២០១៦
ការភ័យ​រន្ធត់ ភាព​ទុក្ខ​ព្រួយ និង ផែនការ​របស់​ព្រះ
April 2016


ការ​ភ័យ​រន្ធត់ ភាព​ទុក្ខ​ព្រួយ និង ផែនការ​របស់​ព្រះ

អ្នក​និពន្ធ​រស់​នៅ​ក្នុង ប្រទេស​អាល់បានី ។

តាមរយៈ​បទពិសោធន៍​នៃ ភាព​ហិចហោច​ដ៏​ខ្លាំង​បំផុត នៃ​ជីវិត​របស់​ខ្ញុំ ឥឡូវ​នេះ​ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​បាន​គង់​នៅ​ជាមួយ​ខ្ញុំ គ្រប់​ពេល​ទាំងអស់ ។

រូបភាព
illustration like a stained-glass window

រូប​គំនូរ ដោយ ដេវីឌ ឃើរធីស

កាល​ពី​ព្រឹក​ព្រលឹម​នៅ​ក្នុង​ឆ្នាំ ២០០៨ នៅពេល​ម្តាយ​របស់​ខ្ញុំ​បាន​ដាស់​ខ្ញុំ​ឲ្យ​ក្រោក​ឡើង​ដើម្បី​ទៅ​សាលា​រៀន ។ ខ្ញុំ​មាន​ក្តី​រីករាយ​ណាស់​នា​ព្រឹក​នោះ ប៉ុន្តែ​ខ្ញុំ​ពុំ​ដឹង​ថា​វា​បាន​ប្រែ​ទៅ​ជា​ថ្ងែ​ដ៏​អាក្រក់​បំផុត​នៅក្នុង​ជីវិត​របស់​ខ្ញុំ ឬ ជា​ពេល​ចុងក្រោយ​ដែល​ខ្ញុំ​បាន​នៅ​ជាមួយ​ម្តាយ​ខ្ញុំ​ឡើយ ។ ខ្ញុំ​ពុំ​ទាន់​បាន​រៀន​ចប់​ម៉ោង​ឡើយ​នៅ​ថ្ងៃ​នោះ ដោយសារ​មិត្ត​របស់​គ្រួសារ​យើង​បាន​មក​ទទួល​ខ្ញុំ​ពី​សាលា ហើយ​ប្រាប់​ខ្ញុំ​ថា​ម្តាយ​របស់​ខ្ញុំ​បាន​សម្លាប់​ខ្លួន ។ ខ្ញុំ​មាន​អាយុ​តែ ១២​ឆ្នាំ​ប៉ុណ្ណោះ ។

ខ្ញុំ​បាន​គិត​ថា « តើ​ខ្ញុំ​អាច​រស់នៅ​ដោយ​គ្មាន​ម្តាយ​ខ្ញុំ​យ៉ាង​ដូចម្តេច ? » គាត់​គឺ​ជា​មិត្ត​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ ។

ខ្ញុំ​បាន​សោកសៅ​អស់​ពេល ជា​ច្រើន​ខែ ។ ខ្ញុំ​ពុំ​ចង់​ទៅ​សាលា​រៀន​ទេ ដោយសារ​ក្មេង​ដទៃ​ទៀត​បាន​ប្រព្រឹត្ត​ដាក់​ខ្ញុំ​ខុស​ពី​មុន ហើយ​មាន​អារម្មណ៏​សោកស្តាយ​ចំពោះ​ខ្ញុំ ។ ខ្ញុំ​ពុំ​ដឹង​អ្វី​ដែល​ខ្ញុំ​គួរតែ​ធ្វើ​ឡើយ ខ្ញុំ​គ្រាន់តែ​បាន​ដឹង​ថា ខ្ញុំ​ត្រូវតែ​មាន​ចិត្ត​រឹងមាំ​សម្រាប់​មនុស្ស​គ្រប់​គ្នា ។

