២០១៦
តើ​យល់​សេចក្តី​ណែនាំ​ឬ​ទេ
April 2016


ការគិត​ពិចារណា

តើ​យល់​សេចក្តី​ណែនាំ​ឬ​ទេ ?

អ្នក​និពន្ធ​ដែល​បាន​រស់នៅ​ក្នុង​រដ្ឋ ខូឡូរ៉ាដូ ស. រ. អា. បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​មុន ។

ការធ្វើ​ដំណើរ​ដោយ​ជិះ​កង់ ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​អំពី​តម្រូវការ​ដើម្បី​ត្រួតពិនិត្យ​យ៉ាង​ជាប់លាប់​លើ​ផែនទី​នៃ​ដំណើរ​ជីវិត​របស់​យើង​លើ​មាគ៌ា​របស់​ព្រះអម្ចាស់ ។

រូបភាព
bike riding through France

ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ហើយ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ដោយ​ជិះកង់​នៅ​ក្នុង​ប្រទេស​បារាំង​ជាមួយ​បងស្រី​របស់​ខ្ញុំ គឺ​បងស្រី​ថ្លៃ និង កូន​ស្រី​របស់​គាត់ ។ រៀងរាល់​ព្រឹក​យើង​បាន​ទទួល​សេចក្តីណែនាំ​លម្អិត​បី​សន្លឹក ប្រសិន​បើ​ធ្វើ​តាម​ដោយ​ហ្មត់ចត់ នោះ​នឹង​នាំ​យើង​ឲ្យ​ទៅ​ដល់​គោលដៅ​របស់​យើង​នៅ​ថ្ងៃ​នោះ ។ ខណៈ​ដែល​យើង​កំពុង​ជិះ​កង់​កាត់​ចម្ការ​ទំពាំង​បាយ​ជូរ នោះ​សេចក្តីណែនាំ​ហាក់​ដូចជាបង្គាប់​ប្រាប់​យើង​ឲ្យ « ទៅ​ចំណាយ ៥០ ម៉ែត្រ ភាគ​ខាង​ជើង បន្ទាប់​មក​បត់​ឆ្វេង ហើយ​ទៅ​ចម្ងាយ ១០០ ម៉ែត្រ​ទៀត » ។ ជា​រឿយៗ សេចក្តីណែនាំ​ប្រាប់​យើង​ពី​ឈ្មោះ​ស្លាក​សញ្ញា និង ផ្លូវ ។

នា​ព្រឹក​មួយ យើង​បាន​ជិះ​កង់​តាម​ផ្លូវ​ដ៏​គួរឲ្យ​ទាក់ទាញ​មួយ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​យើង​បាន​ដឹង​ថា សេចក្តីណែនាំ​របស់​យើង​នោះ​ពុំ​ត្រូវ​នឹង​តំបន់​នោះ​ឡើយ ។ ភ្លាម​នោះ​យើង​បាន​វង្វេង​ផ្លូវ ហើយ​យើង​បាន​សម្រេច​ចិត្ត​ដើម្បី​ត្រឡប់​ទៅកាន់​កន្លែង​ចាស់​ដែល​យើង​ស្គាល់ ជា​កន្លែង​ដែល​យើង​នៅ​លើ​ផ្លូវ​ត្រូវ​វិញ ដើម្បី​មើល​ថា​យើង​អាច​ទៅ​ផ្លូវ​ណា​មួយ ។

ពិតណាស់ នៅពេល​យើង​ទៅដល់​ទីនោះ យើង​បាន​ឃើញ​ស្លាក​សញ្ញា​ផ្លូវ​តូច​មួយ ដែល​បាន​សរសេរ​នៅក្នុង​សេចក្តីណែនាំ​របស់​យើង ដែល​យើង​ពុំ​បាន​ចាប់​អារម្មណ៍​មើល​វា​សោះ ។ មិនយូរ​ប៉ុន្មាន​យើង​បាន​នៅ​លើ​ផ្លូវ​របស់​យើង​ម្តង​ទៀត ហើយ​ជិះកង់​តាម​សេចក្តី​ណែនាំ​នោះ ដែល​ធ្វើ​ឲ្យ​យើង​យល់​ឥតខ្ចោះ​តែម្ដង ។

