២០១៨
ខ្ញុំ​ពុំ​មាន​អារម្មណ៍​ថា សក្ដិសម​ដើម្បី​ទទួល​បាន​សេចក្ដី​ស្រឡាញ់​ពី​ព្រះអង្គ​សង្គ្រោះ​ឡើយ ។ តើ​ខ្ញុំ​អាច​យក​ឈ្នះ​លើ​អារម្មណ៍​នេះ ហើយ​ស្គាល់​តម្លៃ​របស់​ខ្លួន​ឯង​តាម​របៀប​ណា ?
ខែ ធ្នូ ឆ្នាំ ២០១៨


សំណួរ និង​ចម្លើយ

« ខ្ញុំ​ពុំ​មាន​អារម្មណ៍​ថា​សក្ដិសម​ដើម្បី​ទទួល​បាន​សេចក្ដីស្រឡាញ់​ពី​ព្រះអង្គ​សង្គ្រោះ​ឡើយ ។ តើ​ខ្ញុំ​អាច​យក​ឈ្នះ​លើ​អារម្មណ៍​នេះ ហើយ​ស្គាល់​តម្លៃ​របស់​ខ្លួន​ឯង​តាម​របៀប​ណា ? »

រូបភាព
standing in sunlight

អធិស្ឋាន​ដើម្បី​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់

យើង​ទាំងអស់​គ្នា​គឺ​ជា​បុត្រាបុត្រី​របស់​ព្រះវរបិតា​សួគ៌​យើង ។ សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង​គឺ​គ្មាន​ដែន​កំណត់ ។ ប្រសិនបើ​យើង​ធ្លាប់​មាន​អារម្មណ៍​ថា យើង​គ្មាន​ភាព​សក្តិសម​នឹង​សេចក្តីស្រឡាញ់​របស់​ទ្រង់ នោះ​យើង​គួរតែ​អធិស្ឋាន​ទៅកាន់​ទ្រង់ ។ អធិស្ឋាន​ដើម្បី​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ។ អធិស្ឋាន​ថា អ្នក​នឹង​ទទួល​អារម្មណ៍​នៃ​ភាព​សក្តិសម​ចំពោះ​សេចក្តីស្រឡាញ់​របស់​ទ្រង់​សម្រាប់​អ្នក ហើយ​ថា​អ្នក​អាច​ឃើញ​ខ្លួន​អ្នក ដូច​ទ្រង់​ទត​ឃើញ​អ្នក ។ ទ្រង់​នឹង​ឆ្លើយ​តប​ការអធិស្ឋាន​របស់​យើង​ដោយ​សេចក្តីសន្ដោសប្រណី​នៃ​សេចក្តីស្រឡាញ់​ដ៏​ឥតខ្ចោះ​របស់​ទ្រង់​ជានិច្ច ទៅតាម​ពេលវេលា និង​របៀប​របស់​ទ្រង់ ។ នៅពេល​ណា​ដែល​ខ្ញុំ​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ឬ​ឯកោ ការអធិស្ឋាន​ទូល​សូម​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​បាន​លើក​ស្ទួយ​ចិត្ត​ខ្ញុំ​ជានិច្ច ។

ជូលី អិម អាយុ ១៦ ឆ្នាំ រដ្ឋ​វើរជីញ៉ា ស.រ.អា.

ខិត​ទៅ​ជិត​ព្រះអង្គ​សង្គ្រោះ

ថ្មីៗ​នេះ នៅក្នុង​ថ្នាក់​ត្រៀម​ខ្លួន​ទៅ​បម្រើ​បេសកកម្ម យើង​បាន​ពិភាក្សា​អំពី​របៀប​ដែល​យើង​អាច​មើល​ឃើញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ដែល​មាន​ចំពោះ​យើង ។ យើង​បាន​ពិភាក្សា​នូវ​រឿង​ជា​ច្រើន ដែល​យើង​អាច​ធ្វើ​ដើម្បី​ទទួល​អារម្មណ៍​កាន់តែ​ផ្តល់​តម្លៃ​លើ​ខ្លួន​ឯង រឿង​ទាំង​នោះ​រួមមាន ការបម្រើ​អ្នក​ជិតខាង ការអធិស្ឋាន​សូម​ជំនួយ​លើ​រឿង​ដែល​សំខាន់​ចំពោះ​អ្នក ការអាន​ព្រះគម្ពីរ និង​ការធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ កិច្ចការ​ទាំងអស់​នេះ​មាន​បំណង​នាំ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះ​យេស៊ូវគ្រីស្ទ ហើយ​ជួយ​យើង​ឲ្យ​មើល​ឃើញ​សក្តានុពល​ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ ។

សាន់ទីអាហ្គោ ស្ស៊ី អាយុ ១៧ ឆ្នាំ រដ្ឋ​អារីហ្សូណា ស.រ.អា.

