២០១៦
ការទទួល​ស្គាល់​ភាព​ក្លែង​បន្លំ​របស់​សាតាំង
April 2016


ការទទួល​ស្គាល់ ភាព​ក្លែង​បន្លំ​របស់​សាតាំង

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

នៅពេល​យើង​ជួប​ប្រទះ​នឹង​ការក្លែងបន្លំ​ខាង​វិញ្ញាណ នោះ​ព្រះគម្ពីរ​មរមន​អាច​ជួយ​យើង​ឲ្យ​កំណត់​ថា​អ្វី​ពិត និង អ្វី​ដែល​ក្លែងក្លាយ ។

រូបភាព
woman with money

ខ្ញុំ​បាន​ដាក់​ក្រដាស​ប្រាក់​ពីរបី​ដុល្លារ​ទៅក្នុង​កាបូប​លុយ​ខ្ញុំ​នៅ​ហាង​លក់​គ្រឿង​ទេស នៅពេល​ដែល​មាន​ក្រដាស​ប្រាក់​មួយ​សន្លឹក​ដូច​ជា​ចម្លែក ។ ខ្ញុំ​បាន​គិត​ថា​ពណ៌​បៃតង​គឺ មាន​ពណ៌​ស្រាល​ជាង​ក្រដាស​ផ្សេង​ទៀត ដូច្នោះ​ខ្ញុំ​បាន​ពិនិត្យ​មើល​យ៉ាង​ជិត​ភ្នែក ។ ក្រោយ​មក​ខ្ញុំ​បាន​កត់សម្គាល់​ឃើញ​រូប​របស់​ប្រធាន ចច វ៉ាស៊ីនតោន​ហាក់បី​ដូច​ជា​មិន​ច្បាស់​សោះ ។ សូម្បី​តែ​ក្រដាស​ទៀត​សោត​ក៏​មាន​អារម្មណ៍​ថា​ពុំ​ត្រូវ​ឡើយ ។ វា​ក្លែងក្លាយ ! ស្មៀន​នោះ​បាន​ប្តូរ​វា​យក​ក្រដាស​ប្រាក់​ពិត ហើយ​ដាក់​ក្រដាស​ប្រាក់​ក្លែងក្លាយ​នោះ​ទៅ​ក្នុង​ហាង​ម្ចាស់​នោះ​វិញ ។

ខ្ញុំ​បាន​គិត​យ៉ាង​ច្រើន​អំពី​ក្រដាស​ប្រាក់​ក្លែងក្លាយ​នោះ​តាំង​ពី​នោះ​មក ។ ខ្ញុំ​ឆ្ងល់​ថា​មិន​ដឹង​ជា​ក្រដាស​ប្រាក់​នេះ​បាន​ដំណើរការ​យូរ​ប៉ុន្មាន​មក​ហើយ​ទេ ហើយ​មិន​ដឹង​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ត្រូវ​បាន​បោក​បញ្ឆោត​អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ ។ តាម​ពិត​ទៅ ដោយ​ខ្ញុំ​ពុំ​បាន​យក​ចិត្ត​ទុកដាក់ ខ្ញុំ​ក៏​ប្រហែល​ជា​ត្រូវ​បាន​បោក​បញ្ឆោត​ផងដែរ ។ ប៉ុន្តែ​ដោយ​ការប្រៀបធៀប​វា​នឹង​ក្រដាស​ប្រាក់​ពិត ហើយ​ផ្តោត​លើ​ភាពខុស​គ្នា​ជំនួស​ឲ្យ​ភាព​ស្រដៀង​គ្នា នោះ​ខ្ញុំ​អាច​ប្រាប់​ថា​វា​ពិត​ជា​ក្លែងក្លាយ​មែន ។

