២០១៦
អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង ៖ មាន​គេ​ត្រូវការ ត្រូវ​បាន​ប្រទានពរ និង ត្រូវ​បាន​ស្រឡាញ់
April 2016


អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង ៖ មាន​គេ​ត្រូវការ ត្រូវ​បាន​ប្រទានពរ និង ត្រូវ​បាន​ស្រឡាញ់

ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​គូស្វាមី​ភរិយា កាន់តែ​អាច​បត់​បែន​បាន ចំណាយ​តិច និង ជា​បទពិសោធន៍​ដ៏​សែន​រីករាយ​ជាង​អ្វី​ដែល​អ្នក​គិត​ទៅ​ទៀត ។

រូបភាព
the Malmroses serving in Ghana

« តើ​អ្នក​អាច​មក ហើយ​ជួយ​បាន​ទេ ? »

វា​គឺ​ជា​សំណួរ​មួយ​ដែល​ហ្គើរ៉ល និង ឡណា ម៉មរ៉ូស មក​ពី វ៉ាស៊ីនតោន ស.រ.អា.បាន​ឆ្លើយ​កាល​ពី​លើក​មុន ។ ពួកគេ​បាន​ឆ្លើយ​ថា បាន នៅពេល​អតីត​ប៊ីស្សព​របស់​ខ្លួន ដែល​ឥឡូវ​ជា​ប្រធាន​បេសកកម្ម បាន​ស្នើសុំ​ប្រសិនបើ​ពួកគេ​អាច​បម្រើ​ជាមួយ​គាត់​នៅ​វ៉េស អ៊ីនឌី ។ ពួកគេ​បាន​ឆ្លើយ​ថា បាន​ម្តង​ទៀត​នៅពេល​ប្រធាន​ស្តេក​របស់​ពួកគេ​បាន​ហៅ​ពួកគេ​ឲ្យ​បំពេញ​ការបម្រើ​បេសកកម្ម​មួយ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​សាសនាចក្រ​នៅ​ទីក្រុង សលត៍ លេក រដ្ឋ​យូថាហ៍ ស.រ.អា.ដោយ​ធ្វើការ​ជាមួយ​កុំព្យូទ័រ និង ធនធាន​មនុស្ស ។

នៅពេល​អតីត​ប៊ីស្សព និង ប្រធាន​បេសកកម្ម​របស់​ពួកគេ​ឈ្មោះ រីត រ៉ូប៊ីនសុន បាន​ហៅ​ពួកគេ​ជា​ថ្មី​ម្តង​ទៀត ដែល​លើក​នេះ​ឲ្យ​បម្រើ​ជា​ប្រធាន​នៃ​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ អាក្រា ហ្គាណា គាត់​បាន​សុំ​ប្រសិនបើ​ស្វាមី​ភរិយា​ឈ្មោះ​ម៉មរ៉ូស​នេះ​នឹង​ជួយ​បម្រើ​សារ​ជាថ្មី​ម្តង​ទៀត ។

អែលឌើរ ម៉មរ៉ូស​និយាយ​ថា « យើង​បាន​ដឹង​ថា​យើង​អាច​ទុក​ចិត្ត​លើ​ព្រះ​អម្ចាស់ » ។ « ដូច្នេះ​យើង​បាន​សម្រេច​ចិត្ត​ដើម្បី​ទុក​ចិត្ត​ទ្រង់​ម្តង​ទៀត » ។ ពួកគេ​បាន​ឆ្លើយ​ថា បាន ដោយ​បាន​បំពេញ​ទម្រង់​បែបបទ ទទួល​ការហៅ​របស់​ខ្លួន ហើយ​មិន​យូរ​ប៉ុន្មាន​បាន​ទៅ​ដល់​ប្រទេស​ហ្គាណា ។

ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង

បទពិសោធន៍​របស់​គូស្វាមី​ភរិយា​ម៉មរ៉ូស បង្ហាញ​ពី​គោលការណ៍​មួយ​ចំនួន​អំពី​ការបម្រើ​បេសកកម្ម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង ដែល​ពុំ​អាច​យល់​បាន​ទាំងស្រុង​ឡើយ ៖

  • បេសកកម្ម​មាន​ពីរ​បែប ៖ ( ១ ) ប្រធាន​សាសនាចក្រ​ហៅ​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង ឲ្យ​បម្រើ​ទោះបី​ជា​នៅ​ផ្ទះ​ខ្លួន​ផ្ទាល់ ឬ ទៅ​ឆ្ងាយ​ពី​ផ្ទះ​ក្តី ។ ( ២ ) ប្រធាន​ស្តេក​ហៅ​អ្នក​ផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម​សាសនាចក្រ ដើម្បី​បំពេញ​តម្រូវការ​ក្នុង​មូលដ្ឋាន ឬ ក្នុង​តំបន់​ក្រៅ​ម៉ោង ចាប់​ពី​៨ ម៉ោង​ទៅ​ដល់ ៣២​ម៉ោង​ក្នុង​មួយ​សប្តាហ៍ ។ ជា​ទូទៅ​ពួកគេ​រស់នៅ និង បម្រើ​នៅក្នុង​មូលដ្ឋាន ប៉ុន្តែ​ពេល​ខ្លះ អាច​បម្រើ​នៅ​ឆ្ងាយ​ពី​ផ្ទះ ។