នា​ថ្ងៃ​មួយ ប្រាំ ឬ ប្រាំមួយ​ខែ បន្ទាប់​ពី​មរណភាព​របស់​ម្តាយ​ខ្ញុំ នោះ​ខ្ញុំ​បាន​នៅ​តែ​ម្នាក់​ឯង​នៅក្នុង​បន្ទប់​ខ្ញុំ​ក្បែរ​បង្អួច ទាំង​យំ ដោយ​ព្យាយាម​ដើម្បី​យល់​ពី​គោលបំណង​របស់​ខ្ញុំ​នៅលើ​ផែនដី​នេះ ។ ភ្លាម​នោះ​ខ្ញុំ​បាន​ស្ដាប់​ឮ​សំឡេង​មួយ​នៅ​ក្នុង​ចិត្ត​ខ្ញុំ ៖ « អ្នក​គឺ​ជា​បុត្រី​របស់​យើង យើង​នឹង​មិន​ឲ្យ​អ្នក​រងទុក្ខ​ឡើយ » ។ ខ្ញុំ​ដឹង​ថា នោះ​ជា​សំឡេង​របស់​ព្រះ ។ ប៉ុន្តែ​ខ្ញុំ​មាន​ភាពភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​ខ្ញុំ​ពុំ​បាន​ជឿ​លើ​ទ្រង់​ទៀត​ឡើយ ជាពិសេស​ចាប់តាំង​ពី​ខ្ញុំ​បាន​មាន​អារម្មណ៍​ថា គឺ ព្រះ​ជា​អ្នក​ដែល​បាន​ឆក់​យក​ជីវិត​របស់​ម្តាយ​ខ្ញុំ ។ ទោះបី​ជា​ខ្ញុំ​ពុំ​ដឹង​ពី​អត្ថន័យ​ដែល​ទ្រង់​មាន​ព្រះបន្ទូល​ក្តី ខ្ញុំ​មាន​អារម្មណ៍​សុវត្ថិភាព​ក្នុង​ចិត្ត​ខ្ញុំ ។

បី​ឆ្នាំ​ក្រោយ​មក​ខ្ញុំ​បាន​ទៅ​ទីក្រុង រ៉ូម ប្រទេស​អ៊ីតាលី ដើម្បី​ទៅ​សួរសុខទុក្ខ​ឪពុក​មា​របស់​ខ្ញុំ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ដដែល​អំពី​សាសនាចក្រ​នេះ​ដែល​គាត់​បាន​ចូលរួម ។ នៅ​ថ្ងៃ​អាទិត្យ​មួយ គាត់​បាន​នាំ​ខ្ញុំ​ទៅ​ជាមួយ​គាត់ ។ ខ្ញុំ​ចាំ​ជានិច្ច​ពី​ការដើរ​ទៅ​តាម​ទ្វារ​ព្រះវិហារ នា​លើក​ដំបូង ហើយ​ទទួល​អារម្មណ៍​នៃ​ក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ នៅពេល​ខ្ញុំ​បាន​ទៅ​ក្នុង​ព្រះវិហារ ខ្ញុំ​មាន​អារម្មណ៍​ថា​វា​ដូច​ជា​ផ្ទះ​របស់​ខ្ញុំ​អញ្ចឹង ។

ខ្ញុំ​បាន​ចាប់​ផ្តើម​ទៅ​ព្រះវិហារ​រៀងរាល់​សប្តាហ៍ និង ទៅ​គ្រប់​សកម្មភាព​ទាំងអស់​ក្នុង​អំឡុង​ថ្ងៃ​នៃ​សប្តាហ៍ ។ ខ្ញុំ​ចូលចិត្ត​នៅ​ជាមួយ​យុវវ័យ​នៃ​សាសនាចក្រ ។ ពួកគេ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ភាពរីករាយ​ជាងមុន ។ ពួកគេ​បាន​គិត ហើយ​ជឿ​នូវ​រឿង​ដូចគ្នា​ដែល​ខ្ញុំ​បាន​ជឿ ។ បីខែ​ក្រោយ​មក វិស្សមកាល​រដូវ​ក្តៅ​របស់​ខ្ញុំ​បាន​ចប់ ហើយ​ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​អាល់បានី​វិញ ។

នៅពេល​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ ខ្ញុំ​បាន​ប្រាប់​ឪពុក​ខ្ញុំ​ពី​អារម្មណ៍​ដែល​ខ្ញុំ​បាន​មាន និង ក្តី​អំណរ​យ៉ាង​ខ្លាំង​ដែល​ខ្ញុំ​មាន​អំឡុង​ពេលនោះ ។ គាត់​មិន​ចូលចិត្ត​វា​ទេ ។ គាត់​បាន​ប្រាប់​ខ្ញុំ ថា គាត់​ពុំ​អនុញ្ញាត​ឲ្យ​ខ្ញុំ​បន្ត​ទៅ​ព្រះវិហារ ឬ រៀន​ពី​ព្រះវិហារ​នេះ​ទៀត​ឡើយ ។ ដូច្នេះ​ខ្ញុំ​ត្រូវ​រង់ចាំ​ដោយ​អំណត់​រយៈពេល​បី​ឆ្នាំ​ទៀត​រហូត​ដល់​ខ្ញុំ​ឈាន​ដល់​អាយុ ១៨​ឆ្នាំ ។ បន្ទាប់មក​ខ្ញុំ​អាច​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