ព្រះគម្ពីរ​មរមន​មាន​ឧទាហរណ៍​ជា​ច្រើន​ពី​ការក្លែងបន្លំ​ខាង​វិញ្ញាណ ដែល​បាន​ធ្វើ​តាម​វិធីសាស្ត្រ​របស់​សាតំាង ដូច​ជា​ការកុហក និង ការបោក​បញ្ឆោត​មនុស្ស​ដទៃ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ។ តាមរយៈ​ការសិក្សា​ពី​ល្បិចកល និង ស្នៀត​របស់​វា នោះ​យើង​ចាប់ផ្តើម​កត់សម្គាល់​ឃើញ​ពី​កំហុស និង បញ្ហា​របស់​វា តាម​របៀប​មួយ​ដោយ​អង្កេត​យ៉ាង​ហ្មត់ចត់ ដើម្បី​កត់​សម្គាល់​ពី​ភាពខុសគ្នា​រវាង​ក្រដាស​ប្រាក់​ពិត និង ក្រដាស​ប្រាក់​ក្លែងក្លាយ ។ កាលណា​យើង​កាន់តែ​អង្កេត​មើល​ពី​ភាពខុស​គ្នា នោះ​យើង​រៀបចំ​ខ្លួន​បាន​កាន់តែ​ប្រសើរ ដើម្បី​ឃើញ​ពី​អ្នក​ក្លែងបន្លំ​សព្វ​ថ្ងៃ​នេះ ហើយ​ទប់ទល់​នឹង​ការកុហក​របស់​វា ។

ការប្រមូល​ព័ត៌មាន​ពី​ភាព​ក្លែង​បន្លំ​របស់​សាតាំង

សាតាំង​ព្យាយាម​ដឹកនាំ​យើង​ឲ្យ​ទៅ​ជាប់​ចំណង​នៃ​ភាព​ក្លែងបន្លំ​ខាង​វិញ្ញាណ​ផ្ទាល់​របស់​វា ហើយ​ប្រសិនបើ​យើង​ពុំ​ប្រុងប្រយ័ត្ន​ទេ​នោះ យើង​នឹង​ត្រូវបាន​បោក​បញ្ឆោត ។ ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ ( ឆ្នាំ ១៨៣៨–១៩១៨ ) បាន​ព្រមាន ៖ « សាតាំង​គឺ​ជា​អ្នក​ក្លែង​ខ្លួន​យ៉ាង​ជំនាញ ហើយ​ដោយ​សារ​សេចក្តីពិត​នៃ​ដំណឹង​ល្អ​ដ៏​អស្ចារ្យ​ត្រូវ​បាន​ប្រទាន​ដល់​ពិភពលោក​យ៉ាង​ច្រើន​ជា​បន្ត​បន្ទាប់ នោះ​វា​បាច​ពង្រាយ​ប្រាក់​កាក់​ក្លែងបន្លំ​នៃ​គោលលទ្ធិ​ក្លែងក្លាយ ។ សូម​មាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​ក្រដាស​ប្រាក់​ក្លែងក្លាយ​នោះ អ្នក​នឹង​ពុំ​អាច​ចាយ​វា​បាន​ឡើយ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ខក​ចិត្ត មាន​ទុក្ខព្រួយ និង ស្លាប់​ខាង​វិញ្ញាណ » ។​