  • ប្រធាន​បេសកកម្ម​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ស្វែងរក​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង ដែល​អាច​បំពេញ​នូវ​សេចក្តីត្រូវ​ការនៅក្នុង​បេសកកម្ម​របស់​ខ្លួន ហើយ​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​អាច​បង្ហាញ​ពី​ចំណូល​ចិត្ត​របស់​ខ្លួន ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ថា « យើង​ពុំ​បាន​និយាយ​ថា​គូស្វាមី​ភរិយា​អាច​រើសយក និង ជ្រើសរើស​ការចាត់តាំង​បម្រើ​បេសកកម្ម​របស់​ខ្លួន​ដោយ​ខ្លួន​ឯងបាន​ឡើយ » ។ « ការហៅ​គឺ​នៅតែ​ជា​ការហៅ ។ … [ ប៉ុន្តែ ] យើង​និយាយ​ពី​អ្នក​ផ្សាយ​សាសនា​រៀម​ច្បង​របស់​យើង​អំពី​ចំណូល​ចិត្ត​នៃ​ការបម្រើ​របស់​ពួកគេ ហើយ​គ្រប់​ការពិចារណា​ទាំងអស់​ត្រូវ​បាន​ផ្តល់​ឲ្យ ដើម្បី​ឲ្យ​ពួកគេ​បម្រើ​នៅ​កន្លែង និង របៀប​ដែល​ពួកគេ​ចង់​បម្រើ » ។

  • ប្រធាន​បេសកកម្ម​ប្រឹក្សា​ជាមួយ​គូស្វាមី​ភរិយា​នោះ​អំពី​របៀប​ដ៏​ល្អ​បំផុត ដើម្បី​ប្រើ​ជំនាញ និង សមត្ថភាព​របស់​ពួកគេ ។ ប្រធាន​រ៉ូប៊ីនសុន​មាន​ប្រសាសន៍​ថា « ដើម្បី​មាន​បទពិសោធន៍​កាន់តែ​មាន​ន័យ​ខ្លាំង​បំផុត​ក្នុង​នាម​ជា​អ្នក​ផ្សាយ​សាសនា​រៀម​ច្បង នោះ អ្នក​ត្រូវតែ​មាន​ឱកាស​ដើម្បី​ធ្វើការ​ទាំង​នៅក្នុង​តំបន់ ដែល​អ្នក​ចង់​បម្រើ និង កន្លែង​ដែល​អ្នក​មាន​កម្រិត​ជំនាញ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មាន​គុណសម្បត្តិ​ជាច្រើន​ដើម្បី​ផ្តល់​ឲ្យ » ។

ឧទាហរណ៍ ប្រធាន​រ៉ូប៊ីនសុន​បាន​ដឹង​ថា អែលឌើរ​ម៉មរ៉ូស និយាយ​ភាសា​បារាំង ពិត​ជា​មាន​ប្រយោជន៍​ណាស់ ដោយសារ​ជនជាតិ​អាហ្វ្រិក​ជា​ច្រើន​និយាយ​ភាសា​បារាំង ។ ប្រធាន​រ៉ូប៊ីនសុន​មាន​ប្រសាសន៍​ថា « ខ្ញុំ​បាន​ស្រមៃ​ឃើញ​ថា​គាត់​កំពុងតែ​ចុះ​ប្រឡូក​ក្នុង​កិច្ចការ​នៃ​ការធ្វើ​ដំណើរ និង ធ្វើ​ទិដ្ឋាការ​សម្រាប់​អ្នក​ផ្សព្វផ្សាយ​សាសនា » ។ « ប៉ុន្តែ​នៅពេល​ដែល​គាត់​បាន​មក​ដល់​ពី​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា នោះ​ពុំ​មែន​ជា​ចំណាប់​អារម្មណ៍​ពិតប្រាកដ​របស់​គាត់​ឡើយ ។ ដូច្នេះ​ខ្ញុំ​បាន​អញ្ជើញ​គាត់​ឲ្យ​ប្រើ​ជំនាញ​កុំព្យូទ័រ​របស់​គាត់ ។ គាត់​បាន​ជួយ​យើង​អស់​ជា​ច្រើន​ម៉ោង » ។ អែលឌើរ ម៉មរ៉ូស ក៏​ជួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ផងដែរ ជាពិសេស​អ្នក​ផ្សព្វផ្សាយ​សាសនា​និយាយ​ភាសា​បារាំង រៀបចំ​ឈ្មោះ និង ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​គ្រួសារ​របស់​ពួកគេ ។ ស៊ីស្ទើរ ម៉មរ៉ូស ជា​ជំនួយការ​ពេទ្យ ត្រូវបាន​ចាត់​ឲ្យ​ធ្វើការ​ជាមួយ​វេជ្ជបណ្ឌិត និង គិលានុបដ្ឋានិយកា​បេសកកម្ម ។

