២០១៨
ការផ្តល់​ការងារ​បម្រើ​ដូច​ព្រះ​អង្គ​សង្គ្រោះ​បាន​ធ្វើ
ខែ ធ្នូ ឆ្នាំ ២០១៨


ការផ្តល់​ការងារ​បម្រើ ដូច​ព្រះ​អង្គ​សង្គ្រោះ​បាន​ធ្វើ

នៅពេល​អ្នក​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​អ្នក​ដើម្បី​ជួយ​អ្នកដទៃ នោះ​ព្រះអង្គសង្គ្រោះ​នឹង​បើក​ភ្នែក​របស់​អ្នក​ឲ្យ​មើល​ឃើញ​ដោយ​សេចក្តី ស្រឡាញ់ និង​ក្តី​អាណិត​អាសូរ ។

រូបភាព
ministering with elderly woman

យើង​ទាំងអស់​គ្នា​ស្គាល់ មិត្តភក្តិ​ដែល​ជួប​ប្រទះ​នឹង​ការនឿយ​ហត់ ឬ​នរណា​ម្នាក់​ដែល​ឯកោ ឬ​ត្រូវ​បាន​គេ​សើច​ចំអក​នៅ​សាលា​រៀន ។ ប្រហែល​អ្នក​បាន​ឮ​អំពី​នរណា​ម្នាក់​នៅក្នុង​វួដ ឬ​សាខា​របស់​អ្នក​ឆ្លង​កាត់​ឧបសគ្គ​ដ៏​ធ្ងន់ធ្ងរ​មួយ ។ នៅ​ក្នុង​គ្រា​ដូច្នេះ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ?

ជួន​កាល វា​ជា​ការពិបាក​ដើម្បី​ដឹង​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​គេ ។ វា​អាច​ហាក់​ដូចជា​ស្រួល​ជាង​ដើម្បី​រង់ចាំ​នរណា​ម្នាក់​ទៀត​ឲ្យ​ចាត់​វិធានការ ប៉ុន្តែ​មាន​អ្វីៗ​ជាច្រើន​ដែល អ្នក អាច​ធ្វើ ទោះបី​ជា​គ្រាន់តែ​ឲ្យ​អស់​អ្នក​ដែល​នៅជុំវិញ​យើង​ដឹង​ថា អ្នក​យក​ចិត្តទុក​ដាក់​ក្ដី ។ ឱកាស​ទាំង​អស់​នោះ​គឺ​នៅ​ជុំវិញ​យើង ហើយ​គ្រប់ពេល​យើង​បង្ហាញ​សេចក្តី​ស្រឡាញ់ កង្វល់ និង​ចំណាប់​អារម្មណ៍​សម្រាប់​អ្នក​ដទៃ នោះ​អ្នក​កំពុង​ផ្តល់ ការងារ​បម្រើ ហើយ ។

ការងារ​បម្រើ​ផ្ទាល់​ខ្លួន

ការងារ​បម្រើ ។ អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​ពាក្យ​នោះ​ច្រើន​នៅ​ព្រះ​វិហារ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ។ កាល​ពី​មុន ជាទូទៅ​យើង​និយាយ​អំពី​ព្រះអង្គសង្គ្រោះ ឬ​ពួកព្យាការី និង​ពួក​សាវក​មាន​ការងារ​បម្រើ ប៉ុន្តែ​អ្នក​មាន​ឆ្ងល់​ទេ​ថា ប្រសិនបើ អ្នក មាន​ការងារ​បម្រើ​ផ្ទាល់​ខ្លួន​នោះ ?

ដើម្បី​ផ្តល់​ការងារ​បម្រើ​មាន​ន័យ​ថា ស្រឡាញ់ និង​មើល​ថែ​ដល់​អ្នកដទៃ ហើយ​ធ្វើ​កិច្ចការ​គ្រប់​បែប​យ៉ាង​ដែល​ព្រះអង្គសង្គ្រោះ​នឹង​ធ្វើ ប្រសិនបើ​ទ្រង់​កំពុង​គង់​នៅក្នុង​ចំណោម​យើង​សព្វថ្ងៃ​នេះ ។ ការងារ​បម្រើ​គឺ​ជា​របៀប​មួយ​ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​បំពេញ​សេចក្ដីត្រូវការ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​របស់​ពួកគេ ។

