២០១៦
ខ្ញុំ​ត្រូវ​បាន​គេ​ចំអក​ឲ្យ​នៅ​សាលារៀន ដោយ​សារ​ខ្ញុំ​ជា​ពួក​អិល.ឌី.អេស. ។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​ត្រូវ​ការពារ​ជំនឿ​របស់​ខ្ញុំ ប៉ុន្តែ​វា​ពិត​ជា​ពិបាក​ណាស់ ! តើ​ខ្ញុំ​នឹង​មាន​ចិត្ត​ក្លាហាន​គ្រប់គ្រាន់​បាន​ដោយ​របៀប​ណា ?
April 2016


សំណួរ និង ចម្លើយ

« ខ្ញុំ​ត្រូវ​បាន​គេ​ចំអក​ឲ្យ​នៅ​សាលារៀន ដោយ​សារ​ខ្ញុំ​ជា​ពួក​អិល.ឌី.អេស. ។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​ត្រូវ​ការពារ​ជំនឿ​របស់​ខ្ញុំ ប៉ុន្តែ​វា​ពិត​ជា​ពិបាក​ណាស់ ! តើ​ខ្ញុំ​នឹង​មាន​ចិត្ត​ក្លាហាន​គ្រប់គ្រាន់​បាន​ដោយ​របៀប​ណា ?

អ្នក​គិត​ត្រូវ​ហើយ ដែល​អ្នក​ត្រូវតែ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ដោះស្រាយ​ចំពោះ​ស្ថានភាព​បែប​នេះ ។ បន្ទាប់​ពី​អ្វីៗ​ទាំងអស់ ព្រះយេស៊ូវគ្រីស្ទ​បាន​បញ្ជា​ថា « ចូរ​ក្រោក​ឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ​ប្រយោជន៍​ឲ្យ​ពន្លឺ​របស់​អ្នក​អាច​បាន​ទៅ​ជា​បមាណីយ​ដល់​សាសន៍​នានា » ( គ. និង ស. ១១៥:៥ ) ។ ប៉ុន្តែ​ការ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ឲ្យ​ពន្លឺ​របស់​អ្នក​បញ្ចាំង​ចេញ​ទៅ នោះ​ពុំ​មែន​មាន​ន័យ​ថា​ឲ្យ​អ្នក​និយាយ​ទាស់​នឹង​មនុស្ស​ដែល​ចំអក​ដល់​អ្នក​នោះ​ឡើយ ។

ហើយ​ក្នុង​ករណី​នេះ អ្នក​អាច​ឲ្យ​ការប្រឆាំង​នេះ​បំផុស​គំនិត​អ្នក​ឲ្យ​ធ្វើ​បាន​កាន់តែ​ប្រសើរ​ឡើង ។ នៅពេល​អ្នក​ខិតខំ​ពង្រឹង​ទីបន្ទាល់​របស់​អ្នក នោះ​អ្នក​អាច​បង្កើន​នូវ​ភាពក្លាហាន​មួយ​បែប ដែល​នឹង​ជួយ​អ្នក​ឲ្យ​ហ៊ាន​និយាយ ឬ បន្ត​ធ្វើ​កិច្ចការ​ដែល​ត្រឹមត្រូវ បើ​ទោះ​បី​ជា​មនុស្ស​ដទៃ​ចំអក​ដល់​អ្នក​ក៏​ដោយ ។

ការ​ត្រូវបាន​គេ​បន្តុះបង្អាប់​អាច​ជា​ការអាក់អន់​ចិត្ត ប៉ុន្តែ​សូម​ចាំ​ថា អ្នក​អាច​អធិស្ឋាន​ទូលសុំ​ឲ្យ​បាន​ពេញ​ដោយ​សេចក្តី​សប្បុរស ប្រយោជន៍​ឲ្យ​មនុស្ស​ដទៃ​អាច​មាន​អារម្មណ៍​ពី សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​អ្នក ( សូមមើល មរ៉ូណៃ ៧:៤៨ ) ។ ដោយសារ​គ្រប់​ស្ថានភាព​ទាំង​អស់​វា​ផ្សេងៗ​ពី​គ្នា នោះ​ចូរ​សុំ​នូវ​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ដឹង​ពី​របៀប​ឆ្លើយ​តប​ក្នុង​របៀប​មួយ​ដូច​ជា​ព្រះគ្រីស្ទ​នៅ​ក្នុង​ឧទាហរណ៍​និមួយៗ ។

