២០១៨
ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ​បន្តិច​ជាង​ពី​ម្សិល​មិញ
ខែ ធ្នូ ឆ្នាំ ២០១៨


ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ​បន្តិច​ជាង​ពី ម្សិល​មិញ

អ្នក​និពន្ធ​រស់​នៅ​ទីក្រុង​សាលតា ប្រទេស​អាហ្សង់ទីន ។

យើង​ត្រូវ​បន្ត​រស់នៅ​តាម​ដំណឹង​ល្អ ។ នោះ​ជា​របៀប​ដែល​សូជីអូ​អាច​ក្លាយ​ជា​កូន​ប្រុស​របស់​យើង​ម្តង​ទៀត ។

រូបភាព
missionary planner

រចនា​រូបភាព​ដោយ ស៊ូសានណេ ស៊ីមម៉ុន

នៅពេល​ប្រធាន​បេសកកម្ម​របស់​គាត់​បាន​ទូរសព្ទ​មក នោះ​សូជីអូ​បាន​បម្រើ​បេសកកម្ម​បាន​ជិត​មួយ​ឆ្នាំ​ហើយ ។ គាត់​គឺជា​កូន​ប្រុស​តែ​ម្នាក់​គត់​របស់​យើង ហើយ​គាត់​គឺជា​កូន​ដំបូង​របស់​យើង​ដែល​ទៅ​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ។ លីលៀណា​ភរិយា​របស់​ខ្ញុំ និង​ខ្ញុំ​មាន​មោទនភាព​ចំពោះ​គាត់ និង​គំរូ​ដែល​គាត់​បាន​ធ្វើ​សម្រាប់​ប្អូន​ស្រី​ទាំង​ពីរ​របស់​គាត់ ។

សូជីអូ​មាន​របៀប​ពិសេស​មួយ​អំពី​ខ្លួន​គាត់ ដែល​យើង​បាន​ដឹង​ថា នឹង​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ល្អ ។ គាត់​មាន​ភាព​ជា​អ្នក​ដឹកនាំ​តាំង​ពី​កំណើត គាត់​រីករាយ ហើយ​មាន​ចិត្ត​ស្មោះសរ ហើយ​គាត់​អាច​ជំរុញ​ទឹកចិត្ត​អ្នក​ដទៃ​បាន ។

វា​មិន​ជា​បញ្ហា​ចំពោះ​គាត់​ឡើយ ទោះ​ជា​បុគ្គល​នោះ​ជា​សមាជិក​សាសនាចក្រ​ឬ​មិន​មែន​ជា​សមាជិក​ក្តី—គាត់​រាប់អាន​មិត្ត​ជាមួយ​មនុស្ស​គ្រប់​គ្នា ។ ហើយ​ប្រសិនបើ​អ្នក​ដទៃ​សើច​ចំអក​ដាក់​គាត់​ដោយសារ​តែ​គាត់​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នោះ​គាត់​បាន​ទទួល​វា​ដោយ​កំប្លែង និង​កម្រ​អាក់អន់​ចិត្ត​ណាស់ ។

យើង​មាន​ចិត្ត​រំភើប នៅពេល​សូជីអូ​បាន​ទទួល​ការហៅ​បេសកកម្ម​របស់​គាត់​ទៅ​បេសកកម្ម​ពេរ៉ូ ឈី​ខ្លាយ៉ូ ។ គាត់​បាន​ចាប់ផ្តើម​ការបម្រើ​របស់​គាត់​នៅ​ថ្ងៃ​ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ។ គាត់​ស្រឡាញ់​បេសកកម្ម​របស់​គាត់ ។ នៅ​គ្រា​ដំបូង វា​មាន​ភាពងាយ​ស្រួល​ក្នុង​ការសរសេរ​សំបុត្រ​ទៅ​គាត់ ។ ប៉ុន្តែ​យូរៗ​ទៅ ខ្ញុំ​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ដើម្បី​គិត​អំពី​សំបុត្រ​របស់​គាត់ និង​ឆ្លើយតប​ចំពោះ​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​គាត់ ។