ព្រះយេស៊ូវ « បាន​មក​មិន​មែន​ឲ្យ​គេ​បម្រើ​ទ្រង់​ទេ គឺ​នឹង​បម្រើ​គេ​វិញ » ( ម៉ាថាយ ២០:២៨ ) ។ ទ្រង់​បាន​ផ្តល់​ការងារ​បម្រើ​នៅពេល​ទ្រង់ « បាន​យាង​ចុះ​ឡើង​ធ្វើ​កិច្ចការ​ល្អ » ( កិច្ចការ ១០:៣៨ ) ។ ក្នុង​នាម​ជា​សិស្ស​ទ្រង់ យើង​ត្រូវបាន​សុំ​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ទ្រង់ ។ យើង ពិតជា មាន​ការងារ​បម្រើ​ផ្ទាល់​ខ្លួន !

ប៉ុន្តែ​អ្នក​ពុំ​ចាំបាច់​រៀបចំ​គម្រោង​បម្រើ​ធំ​ដុំ​ដើម្បី​ផ្តល់​ការងារ​បម្រើ​នោះទេ ។ ប្រធាន អិម. រ័សុល បាឡឺដ ប្រធាន​ស្តីទី​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ បាន​មាន​ប្រសាសន៍​ថា ៖ « ឱកាស​បម្រើ​ខ្លះ​គឺ​មាន​លក្ខណៈ​ជា​ផ្លូវការ—ដូច​ជា​នៅ​ក្នុង​គ្រួសារ​របស់​យើង ការហៅ​របស់​យើង​ក្នុង​សាសនាចក្រ និង​ការ​ចូល​រួម​របស់​យើង​ក្នុង​ការ​បម្រើ​ដល់​សហគមន៍ ។ …

[ ប៉ុន្តែ ] មាន​ឱកាស​ជាច្រើន​ដើម្បី​បម្រើ​គឺ​ពុំ​មែន​ជា​ឱកាស​ដែល​បង្ហាញ​ជា​ផ្លូវការ​ទេ—គ្មាន​ការចាត់​តាំង—ហើយ​វា​កើត​មាន​កាល​យើង​ឈោង​ទៅ​ជួយ​មនុស្ស​ដទៃ​ដែល​យើង​ជួប​នៅ​ក្នុង​ដំណើរ​នៃ​ជីវិត​នេះ ។

ជា​រឿយៗ ការផ្តល់​ការងារ​បម្រើ​ដូចជា​ព្រះគ្រីស្ទ​កើត​ឡើង​នៅក្នុង​ទង្វើ​តូចតាច ស្មោះសរ​ដែល​អ្នក​ធ្វើ​រៀងរាល់​ថ្ងៃ ។

ម្ដង​ម្នាក់ៗ

នៅពេល​ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​ព្រះកាយ​ដល់​ពួក​សាសន៍​នីហ្វៃ នោះ​ទ្រង់​បាន​ប្រាប់​ពួកគេ​គ្រប់​គ្នា​ឲ្យ​មក ហើយ​ស្ទាប​ស្នាម​នៅ​ចំហៀង​ទ្រង់ និង​នៅ​លើ​ព្រះហស្ត និង​ព្រះបាទា​ទ្រង់ ។ « ហើយ​ពួក​គេ​បាន​ធ្វើ​យ៉ាង​នេះ គឺ​បាន​ដើរ​ទៅ​មុខ ម្ដង​ម្នាក់ៗ រហូត​ដល់ ទាំង​អស់​គ្នា បាន​ទៅ » ( នីហ្វៃ​ទី ៣ ១១:១៥ ការគូស​បញ្ជាក់​បាន​បន្ថែម ) ។