ការការពារ​ដ៏​ល្អ​បំផុត​ដែល​យើង​មាន​ដើម្បី​ទប់ទល់​នឹង​ការបោក​បញ្ឆោត​ដោយ​ការក្លែងបន្លំ​របស់​សាតាំង គឺ​ត្រូវ​ស្គាល់​សេចក្តីពិត​នៃ​ដំណឹង​ល្អ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន ។ ដរាប​ណា​យើង​ស្គាល់​សេចក្តី​ពិត​កាន់តែ​ជាក់​ច្បាស់ នោះ​វា​កាន់តែ​ងាយ​ស្រួល​ដើម្បី​កត់​សម្គាល់​ពី​ភាពខុសគ្នា នៅពេល​សាតាំង​បង្ហាញ​យើង​នូវ​ភាពក្លែងបន្លំ​របស់​វា ។ ដូច្នេះ​នៅ​ពេល​វា​ធ្វើ​ដូច្នេះ យើង​ត្រូវ​ស្វែងរក​មើល​ភាព​ខុស​គ្នា ពុំមែន​ភាព​ស្រដៀង​គ្នា​ឡើយ គឺ​ធ្វើ​ដូច​ជា​ខ្ញុំ​បាន​ធ្វើ​ជាមួយ​នឹង​ក្រដាស​ប្រាក់​ដុល្លារ​របស់​ខ្ញុំ​ដែរ ដោយសារ​ថា​ទីណា​មាន​ការកុហក ទីនោះ​នឹង​ត្រូវបាន​បើក​សម្តែង​ជានិច្ច ។

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បាន​បង្រៀន ៖ « ព្រះគម្ពីរ​មរមន​បង្ហាញ​ឲ្យ​ឃើញ​នូវ​មារសត្រូវ​របស់​ព្រះគ្រីស្ទ ។ …ជាមួយ​នឹង​ព្រះ​តម្រិះ​ដឹង​មុន​ដ៏​ឥត​ព្រំដែន​របស់​ទ្រង់ ព្រះ​បាន​ធ្វើ​ឲ្យ​ព្រះ​គម្ពីរ​មរមន លេច​ចេញ​ជា​រូបរាង​ឡើង ដើម្បី​ឲ្យ​យើង​អាច​ឃើញ​កំហុស ហើយ​យល់​ដឹង​ពី​របៀប​តយុទ្ធ​នឹង​គំនិត​នៃ​ការអប់រំ នយោបាយ សាសនា និង​ទស្សនៈវិជ្ជា​ដែល​ខុសឆ្គង​នា​សម័យ​យើង​នេះ » ។

យើង​កំពុង​តែ​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​សាតាំង​សព្វថ្ងៃ​នេះ ។ យើង​ក៏​ដូចជា​កងទ័ព​ដទៃ​ទៀត​ដែរ យើង​ត្រូវតែ​ដឹង​ពី​ផែនការ​របស់​មារសត្រូវ ។ ជា​ឧទាហរណ៍ ការដឹង​ពី​ពេលវេលា និង ទីកន្លែង​ដែល​មារសត្រូវ​របស់​យើង​នឹង​វាយ​ប្រហារ​យើង គឺ​ជា​ព័ត៌មាន​ដ៏​មាន​តម្លៃ​បំផុត ។ ហេតុដូច្នោះ​ហើយ​មូលហេតុ​នៃ​លក្ខខណ្ឌ​តម្រូវ​ឲ្យ​ទទួល​បាន​នូវ​ព័ត៌មាន​បែប​នេះ​នោះ ត្រូវ​បាន​ហៅ​ថា « ការប្រមូល​ព័ត៌មាន » ។ ដើម្បី​ស្គាល់​ពី​សត្រូវ​របស់​យើង គឺ​មាន​ន័យ​ថា​មាន​ភាព​វ័យ​ឆ្លាត​ជាង​សត្រូវ​យើង ។ ព្រះគម្ពីរ​មរមន​អាច​ជួយ​យើង​ឲ្យ « ប្រមូល​ព័ត៌មាន » អំពី​យុទ្ធសាស្ត្រ​ក្លែង​បន្លំ​របស់​សាតាំង ។