អាស្រ័យ​លើ​ស្ថានភាព​នោះ វា​អាច​ជា​រឿង​ដ៏​ល្អ​បំផុត​ដើម្បី​និយាយ​ដោយ​ផ្ទាល់​ជា​សម្ងាត់​ជាមួយ​អស់​អ្នក​ដែល​បាន​ចំអក​ដល់​អ្នក ឬ គ្រាន់តែ​កុំ​ខ្វល់ខ្វាយ​នឹង​ពាក្យ​ឡកឡឺយ​ដែល​មិន​សមរម្យ​នោះ ដោយ​បន្ត​រស់នៅ​តាម​ជំនឿ​របស់​អ្នក ។ ប្រសិនបើ​គ្មាន​នរណា​ចាប់​អារម្មណ៍​ស្តាប់​នូវ​អ្វី​ដែល​អ្នក​និយាយ គំរូ​នៃ​សេចក្តី​សប្បុរស ការអភ័យទោស និង ភាពស្មោះសរ​របស់​អ្នក អាច​ជា​សារលិខិត​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​ផ្តល់​ឲ្យ​បាន ។

សូម​បង្ហាញ​សេចក្តី​ក្លាហាន​ពិត

អស់​អ្នក​ដែល​ចំអក​ដល់​អ្នក អាច​ពុំ​ឈប់​ដោយ​ងាយៗ​ឡើយ ដោយសារ​អ្នក​មាន​ភាព​ក្លាហាន​គ្រប់គ្រាន់​ដើម្បី​សុំ​ឲ្យ​ពួកគេ​ឈប់ ប៉ុន្តែ​ពួកគេ​អាច​ឈប់​នៅពេល​អ្នក​​បញ្ចេញ​នូវ​សេចក្តី​ក្លាហាន​របស់​ខ្លួន ដោយ​ការរស់នៅ​តាម​អ្វី​ដែល​ជា​លក្ខណៈ​របស់​ខ្លួន​អ្នក — គឺ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ មុននឹង​អ្នក​ដឹង​ពី​ការណ៍​នេះ នោះ​ព្រះវរបិតាសួគ៌​នឹង​ជួយ​អ្នក​នូវ​អ្វី​ដែល​ទ្រង់​អនុមតិ​ឲ្យ​អ្នក​ធ្វើ ដោយ​សង្ឃឹម​ថា​នឹង​បើក​ភ្នែក​របស់​ពួកគេ ចំពោះ​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​នៅក្នុង​ជីវិត​របស់​អ្នក ។

ប្រាយ យូ អាយុ ១៧ ឆ្នាំ អ៊ីម៉ូ ស្តេត ប្រទេស​នីហ្សេរីយ៉ា

ស្វែងរក​កម្លាំង​នៅក្នុង​មូលដ្ឋាន​គ្រឹះ

ការអធិស្ឋាន និង ការតម​អាហារ​គឺ​សំខាន់ ដោយសារ​កិច្ចការ​ទាំង​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ប្រឈម​មុខ​នឹង​ការនិយាយ​ចំអក កំប្លែង និង ឧបសគ្គ​នានា​នៅ​សាលារៀន គឺ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ​បាន​ជួប​នឹង​ការចំអក​ជាច្រើន​កាល​ទ្រង់​គង់​នៅ​លើ​ផែនដី​នេះ​ដែរ ។ កិច្ចការ​ទាំង​នេះ​នឹង​ជួយ​អ្នក​បង្កើន​សេចក្តីស្រឡាញ់ និង ការអត់ធ្មត់​កាន់តែ​ច្រើន​ចំពោះ​មនុស្ស​ទូទៅ ។