បន្ទាប់​មក ទ្រង់​បាន​អញ្ជើញ​ពួកគេ​ឲ្យ​នាំ​មនុស្ស​គ្រប់​គ្នា​ដែល​ឈឺ, ឈឺ​ចាប់ ឬ « ត្រូវ​រង​ទុក្ខ​ដោយ​ហេតុ​ណា​ផ្សេង​ទៀត … ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​ជា​សះ​ស្បើយ គ្រប់ៗ​គ្នា នៅ​ពេល​ពួក​គេ​ត្រូវ​នាំ​មក​រក​ទ្រង់ » ( នីហ្វៃ​ទី ៣ ១៧:៧, ៩ ការគូស​បញ្ជាក់​បាន​បន្ថែម ) ។ បន្ទាប់​ពីនោះ​មក ទ្រង់ « បាន​យក​កូន​ក្មេង​របស់​ពួកគេ ម្ដង​ម្នាក់ៗ ហើយ​បាន​ប្រទាន​ពរ​ដល់​ពួក​វា ហើយ​បាន​អធិស្ឋាន​ដល់​ព្រះវរបិតា​សម្រាប់​ពួក​គេ » ( នីហ្វៃទី ៣ ១៧:២១ ការគូស​បញ្ជាក់​បាន​បន្ថែម ) ។

រូបភាព
Christ blesses the Nephites

ព្រះគ្រីស្ទ​ជួប​ពួកសាសន៍​នីហ្វៃ ដោយ មីនើរវ៉ា ខេ ធៀឆើត

នេះ​ពុំមែន​ជា​ក្រុម​មនុស្ស​តិច​តួច​ឡើយ ។ ព្រះគម្ពីរ​ប្រាប់យើង​ថា មាន​ប្រហែល​ជា ២៥០០ នាក់​បាន​នៅ​ទីនោះ ( សូមមើល នីហ្វៃទី ៣ ១៧:២៥ ) ។ ប៉ុន្តែ​ព្រះអង្គសង្គ្រោះ នៅ​តែ ឆ្លៀត​ពេល​ព្យាបាល លួងលោម លើក​ទឹកចិត្ត និង​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​បុគ្គល​គ្រប់​រូប ។

អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖ « មាន​សារលិខិត​ដ៏​បំផុសគំនិត និង​ទន់ភ្លន់​ផ្ទាល់​ខ្លួន​នៅ​ត្រង់​នេះ ។ ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ការងារ​បម្រើ​ដល់​មនុស្ស ហើយ​ស្រឡាញ់​ពួកគេ—ម្តង​ម្នាក់ៗ » ។ សេចក្តី​ស្រឡាញ់​ដែល​ព្រះយេស៊ូវ​បង្ហាញ​ដល់​បុគ្គល​ម្នាក់​គឺជា​អ្វី​ដែល​ហៅ​ថា​ការងារ​បម្រើ ។

បើក​ភ្នែក​ដើម្បី​មើល​ឲ្យ​ឃើញ

ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​អស់​អ្នក​ដែល​នៅជុំវិញ​ទ្រង់ ។ ជីន ប៊ី ប៊ីងហាំ ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​ថ្លែង​ថា « ទ្រង់​បាន​ញញឹម មាន​បន្ទូល យាង​ជាមួយ ស្ដាប់ ចំណាយ​ពេល លើក​ទឹក​ចិត្ត បង្រៀន ប្រទាន​អាហារ និង​អភ័យទោស ។ ទ្រង់​បាន​បម្រើ​ដល់​គ្រួសារ និង​មិត្តភក្ដិ អ្នក​ជិតខាង និង​មនុស្ស​ប្លែក​មុខ ហើយ​ទ្រង់​បាន​អញ្ជើញ​អ្នក​ដែល​ស្គាល់ និង​មនុស្ស​ជា​ទីស្រឡាញ់​ឲ្យ​រីករាយ​នឹង​ពរជ័យ​ដ៏​បរិបូរ​នៃ​ដំណឹងល្អ​របស់​ទ្រង់ » ។

ព្រះយេស៊ូវគ្រីស្ទ​បើក​ព្រះនេត្រ​ដើម្បី​មើល​ឃើញ​តម្រូវ​ការ​របស់​មនុស្ស​គ្រប់​គ្នា​ដែល​នៅ​ជុំវិញ​ទ្រង់ ហើយ​ទ្រង់​បាន​ឈោង​ទៅ​ជួយ​ពួកគេ​ទាំងអស់​គ្នា ! យើង​អាច​ធ្វើ​តាម​គំរូ​របស់​ទ្រង់ ហើយ​ឈោង​ទៅ​ជួយ​អស់​អ្នក​ដែល​ត្រូវការ​ជំនួយ​ពី​យើង ។