ទ្រង់​រៀបចំ​ផ្លូវ

ដូច​ជា​គូស្វាមី​ភរិយា​ម៉មរ៉ូស​ផងដែរ នោះ​គូស្វាមី​ភរិយា​ដទៃ​ផ្សេង​ទៀត​ឃើញ​ថា នៅពេល​យើង​ទុកចិត្ត​លើ​ព្រះអម្ចាស់ នោះ​ទ្រង់​រៀបចំ​ផ្លូវ​ដល់​យើង ។ នោះ​គឺ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ អាលវិន និង កូរ៉ាស្សូន រីតា​មក​ពី​កាវីត ខាវីត នៅក្នុង​ប្រទេស​ហ្វីលីពីន ។

រូបភាព
the Rietas serve in the Philippines

អែលឌើរ រីតា ពន្យល់​ថា « ពីរ​ឆ្នាំ​ពីមុន​ការសម្រេច​ចិត្ត​របស់​យើង​ ដើម្បី​បម្រើ នោះ​យើង​បាន​ចាប់ផ្តើម​រៀបចំ​ផែនការ​យ៉ាង​ម៉ត់ចត់ សម្រាប់​ជំនួញ​គ្រួសារ​របស់​យើង » ។ « កូនប្រុស​ស្រី​របស់​យើង​បាន​បញ្ចប់​មហា​វិទ្យាល័យ ហើយ​អាច​ធ្វើ​កិច្ចការ​ជំនួស​ពួកយើង ប៉ុន្តែ​យើង​បាន​ឆ្ងល់​ថា តើ​នរណា​នឹង​ដោះស្រាយ​បញ្ហា​ជំនួញ និង ប្រតិកម្ម​ដែល​អតិថិជន​មាន​ចំពោះ​ផែនការ​របស់​យើង ។

ស៊ិស្ទើរ រីតា​ក៏​ព្រួយ​បារម្ភ​ពី​ការទៅ​ចោល​ម្តាយ​ចាស់​ជរា​របស់​គាត់​ផងដែរ ។ គាត់​និយាយ​ថា « ខ្ញុំ​ភ័យ​ខ្លាច​ថា​យើង​អាច​បាត់បង់​គាត់ អំឡុង​ពេល​ដែល​យើង​ចេញ​ទៅ​ឆ្ងាយ​នោះ » ។ « ខ្ញុំ​ក៏​បាន​មាន​អារម្មណ៍​ទន់ខ្សោយ ចំពោះការអញ្ជើញ​ឲ្យ​បង្រៀន​ដំណឹង​ល្អ​ផងដែរ » ។

ពួកគេ​បាន​ប្រឹក្សា​ជាមួយ​ប៊ីស្សព​របស់​ខ្លួន និង ជាមួយ​គូស្វាមី​ភរិយា​មួយ​គូ​ដែល​ទើបតែ​បាន​បម្រើ​ថ្មីៗ​នៅ ដាវ៉ោ ។ ស៊ីស្ទើរ រីតា​និយាយ​ថា « ពួកគេ​ទាំងអស់​គ្នា​បាន​ថ្លែង​ទីបន្ទាល់​យ៉ាង​រឹងមាំ​ថា ព្រះ​អម្ចាស់​នឹង​ដឹកនាំ​គូស្វាមី​ភរិយា​និមួយៗ ឲ្យ​ដឹង​ពីរបៀប​ដើម្បី​ដោះស្រាយ​កិច្ចការ​នៅ​ឯ​ផ្ទះ​ខ្លួន ក្រុមគ្រួសារ និង ថវិកា​សម្រាប់​បេសកកម្ម​របស់​ខ្លួន » ។

អែលឌើរ រីតា និយាយ​ថា « នៅពេល​យើង​ស្វែងរក​ការណែនាំ នោះ​ក្តី​បារម្ភ​របស់​យើង​ត្រូវ​បាន​ដោះស្រាយ — អាជីវកម្ម​របស់​យើង​បាន​លូតលាស់​ទៅមុខ​យ៉ាង​រលូន​ទោះបី​ជា​មាន​ឧបសគ្គ​ក្តី អតិថិជន​របស់​យើង​បង្ហាញ​សេចក្តី​អំណរ និង ការគាំទ្រ ហើយ​គ្រួសារ​របស់​យើង​បាន​ខិត​កាន់តែ​ជិត​ព្រះ​នៅក្នុង​ការថែទាំ​ដល់​ម្តាយ​របស់​យើង​ដែល​ឈឺ ។ យើង​បាន​ចាប់ផ្តើម​យល់​ថា​ព្រះអម្ចាស់​ពិតជា​នឹង​ជួយ​យើង » ។