ពាក្យ​សម្តី​បញ្ជោរ​គឺ​ជា​ភាពក្លែងបន្លំ

នៅក្នុង​ព្រះគម្ពីរ​មរមន ភាព​ក្លែងបន្លំ​ជាង​ពាក់​កណ្តាល​ត្រូវ​បាន​ប្រើ​ជា​ពាក្យ​សម្តី​បញ្ជោរ និង អំណាច​ផ្ទាល់​ខ្លួន​ដើម្បី​សម្រេច​បាន​នូវ​គោលបំណង​របស់​ខ្លួន ។ ឧទាហរណ៍ សេរេម « មាន​តំរិះ​ដ៏​ឥតខ្ចោះ​អំពី​ភាសា​របស់​ប្រជាជន ហេតុដូច្នោះ​ហើយ ទើប​គាត់​អាច​បញ្ជោរ ហើយ​រកកល​ល្បិច​នៃ​សម្តី​ជាច្រើន ដោយ​អំណាច​នៃ​អារក្ស » ( យ៉ាកុប ៧:៤ ) ។ ពួក​សង្ឃ​ទុច្ចរិត​របស់​ស្តេច​ណូអេ​បាន​និយាយ « សម្តី​ផ្អែមល្ហែម​ឥតប្រយោជន៍ និង សម្តី​បញ្ជើចបញ្ចើ » ( ម៉ូសាយ ១១:៧ ) ដែល​ធ្វើ​ឲ្យ​មនុស្ស​ធ្លាក់​ខ្លួន​ចំពោះ​ការថ្វាយបង្គំ​បដិមាករ និង អំពើ​ទុច្ចរិត​ផ្សេងៗ​ទៀត ។ កូរីហូ​បាន​សម្រេច​នូវ​ជោគជ័យ​ស្រដៀង​គ្នា​នៅ​ជំនាន់​របស់​លោក « ដោយ​បង្វែរ​ចិត្ត​មនុស្ស​ជាច្រើន​ចេញ » ( អាលម៉ា ៣០:១៨ ) ។ ទាំង​អាម៉ាលិកាយ និង កាឌីអានតុន បាន​ប្រើ​សមត្ថភាព​បញ្ជោរ​របស់​វា​ដើម្បី​បង្កើត​កងទ័ព​ទុច្ចរិត​ឲ្យ​ដើរ​តាម​វា ( សូមមើល អាលម៉ា ៤៦:១០; ហេលេមិន ២:៤ ) ។

ការណ៍​នេះ​ពុំ​មែន​ចៃដន្យ​ទេ ។ ពាក្យ​បញ្ជោរ​គឺ​គ្មាន​អត្ថន័យ ពុំ​ស្មោះសរ ពុំ​ពិត និង បំផ្លើស ។ នីហ្វៃ​បាន​ព្រមាន​ដល់​អស់​អ្នក​ដែល « បង្រៀន​តាម​របៀប​នេះ គឺ​ជា​គោលលទ្ធិ​ក្លែងក្លាយ ឥតខ្លឹមសារ ហើយ​ឥតប្រយោជន៍ ហើយ​នឹង​អួត​នៅក្នុង​ចិត្ត​របស់​ខ្លួន ហើយ​នឹង​លាក់​គំនិត​ខ្លួន​ពី​ព្រះអម្ចាស់ ហើយ​កិច្ចការ​របស់​ពួកគេ​នឹង​នៅក្នុង​ទីងងឹត » ( នីហ្វៃទី ២ ២៨:៩ ) ។

ជារឿយៗ​ពាក្យ​បញ្ជោរ​ត្រូវបាន​ប្រើ​ដើម្បី​បោកបញ្ឆោត វា​តែងតែ​មាន​ការជំរុញ​ចិត្ត​យ៉ាង​អាថ៌កំបាំង ឬ មាន​ផែនការ​លាក់​កំបាំង ។ ពាក្យ​បញ្ជោរ​គឺ​ការនិយាយ​ហួស​ពី​អ្វី​ដែល​ត្រូវ​និយាយ ហើយ​វា​ទាក់ទាញ​ឲ្យ​មាន​នូវ​ការអួតអាត និង អំនួត​របស់​មនុស្ស​ខាង​សាច់​ឈាម ។ ប៉ុន្តែ​ព្យាការី​របស់​ព្រះអម្ចាស់​ប្រាប់យើង​យ៉ាង​សេចក្តីពិត​សាមញ្ញ ប៉ុន្តែ​សំខាន់​ដែល​យើង ត្រូវតែ ដឹង ។

