខ្ញុំ​ដឹង »

រូបភាព
two paintings

ខាងឆ្វេង​ខាងលើ​បំផុត ៖ រូបថត​ដោយ វីនឌី ឃីល័រ ខាងស្តាំ ៖ អ្នក​ផ្សព្វផ្សាយ​សាសនា​មរមន​អ្នក​ផ្សព្វផ្សាយ​សាសនា​ជំនាន់​មុន​នៅក្នុង​ប្រទេស​ដាណឺម៉ាក ដោយ អាណុល ហ្វ្រីបើក ( ដោយ​យោងតាម​គំនូរ​ដោយ គ្រីស្ទីន ដាសហ្គាដ ឆ្នាំ ១៨៥៦ ) ដាន ចូនស៍ ព្រមាន​ដល់​ទីក្រុង វេល ដោយ ខ្លាក ឃេលី ផ្រៃ

មាន​គំនូរ​ពីរ​ផ្ទាំង​ព្យួរ​នៅ​ជញ្ជាំង​នៃ​ការិយាល័យ​របស់​អែលឌើរ រ៉ាសបាន ។ គំនូរ​មួយ​គឺ​អំពី​អ្នក​ផ្សព្វផ្សាយ​សាសនា​នៃ​ពួក​មរមន​បង្រៀន​គ្រួសារ​មួយ​នៅ​ប្រទេស​ដាណឺម៉ាក​នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៨៥០ ។ គំនូរ​ទីពីរ​គឺ​អំពី​អ្នក​ផ្សព្វផ្សាយ​សាសនា​ជំនាន់​មុន​ឈ្មោះ ដាន​ ចូនស៍ ផ្សព្វផ្សាយ​ឈរ​នៅលើ​អណ្តូង​ទឹក​នៅលើ​កោះនៃ​ចក្រភព​អង់គ្លេស ។ រូបគំនូរ ( ខាងស្តាំ​ខាងលើ ) រំឭក​អែលឌើរ រ៉ាសបាន អំពី​បុព្វការីជន​របស់​លោក​ផ្ទាល់ ។

លោក​បាន​ថ្លែងទីបន្ទាល់​ថា « អ្នក​ត្រួសត្រាយ​ទាំងនេះ​បាន​លះបង់​អ្វីៗ​ទាំងអស់ សម្រាប់​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​បន្សល់​ទុក​នូវ​កេរដំណែល​សម្រាប់​កូនចៅ​របស់​ពួកគាត់​ឲ្យ​ដើរ​តាម » ។ អ្វី​ដែល​ជំរុញ​ឲ្យ​បុព្វការីជន​របស់​អែលឌើរ រ៉ាសបាន​បន្ត​ឆ្ពោះ​ទៅមុខ​ទោះ​មាន​ទុក្ខលំបាក​វេទនា និង ការបៀតបៀន និង អ្វី​ដែល​ធ្វើ​ឲ្យ​លោក​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ចំពោះ​ការហៅ​បម្រើ​ថ្មី​របស់​លោក ៖ គឺ​ចំណេះដឹង និង សាក្សី​ដ៏​ពិត​របស់​ព្រះអម្ចាស់ និង កិច្ចការ​របស់​ទ្រង់ ។

លោក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​រៀន​នៅក្នុង​ការហៅបម្រើ​ថ្មី​របស់​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​រាបទាប​ណាស់​ចំពោះ​ការបម្រើ​នេះ ។ ប៉ុន្តែ​លក្ខណៈ​ពិសេស​មួយ​នៃ​ការហៅ​បម្រើ​របស់​ខ្ញុំ​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ។ គឺ​ខ្ញុំ​អាច​ថ្លែង​ទីបន្ទាល់​អំពី​ព្រះនាម​នៃ​ព្រះគ្រីស្ទ នៅ​ទូទាំង​ពិភព​លោក › (គ. និង ស. ១០៧:២៣) ។ ទ្រង់​មាន​ព្រះជន្ម​រស់ ! »

ក្នុង​នាម​ជា​ចៅទួត​នៃ​ពួក​អ្នក​ត្រួសត្រាយ នោះ​លោក​បន្ថែម​ថា ៖ « អ្វី​ដែល​ពួកលោក​បាន​ទទួល​អារម្មណ៍ នោះ​ខ្ញុំ​ក៏​បាន​ទទួល​អារម្មណ៍​នោះ​ផងដែរ ។ អ្វី​ដែល​ពួកលោក​បាន​ដឹង នោះ​ខ្ញុំ​ក៏​បាន​ដឹង » ។

ហើយ​អ្វី​ដែល​ពួកគេ​បាន​រំពឹង​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​ពួកគេ​គឺ​បាន​សម្តែង​ឲ្យ​ឃើញ​នៅក្នុង​ជីវិត ការបង្រៀន និង ការបម្រើ​របស់​អែលឌើរ រ៉ូណល អេ រ៉ាសបាន ដែល​កំពុង​ធ្វើ​តាម​គំរូ​របស់​ពួកគេ និង គោរព​កេរដំណែល​របស់​ពួកគេ នៅពេល​លោក​បាន​បោះ​ជំហាន​ឆ្ពោះទៅ​មុខ ក្នុង​នាម​ជា​សាក្សី​ពិសេស​ម្នាក់​របស់​ព្រះអម្ចាស់ ។

កំណត់​ចំណាំ

  1. រ៉ូណល អេ រ៉ាសបាន « I Stand All Amazed » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៨៩ ។

  2. រ៉ូណល អេ រ៉ាសបាន « Friend to Friend: Golden Nuggets » Friend ខែ តុលា ឆ្នាំ ២០០២ ទំព័រ ៨ ។

  3. រ៉ូណល អេ រ៉ាសបាន « I Stand All Amazed » ទំព័រ ៨៩ ។

  4. រ៉ូណល អេ រ៉ាសបាន « Special Lessons » Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៨០ ។

  5. រ៉ូណល អេ រ៉ាសបាន សន្និសីទ​សារព័ត៌មាន ថ្ងៃ​ទី ៣ ខែ តុលា ឆ្នាំ ២០១៥ ។

  6. រ៉ូណល អេ រ៉ាសបាន testimony, Priesthood និង Family Department devotional ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៥ ។

  7. រ៉ូណល អេ រ៉ាសបាន « I Stand All Amazed » ទំព័រ ៨៩ ។

  8. រ៉ូណល អេ រ៉ាសបាន ទីបន្ទាល់ ។

  9. រ៉ូណល អេ រ៉ាសបាន Pioneer Day address, Tabernacle ទីក្រុង សលត៍ លេក ថ្ងៃ​ទី ២៤ ខែ កក្កដា ឆ្នាំ ២០០៧ ។