២០១៨
បាន​សង្គ្រោះ​ចេញ​ពី​ភក់
ខែ ធ្នូ ឆ្នាំ ២០១៨


បាន​សង្គ្រោះ​ចេញ​ពី​ភក់

« ខ្ញុំ​ចែក​ក្តី​ស្នេហ៍​ព្រះគ្រីស្ទ តាម​ការបម្រើ​អ្នកដទៃ » ( សៀវភៅ​ចម្រៀង​កុមារ លេខ ៤២ ) ។

រូបភាព
Saved from the Mud

គ្រួសារ​ខ្ញុំ​បាន​រស់នៅ​ទីក្រុង សៅ ផាឡូ ប្រទេស​ប្រេស៊ីល ។ នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ផ្លូវ​របស់​យើង មាន​ព្រៃ​កោងកាង​មួយ ។ ព្រៃ​កោងកាង​មាន​ទន្លេ​ហូរ​កាត់​ព្រៃ​នោះ ។ បាត​ខាង​ក្រោម​នោះ​សុទ្ធ​តែ​ជា​ភក់ ។

មនុស្ស​ជាច្រើន​បាន​សង់​ផ្ទះ​នៅលើ​ដី​ភក់​នោះ ។ ពួកគេ​ដាក់​ឈើ​ធំៗ​ទៅក្នុង​ភក់ ។ បន្ទាប់​មក ពួកគេ​បាន​សាងសង់​ផ្ទះ​របស់​ពួកគេ​នៅផ្នែក​ខាង​លើ​នៃ​ឈើ​ទាំង​នោះ ។ ប៉ុន្តែ​ពេល​ភ្លៀង ទឹក​ទន្លេ​បាន​ជន់​ឡើង ។ ទឹក​នោះ​បាន​ហូរ​ចូល​ផ្ទះ​របស់​ពួកគេ ។ បន្ទាប់​មក​ប្រជាជន​គ្មាន​កន្លែង​ដេក​នៅពេល​យប់​ទេ ។

នៅពេល​មាន​រឿង​នោះ​កើត​ឡើង ឪពុក​របស់​ខ្ញុំ​នឹង​អញ្ជើញ​ពួកគេ​ទាំងអស់​គ្នា​មក​ក្នុង​ផ្ទះ​របស់​យើង ។ ជួនកាល មាន​មនុស្ស​ដល់​ទៅ ១៥ នាក់ ! គាត់​បាន​នាំ​ពួកគេ​ទៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ ហើយ​ឲ្យ​ភួយទៅ​ពួកគេ ។ ម៉ាក់​បាន​ចំអិន​ម្ហូប​ឲ្យ​ពួកគេ​បរិភោគ ។ បន្ទាប់​មក ពួកគេ​បាន​សម្រាក​នៅក្នុង​ផ្ទះ​យើង រហូត​ដល់​ថ្ងៃ​បន្ទាប់ ។

រឿង​នេះ​បាន​កើត​ឡើង​យ៉ាង​ហោច​ណាស់​បី ឬ​បួន​ដង ។ ខ្ញុំ​ចាំ​ពី​ការគិត​ថា « ពុំ​មាន​មនុស្ស​ច្រើន​ទេ ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​មិន​ស្គាល់​ចូល​ផ្ទះ » ។ ឪពុក​ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​យើង​ពុំ​ស្គាល់​ដេក​នៅក្នុង​ផ្ទះ​របស់​យើង ! ប៉ុន្តែ​ក្រោយ​មក​ខ្ញុំ​បាន​គិត​ថា « ពួកគេ​គ្មាន​កន្លែង​ផ្សេង​ទៀត​ទៅ​ឡើយ » ។

ឪពុក​ម្តាយ​របស់​ខ្ញុំ​តែង​ធ្វើ​កិច្ចការ​ដើម្បី​ជួយ​គេឯង​ជានិច្ច ។ ប៉ុន្តែ​ការបម្រើ​របស់​ពួកគេ​គឺ​លើស​ពី​ការជួយ និង​ការផ្តល់​ឲ្យ​គេ​ទៅ​ទៀត ។ វា​គឺជា​ការបង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​អ្នក​ជិត​ខាង​យើង ទោះបី​អ្នក​ជិតខាង​យើង​ជា​មនុស្ស​ដែល​យើង​មិន​ស្គាល់​ពួកគេ​ច្បាស់​ក្តី ។

យើង​គួរតែ​ឈោង​ទៅ​ជួយ​មនុស្ស​ដែល​ខ្វះ​ខាត ។ យើង​គួរតែ​ជួយ​ពួកគេ​ជាមួយ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​អាច​ជួយ​បាន ។ យើង​ពុំ​គួរ​មាន​ដែន​កំណត់​ចំពោះ​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ជួយ​មនុស្ស​ទេ ។ យើង​អាច​ផ្តល់​ជម្រក និង​ធនធាន​ដល់​ពួកគេ ។ យើង​អាច​ចែក​រំលែក​ពេលវេលា​ជាមួយ​ពួកគេ ។ យើង​អាច​ចែកចាយ​ចំណេះដឹង​យើង​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ជា​ពិសេស​នៅ​រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់​នេះ ។