២០១៨
យើង​ទាំង​ពីរ​នាក់​បាន​ទទួល​ពរ
ខែ ធ្នូ ឆ្នាំ ២០១៨


យើង​ទាំង​ពីរ​នាក់​បាន​ទទួល​ពរ

អាណា ហ្វីងហ្គើលេ ទីក្រុង​ហេសេ ប្រទេស​អល្លឺម៉ង់

រូបភាព
Christmas gift

រចនា​រូបភាព​ដោយ ខារ៉ូលីន វីបប៊ើត

ភ្នែក​របស់​ខ្ញុំ​បាន​ខ្វាក់​ពាក់​កណ្តាល​មើល​មិន​សូវ​ឃើញទេ នៅពេល​ឡាន​ដឹកទំនិញ​មួយ​បាន​បុក​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​ខ្ទាត់​ចេញ​ពី​កង់ ។ ប្រហែល​ជា​បួន​ឆ្នាំ​ក្រោយ​មក អំឡុង​ពេលរដូវ​បុណ្យ​គ្រីស្ទម៉ាស់​ឆ្នាំ ២០១១ ខ្ញុំ​បាន​ទទួល​អារម្មណ៍​បំផុសគំនិត​ឲ្យ​សូម​បងប្រុស​ម្នាក់ ដែល​ខ្ញុំ​ស្គាល់​នៅក្នុង​វួដ​ចាស់​របស់​ខ្ញុំ ឲ្យ​ប្រសិទ្ធពរ​បព្វជិតភាព​ដល់​ខ្ញុំ ។ ខ្ញុំ​បាន​ឃើញ​បងប្រុស​ម្នាក់​នេះ​យូរៗ​ម្តង ដូច្នេះ​ខ្ញុំ​ពុំ​យល់​អំពី​មូលហេតុ​ដែល​ខ្ញុំ​គួរតែ​សូម​គាត់​នោះទេ ។ ខ្ញុំ​បាន​ដឹង​ថា មាន​អ្នកកាន់​បព្វជិតភាព​ដែល​សក្តិសម​ដទៃ​ទៀត​ដែល​ខ្ញុំ​អាច​សូម​ការប្រសិទ្ធពរ​ពី​គេ​ជំនួស​ឲ្យ​ការសុំ​ពី​គាត់​បាន ។

នៅ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក អារម្មណ៍​ដែល​ខ្ញុំ​ត្រូវការ​ការប្រសិទ្ធពរ​នោះ​បាន​មាន​កាន់តែ​ខ្លាំង​ឡើង ។ ខ្ញុំ​កំពុង​បម្រើ​ជា​អ្នក​ធ្វើការ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ព្រះវិហារ​បរិសុទ្ធ ហ្វ្រែងហ្វើត អាល្លឺម៉ង់ ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​សូម​ឲ្យ​បងប្រុស​ម្នាក់​នៅ​ទីនោះ​ផ្តល់​ការប្រសិទ្ធពរ​ឲ្យ​ខ្ញុំ ។

បន្ទាប់​ពី​ខ្ញុំ​បាន​ធ្វើការ​សម្រេច​ចិត្ត​នេះ បងប្រុស​ដែល​ខ្ញុំ​បាន​ទទួល​ការបំផុស​គំនិត​ឲ្យ​សូម​ការប្រសិទ្ធពរ​នោះ​បាន​ចូល​មក​ព្រះវិហារ​បរិសុទ្ធ ។ រំពេច​នោះ​ខ្ញុំ​បាន​ដឹង​ថា នេះ​ពុំមែន​ជា​រឿង​ចៃដន្យ​ទេ—គឺ​ប្រាកដ​ណាស់ ព្រះ​វរ​បិតា​សួគ៌​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​សូម​ការប្រសិទ្ធពរ​ពី​បងប្រុស​នោះ ។ ខ្ញុំ​បាន​តាំង​ចិត្ត​ក្លាហាន ហើយ​និយាយ​ជាមួយ​គាត់ បន្ទាប់​ពី​គាត់​បញ្ចប់​វគ្គ​របស់​គាត់ ។ គាត់​បាន​យល់​ព្រម ។

ក្រោយ​មក ខ្ញុំ​បាន​ពន្យល់​ថា ខ្ញុំ​មិន​បាន​ដឹង​ថា​ហេតុអ្វី​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ទទួល​អារម្មណ៍​ថា ខ្ញុំ​ត្រូវការ​ការប្រសិទ្ធពរ​ពី​គាត់ ។ គាត់​បាន​និយាយ​ថា គាត់​រីករាយ​នឹង​ផ្តល់​ការប្រសិទ្ធពរ​ឲ្យ ។ គាត់​បាន​អញ្ជើញ​បងប្អូន​ប្រុស​ផ្សេង​ទៀត​ទៅក្នុង​បន្ទប់ បន្ទាប់​មក​ចាប់ផ្តើម​ប្រសិទ្ធពរ​ឲ្យ​ខ្ញុំ ។ នៅពេល​គាត់​ប្រសិទ្ធពរ​ចប់ ខ្ញុំ​មាន​អារម្មណ៍​ភាន់ភាំង ។ ការប្រសិទ្ធពរ​នោះ​ល្អ ប៉ុន្តែ​គ្មាន​អ្វី​មួយ​ដែល​ជាក់លាក់​សោះ ។