ប៉ុន្តែ​ព្រះអង្គ​សង្គ្រោះ​គឺ​ល្អ​ឥតខ្ចោះ ។ តើ​យើង​អាច​មើល​ឃើញ​តម្រូវការ​របស់​មនុស្ស​ដទៃ និង​ផ្តល់​ការងារ​បម្រើ​ដូចទ្រង់​ធ្វើ​យ៉ាង​ដូចម្តេច ? ប្រធាន​បាឡឺដ​បាន​ថ្លែង​ថា ៖ « នៅក្នុង​ការអធិស្ឋាន​រៀង​រាល់​ព្រឹក​របស់​អ្នក សូម​ទូល​សូម​ព្រះវរបិតាសួគ៌​ឲ្យ​ដឹក​នាំ​អ្នក ដើម្បី​ឲ្យ​ស្គាល់​ឱកាស​បម្រើ​កូនចៅ​ដ៏​មាន​តម្លៃ​ណា​ម្នាក់​របស់​ទ្រង់ ។ រួច​ហើយ​សូម​ឲ្យ​ដួងចិត្ត​អ្នក​ពេញ​ទៅ​ដោយ​សេចក្តីជំនឿ និង​សេចក្តីស្រឡាញ់​ពេញ​មួយ​ថ្ងៃ ហើយ​ស្វែងរក​ដើម្បី​ជួយ​ដល់​នរណា​ម្នាក់ ។ … ប្រសិនបើ​អ្នក​ធ្វើ​ដូច្នេះ នោះ​ការញាណ​ដឹង​ខាង​វិញ្ញាណ​របស់​អ្នក​នឹង​ពង្រីក​ឡើង ហើយ​អ្នក​នឹង​រកឃើញ​ឱកាស​នានា​ដើម្បី​បម្រើ ដែល​អ្នក​នឹង​ពុំ​ធ្លាប់​ដឹង​ថា អាច​ធ្វើ​បាន​ពីមុន​ឡើយ » ។

ធ្វើ​តាម​ការបំផុស​គំនិត

សូម​គិត​អំពី​ស្ថានភាព​នេះ ៖ អ្នក​ឃើញ​មិត្តភក្តិ​របស់​អ្នក​នៅ​សាលា​រៀន ហើយ​មើល​ទៅ​គាត់​ហាក់​ដូចជា​បាក់​ទឹកចិត្ត ។ អ្នក​មាន​អារម្មណ៍​ថា អ្នក​គួរតែ​ធ្វើ​អ្វី​មួយ​សម្រាប់​គាត់ ប៉ុន្តែ​អ្នក​បារម្ភ​ថា អ្នក​អាច​នឹង​រំខាន ឬ​ធ្វើ​ឲ្យ​គាត់​ខ្មាស​គេ ឬ​ខ្មាស​អ្នក ។ បន្ទាប់​មក​អ្នក​ចាប់ផ្តើម​បារម្ភ​ថា តើ​វា​ជា​ការបំផុសគំនិត​ខាង​វិញ្ញាណ ឬ​ជា​គំនិត​របស់​អ្នក​ផ្ទាល់ ។

ជួនកាល វា​ពិបាក​ដើម្បី​ដឹង​ថា អ្នក​កំពុង​ទទួល​ការបំផុសគំនិត​ខាង​វិញ្ញាណ ដើម្បី​ផ្តល់​ការងារ​បម្រើ ឬ​វា​ជា​គំនិត​ផ្ទាល់​ខ្លួន​របស់​អ្នក ប៉ុន្តែ​មរមន​បង្រៀន​យើង​អំពី​របៀប​ទទួល​ស្គាល់​ការបំផុសគំនិត​ខាង​វិញ្ញាណ​ដូច្នេះ ៖ « អ្វី​ដែល​មក​ពី​ព្រះ អញ្ជើញ ហើយ​ញុះញង់​ឲ្យ​ធ្វើ​ល្អ​ឥត​ឈប់​ឈរ ហេតុ​ដូច្នោះ​ហើយ អ្វី​ក៏​ដោយ​ដែល​អញ្ជើញ ហើយ​ញុះញង់​ឲ្យ​ធ្វើ​ល្អ ហើយ​ឲ្យ​ស្រឡាញ់​ព្រះ ហើយ​ឲ្យ​បម្រើ​ទ្រង់ គឺ​ផុស​គំនិត​មក​ពី​ព្រះ » ( មរ៉ូណៃ ៧:១៣ ) ។

