២០១៨
អំណោយ​បុណ្យ​គ្រីស្ទម៉ាស់​របស់​ខាល
ខែ ធ្នូ ឆ្នាំ ២០១៨


អំណោយ​បុណ្យ​គ្រីស្ទម៉ាស់​របស់​ខាល

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ​ខូឡូរ៉ាដូ ស.រ.អា. ។

ខាល​បាន​មើល​ជុំវិញ​ក្រោល​គោ ហើយ​រំពេច​នោះ​គាត់​មាន​គំនិត​មួយ ។

« ពេល​មាន​កិច្ចការ​ត្រូវ​ធ្វើ ចូរ​ធ្វើ​វា​ដោយ​ញញឹម ។ ធ្វើ​ការ​ច្រើន​ជាង​អ្វី​ដែល​បាន​សូម​ឲ្យ​ធ្វើ ហើយ​ធ្វើ​វាឲ្យ​បាន​ទ្វេរ​ដង » ( សៀវភៅ​ចម្រៀង​កុមារ លេខ ១៦៧ ) ។

រូបភាព
carls christmas gift

ខាល​បាន​ញីញ័រ​ពេល​គាត់​ជិះ​កង់​របស់​គាត់​បញ្ច្រាស់នឹង​ខ្យល់ ។ គាត់​បាន​គិត​ថា « ខ្ញុំ​ចង់​ទៅដល់​ផ្ទះ​ឲ្យ​បាន​លឿន​បំផុត ហើយ​ទទួល​បាន​ភាព​កក់ក្តៅ ។ ហើយ​ខ្ញុំ​ទន្ទឹង​ចាំ​បើក​អំណោយ​បុណ្យគ្រីស្ទម៉ាស់ ! » ។​

គាត់​ត្រូវ​ក្រោក​ពី​ព្រលឹម​ខ្លាំងណាស់​នា​ព្រឹក​នោះ​ដើម្បី​យក​កាសែត​ឲ្យ​គេ ។ គាត់​បាន​ជិះ​កង់​របស់​គាត់​ឡើង​ទួល​នៅ​តាម​ផ្លូវ​ទៅ​ផ្ទះ​របស់​គាត់ គាត់​បាន​គិត​អំពី​នំ​ស៊ីណាម៉ុន​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់​ដែល​ម្តាយ​គាត់​ធ្វើ​ដោយ​ផ្ទាល់​ដៃ ។ នំ​នោះ​ប្រាកដ​ជា​មាន​រសជាតិ​ឆ្ងាញ់​ណាស់ ។ គាត់​ស្ទើរតែ​អាច​ភ្លក់​ក្រេម​ស្ករ​ដ៏​ផ្អែម​នោះ ។

ក្រេម ! ស្មា​របស់​ខាល​បាន​ធ្លាក់​ចុះ ។ គាត់​បាន​ភ្លេច​រឺត​ទឹក​ដោះគោ និង​កិច្ចការ​ផ្សេង​ទៀត​ដែល​គាត់​ត្រូវ​ធ្វើ ។ ទោះបី​ជា​នៅ​បុណ្យ​គ្រីស្ទម៉ាស់​ក្តី ។

ខាល​បាន​ចត​កង់​របស់​គាត់​នៅ​ខាង​មុខ​ផ្ទះ ។ គាត់ និង​ប្អូន​ប្រុស​របស់​គាត់​បាន​ប្រណាំង​គ្នា​ទៅ​មើល​ថា តើ​នរណា​អាច​ធ្វើ​ផ្លូវ​ពី​ក្រដាស​ហើយ​មុន​គេ ។ គាត់​ពុំ​បាន​ឃើញ​កង់​របស់​ប្អូន​ប្រុស​គាត់​ឡើយ ដូច្នោះ​ខាល​បាន​ឈ្នះ !