គោរព​តាម​ព្រះបញ្ញត្តិ

ជួនកាល ខ្ញុំ​មាន​អារម្មណ៍​ថា ពុំ​សក្ដិសម​ដើម្បី​ទទួល​បាន​សេចក្ដី​ស្រឡាញ់​ពី​ព្រះអង្គ​សង្គ្រោះ​ឡើយ ដោយសារ​ខ្ញុំ​ពុំ​បាន​គោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​បាន​ទាំងស្រុង​ឡើយ ។ ខ្ញុំ​អាច​យក​ឈ្នះ​លើ​អារម្មណ៍​ទាំង​នេះ​តាមរយៈ​ការប្រែចិត្ត ជួនកាល​ដោយ​មាន​ជំនួយ​ពី​ប៊ីស្សព​របស់​ខ្ញុំ ដែល​បង្រៀន​ខ្ញុំ​ថា ព្រះអម្ចាស់​ស្រឡាញ់​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់ ។

ចាកឃ្វី ឌី អាយុ ១៥ ឆ្នាំ ទីក្រុង​អាប៊ីដចាន ប្រទេស​កូតឌីវ័រ

ការប្រែចិត្ត​គឺជា​គន្លឹះ​

យើង​ទាំងអស់​គ្នា​ប្រព្រឹត្ត​អំពើ​បាប ហើយ​ដោយសារ​រឿង​នោះ យើង​អាច​មាន​អារម្មណ៍​ពុំ​សក្តិសម​ចំពោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ។ ប៉ុន្តែ​ទ្រង់​បាន​ថ្វាយ​ព្រះជន្ម​ទ្រង់​សម្រាប់​យើង — ទ្រង់​បាន​បូជា​សម្រាប់​យើង ។ ទង្វើ​ដែល​មិន​គិត​ពី​ខ្លួន​ឯង​នោះ​បាន​ធ្វើ​ឡើង ដោយសារ​តែ​សេចក្តី​ស្រឡាញ់ ។ រឿង​តែ​មួយ​គត់​ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​ទទួល​អារម្មណ៍​ថា សក្តិសម​នឹង​សេចក្តីស្រឡាញ់​របស់​ទ្រង់​នោះ​គឺ ប្រើ​អំណាច​នៃ​ដង្វាយ​ធួន​របស់​ទ្រង់​តាមរយៈ​ការប្រែចិត្ត​ពី​អំពើ​បាប​របស់​យើង ។ ការប្រែចិត្ត​គឺជា​គន្លឹះ​នៅក្នុង​ការទទួល​ស្គាល់​តម្លៃ​របស់​យើង និង​សេចក្តីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ ។

ស៊ីស្ទើរ ខុសស្ទែន អាយុ ២៣ ឆ្នាំ បេសកកម្ម​ហ្វីលីពីន សេប៊ូ

ស្រឡាញ់​មនុស្ស​ដទៃ

របៀប​មួយ​ដើម្បី​ទទួល​ស្គាល់​ភាព​មាន​តម្លៃ​របស់​ខ្លួន​គឺ ទទួល​ស្គាល់​ភាព​មាន​តម្លៃ​របស់​មនុស្ស​ដែល​នៅជុំវិញ​ខ្លួន​យើង ។ ការផ្តោត​ចិត្ត​ទុកដាក់​ទៅលើ​អ្នក​ដទៃ​ជួយ​យើង​ឲ្យ​ទទួល​អារម្មណ៍​ល្អ​អំពី​ខ្លួន​យើង ដោយសារ​យើង​កំពុង​ស្ថាបនា​មនុស្ស​ដទៃ​ឡើង ។ វា​គឺជា​យុទ្ធសាស្ត្រ​ឈ្នះៗ ! ពេល​ខ្ញុំ​មាន​ការស្មុគស្មាញ​នឹង​ការ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង នោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​នឹង​បម្រើ​នរណា​ម្នាក់​នៅ​ជុំវិញ​ខ្ញុំ​ដែល​ត្រូវការ​ជំនួយ ។ រៀងរាល់​ថ្ងៃ​អស់​រយៈពេល​មួយ​ខែ ខ្ញុំ​បាន​កោត​សរសើរ​ដល់​មិត្ត​ម្នាក់​ដែល​កំពុង​មាន​បញ្ហា ។ ការ​ផ្តោត​ចិត្ត​ទុក​ដាក់​លើ​អ្នកដទៃ​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​ថា សក្តិសម និង​មាន​គេ​ត្រូវការ​ខ្ញុំ ។​ ពេលយើង​ព្យាយាម​ស្រឡាញ់​មនុស្ស​ដទៃ​ទោះបីគេ​ជា​មនុស្ស​បែប​ណា​ក្តី នោះ​វា​ប្រែ​កាន់តែ​ងាយ​ស្រួល​ដើម្បី​មើល​ឃើញ​ពី​សេចក្តីស្រឡាញ់​ដ៏​ធំធេង​ដែល​ព្រះ មាន​សម្រាប់​ពួកយើង ។ ការជួយ​មនុស្ស​ដទៃ​ឲ្យ​ទទួល​អារម្មណ៍​សក្តិសម​ចំពោះ​សេចក្តីស្រឡាញ់ នឹង​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​សក្តិសម​នឹង​សេចក្តីស្រឡាញ់​ចំពោះ​ខ្លួន​ឯង ។

ជេមី ដបុលយូ អាយុ ១៥ ឆ្នាំ រដ្ឋ​មីនីសូតា ស.រ.អា.