អំឡុង​ពេល​នោះ​ខ្ញុំ​ត្រូវបាន​ប្រទាន​ពរ ដោយ​មាន​មនុស្ស​ជាច្រើន ដែល​បាន​ប្រាប់​ខ្ញុំ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​រាល់​សប្តាហ៍​នៅ​ព្រះវិហារ ។ មាន​ម្នាក់​ឈ្មោះ​ស្ទេហ្វានី ។ នាង​បាន​ធ្លាប់​រស់នៅ​ក្នុង​ប្រទេស​អ៊ីតាលី នៅពេល​ឪពុក​មា​របស់​ខ្ញុំ​បាន​ចូលរួម​សាសនាចក្រ ប៉ុន្តែ​នាង​បាន​ត្រឡប់​ទៅផ្ទះ​របស់​នាង​វិញ​នៅ​សហរដ្ឋ ។ ឪពុក​មា​របស់​ខ្ញុំ​បាន​គិត​ថា វា​ជា​ការណ៍​ល្អ​សម្រាប់​ពួកយើង​ដើម្បី​សរសេរ​សំបុត្រ​ឲ្យ​គ្នា​ទៅវិញ​ទៅមក ដូច្នោះ​ខ្ញុំ​បាន​បញ្ចូល​នាង​ធ្វើ​ជា​មិត្ត​របស់​ខ្ញុំ​លើ​ហ្វេសប៊ូក ។

ទោះបី​ជា​យើង​ពុំដែល​បាន​ជួប​គ្នា​ផ្ទាល់​ក្តី ខ្ញុំ​មាន​អំណរគុណ​ជានិច្ច​ចំពោះ​នាង​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​ស្ថាបនា​សេចក្តី​ជំនឿ​របស់​ខ្ញុំ ហើយ​រៀន​បន្ថែម​ទៀត​អំពី​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នាង​បាន​សរសេរ​សំបុត្រ​មក​ខ្ញុំ​ស្ទើរតែ​រាល់​សប្តាហ៍ ហើយ​បាន​ប្រាប់​ខ្ញុំ​ពី​អ្វី​ដែល​នាង​បាន​រៀន​នៅ​ព្រះវិហារ ហើយ​បាន​ឆ្លើយ​សំណួរ​នានា​របស់​ខ្ញុំ ។ នាង​គឺ​ជា​មិត្ត​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ ។

ទីបំផុត បន្ទាប់​ពី​ក្តីអំណត់​ជាច្រើន​ឆ្នាំ​ក្រោយ​មក នោះ​ខ្ញុំ​បាន​ជ្រមុជទឹក​គឺ​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​ថ្ងៃ​កំណើត​របស់​ខ្ញុំ​គម្រប់​អាយុ ១៨​ឆ្នាំ ។ ហើយ​មិន​យូរ​ប៉ុន្មាន ខ្ញុំ​នឹង​ចែករំលែក​នូវ​សុភមង្គល​នេះ​ជាមួយ​ម្តាយ​ខ្ញុំ នូវ​អារម្មណ៍​ដែល​ខ្ញុំ​មាន​នូវ​ថ្ងៃ​នោះ ដោយសារ​ខ្ញុំ​នឹង​ជ្រមុជទឹក​ឲ្យ​គាត់ ។ ខ្ញុំ​ដឹង​ថា​គាត់​នឹង​មាន​មោទនភាព​ចំពោះ​ជីវិត​ដែល​ខ្ញុំ​បាន​ជ្រើស​យក​នេះ ។

ខ្ញុំ​មាន​អារម្មណ៍​ថា​បាន​ទទួល​ពរ​ពី​ព្រះវរបិតាសួគ៌ ដោយសារ​ទ្រង់​បាន​គង់​នៅ​ជាមួយ​ខ្ញុំ ក្នុង​ដំណើរ​ជីវិត​របស់​ខ្ញុំ​ទាំងមូល​តាម​របៀប​ជា​ច្រើន ។ ខ្ញុំ​ត្រូវតែ​ចាំ ហើយ​មាន​ចិត្ត​អំណត់ ដោយសារ​ទ្រង់​មាន​ផែនការ​សម្រាប់​ខ្ញុំ ។ ទ្រង់​គឺ​ជា​អង្គ​ដែល​បាន​ប្រទាន​កម្លាំង​ដល់​ខ្ញុំ​ឲ្យ​ឆ្លង​កាត់​នូវ​ឧបសគ្គ​ទាំងអស់​ដែល​ខ្ញុំ​បាន​ជួប ។ ទ្រង់​តែងតែ​គង់នៅ​ជាមួយ​ខ្ញុំ​ហើយ​ជួយ​ខ្ញុំ​ឲ្យ​កាន់តែ​រីករាយ​ជានិច្ច ។