២០១៨
តើ​គ្រូ​បង្រៀន​តាម​ផ្ទះ និង​គ្រូ​បង្រៀន​សួរ​សុខ​ទុក្ខ​របស់​ខ្ញុំ​ទៅ​ណា ?
ខែ ធ្នូ ឆ្នាំ ២០១៨


តើ​គ្រូ​បង្រៀន​តាម​ផ្ទះ និង​គ្រូ​បង្រៀន​សួរ​សុខ​ទុក្ខ​របស់​ខ្ញុំ​ទៅ​ណា ?

ភាព​បត់បែន​នៃ​ការងារ​បម្រើ​គួរតែ​ជំរុញ​យើង​ឲ្យ​បង្ហាញ​ការយក​ចិត្ត​ទុកដាក់​កាន់តែ​ច្រើន​ឡើង ពុំមែន​នាំ​យើង​ឲ្យ​សម្រាក​លំហែ​កាយ​នោះ​ទេ ។

រូបភាព
three women talking

ថ្មីៗ​នេះ មិត្ត​ម្នាក់​របស់​ខ្ញុំ​បាន​សួរខ្ញុំ​ដោយ​ភាន់ភាំង​ថា « តើ​គ្រូ​បង្រៀន​សួរ​សុខ​ទុក្ខ​របស់​ខ្ញុំ​ទៅ​ណា ? » ចាប់តាំង​ពី​ពេល​ដែល​ស្វាមី​របស់​គាត់​បាន​ស្លាប់​ទៅ ពួកគេ​ត្រូវបាន​គេ​មើល​ថែ និង​យក​ចិត្ត​ទុកដាក់ ប៉ុន្តែ​ចាប់តាំង​ពី​ការប្រកាស​អំពី​កម្មវិធី​ការងារ​បម្រើ​ថ្មី​នៅ​ឯ​សន្និសីទ​ទូទៅ​ខែ​មេសា ឆ្នាំ ២០១៨ មក គាត់​ពុំ​ដែល​ឃើញ​ពួកគេ​សោះ ។

យើង​ទាំងអស់​គ្នា​កំពុង​កែតម្រូវ​ទៅ​នឹង​វិធី​ថ្មី​មួយ​នៃ​ការធ្វើ​កិច្ចការ​នេះ ហើយ​បងប្អូន​ប្រុសស្រី​ដែល​ផ្តល់​ការងារ​បម្រើ​មួយ​ចំនួន​អាច​នឹង​ពុំ​យល់​ថា ទោះបី​ជា​ការសួរសុខទុក្ខ​តាម​ផ្ទះ​ពុំ​មែន​គ្រាន់តែ​ជា​វិធី​មួយ​នៃ​ការងារ​បម្រើ​ឡើយ ប្រាកដ​ណាស់​វា​គឺជា​វិធី​ដ៏​អស្ចារ្យ​មួយ​ដើម្បី​បង្ហាញ​សេចក្តីស្រឡាញ់ និង​ចំណាប់​អារម្មណ៍​ដ៏​ស្មោះត្រង់—ហើយ​សមាជិក​ជា​ច្រើន​នៅ​តែ​ត្រូវ​ការវា ។

ការដាក់​អាទិភាព​លើ​សំណួរ ហេតុអ្វី ឲ្យ​នៅលើ​សំណួរ ដូចម្តេច

សម្រាប់​មនុស្ស​មួយ​ចំនួន បញ្ហា​អាច​កើត​ឡើង​ពី​ការ​យល់​ច្រឡំ​អំពី​គោលបំណង​នៃ​ការផ្លាស់ប្តូរ​នេះ ។ គោលបំណង​ដែល​បង្កប់​នៅ​ក្នុង​ការជំនួស​ការបង្រៀន​តាម​ផ្ទះ និង​ការបង្រៀន​សួរសុខទុក្ខ​ឲ្យ​ទៅ​ជា​ការងារបម្រើ​នោះ គឺ​ពុំមែន​ជា​ការផ្លាស់ប្តូរ​ធម្មតាៗ​អំពី របៀប ដែល​យើង​មើល​ថែ​ដល់​គ្នា​ទៅវិញ​ទៅមក​នោះ​ទេ តែ​វា​ជួយ​យើង​ឲ្យ​កាន់តែ​ទទួល​បាន​ការដឹកនាំ​ពី មូលហេតុ​នោះ ។

គោលបំណង​ចម្បង​នៃ​ការងារ​បម្រើ​របស់​យើង គឺ​ដើម្បី​ជួយ​អ្នកដទៃ​ឲ្យ​កាន់តែ​ប្រែចិត្ត​ជឿ​ខ្លាំង​ឡើង​ដល់​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ហើយ​រីកចម្រើន​ឆ្ពោះ​ទៅកាន់​សក្តានុពល​នៃ​ភាព​ជា​ព្រះ​របស់​ពួកគេ ។ ភាពបត់បែន​ដែល​បាន​បន្ថែម​លើ​កម្មវិធី​នេះ ពុំ​មែន​ជំរុញ​ឲ្យ​កិច្ច​ខិតខំ​យើង​មាន​ការសម្រាក​លំហែ​នោះ​ទេ តែ​វា​ផ្តល់​ឱកាស​កាន់តែ​ច្រើន​ឡើង​សម្រាប់​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​កិច្ចខិតខំ​របស់​យើង ។

ដូច្នេះ​ទោះបី​មាន ឬ​គ្មាន​នរណា​ម្នាក់​ត្រូវការ​ការសួរសុខទុក្ខ​នៅថ្ងៃ​នេះ​ក្តី វា​គួរតែ​ផ្តោត​ទៅលើ​ចំណុច​សំខាន់​ថា តើ​អ្វី​នឹង​ជួយ​ពួកគេ​ឲ្យ​បន្ត​ឆ្ពោះ​ទៅមុខ​លើ​មាគ៌ា​របស់​ព្រះវរបិតាសួគ៌ ។