ឥឡូវ​នេះ​គូស្វាមី​ភរិយា​រីតា​បម្រើ​ជា​សមាជិក និង គាំទ្រ​ថ្នាក់​ដឹកនាំ​នៅក្នុង​បេសកកម្ម​ហ្វីលីពីន កាហ្គាយ៉ាន ឌឺ អូរ៉ូ ។

មាន​អ្វី​ជា​ច្រើន​ដែល​អ្នក អាច ធ្វើ​បាន

គូស្វាមី​ភរិយា​មួយ​ចំនួន​ឆ្ងល់​អំពី​ដែន​កំណត់​នៃ​បញ្ហា​ខាង​សាច់ឈាម ប៉ុន្តែ​ខែស និង​ជែននីលីន ម៉ៅអើមែន​មក​ពី​រដ្ឋ យូថាហ៍ ស.រ.អា. ពុំ​មាន​មន្ទិល​សង្ស័យ​ពី​បញ្ហា​នោះ​ឡើយ ។ ជាច្រើន​ឆ្នាំ​កន្លង​ទៅ បួន​ខែ​បន្ទាប់​ពី​ពួកគេ​បាន​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ឡូស អាន់ជើឡែស កាលីហ្វូញ៉ា នោះ​ខែស​ត្រូវបាន​កេណ្ឌ​ទៅ​ធ្វើ​ទាហាន ហើយ​បញ្ជូន​ទៅ​កាន់​សមរភូមិ ។ ជា​អ្នក​ដឹកនាំ​ក្រុម​ទ័ព​អាកាស នោះ​គាត់​ដើរ​នាំ​មុខ​គេ​នៅមុខ​ទាហាន​ដទៃ នៅពេល​ពេល​ចម្ការ​មីន​បាន​ផ្ទុះ​ឡើង ។ គាត់​បាន​កំបុត​ជើង​ទាំង​ពីរ​របស់​ខ្លួន ។ នៅ​ពេល​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ នោះ ជែននីលីន​បាន​ស្ទុះ​យ៉ាង​លឿន​ទៅ​គ្រា​គាត់ ។

ខែស​និយាយ​ថា « ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​ពុំ​ព្រួយ​បារម្ភ​អ្វី​ឡើយ ដោយ​សារ​យើង​មាន​អាពាហ៍ពិពាហ៍​អស់​កល្ប​ជានិច្ច​ហើយ » ។ ភរិយា​របស់​ខ្ញុំ​បាន​គាំទ្រ​ខ្ញុំ​រហូត​មក ។ គាត់​នៅតែ​គាំទ្រ​ខ្ញុំ​រៀងរាល់​ថ្ងៃ » ។

រូបភាព
the Mauermans serving in military relations

នៅពេល​ស៊ីស្ទើរ ម៉ៅអើមែន​បាន​ចូល​និវត្តន៍ ពួកគេ​បាន​សម្រេច​ចិត្ត​បម្រើ​បេសកកម្ម ។ ប៉ុន្តែ​តើ​ការកំបុត​ជើង​ទាំង​គូ​របស់​អែលឌើរ ម៉ៅអើមែន​អាច​ជា​បញ្ហា​ឬ​ទេ ? គាត់​និយាយ​ថា « តែងតែ​មាន​រឿង​ជា​ច្រើន​ដែល​ខ្ញុំ ពុំ​អាច ធ្វើ​វា​បាន ប៉ុន្តែ​ក៏​មាន​រឿង​ជាច្រើន​ទៀត​ដែល​ខ្ញុំ អាច ធ្វើ​បាន នោះ​យើង​បាន​ដឹង​ថា​នឹង​មាន​កន្លែង​មួយ​សម្រាប់​យើង » ។

អំឡុង​ពេល​បំពេញ​ទម្រង់​បែបបទ​របស់​ខ្លួន គាត់​បាន​គូស​សញ្ញា​កែង​លើ​ប្រអប់​មួយ​ដែល​បញ្ជាក់​ថា​គាត់​បាន​បម្រើ​នៅ​ក្នុង​ជួរ​កងទ័ព ។ មិន​យូរ​ប៉ុន្មាន ពួកគេ​បាន​ទទួល​ការហៅ​មួយ​មក​ពី​សម្ព័ន្ធ​យោធា​សាសនាចក្រ ។ « ខ្ញុំ​មាន​អត្តសញ្ញាណ​ប័ណ្ណ​មួយ​ដែល​អនុញ្ញាត​ឲ្យ​យើង​ចូល​ក្នុង​បន្ទាយ​ទាហាន ដូច្នេះ​ពួកគេ​បាន​ស្នើសុំ​ការអនុញ្ញាត​ពី​យើង​ដើម្បី​ណែនាំ​យើង​សម្រាប់​សម្ព័ន្ធ​យោធា​បេសកកម្ម » ។