ប្រធាន ថូម៉ាស អេស ម៉នសុន ( ១៩២៧–២០១៨ ) បាន​មាន​ប្រសាសន៍​ថា « ប្រសិនបើ​យើង​ជា​អ្នក​សង្កេត និង​ដឹង ហើយ​ប្រសិនបើ​យើង​អនុវត្ត​តាម​ការបំផុស​គំនិត​ដែល​កើត​មាន​ចំពោះ​យើង នោះយើង​អាច​សម្រេច​នូវ​កិច្ចការ​ល្អៗ​ជា​ច្រើន » ។

ការងារ​បម្រើ​គឺ​សម្រាប់​មនុស្ស​គ្រប់​គ្នា

អំឡុងពេល​សន្និសីទ​ទូទៅ​ខែ​មេសា ឆ្នាំ ២០១៨ ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស​ថា ៖ « ព្រះអម្ចាស់​បាន​ធ្វើ​ការ​កែ​តម្រូវ​ដ៏​សំខាន់​នូវ​របៀប​ដែល​យើង​មើល​ថែ​គ្នា​ទៅ​វិញ​ទៅ​មក ។ បងប្អូន​ប្រុស​ស្រី—ទាំង​ចាស់​ទាំង​ក្មេង—នឹង​បម្រើ​គ្នា​តាម​របៀប​ថ្មី ហើយ​កាន់​តែ​បរិសុទ្ធ » ។ ការកែ​តម្រូវ​នេះ​រួមមាន​ឱកាស​ជា​ច្រើន​ដើម្បី​បម្រើ​នៅក្នុង​ភាពជា​ដៃគូ​នៃ​ការងារ​បម្រើ ប៉ុន្តែ​ការងារ​បម្រើ​ពុំ​មែន​គ្រាន់តែ​ជា​អ្វី​ដែល​យើង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ឬ​អំឡុងពេល​សកម្មភាព​ម៉្ញូតឆល​នោះ​ទេ ។ វា​ពុំ​មែន​គ្រាន់តែ​ជា​ការទទួល​ខុសត្រូវ​ដែល​កើត​មក​ជាមួយ​នឹង​ការហៅ​បម្រើ​ពិត​ប្រាកដ​ណា​មួយ​នោះ​ទេ ។ ការងារ​បម្រើ​គឺ​សម្រាប់​មនុស្ស​គ្រប់​គ្នា ។ ការងារ​បម្រើ​គឺ​សម្រាប់​គ្រប់​ពេលវេលា​ទាំងអស់ ។

រូបភាព
shaking hands

ពេលយើង​ទទួល​បុណ្យ​ជ្រមុជទឹក នោះ​យើង​សន្យា​ថា « យល់​ព្រម​ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល មែន​ហើយ [ ព្រម ] ទួញ​យំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ មែន​ហើយ ហើយ​កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវការ​កម្សាន្ដ​ទុក្ខ » ( ម៉ូសាយ ១៨:៨–៩ ) ។ ការផ្តល់​ការងារ​បម្រើ​ដល់​អ្នកដទៃ​គឺជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​យើង​បាន​សន្យា​នឹង​ធ្វើ ។

បូនី អិល. អូស្ការ​សុន អតីត​ប្រធាន​យុវនារី​ទូទៅ​បាន​មាន​ប្រសាសន៍​ថា « ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​អ្នក​មើល​ទៅ​មិត្ត​ជុំវិញ​ខ្លួន​អ្នក រួច​ហើយ​ទៅផ្តល់​ការងារ​បម្រើ​ដូចជា​ទ្រង់​នឹង​ធ្វើ » ។ នៅពេល​អ្នក​ធ្វើ​ដូច្នេះ ទ្រង់​នឹង​បើក​ភ្នែក​អ្នក​ឲ្យ​មើល​ឃើញ ជាមួយ​នឹង​សេចក្តីស្រឡាញ់ និង​សេចក្តីអាណិត​អាសូរ​អំពី​របៀប​ដើម្បី​បម្រើ​អ្នកដទៃ ។ ទ្រង់​នឹង​ពុំ​ទុក​អ្នក​ឲ្យ​ទាយ​ពី​អ្វី​ដែល​អ្នក​គួរតែ​ធ្វើ​ឡើយ ។ ទ្រង់​នឹង​ដឹកនាំ​អ្នក​ក្នុង​របៀប​ដែល​អ្នក​អាច​ផ្តល់​ការងារ​បម្រើ​បាន​ល្អ​បំផុត​ដល់​ពួកគេ ។