វ៉លធើរ ស៊ី អាយុ​១៥ ឆ្នាំ នៅ ចាអែន ប្រទេស ពេរ៉ូ

ចូរ​ទទួល​បាន​ការណែនាំ​តាមរយៈ​ការអធិស្ឋាន

អស់​កាល​ជា​យូរ​មក​ហើយ ខ្ញុំ​គឺ​ជា​សមាជិក​តែ​ម្នាក់​ឯង​គត់​នៅក្នុង​សាលា​រៀន​របស់​ខ្ញុំ ។ មិត្តភក្តិ​ជិតស្និទ្ធ​បំផុត​របស់​ខ្ញុំ​ហាក់បី​ដូចជា​យល់​ពី​ខ្ញុំ ប៉ុន្តែ​មិត្តភក្តិ​ដទៃ​ទៀត​ក្នុង​សាលា​រៀន​បាន​ចំអក​ដល់​ខ្ញុំ ។ ថ្ងៃ​មួយ​ខ្ញុំ​បាន​អធិស្ឋាន ហើយ​មាន​អារម្មណ៍​ថា ត្រូវ​ពិភាក្សា​ជាមួយ​មនុស្ស​ម្នាក់​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​ទៀត​ឲ្យ​ចំអក​ដល់​ខ្ញុំ ។ ខ្ញុំ​បាន​ពន្យល់​ថា​ខ្ញុំ​គ្មាន​អារម្មណ៍​ខឹង​នឹង​គាត់​ឡើយ ប៉ុន្តែ​ខ្ញុំ​បាន​សុំ​ឲ្យ​គាត់​ផ្តល់​នូវ​ការគោរព​ដែល​គាត់​ចង់​ធ្វើ​ចំពោះ​ខ្ញុំ​វិញ ។ បន្ទាប់​ពី​ស្តាប់​ការសន្ទនា​របស់​យើង គ្រូបង្រៀន​ម្នាក់​របស់​យើង​តែងតែ​និយាយ​គាំទ្រ​ខ្ញុំ​នៅពេល​គាត់​បាន​ឃើញ​មាន​រឿង​កើត​ឡើង ។ ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​នឹង​គង់​នៅ​ជាមួយ​អ្នក នៅ​ពេល​អ្នក​និយាយ​ជាមួយ​មនុស្ស​ទាំង​នោះ ។

ស្សានែឡា អេស អាយុ ១៤ ឆ្នាំ ផេនហ្គាសីនេន ប្រទេស​ហ្វីលីពីន

ស្ថាបនា​ទីបន្ទាល់​របស់​អ្នក

ដំបូង សូម​ទទួល​ឲ្យ​បាន​ទីបន្ទាល់​ដ៏​ពិត​មួយ​ពី​សេចក្តីពិត​ដែល​អ្នក​ចង់​ចែកចាយ​ជាមួយ​មនុស្ស​ដទៃ ។ បន្ទាប់​មក​មាន​ចិត្តស្រឡាញ់​ចំពោះ​មនុស្ស​ដែល​ចំអក​ដល់​អ្នក ហើយ​កុំ​ឈ្លោះ​ប្រកែក​ជាមួយ​ពួកគេ​ឡើយ ដោយសារ​ការឈ្លោះ​ប្រកែក​គ្នា​គឺ​ពុំ​ត្រូវ​បាន​គាំទ្រ​ដោយ​ព្រះ​ឡើយ ( សូមមើល នីហ្វៃ​ទី ៣ ១១:២៩ ) ។ អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​ព្យាយាម​ឲ្យ​មាន​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយ​អ្នក​ជានិច្ច ។ ព្រះវិញ្ញាណ​នឹង​ជួយ​អ្នក​ឲ្យ​កាន់​តែ​មាន​សេចក្តី​ស្រឡាញ់ និង​ភាព​ក្លាហាន ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ពាក្យ​សម្តី​របស់​អ្នក​ពេញ​ដោយ​អំណាច ។