គូស្វាមី​ភរិយា​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅ​ឯ​បន្ទាយ​ទាហាន​នៅក្នុង​រដ្ឋ ខារ៉ូលីណា​ខាង​ជើង ស.រ.អា. ។ អែលឌើរ ម៉ៅអើមែន​រំឭក ៖ « សញ្ញា​នៅ​ឯ​ទ្វារ​ចូល​ដាក់​ថា ‹ បន្ទាយ​ប្រាក គេហដ្ឋាន​នៃ​ទាហាន​អាកាស › ។ នៅពេល​អ្នក​យាម​បាន​ស្វាគមន៍​យើង​ដោយ​បាវចនា​ទ័ព​អាកាស ‹ តាំង​ពី​ដើម​ទី​រហូត​ដល់​ចប់ ! › នោះ​វា​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​ខ្ញុំ​បាន​ស្តាប់​ឭ​ពាក្យ​នោះ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ខ្ញុំ​មាន​អារម្មណ៍​កក់ក្តៅ បើទោះបី​ជា​ខ្ញុំ​ពុំ​ធ្លាប់​ទៅ​បន្ទាយ​ប្រាក​ក្តី ។ ខ្ញុំ​ដឹង​ថា​បេសកកម្ម​របស់​យើង​គឺ​ត្រូវ​នឹង​យើង​ម៉ាច់​តែ​ម្តង ហើយ​ថា​ព្រះអម្ចាស់​មាន​ព្រះទ័យ​គិតគូរ​ពី​ខ្ញុំ » ។

ស៊ីស្ទើរ ម៉ៅអើមែន​និយាយ​ថា « ​យើង​បាន​បង្រៀន​មេរៀន​អំពី​ការប្រែជា​មាន​ភាពខ្លួន​ទី​ពឹង​ខ្លួន និង ភាពរឹងមាំ ព្រម​ទាំង​អំពី​ការពង្រឹង​ដល់​អាពាហ៍ពិពាហ៍ » ។ « ដំបូង​យើង​ពុំ​ចង់​ចែកចាយ​រឿង​របស់​យើង​ឡើយ ប៉ុន្តែ​យើង​បាន​ឃើញ​ថា​ការចែកចាយ​ពី​វា​បាន​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ ។ ពួក​ទាហាន និង ប្តី​ប្រពន្ធ​របស់​ពួកគេ​បាន​មើល​មក​យើង ហើយ​និយាយ​ថា ‹ ប្រសិនបើ​អ្នក​អាច​ធ្វើ​វា​បាន នោះ​យើង​ក៏​អាច​ធ្វើ​វា​បាន​ផងដែរ › » ។

គូស្វាមី​ភរិយា​ម៉ៅអើមែន មាន​នូវ​បទពិសោធន៍​វិជ្ជមាន​បែប​នោះ​នៅ ខារ៉ូលីណា​ខាង​ជើង ដែល​ពួកគេ​ត្រូវបាន​ស្នើសុំ​ឲ្យ​បម្រើ​ជា​ថ្មី​ម្តង​ទៀត ។ សព្វ​ថ្ងៃ​នេះ​ពួកគេ​ធ្វើ​ដំណើរ​ប្រហែល ៦៤​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​ខ្លួន​នៅ​ទីក្រុង អូរិម​ទៅ​ទីក្រុង សតល៍ លេក ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​បម្រើ​នៅក្នុង​ការិយាល័យ​សម្ព័ន្ធយោធា​សាសនាចក្រ ។ ពួកគាត់​ក៏​បង្រៀន​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​នៅ​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ទីក្រុង ប្រូវ៉ូ ជា​កន្លែង​ដែល​ពួកគេ​ឃើញ​ថា ក្រុម​និមួយៗ រួម​ទាំង​បុគ្គល​ម្នាក់​បាន​យក​ឈ្នះ​លើ​ឧបសគ្គ​នានា​ដើម្បី​បម្រើ ។

ភាសា​នៃ​សាកលលោក

ដោយ​បាន​ហៅ​ឲ្យ​បម្រើ​នៅ​បេសកកម្ម​ប្រេស៊ីល ឃ្វីអាបា នោះ​រ៉ានឌី និង លូ អេលែន រ៉ូមរែល​មក​ពី​យូថាហ៍​មាន​ការព្រួយ​បារម្ភ ។ ទោះបី​ជា​អែលឌើរ រ៉ូមរែល​ធ្លាប់​បាន​បម្រើ​នៅក្នុង​ប្រទេស​ប្រេស៊ីល​កាល​ពី​នៅ​ក្មេង​ក្តី ក៏​គាត់​ពុំ​សូវ​ចេះ​ភាសា​ព័រទុយហ្គាយ​ច្រើន​ទៀត​ឡើយ ។ ហើយ​ស៊ីស្ទើរ​រ៉ូមរែល​ពុំ​ចេះ​ភាសា​ព័រទុយហ្គាយ​សោះ ។ ប៉ុន្តែ​ដោយ​ការសិក្សា និង ការខិតខំ​បាន​ជួយ​ឲ្យ​ជំនាញ​ភាសា​ព័រទុយហ្គាយ​របស់​អែលឌើរ រ៉ូមរែល​ត្រឡប់​ទៅរក​ភាពដើម​វិញ ហើយ​ភាសា​ព័រទុយ​ហ្គាយ​របស់​ស៊ីស្ទើរ​រ៉ូមរែល​វិញ​ក៏​រីកចម្រើន​ផងដែរ ។ ពួកគេ​ក៏​ចេះ​លេង​ហ្គីតា អូគូឡេឡេ​បាន​ប្រសើរ​ផងដែរ ។