បទពិសោធន៍​នេះ​បាន​ក្លាយ​ជា​រឿង​ប្រៀបប្រដូច ទៅ​នឹង​ចម្លើយ​ចំពោះ​សំណួរ​ដ៏​លំបាក​មួយ​ដែល​ខ្ញុំ​មាន ៖ ហេតុអ្វី​នៅពេល​មនុស្ស​ម្នាក់​ធ្លាប់​មាន​ទីបន្ទាល់​អំពី​ដំណឹង​ល្អ​រួចហើយ ថា​គាត់​នឹង​រវាត​ចិត្ត​ចេញ​ទៅ​វិញ ? វា​បាន​ប្រែ​ជា​ច្បាស់​ចំពោះ​ខ្ញុំ​ថា នៅពេល​យើង​បែរ​ទៅ​ផ្លូវ​ខុស ( អំពើ​បាប ) ឬ ពុំ​ធ្វើ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ នោះ​សេចក្តីណែនាំ ( ព្រះ​បន្ទូល​នៃ​ព្រះ ) នឹង​ពុំ​មាន​ន័យ​អ្វី​ឡើយ ។ ផែន​ទី ដែល​យើង​មាន ពុំ​ត្រូវ​នឹង​តំបន់​ដែល​យើង​នៅ​ឡើយ ។ ប្រសិន​បើ​យើង​ពុំ​បាន​វង្វេង​ចេញ​ឆ្ងាយ នោះ​យើង​អាច​ស្គាល់​ថា​កំហុស​គឺ​ជា​របស់​យើង ហើយ​ថា​យើង​ត្រូវតែ​ត្រឡប់​មក​វិញ ( ប្រែចិត្ត ) ឬ តាំង​ចិត្ត​ជាថ្មី​ដើម្បី​រស់នៅ​តាម​អ្វី​ដែល​ព្រះ​បាន​បញ្ជា ទៅ​កាន់​កន្លែង​ណា​ដែល​យើង​ដឹង​ថា យើង​កំពុង​ដើរតាម​ផ្លូវ​ត្រឹមត្រូវ ។

ជារឿយៗ​នៅពេល​សេចក្តី​ណែនាំ​នោះ​ពុំ​ត្រូវ​នឹង​កន្លែង​ដែល​យើង​នៅ នោះ​យើង​សង្ស័យ​ពី​សេចក្តី​ណែនាំ​នោះ ។ ជំនួស​ឲ្យ​ការត្រឡប់​ក្រោយ​វិញ យើង​បែរ​ជា​ស្តី​បន្ទោស​លើ​សេចក្តីណែនាំ​នោះ ហើយ​ក្រោយមក​បដិសេធ​វា​តែ​ម្តង ។ នៅទីបំផុត ដោយ​បាន​បោះបង់​ចោល​នូវ​ទស្សនវិស័យ​នៃ​គោលដៅ​របស់​យើង នោះ​យើង​បាន​វង្វេង​រសាត់​អណ្តែត​លើ​ផ្លូវ​នានា​ដែល​ហាក់បី​ដូច​ជា បណ្ដោះ​អាសន្ន ដែល​ទាក់ទាញ​អារម្មណ៍​យ៉ាង​ខ្លាំង ប៉ុន្តែ​នឹង​មិន​នាំ​យើង​ទៅ​កន្លែង​ណា​ដែល​យើង​ចង់​ទៅ​នោះ​ឡើយ ។

រៀងរាល់​ថ្ងៃ​យើង​មាន​ឱកាស​សិក្សា​ព្រះគម្ពីរ ។ ហើយ​រៀងរាល់​ប្រាំមួយ​ខែ យើង​មាន​ឱកាស​ដើម្បី​ស្តាប់​សន្និសីទ​ទូទៅ​នៃ​សាសនាចក្រ ។ តើ​ពេលវេលា​ទាំង​នេះ មិនមែន​ជា​ពេល​ដែល​យើង​អាច​ពិនិត្យ​មើល​ផែនទី​នៃ​ផ្លូវ​របស់​យើង ហើយ​ប្រាកដ​ថា​យើង​កំពុង​នៅ​លើ​ផ្លូវ​ដែល​យើង​ត្រូវ​តែ​ទៅ​ទេ​ឬ​អី ? នា​គ្រា​មួយ នៅពេល​ខ្ញុំ​បាន​ស្តាប់​សន្និសីទ ជាមួយ​នឹង​ភាព​មិន​ឥតខ្ចោះ​របស់​យើង នោះ ខ្ញុំ​មាន​អារម្មណ៍​ថា យើង​អាច​ដឹង​ថា យើង​កំពុង​នៅ​លើ​ផ្លូវ​ត្រូវ ប្រសិន​បើ​សេចក្តីណែនាំ​ទាំង​នេះ​កំពុង​ធ្វើ​ឲ្យ​យើង​យល់​យ៉ាង​ខ្លាំង ។

ប្រសិនបើ​នៅពេល​ធ្វើ​តាម​សេចក្តីណែនាំ​ត្រឹមត្រូវ នឹង​នាំ​យើង​ទៅ​ដល់​គោលដៅ​នៅក្នុង​ជីវិត​នេះ នោះ​ការសិក្សា​ព្រះគម្ពីរ និង ការស្តាប់​តាម​ដំបូន្មាន​របស់​ព្យាការី​នៅរស់ អនុញ្ញាត​ឲ្យ​យើង​ពិនិត្យ​មើល​ដំណើរ​ជីវិត​របស់​យើង ហើយ​កែតម្រូវ​វា ប្រសិន​បើ​វា​ត្រូវ​កែ​តម្រូវ ហើយ​នៅ​ទីបំផុត​យើង​នឹង​មក​ដល់​ផ្ទះ​សេឡេស្ទាល​របស់​យើង ។ ◼