យើង​ពុំ​បាន​បារម្ភ​អំពី​សូជីអូ​ទេ ។ យើង​បាន​គិត​ថា តំបន់​បេសកកម្ម​គឺជា​កន្លែង​ដ៏​មាន​សុវត្ថិភាព​បំផុត​សម្រាប់​គាត់ ។ ប្រធាន​បេសកកម្ម​របស់​គាត់​បាន​ទូរសព្ទ​មក​យើង​នៅ​ថ្ងៃ​ទី ៧ ខែ តុលា ឆ្នាំ ២០១៤ ។

យើង​ពុំ​មាន​អារម្មណ៍​ថា​ឯកោ​ឡើយ

ប្រធាន​បេសកកម្ម​បាន​ប្រាប់​យើង​ថា សូជីអូ និង​ដៃគូ​របស់​គាត់​បាន​បង្រៀន​សាសនា​គន់ការី​អំពី​ព្រះវិហារ​បរិសុទ្ធ និង​ក្រុមគ្រួសារ​អស់កល្ប​ជានិច្ច ។ បន្ទាប់​មក នៅពេល​សូជីអូ​បាន​អធិស្ឋាន​បិទ គាត់​បាន​ឈប់​មួយ​សន្ទុះ ហើយ​រំពេច​នោះ គាត់​បាន​សន្លប់​បាត់​ស្មារតី ហើយ​បាន​ដួល​ចុះ​ទៅលើ​កម្រាល​ឥដ្ឋ ។ គាត់​បាន​ទទួល​ការប្រសិទ្ធពរ ហើយ​គេ​បាន​បញ្ជូន​គាត់​យ៉ាង​លឿន​ទៅ​កាន់​មន្ទីរពេទ្យ ។ វេជ្ជបណ្ឌិត​បាន​កំណត់​ថា គាត់​បាន​រងឈឺ​ចាប់​ដោយសារ​ការដាច់​សសៃ​ឈាម​ដែល​ប៉ោង​នៅក្នុង​ខួរ​ក្បាល ។ វេជ្ជបណ្ឌិត​បាន​ព្យាយាម​ជួយ​ធ្វើ​ឲ្យ​គាត់​ដឹង​ខ្លួន​វិញ ប៉ុន្តែ​វា​គ្មាន​ប្រយោជន៍​ឡើយ ។

ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​យើង​កើត​ទុក្ខ​ជា​ខ្លាំង ។ ទោះបីជា​យើង​មាន​ទុក្ខ​លំបាក​ក្តី លីលៀណា និង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ពេរ៉ូ ដើម្បី​ទៅ​ទទួល​សាកសព និង​របស់​របរ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​របស់​សូជីអូ ។ យើង​មាន​ភាពស្មុគស្មាញ​ដែល​ធ្វើ​ឲ្យ​គិត​ពុំ​បាន​ច្បាស់លាស់ ដូច្នេះ​យើង​មាន​អំណរគុណ​ចំពោះ​សមាជិក​ដែល​មក​ពី​សាសនាចក្រ—ចាប់តាំង​ពី​គ្រា​ដែល​យើង​បាន​ចេញ​ពីផ្ទះ​យើង រហូត​ដល់​យើង​ត្រឡប់​មក​វិញ—បាន​នៅ​ទីនោះ​ដើម្បី​ជួយ​យើង ។ យើង​ក៏​ទទួល​បាន​ជំនួយ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បាន​លួងលោម​យើង ហើយ​បាន​ជួយ​យើង​ឲ្យ​មាន​ការស៊ូទ្រាំ ។ យើង​ពុំ​មាន​អារម្មណ៍​ថា​ឯកោ​ឡើយ ។