ស៊ីស្ទើរ រ៉ូមរែល​និយាយ​ថា « ខ្ញុំ​ពុំ​បាន​មាន​គម្រោង​យក​វា​ទៅ​ជាមួយ​ខ្ញុំ​ឡើយ ប៉ុន្តែ​អែលឌើរ រ៉ូមរែល​ត្រូវបាន​បំផុស​គំនិត​ឲ្យ​យក​វា​ទៅ ហើយ​វា​ពិត​ជា​អស្ចារ្យ​ណាស់​ដែល​ឃើញ​ពី​អ្វី​ដែល​បាន​កើត​ឡើង » ។ នៅពេល​យើង​បង្រៀន​សាសនាគន់ការី ហើយ​ធ្វើ​កិច្ចការ​ដើម្បី​ឲ្យ​សកម្ម​ឡើង​វិញ ព្រមទាំង​ការរាប់អាន វា​សប្បាយ​ណាស់​ដើម្បី​លេង​ហ្គីតា​នោះ​ដើម្បី​ឲ្យ​មនុស្ស​ច្រៀង​ទំនុកតម្កើង ។ យើង​រៀន​ភាសា​នោះ ហើយ​ទំនុកតម្កើង​បាន​នាំ​មក​នូវ​ព្រះវិញ្ញាណ​ដ៏​អស្ចារ្យ​ជាមួយ​ពួកគេ » ។

រូបភាព
the Romrells playing a ukulele

ទោះបី​ជា​ជំនាញ​ភាសា​ព័រទុយហ្គាយ​របស់​នាង​នៅ​តែ​កំពុង​អភិវឌ្ឍ​ក្តី គាត់​បាន​ច្រៀង​យ៉ាង​រលូន ។ គាត់​និយាយ​ថា « តន្ត្រី​នាំ​ឲ្យ​មនុស្ស​ជួបជុំ​គ្នា » ។ « ទោះបី​ជា​ខ្ញុំ​ពុំ​អាច​យល់​អ្វី​គ្រប់យ៉ាង​ដែល​ពួកគេ​និយាយ​អំឡុង​ពេល​ជួប​គ្នា​ក្តី ក៏​នៅពេល​ច្រៀង​ពួក​យើង​បាន​យល់​គ្នា » ។ ដោយ​បាន​អញ្ជើញ​ឲ្យ​និយាយ​នៅក្នុង​ថ្នាក់​អំពី​បុណ្យ​ជាតិ​របស់​អាមេរិក​គឺ​បុណ្យ​ថ្លែង​អំណរគុណ នោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង រ៉ូមរែល បាន​ច្រៀង​ទំនុកតម្កើង​នៃ​ការថ្លែង​អំណរគុណ — ដោយ​លេង​ហ្គីតា​អូគូឡេឡេ ។ ហើយ​ស៊ីស្ទើរ​រ៉ូមរែល​ក៏​ប្រើ​ឧបករណ៍​សាមញ្ញ​បន្ថែម​មួយ​ដែល គឺ​ព្យាណូ​ដើម្បី​ច្រៀង​ទំនុកតម្កើង​នៅ​ព្រះវិហារ ។

ចុះ​ភាសា​ព័រទុយហ្គាល់​វិញ ? គាត់​និយាយ​ថា « ទោះបី​ជា​អ្នក​មិន​ចេះ​ស្ទាត់​ក្តី ការរៀន​តែ​ពីរបី​ពាក្យ​នឹង​ជួយ​ហើយ » ។ « ការនិយាយ​តែ​ពាក្យ​សាមញ្ញ​ដូច​ជា​សួស្តី និង ការស្វាគមន៍​មនុស្ស​នឹង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង ។ ចូរ​ឲ្យ​ពួកគេ​ដឹង​ថា​អ្នក​កំពុង​រៀន​វា ។ សូម​រៀន​តាម​សម្រួល ហើយ​ពឹង​ផ្អែក​លើ​ព្រះវិញ្ញាណ » ។ ពិតមែន​ហើយ ព្រះវិញ្ញាណ​គឺ​ជា​ភាសា​មួយ​ផ្សេង​ទៀត​ដែល​មនុស្ស​គ្រប់​គ្នា​អាច​ចេះ ។