ពាក្យ​បញ្ជោរ​គឺ​ជា​ភាសា​ដែល​សាតាំង​និយាយ ។ ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ ១៩២០–២០០៧ ) ទីប្រឹក្សា​ទី​ពីរ​នៅក្នុង​គណៈប្រធាន​ទីមួយ​បាន​ពន្យល់ ៖ « ជារឿយៗ​សំឡេង [ របស់​សាតំាង ] ពិត​ជា​មាន​ហេតុផល ហើយ​សារលិខិត​របស់​វា​ងាយ​នឹង​បង្ហាញ​ថា​ត្រូវ​យ៉ាង​ខ្លាំង ។ វា​គួរ​ឲ្យ​ទាក់ទាញ ជា​សំឡេង​ដោយ​ឧបាយកល​ដែល​ធ្វើ​ឲ្យ​ចិត្ត​រីករាយ ។ វា​មិនមែន​ជា​សំឡេង​ខ្លាំង ឬ ពុំ​រីករាយ​ឡើយ ។ គ្មាន​នរណា​ម្នាក់​ស្តាប់​តាម​សំឡេង​សាតាំង​ឡើយ ប្រសិនបើ​វា​ជា​សំឡេង​ដែល​ឮ​ខ្លាំង ឬ ពុំ​រីករាយ​នោះ » ។

រូបភាព
whispering

នៅពេល​ពិភពលោក​នេះ​បង្ហាញ​ដល់​យើង​នូវ​គំនិត ទស្សនវិទ្យា ឬ យោបល់​ដែល​ហាក់បី​ដូច​ជា​ទាក់ទាញ ដែល​នាំ​ឲ្យ​មាន​នូវ​ការអួតអាង ឬ មោទនភាព ឬ សំឡេង​សាមញ្ញ​នោះ​ហាក់​បី​ដូច​ជា​ពិត នោះ​វា​គឺ​ជា​ការព្រមាន​មួយ​ដល់​យើង​ភ្លាម ។ សូម​ចាត់ទុក​គំនិត​ទាំង​នោះ​ថា​ជា​ការក្លែងបន្លំ ។ សូម​ប្រៀបធៀប​វា​ជាមួយ​នឹង​សេចក្តីពិត​ដែល​បង្រៀន​ដោយ​ព្យាការី​របស់​ព្រះអម្ចាស់ ។ សូម​រកមើល​ភាពខុស​គ្នា​នានា ពុំ​មែន​ភាពស្រដៀង​គ្នា​ឡើយ ហើយ​គំនិត​ក្លែងបន្លំ​នោះ​នឹង​លេច​ចេញ​ជាក់ស្តែង​តែ​ម្តង ។

នីហូរ — អ្នក​ក្លែងបន្លំ​ដ៏​មាន​ប្រជាប្រិយ

នីហូរ​បាន​ប្រើ​យុទ្ធសាស្ត្រ​នៃ​ពាក្យ​បញ្ជោរ​របស់​សាតាំង​ដោយ​សេរី ។ ចូរ​ពិនិត្យ​មើល​គាត់​ជា​គំរូ​មួយ​អំពី​អ្នក​ក្លែងបន្លំ​ខាង​វិញ្ញាណ ។ នីហូរ ជា​អ្នក​ដែល​មាន​គោលលទ្ធិ​ហាក់បី​ដូច​ទទួល​ស្គាល់​ថា​មាន​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ គឺ​ជា​អ្នក​ផ្សព្វផ្សាយ​ដ៏​មាន​ប្រជាប្រិយ និង ឥទ្ធិពល​នៅក្នុង​ចំណោម​សាសន៍​នីហ្វៃ ។ នីហូរ​បាន​បង្កើត​អ្នក​តាម​ខ្លួន​ជាច្រើន​ដោយ​បង្រៀន​ថា « មនុស្ស​ទាំង​អស់​ត្រូវតែ​បាន​សង្គ្រោះ​នៅ​ថ្ងៃ​ចុងក្រោយ » ហើយ « មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( អាលម៉ា ១:៤ ) ។