វា​លំបាក​នឹង​រកឃើញ​អំណរគុណ​នៅក្នុង​គ្រា​លំបាក ប៉ុន្តែ​ខ្ញុំ​មាន​អំណរគុណ​ចំពោះ​សេចក្តីមេត្តា​ករុណា​ដ៏​ទន់ភ្លន់​របស់​ព្រះអម្ចាស់ ដែល​ទាក់ទង​នឹង​មរណភាព​របស់​សូជីអូ ។ នៅពេល​គាត់​ស្លាប់ ខ្ញុំ​កំពុង​បម្រើ​ជា​ប៊ីស្សព ហើយ​លីលៀណា​គឺជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ហើយ​កូនស្រី​របស់​យើង ស្ស៊ីមែណា​កំពុង​បម្រើ​ជា​ប្រធាន​យុវនារី វួដ ។ យើង​មាន​ភាព​មមាញឹក​ក្នុង​ការបម្រើ និង​ស្រឡាញ់​អ្នក​ដទៃ ដែល​បាន​ពង្រឹង​យើង​នៅក្នុង​ដំណឹង​ល្អ ។ ប្រសិនបើ​សូជីអូ​បាន​ចាកចេញ​ពី​យើង នោះ​ខ្ញុំ​នឹង​មាន​អំណរគុណ​ជានិច្ច​ថា ព្រះ​វរ​បិតា​សួគ៌​បាន​យក​គាត់​ទៅ អំឡុងពេល​ដែល​យើង​មាន​ភាព​រឹងមាំ​នៅក្នុង​សេចក្តីជំនឿ ។

ខ្ញុំ​ក៏​មាន​អំណរគុណ​ដែល​សូជីអូ​បាន​ស្លាប់​ទៅ​អំឡុងពេល​បម្រើ​ព្រះអម្ចាស់ និង​អំឡុងពេល « នៅ​ក្នុង​ការ​បម្រើ​ដល់​មនុស្ស [ របស់​គាត់ ] » ( ម៉ូសាយ ២:១៧ ) ។ ព្រះអម្ចាស់​បាន​ប្រកាស​ថា « អស់​អ្នកណា​ដែល​ស្លាប់​ក្នុង​យើង នោះ​នឹង​មិន​ត្រូវ​ភ្លក់​សេចក្តីស្លាប់​ឡើយ ដ្បិត​សេចក្តីស្លាប់​នឹង​បាន​ទៅ​ជា​សេចក្តីផ្អែមល្ហែម​ដល់​ពួកគេ​វិញ » ( គ. និង ស. ៤២:៤៦ ) ។

ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រទាន​ដល់​ខ្ញុំ​នូវ​ការឃើញ​មួយ​ភ្លែត នូវ​អ្វី​ដែល​ព្រះវរបិតាសួគ៌​ត្រូវតែ​ស៊ូទ្រាំ​នៅពេល​បុត្រា​សំណព្វ​តែ​មួយ​របស់​ទ្រង់​បាន​សុគត​សម្រាប់​ពួកយើង ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​គ្មាន​សិទ្ធិ​ខឹង​សម្បារ​នឹង​ព្រះ​ឡើយ ។ ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​របស់​ខ្ញុំ បាន​ជ្រាប​ដឹង​អំពី​អ្វី ដែល​ខ្ញុំ​បាន​ហែល​ឆ្លង​កាត់ ។ សេចក្តីសុខសាន្ត​បាន​គ្រប​សណ្តប់​លើ​រូប​ខ្ញុំ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​យក​ព្រះទ័យ​ទ្រង់ និង​ពេលវេលា​នៃ​មរណភាព​របស់​សូជីអូ ។ លីលៀណា​បាន​ទទួល​បទពិសោធន៍ និង​ទទួល​អារម្មណ៍​ដូច​នេះ​ផងដែរ ។

ពាក្យ​លួងលោម

គ្រួសារ​របស់​យើង​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ឆ្នាំ ២០០៥ ពេល​ដែល​សូជីអូ និង ស្ស៊ីមែណា​នៅ​តូច ។ ក្រោយ​មក រុស្ស​បាន​កើត​ក្នុង​សេចក្តីសញ្ញា ។ ពីមុន​គាត់​បាន​ចេញ​ទៅ​បម្រើ​បេសកកម្ម សូជីអូ​បាន​ជ្រមុជទឹក​ឲ្យ​រុស្ស ។