រៀន​ជាមួយ​គ្នា

ទោះបី​ជា​ការចាប់ផ្តើម​គ្មាន​ភាពប្រាកដ​ប្រជា​អំពី​អ្វី​ដែល​រំពឹង​ចង់​បាន​ពី​យើង​នៅពេល​យើង​ធ្វើ​ការងារ​បម្រើ​ក្តី បងប្អូន​ប្រុសស្រី​របស់​យើង​កំពុង​ឈោង​ទៅ​ជួយ​គ្នា​ទៅវិញ​ទៅមក ។ នៅ​គ្រប់​កន្លែង​ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ វា​គឺ​ជា​ក្តី​រំភើប​ដែល​បាន​ឮ​ពី​ស្ត្រី​ដ៏​ច្រើន​រាប់​មិន​អស់ ( និង​បុរស​ផងដែរ ) ចែកចាយ​រឿង​របស់​ពួកគេ​អំពី​ឥទ្ធិពល​វិជ្ជមាន​នៃ​ការងារ​បម្រើ​របស់​ខ្លួន—ឬ​ត្រូវបាន​គេ​ផ្តល់​ការងារ​បម្រើ​ដល់​ពួកគេ—គឺ​ទំនាក់ទំនង​បាន​កើន​ឡើង និង​ការរីកចម្រើន​ផ្ទាល់​ខ្លួន ។

ថ្មីៗ​នេះ ខ្ញុំ​បាន​ត្រឡប់​មក​ពី​រដ្ឋ ណ័រ​ខារូឡាយ​ណា ស. រ. អា. នៅ​ទីនោះ​ប្រធាន​សមាគម​សង្គ្រោះ​វួដ​ម្នាក់​បាន​ចែកចាយ​យោបល់​មួយ​ចំនួន​ដែល​គាត់​បាន​ទទួល​ពី​ថ្នាក់​ដឹកនាំ​ស្តេក ។ ជាមួយ​នឹង​ការបញ្ជាក់​ច្បាស់​មួយ​ចំនួន ខ្ញុំ​បាន​គិត​ថា ពួកគាត់​អស្ចារ្យ​ណាស់ ហើយ​សក្តិសម​នឹង​ចែកចាយ​យោបល់​នោះ ។

រូបភាព
ministering chart 1
រូបភាព
ministering chart 2

បន្ត​ឆ្ពោះ​ទៅ​មុខ

យើង​ទាំងអស់​គ្នា​កំពុង​រៀន​ជាមួយ​គ្នា​នៅពេល​យើង​ចាប់យក « មធ្យោបាយ​កាន់តែ​ថ្មី និង កាន់តែ​បរិសុទ្ធ » ដើម្បី​ផ្តល់​ការងារ​បម្រើ ។ ប្រហែល​ពួកយើង​មួយ​ចំនួន​មាន​អារម្មណ៍​ស្មុគស្មាញ ឬ​ភ័យខ្លាច ។ វា​មាន​ប្រយោជន៍​ដើម្បី​ចាំ​ថា « កាន់តែ​ថ្មី និង កាន់តែ​បរិសុទ្ធ » ពុំមែន​មាន​ន័យ​ថា « គ្មាន​កំហុស និង​ពុំ​អាច​សម្រេច​បាន » នោះ​ឡើយ ។

មិន​ថា​អ្នក​នៅតែ​ពុំ​ប្រាកដ​ចិត្ត​អំពី​គោលបំណង​នៃ​ការងារ​បម្រើ និង​របៀប​ដែល​វា​ដំណើរការ ឬ​អ្នក​គិត​ថា អ្នក​យល់​ពី​វា​ហើយ នោះ​ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​មើល និង​អាន​ធនធាន​នៅ​គេហទំព័រ ministering.lds.org និង​សិក្សា​អត្ថបទ​ស្តីពី​គោលការណ៍​នៃ​ការងារ​បម្រើ​ដែល​បាន​បោះពុម្ព​ចេញផ្សាយ​រៀងរាល់​ខែ​នៅក្នុង លីអាហូណា ( សូមមើល​ទំព័រ​ទី ៨ ក្នុង​ច្បាប់​ចេញ​ផ្សាយ​នេះ ) ។ សម្ភារ​ទាំង​នេះ​នឹង​ជួយ​ឲ្យ​កិច្ច​ខិតខំ​នៃ​ការងារ​បម្រើ​របស់​អ្នក​ស្រប​ទៅ​នឹង​កិច្ចការ​របស់​ព្រះអង្គសង្គ្រោះ ។

សូម​អរគុណ​ដល់​បងប្អូន​ប្រុសស្រី​ដ៏​អស្ចារ្យ សម្រាប់​សេចក្តីស្រឡាញ់ និង​ការមើល​ថែ និង​ឈោង​ទៅ​ជួយ ព្រមទាំង​ការលះបង់​ខ្លួន​របស់​អ្នក ។ អ្នក​ពិតជា​អស្ចារ្យ​ណាស់ ហើយ​ការងារ​បម្រើ​របស់​អ្នក​នឹង​ក្លាយ​ជា « អ្វី​មួយ​ដែល​កាន់តែ​ប្រពៃ​បំផុត ! »

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « ការងារ​បម្រើ » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០០ ។

  2. អិមម៉ា ស្ម៊ីធ នៅក្នុង Daughters in My Kingdom: The History and Work of Relief Society ( ឆ្នាំ ២០១១ ) ទំព័រ ១៤ ។