តើ​យើង​អាច​ឃើញ​ទេ​ថា ហេតុអ្វី​សារលិខិត​របស់​នីហូរ​គួរឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ដូច្នេះ ? គាត់​កំពុង​បង្រៀន​អំពី​ព្រះ​ដែល​ងាយស្រួល និង ព្រះ​ដែល​សម្រាក​លំហែ​កាយ — ជា​ព្រះ​មួយ​អង្គ ដែល​ដោយសារ​ទ្រង់​ស្រឡាញ់​មនុស្ស​គ្រប់​គ្នា នោះ​ទ្រង់​នឹង​សង្គ្រោះ​ពួកគេ ដោយ​មិនគិត​ពី​អ្វី​ឡើយ ។ ដូច្នេះ​ចូរ​ទៅ​ចុះ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​អ្នក​ចង់​ធ្វើ ដោយសារ​អ្វីៗ​ទាំងអស់​គឺ​ល្អ​ទាំងអស់ ។ វា​ជា​មនោគម​ដ៏​ទាក់ទាញ​ចិត្ត ដែល​ទាក់​យក​ចិត្ត​មនុស្ស​ជា​ច្រើន​នៅ​ជំនាន់​របស់​នីហូរ ( សូមមើល អាលម៉ា ១:៥ ) ក៏​ដូចជា​មនុស្ស​ជា​ច្រើន​នា​ជំនាន់​សព្វ​ថ្ងៃ​នេះ​ផងដែរ ។ សំបុត្រ​ឥត​គិត​ថ្លៃ​មួយ​ទៅ​កាន់​ឋានសួគ៌​គឺ​ជា​អ្វី​មួយ​ដែល​មនុស្ស​ហាក់​បី​ដូច​ជា​ចង់​បាន ។

ដូច្នេះ​តើ​មាន​បញ្ហា​អ្វី​ជា​មួយ​នឹង​សារលិខិត​របស់​នីហូរ​នោះ ? ចូរ​មើល​ចំណុច​សំខាន់​នៃ​សេចក្តី​សំអាង​របស់​គាត់​ម្តង​ទៀត ៖

  • ព្រះ​បាន​បង្កើត​មនុស្ស​ទាំងអស់ — ពិត ។

  • ព្រះ​ស្រឡាញ់​មនុស្ស​ទាំងអស់ — ពិត ។

  • យើង​ពុំ​គួរ​ភ័យ​ខ្លាច​ព្រះ​ឡើយ — ពិត ។

  • យើង​គួរតែ​រីករាយ​ជាមួយ​នឹង​គំនិត​នៃ​សេចក្តី​សង្គ្រោះ — ពិត ។

ហេតុដូច្នោះ​ហើយ មាន​ចំណុច​ស្រដៀង​គ្នា​ជាច្រើន រវាង​អ្វី​ដែល​នីហូរ​បាន​បង្រៀន ជាមួយ​នឹង​សេចក្តីពិត​នៃ​ដំណឹង​ល្អ ។ ប៉ុន្តែ​សូម​ចាំ​ថា — គឺ​ដូច​ទៅ​នឹង​ក្រដាស​ប្រាក់​ក្លែងក្លាយ​នោះ​ដែរ យើង​ត្រូវតែ​រកមើល​ភាពខុស​គ្នា ពុំ​មែន​ភាព​ស្រដៀង​គ្នា​ឡើយ ។ ដូច្នេះ​ចូរ​មើល​ចំណុច​បង្រៀន​ចុង​ក្រោយ​របស់​នីហូរ ៖

  • ព្រះ​នឹង​ប្រទាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស​គ្រប់រូប — ខុស !