រូបភាព
Sergio and Ruth

បីថ្ងៃ​បន្ទាប់​ពី​សូជីអូ​ស្លាប់ រុស្ស​បាន​សុបិន​ឃើញ​សូជីអូ ។ វា​ជា​រាត្រី​នៃ​ថ្ងៃ​ខួប​កំណើត​អាយុ​ប្រាំ​បួន​ឆ្នាំ​របស់​រុស្ស ។ រុស្ស​បាន​សុបិន​ឃើញ​ថា ពួកគេ​ទាំងពីរ​នាក់​បាន​ដើរ​កាន់ដៃ​គ្នា​ពេញ​មួយ​ថ្ងៃ ហើយ​ថា​សូជីអូ​បាន​និយាយ​ពាក្យ​លួងលោម​ទៅកាន់​នាង ។

រុស្ស និង ស្ស៊ីមែណា​មាន​ភាព​ស្និទ្ធស្នាល​នឹង​សូជីអូ ហើយ​ពួកគេ​នឹក​គាត់​ខ្លាំង​ណាស់ ។ រុស្ស​នៅ​តែ​ទទួល​ការលួងលោម​ពី​ការចងចាំ​នៃ​សុបិន​របស់​នាង ។

ថ្ងៃ​មួយ នៅពេល​យើង​កំពុង​រៀបចំ​របស់​ប្រើប្រាស់​របស់​សូជីអូ នោះ​លីលៀណា និង​ខ្ញុំ​បាន​ឃើញ​សៀវភៅ​ផែនការ​ប្រចាំ​ថ្ងៃ​នៃ​បេសកកម្ម​របស់​គាត់ ។ យើង​បាន​សម្គាល់​ឃើញ​ថា នៅលើ​ទំព័រ​នីមួយៗ​គ្រប់​ថ្ងៃ​ទាំងអស់ សូជីអូ​បាន​សរសេរ​ឃ្លា​ថា « ចូរ​ធ្វើ​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​បន្តិច​ជាង​ពី​ម្សិល​មិញ » ។

ពាក្យ​ទាំង​នោះ​មិន​ទៅ​ណា​ឆ្ងាយ​ពី​ខ្ញុំ​ឡើយ ។ ពាក្យ​ទាំង​នោះ​រំឭក​ខ្ញុំ​ថា យើង​ត្រូវ​បន្ត​រស់នៅ​តាម​ដំណឹង​ល្អ ។ នោះ​ជា​របៀប​ដែល​យើង​អាច​រស់នៅ​ជាមួយ​គ្នា​ជា​គ្រួសារ​បន្ទាប់​ពី​ជីវិត​នេះ ។ នោះ​ជា​របៀប​ដែល​សូជីអូ​អាច​ក្លាយ​ជា​កូន​ប្រុស​របស់​យើង​ម្តង​ទៀត ។

នៅពេល​យើង​ឆ្លង​កាត់​គ្រា​លំបាកៗ នោះ​ព្រះអង្គសង្គ្រោះ​នឹង​ជួយ​យើង ។ ខ្ញុំ​ដឹង​ថា វា​ជា​ការពិត គឺដូច​ខ្ញុំ​ដឹង​ថា ការសន្យា​របស់​ទ្រង់​គឺ​ពិតប្រាកដ ។ ដូច្នេះ​យើង​បាន​បន្ត​កាន់​ខ្ជាប់​នឹង​ដំណឹងល្អ ហើយ​យើង​ធ្វើ​តាម​គំរូ​របស់​សូជីអូ ។ យើង​ព្យាយាម​ប្រែ​កាន់តែ​ល្អ​ប្រសើរ​ឡើង​រៀងរាល់​ថ្ងៃ ។