ការបម្រើ​នៅ​ផ្ទះ

ប៉ុល និង ម៉ា ជីន លេវីស មក​ពី​រដ្ឋ​យូថាហ៍ បាន​បម្រើ​បេសកកម្ម​បី​ដង​ហើយ ( ព្រះវិហារ​បរិសុទ្ធ​ប៉ាល់ម៉ៃរ៉ា នូវ យ៉ោក ព្រះវិហារ​បរិសុទ្ធ​ហុងកុង ​ប្រទេស​ចិន និង នៅ​ក្រូអាត ស៊ើរបៀន និង ស្លូវេនី ជាមួយ​ថ្នាក់​សិក្ខាសាលា និង វិទ្យាស្ថាន​សាសនា ) ។ ពួកគេ​បាន​រៀបចំ​បម្រើ​បេសកកម្ម​មួយ​ទៀត នៅពេល​ប្រធាន​ស្តេក​របស់​ពួកគេ​បាន​សុំ « តើ​អ្នក​មាន​បំណង​ដើម្បី​បម្រើ​នៅ​ក្នុង​ស្តេក​ខ្លួន​ផ្ទាល់ ដើម្បី​គាំទ្រ​ដល់​បេសកកម្ម​ដែល​អ្នក​កំពុង​រស់​នៅ​នេះ​ទេ ? »

រូបភាព
the Lewises serving at home

ស៊ិស្ទើរ លេវីស​និយាយ​ថា « យើង​ជា​អ្នក​ចំណូល​ថ្មី​នៅ​ទីនេះ ដូច្នេះ​វា​គឺ​ជា​ឱកាស​ដ៏​អស្ចារ្យ » ។ « យើង​បម្រើ​ជាមួយ​អែលឌើរ និង ស៊ីស្ទើរ​វ័យ​ក្មេង ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ​ជាមួយ​ប្រធាន​បេសកកម្ម ទៅ​ប្រជុំ​មណ្ឌល និង តំបន់ ហើយ​ធ្វើ​ការ​ជាមួយ​អ្នក​ដឹកនាំ​បេសកកម្ម​វួដ » ។ ពួកគេ​ក៏​ទៅ​សួរសុខទុក្ខ​សាសនាគន់ការី និង អស់​អ្នក​ដែល​មិន​សូវ​សកម្ម ។

ស៊ិស្ទើរ លេវីស​និយាយ​ថា « យើង​បាន​ជួប​មនុស្ស​អស្ចារ្យ​ជាច្រើន យើង​នឹង​ពុំធ្លាប់​ស្គាល់ រួម​ទាំង​មនុស្ស​មួយ​ចំនួន​ទៀត ដែល​បាន​អសកម្ម ។ ឃើញ​ពួកគេ​ត្រឡប់​មក​វិញ ទទួល​ពិធីបរិសុទ្ធ ហើយ​ទៅ​ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ពរជ័យ​អស្ចារ្យ​មួយ » ។

អែលឌើរ លេវីស​និយាយ​ថា « មាន​អ្នក​ផ្សាយ​សាសនា​រៀម​ច្បង​ជា​ច្រើន នៅពេល​ពួកគេ​គិត​អំពី​ការបម្រើ​បេសកកម្ម នោះ​ពួកគេ​បារម្ភ​ពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​នៅ​ផ្ទះ​របស់​ខ្លួន និង ឡាន​របស់​ខ្លួន ឬ អ្វីៗ​ដែល​ពួកគេ​នឹង​នឹក​ដល់​គ្រួសារ​របស់​ពួកគេ » ។ « យើង​អាច​រស់នៅ​ក្នុង​ផ្ទះ​របស់​យើង ហើយ​បើក​ឡាន​របស់​យើង​ផ្ទាល់ ។ យើង​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ទៅ​សកម្មភាព​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ដរាប​ណា​កម្ម​វិធី​នោះ​មិន​ប៉ះពាល់​ដល់​ទំនួលខុសត្រូវ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ហើយ​យើង​ក៏​បាន​នៅ​ទីនេះ​រហូត​ដល់​ចៅ​របស់​យើង​ម្នាក់​កើត​ផងដែរ » ។

ពរជ័យ​ដល់​គ្រួសារ

ម្យ៉ាង​វិញ​ទៀត ជីល និង ខេន សូរែនសិន ដែល​មក​ពី​ស្តេក​ជាមួយ​គ្នា បាន​និយាយ​ពី​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ពង្រឹង​គ្រួសារ​ខ្លួន ដែល​បាន​បម្រើ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ខ្លួន ។ ស៊ិស្ទើរ សូរែនសិន​និយាយ​ថា « ការដោះសារ​មួយ​ដ៏ធំ​ដែល​ស្វាមីភរិយា​បាន​ធ្វើ​នោះ គឺ ថា​ខ្លួន​បដិសេធ​ពុំ​ទៅ​បេសកកម្ម​នោះ​ដោយសារ​មាន​ចៅ កូន​រៀបការ​មាន​បញ្ហា កូនស្រី​នឹង​មាន​គ៌រ ឪពុក​ម្តាយ​ចាស់​ — អ្នក​នឹង​មាន​រឿង​ដោះសារ​គ្រប់​បែប​យ៉ាង ។ គ្រួសារ​គឺ​ជា​អាទិភាព ហើយ​អ្នក​នឹក​ពួកគេ​រៀងរាល់​ថ្ងៃ ។ ប៉ុន្តែ​ការទៅ​បេសកកម្ម​គឺ​ជា​កាបញ្ជូន​នូវ​សារលិខិត​ដ៏​មាន​អនុភាព ថា​កិច្ចការ​អ្នកផ្សព្វផ្សាយ​សាសនា​ក៏​សំខាន់​ផងដែរ ។