ឥឡូវ នេះ​គឺ​ជា​ភាពខុស​គ្នា​សំខាន់​មួយ​ដែល​ប្រាប់​យើង​ថា នីហូរ​គឺ​ជា​អ្នក​ក្លែងបន្លំ​ខាង​វិញ្ញាណ ។ សេចក្តី​សង្គ្រោះ​ពី​សេចក្តីស្លាប់​ខាង​រូបកាយ គឺ ត្រូវ​បាន​ធានា​ថា​មាន​ចំពោះ​មនុស្ស​ទាំងអស់ ប៉ុន្តែ​សេចក្តីសង្គ្រោះ​នៃ​សេចក្តី​ស្លាប់​ខាង​វិញ្ញាណ​គឺ​មាន​លក្ខខណ្ឌ​លើ​ឆន្ទៈ​នៃ​ការប្រែចិត្ត​របស់​យើង ។ ប្រសិន​បើ​យើង​ប្រែចិត្ត នោះ​យើង​អាច​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ( សូម​មើល យ៉ាកុប ៦:១១ ) ។ ប៉ុន្តែ​ជីវិត​អស់​កល្ប​ជានិច្ច​ពុំ​មែន​ផ្តល់​ឲ្យ​ដោយ​សេរី​ឡើយ ។

គេឌាន និង អាលម៉ា​បាន​ស្គាល់​អ្នក​ក្លែងបន្លំ

ទង្វើ​ទុច្ចរិត​របស់​នីហូរ​ត្រូវ​បាន​បើក​បង្ហាញ​នៅ​ពេល​ដែល​គាត់​បាន​ជួប​ជាមួយ​គេឌាន ដែល​ជា​គ្រូបង្រៀន​សុចរិត​ម្នាក់​នៅ​ក្នុង​សាសនាចក្រ​របស់​ព្រះ ។ គេឌាន​បាន​ត​ទល់​នឹង​ស្តេច​ណូអេ​យ៉ាង​ក្លាហាន​អស់​ជា​ច្រើន​ឆ្នាំ​មុន ហើយ​ហេតុដូច្នោះ​ហើយ​មាន​បទពិសោធន៍​ជាមួយ​នឹង​អ្នក​ក្លែងបន្លំ​ខាង​វិញ្ញាណ ( សូមមើល ម៉ូសាយ ១៩:៤–៨ ) ។ នីហូរ « បាន​ចាប់ផ្តើម​ប្រកែក​ជាមួយ​បុរស​នោះ​យ៉ាង​ខ្លាំង ដើម្បី​គាត់​អាច​ដឹកនាំ​មនុស្ស​នៃ​សាសនាចក្រ​ឲ្យ​វង្វេង​ផ្លូវ ប៉ុន្តែ​បុរស​នោះ [ គេឌាន ] បាន​តទល់​នឹង​គាត់ ដោយ​ព្រមាន​ដាស់​តឿន​គាត់​ដោយ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះ » ( អាលម៉ា ១:៧ ) ។ គេឌាន​បាន​ដឹង​ថា​នីហូរ​គឺ​ជា​អ្នក​ក្លែងបន្លំ ។ ក្រោយ​ពី​ភាពពិត​របស់​នីហូរ​ត្រូវ​បាន​បើក​បង្ហាញ​នោះ​វា​ប្រើ​យុទ្ធសាស្ត្រ​មួយ​ទៀត​របស់​សាតាំង​គឺ — ឃាតកម្ម ។ ប៉ុន្តែ​សេចក្តី​ស្លាប់​របស់​គេឌាន​នោះ​ពុំ​អត់​ប្រយោជន៍​ឡើយ ។ មនុស្ស​បាន​នាំ​យក​អ្នក​ក្លែង​បន្លំ​នីហូរ​ទៅ​មុខ​អាលម៉ា​ដើម្បី​កាត់​ទោស ។