ការផ្តល់​ការងារ​បម្រើ​នាំ​មក​នូវ​ពរជ័យ

ប្រធាន​ណិលសុន​បាន​មាន​ប្រសាសន៍​ថា « ក្នុង​នាម​ជា​អ្នកបម្រើ [ របស់​ព្រះអម្ចាស់ ] យើង​នឹង​ផ្តល់​ការងារ​បម្រើ​ដល់​មនុស្ស​ម្នាក់ៗ​ដូចជា​ទ្រង់​បាន​ធ្វើ » ។ នេះ​ពុំ​មែន​គ្រាន់តែ​ជា​ការ​ផ្តល់​ពរ​ដល់​អ្នកដទៃ​ឡើយ វា​ថែម​ទាំង​ផ្តល់​ពរ​ដល់​យើង​ផងដែរ ។

អែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា ៖ « នៅពេល​យើង​ផ្តល់​ជំនួយ និង​ដួង​ចិត្ត​យើង​ទៅកាន់​អ្នកដទៃ​នៅក្នុង​សេចក្តីស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ នោះ​អ្វី​មួយ​អស្ចារ្យ​នឹង​កើត​ឡើង​ចំពោះ​យើង ។ វិញ្ញាណ​របស់​យើង​ផ្ទាល់​នឹង​បាន​ជា​សះស្បើយ​កាន់​តែ​ត្រូវ​បាន​ដុះ​ខាត់ និង​កាន់​តែ​រឹងមាំ ។ យើង​ប្រែ​កាន់តែ​រីករាយ កាន់តែ​មាន​ភាពសុខសាន្ត និង​កាន់តែ​ទទួល​បាន​ការខ្សឹប​ប្រាប់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​ផ្លូវ​ដល់​អ្នក​មាន​ម្នាក់ គឺជា​ជីវិត​ដែល​កាន់តែ​មាន​ការបំពេញ​កាតព្វកិច្ច ។ ការផ្តល់​ការងារ​បម្រើ​ដូច​ទ្រង់​ធ្វើ​នឹង​នាំ​មក​នូវ​សុភមង្គល​ពិត​ប្រាកដ ព្រមទាំង​ស្មារតី​មួយ​នៃ​ភាពសុខសាន្ត និង​អំណរ​មក​កាន់​ជីវិត​របស់​អ្នក ។

កំណត់​ចំណាំ

  1. អិម រ័សុល បាឡឺដ « អំណោយទាន​ដ៏​មាន​តម្លៃ​មកពី​ព្រះ » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០ ។

  2. រ៉ូណល អេ រ៉ាសបាន « One by One » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ២៩ ។

  3. ជីន ប៊ី ប៊ីងហាំ « ការងារ​បម្រើ​ដូចដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៤ ។

  4. អិម រ័សុល បាឡឺដ « Be Anxiously Engaged » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៣១ ។

  5. ថូម៉ាស អេស ម៉នសុន « Three Goals to Guide You » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១២១ ។

  6. រ័សុល អិម ណិលសុន « ចូរ​យើង​ខិតខំ​ទៅ » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១១៨ ។

  7. បូនី អិល អូស្ការសុន « សេចក្ដី​ត្រូវការ​នៅ​ចំពោះ​យើង » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ២៦ ។

  8. រ័សុល អិម ណិលសុន « ការបម្រើ​ដោយ​ព្រះចេស្ដា និង​សិទ្ធិអំណាច​ពី​ព្រះ » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៦៩ ។

  9. ឌៀថើរ អេស្វ អុជដូហ្វ « You Are My Hands » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៧៥ ។