ក្រៅពី​នោះ អែលឌើរ សូរែនសិន​បាន​កត់សម្គាល់​គឺ​ថា « ឥឡូវ​នេះ​មាន​របៀប​ជា​ច្រើន​ដើម្បី​បន្ត​ទាក់ទង​គ្នា ដែល​អ្នក​អាច​ប្រើ​វា​បាន​គ្រប់​ពេល » ។

ដំណើរ​ជីវិត​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​គូស្វាមី​ភរិយា សូរែនសិន​បាន​ចាប់ផ្តើម​កាល​ពី​បី​ឆ្នាំ​កន្លង​ទៅ នៅពេល​ប៊ីស្សព​របស់​ពួកគេ​បាន​សុំ​ពួកគេ​ឲ្យ​ធ្វើ​ជា​ម្ចាស់​កម្មវិធី​ប្រជុំ​ពិសេស សម្រាប់​គូស្វាមី​ភរិយា​ដែល​បម្រុង​នឹង​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។ ស៊ីស្ទើរ សូរែនសិន​និយាយ​ថា « បន្ទាប់​ពី​និយាយ​ពីការបម្រើ​នោះ​ជា​ទៀងទាត់​មក ពួក​យើង​ត្រូវទៅ​បេសកកម្ម​ដោយ​ខ្លួន​ឯង ! » ពួកគេ​បាន​ទទួល​ការហៅ​ឲ្យ​បម្រើ​នៅក្នុង​ក្រុម​កោះ​ឃុក ដែល​ជីដូនជីតា​របស់​ជីល​បាន​បម្រើ​កាល​ពី​៥០​ឆ្នាំ​មុន ។

រូបភាព
the Sorensons teaching Bible classes

សព្វ​ថ្ងៃ​នេះ ក្នុង​ចំណោម​កិច្ចការ​ផ្សេង​ទៀត នោះ​ពួកគេ​ត្រូវបាន​សុំ​ឲ្យ​បង្រៀន​ថ្នាក់​ព្រះគម្ពីរ​ប៊ីប​នៅក្នុង​សាលា ។

អែលឌើរ សូរែនសិន​និយាយ​ថា « យើង​បាន​ជជែក​គ្នា​អំពី​ព្រះគ្រីស្ទ​គឺ​ជា​សិលា » ។ « យើង​ឲ្យ​ថ្មតូចៗ​ទៅ​សិស្ស ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បន្ត​រឹងមាំ​នៅលើ​ព្រះគ្រីស្ទ ។ ឥឡូវ​នេះ ទីណា​ក៏​ដោយ​ដែល​យើង​ទៅ​គេ​និយាយ​ថា ‹ ថ្ម​រឹងមាំៗ ! › នៅពេល​ពួកគេ​ឃើញ​យើង » ។

មក​ហើយ​ជួយ

ប្រសិនបើ​អ្នក​គិត​បម្រុង​ទៅ​បេសកកម្ម​ពេញ​ម៉ោង ឬ​បេសកកម្ម​សេវាកម្ម​សាសនាចក្រ នោះ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​ទាំង​នេះ នឹង​សួរ​អ្នក​នូវ​សំណួរ​ដូច​ដែល​ប្រធាន រ៉ូប៊ីនសុន បាន​សួរ ហ្គើរ៉ល និង ឡណា ម៉មរ៉ូស ៖ « តើ​អ្នក​អាច​មក ហើយ​ជួយ​បាន​ទេ ? » ហើយ​ពួកគេ​នឹង​ប្រាប់​អ្នក​ថា មិន​ថា​អ្នក​ចូលរួម​សកម្ម​ប៉ុណ្ណា​ក៏​ដោយ ការសន្យា​នេះ​គឺ​ពិត ៖ អ្នក​គឺ​សំខាន់ អ្នក​អាច​រួម​ចំណែក ហើយ​អ្នក​នឹង​ត្រូវបាន​ប្រទាន​ពរ និង ត្រូវ​បាន​ស្រឡាញ់ ។

កំណត់​ចំណាំ

  1. « អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ៖ LDS Church Desperately Needs More Senior Missionaries » Deseret News ថ្ងៃ​ទី ១៤ ខែ កញ្ញា ឆ្នាំ ២០១១ deseretnews.com