ជូលី អេហ្វ អាយុ ១៩ ឆ្នាំ ហេសេ ប្រទេស​អាល្លឺម៉ង់

ចូរ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ​របស់​អ្នក

ខ្ញុំ​ធ្លាប់​មាន​ស្ថានភាព​ស្រដៀង​នេះ​ផងដែរ ។ ប្រសិន​បើ​អ្នក​មាន​សេចក្តី​ជំនឿ ហើយ​បន្ទាបខ្លួន នោះ​អ្នក​នឹង​ត្រូវបាន​ប្រទាន​ពរ​ឲ្យ​មាន​កម្លាំង និង សេចក្តី​ជំនឿ​ថា​អ្នក​ត្រូវតែ « ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា​អ្នក … ហើយ​ត្រូវ​អធិស្ឋាន​សម្រាប់​ពួកគេ » ( ម៉ាថាយ ៥:៤៤ ) ។ ខ្ញុំ​ចង់​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ស្រាវជ្រាវ​ព្រះគម្ពីរ​ដើម្បី​រក​ចម្លើយ​អំពី​របៀប​ដើម្បី​មាន​ចិត្ត​រឹងមាំ ។ សូម​អធិស្ឋាន​នៅពេល​អ្នក​មាន​អារម្មណ៍​ឯកោ​ដោយ​សេចក្តី​ជំនឿ​របស់​អ្នក ។ រ៉ូម ៨:៣១ ចែង​ថា « យើង​នឹង​ថ្លែង​ប្រាប់​ពី​សេចក្តី​ទាំង​នេះ​ថា​ដូច​ម្តេច ? ប្រសិន​បើ​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន ? » អ្នក​មាន​ព្រះ​គង់​នៅ​ខាង​អ្នក ! អ្វី​គ្រប់​យ៉ាង​គឺ​អាច​ធ្វើ​ទៅ​បាន ។

រៀ​ហ្គេន ធី អាយុ​១៥ ឆ្នាំ រដ្ឋ​យូថាយ៍ ស.រ.អា.

សូម​កុំ​ខ្លាច​ឡើយ

សូម​និយាយ​ពី​សាសនា​របស់​អ្នក​ឲ្យ​កាន់​តែ​ញឹកញាប់ ឬ ធ្វើ​កិច្ចការ​នានា​ដោយ​ចេតនា​ដើម្បី​លើក​សាសនា​របស់​យើង​ឡើង​មក​និយាយ ។ ខ្ញុំ​បាន​ស្ថិតនៅ​ក្នុង​ស្ថានភាព​ស្រដៀង​គ្នា​នេះ ហើយ​ខ្ញុំ​បាន​សរសេរ​ថា « ខ្ញុំ​ពេញ​ចិត្ត​ធ្វើ​ជា​ពួក​អិល.ឌី.អេស. » នៅលើ​កាបូប​ស្ពាយ​របស់​ខ្ញុំ ។ តាមរយៈ​ការធ្វើ​បែប​នេះ ខ្ញុំ​បាន​បើក​ឱកាស​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ច្រើន ហើយ​បង្ហាញ​មនុស្ស​ទូទៅ​ថា​ខ្ញុំ​ពុំ​ខ្លាច​ដើម្បី​ឲ្យ​ពួកគេ​ដឹង​ថា​ខ្ញុំ​ជា​ពួក​អិល.ឌី.អេស. ឡើយ ។ ទោះបី​ជា​អ្នក​ធ្វើ​អ្វី​ក៏​ដោយ សូម​កុំ​ឲ្យ​ពួកគេ​មាន​ឥទ្ធិពល​លើ​អ្នក​ឡើយ ។ សូម​អធិស្ឋាន​សម្រាប់​ពួកគេ និង សម្រាប់​ខ្លួន​ឯង​ផងដែរ ។ មិន​យូរ​ប៉ុន្មាន​អ្នក​នឹង​ឃើញ​ថា ប្រសិនបើ​អ្នក​ផ្តោត​ចិត្ត​លើ​ការសង្គ្រោះ​ដល់​ព្រលឹង​អ្នក​ដទៃ នោះ​អ្នក​នឹង​មិន​ភ័យខ្លាច​ឲ្យ​ពួកគេ​ដឹង​ពី​សេចក្តីពិត​នៃ​ដំណឹង​ល្អ​របស់​ព្រះវរបិតា​យើង​ឡើយ ។

សាវ៉ាន់​ណា ភី អាយុ​១៤ ឆ្នាំ រដ្ឋ​តិចសាស ស.រ.អា.