បន្ទាប់​មក​ខ្ញុំ​បាន​បើក​ភ្នែក​របស់​ខ្ញុំ ។

ពេល​ខ្ញុំ​បើក​ភ្នែក​ឡើង ខ្ញុំ​អាច​ឃើញ​បន្ទប់​ទាំង​មូល​ឡើង​ច្បាស់​ទែង​តែ​ម្តង ។ ខ្ញុំ​ពុំ​អាច​ជឿ​វា​បាន​ឡើយ ! ខ្ញុំ​បាន​សួរ​បងប្រុស​នោះ តើ​គាត់​ដឹង​ពី​មូលហេតុ​ដែល​គាត់​គឺជា​មនុស្ស​ម្នាក់​គត់​ដែល​ត្រូវ​ផ្តល់​ការប្រសិទ្ធពរ​នេះ​ដល់​ខ្ញុំ​ដែរ​ឬ​ទេ ។ ការ​ឆ្លើយ​តប​របស់​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​​រាបសា ។

គាត់​បាន​និយាយ​ថា « ខ្ញុំ​គិតថា ការប្រសិទ្ធពរ​ពុំ​គ្រាន់តែ​សម្រាប់​អ្នក​ប៉ុណ្ណោះ​ទេ ។ វា​ក៏​សម្រាប់​ខ្ញុំ​ផងដែរ ។ ខ្ញុំ​នឹង​ផ្តល់​ការប្រសិទ្ធពរ​ឲ្យ​ក្មួយ​ស្រី​ខ្ញុំ​នៅ​ថ្ងៃ​ស្អែក ដោយសារ​គាត់​នឹង​ទទួល​បុណ្យ​ជ្រមុជទឹក ។ គ្រួសារ​យើង​ពុំ​សកម្ម​នៅក្នុង​សាសនាចក្រ​ទេ ហើយ​នាង​គឺជា​សមាជិក​គ្រួសារ​​ដែល​ទទួល​បុណ្យ​ជ្រមុជទឹក​ដំបូងគេ​ក្នុង​រយៈពេល​ស្ទើរតែ​ជិត ២០ ឆ្នាំ​មក​នេះ ។ សមាជិក​គ្រួសារ​យើង​ជា​ច្រើន​នាក់​នឹង​ចូលរួម​ពិធីបុណ្យ​ជ្រមុជទឹក​នេះ ហើយ​ខ្ញុំ​ពុំ​ប្រាកដ​ថា សេចក្តីជំនឿ​របស់​ខ្ញុំ​មាន​ខ្លាំង​គ្រប់គ្រាន់​ដើម្បី​ផ្តល់​ការប្រសិទ្ធពរ​នោះ​ទេ ។ ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​ធ្វើ​វា​បាន » ។

នៅ​ថ្ងៃ​បន្ទាប់​មក គំហើញ​របស់​ខ្ញុំ​បាន​ប្រសើរ​ឡើង​ល្មម​ដែល​ខ្ញុំ​ពុំ​ត្រូវការ​ប្រើ​ឈើ​ច្រត់​ស​របស់​ខ្ញុំ​ទៀត​ឡើយ ។ ខ្ញុំ​បាន​ខ្ចប់​វា ហើយ​ផ្តល់​វា​ជា​អំណោយ​បុណ្យ​គ្រីស្ទម៉ាស់​ឲ្យ​បងប្រុស​ម្នាក់​នេះ​ជាមួយ​នឹង​សំបុត្រ​មួយ ។ ខ្ញុំ​បាន​សរសេរ​ថា « ខ្ញុំ​ដឹង​ថា នេះ​ពុំមែន​ជា​ដំបង​របស់​ម៉ូសេ​ទេ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា វា​រំឭក​អ្នក​អំពី​អំណាច​បព្វជិតភាព​ដែល​អ្នក​បាន​កាន់ » ។

ព្រះ​វរបិតាសួគ៌​ស្រឡាញ់​យើង ហើយ​សព្វ​ព្រះទ័យ​ប្រទានពរ​ដល់​យើង ។ ពរជ័យ​នៅ​បុណ្យ​គ្រីស្ទម៉ាស់​នេះ​ពុំ​គ្រាន់​ស្តារ​គំហើញ​របស់​ខ្ញុំ​ឡើង​វិញ​ទេ វា​ថែមទាំង​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​កាន់​បព្វជិតភាព​ដ៏​រាបសា​ម្នាក់​នៅក្នុង​ការបម្រើ​បព្វជិតភាព​របស់​គាត់ ។