អាលម៉ា​បាន​ដឹង​ថា នីហូរ​ពុំ​គ្រាន់តែ​មាន​កំហុស​ខាង​ឧបាយកល​ផ្នែក​សង្ឃ​ហើយ​ធ្វើ​ឃាតកម្ម​ឡើយ ប៉ុន្តែ​ប្រសិន​បើ​ពុំ​បាន​ការពារ​វា​ទេ​នោះ ឧបាយកល​ផ្នែក​សង្ឃ​នៅ​ក្នុង​ចំណោម​ប្រជាជន « នឹង​បញ្ជាក់​នូវ​ការបំផ្លិចបំផ្លាញ​របស់​គេ​ទាំងស្រុង » ( អាលម៉ា ១:១២ ) ។ ដូច្នេះ​នីហូរ​ត្រូវបាន​កាត់​ទោស​ឲ្យ​ស្លាប់ ហើយ​រងទុក្ខ​ដោយ « ការស្លាប់​ដោយ​ថោក​ទាប » ( អាលម៉ា ១:១៥ ) ។

គេឌាន និង អាលម៉ា​គឺ​ជា​គំរូ​សម្រាប់​យើង ។ នៅពេល​យើង​មាន​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយ​យើង នោះ​យើង​នឹង​ឃើញ ហើយ​ស្តាប់​ឮ « រឿង​ទាំងឡាយ​តាម​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ » ( យ៉ាកុប ៤:១៣ ) ។ យើង​នឹង​ស្គាល់​ផែនការ និង គ្រោងការណ៍​ក្លែងបន្លំ​របស់​សាតាំង « ដោយ​ដឹង​តំរិះ​ដ៏​ឥតខ្ចោះ ហាក់បី​ដូច​ជា​ពន្លឺ​ថ្ងៃ​ពី​យប់​ងងឹត » ( មរ៉ូណៃ ៧:១៥ ) ។

មារសត្រូវ « ក្លែង​បន្លំ » របស់​យើង​គឺ​មាន​ភាពឆ្លាត​វៃ ប៉ុន្តែ​ដូច​ជា​គេឌាន និង អាលម៉ា នោះ​យើង​អាច​ក្លាយ​ជា​អ្នក​ឆ្លាត​ជាង​វា ។ គឺ​ដូច​ដែល​ខ្ញុំ​បាន​ចាប់ផ្តើម​ដឹង​បន្តិចម្ដងៗ​ពី​ភាពខុសគ្នា​រវាង​ការប្រៀបធៀប​ក្រដាស​ប្រាក់​ដុល្លារ​របស់​ខ្ញុំ​ដែរ នោះ​យើង​អាច​រៀន​អង្កេត​មើល ទាំង​ប្រើ​គំនិត និង វិញ្ញាណ​របស់​យើង​ដោយ​សន្សឹមៗ​ដើម្បី​ស្គាល់​ភាព​ខុស​គ្នា​រវាង​សេចក្តី​ពិត និង ការកុហក ។ នៅពេល​យើង​ធ្វើ​ដូច្នោះ នោះ​យើង​នឹង​ស្គាល់​អ្នក​ក្លែងបន្លំ ហើយ​ទប់ទល់​នឹង​ការកុហក​របស់​វា ។

កំណត់​ចំណាំ

  1. យ៉ូសែប អេហ្វ ស្ម៊ីធ, Gospel Doctrine, ការបោះពុម្ព​ទី ៥ ( ឆ្នាំ ១៩៣៩ ) ទំព័រ ៣៧៦ ។

  2. ការបង្រៀន​របស់​ប្រធានសាសនា​ចក្រ ៖ Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ១៣២ ។

  3. ជែមស៍ អ៊ី ហ្វោស្ត « The Forces That Will Save Us » Liahona, ខែ មករា ឆ្នាំ ២០០៧ ទំព័រ ៤ ។