បញ្ហា​តែ​មួយ​គត់​ជាមួយ​នឹង​ការឈ្នះ​នោះ​គឺ​ថា ឥឡូវ​នេះ​គាត់​ត្រូវ​រង់ចាំ​ប្អូន​ប្រុស​របស់​គាត់ ពីមុន​ពួកគេ​អាច​បើក​អំណោយ​បាន ។ បន្ទាប់​មក ពួកគេ​បាន​ត្រូវ​ចេញ​ទៅ​ក្រៅ​ម្តង​ទៀត ហើយ​ធ្វើ​កិច្ចការ​មួយ​ចំនួន ។ ខាល​បាន​ប្រាថ្នា​ថា គាត់​អាច​គ្រាន់តែ​ស្នាក់​នៅ​ក្នុង​ផ្ទះ ហើយ​រីករាយ​នឹង​បុណ្យ​គ្រីស្ទម៉ាស់ ។

ខាល​បាន​គិត​ថា « ខ្ញុំ​ត្រូវតែ​ធ្វើ​កិច្ចការ​ខ្ញុំ​ឲ្យ​ចប់​ក្នុង​ពេល​នេះ​សិន ។ នោះ​ខ្ញុំ​នឹង​ពុំ​ត្រឡប់​មក​ក្រៅ​វិញ​នៅក្នុង​អាកាស​ធាតុ​ត្រជាក់​ឡើយ » ។ គាត់​បាន​ប្រញាប់​ទៅ​ឯ​ក្រោល​គោ ។

គាត់​បាន​ចាប់​យក​ធុង​មួយ ហើយ​អង្គុយ​រឺត​ទឹកដោះ​គោ ខាល​បាន​សម្លឹង​មើល​ជុំវិញ​ខ្លួន ។ មាន​កិច្ចការ​ផ្សេង​ទៀត​ទាំង​អស់​ត្រូវ​ធ្វើ​ឲ្យ​ហើយ ។ ក្រោយ​មក គាត់​មាន​គំនិត​មួយ ។ ប្រសិនបើ​គាត់​ធ្វើ​កិច្ចការ​ទាំងអស់​ដោយ​ខ្លួន​គាត់ នោះ​គាត់​អាច​ធ្វើ​ឲ្យ​គ្រួសារ​គាត់​ភ្ញាក់​ផ្អើល ហើយ​ពួកគេ​អាច​ចំណាយ​ពេល​ទាំងអស់​នៃ​បុណ្យ​គ្រីស្ទម៉ាស​ជាមួយ​គ្នា ។ វា​នឹង​ក្លាយ​ជា​អំណោយ​បុណ្យ​គ្រីស្ទម៉ាស់​ដ៏​ល្អ​បំផុត !

ខាល​បាន​ប្រញាប់ ហើយ​រឺត​ទឹកដោះ​គោ ។ បន្ទាប់​មក គាត់​បាន​សម្អាត​ក្រោល​គោ ឲ្យ​ចំណី​មាន់ និង​ប្រមូល​ស៊ុត ។ គាត់​បាន​ញញឹម នៅពេល​គាត់​បាន​គិត​អំពី​ក្តីរំភើប​ដែល​គ្រួសារ​គាត់​នឹង​មាន ។

ខាល​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ គាត់​បាន​លប​មើល​តាម​ទ្វារ​ដើម្បី​មើល​ថា តើ​មាន​នរណា​ម្នាក់​នៅ​ទីនោះ​ដែរ​ឬ​ទេ ។ បន្ទាប់​មក គាត់​បាន​ដើរ​លបៗ​ទៅ​ផ្ទះ​បាយ ។ គាត់​ទើប​តែ​បាន​ដាក់​ទឹក​ដោះគោ និង​ស៊ុត​មាន់​រួច​នៅក្នុង​ទូរទឹក​កក ពេល​ម្តាយ​គាត់​បាន​ដើរ​ចូល​មក ។

ម៉ាក់​បាន​និយាយ​ដោយ​ឱប​គាត់​ថា « អូ៎ កូន​មក​ផ្ទះ​វិញ​ហើយ ។ ពួកយើង​បាន​ឆ្ងល់​ថា តើ​កូន​បាន​ទៅ​ណា » ។

ម្តាយ​គាត់​បាន​ជួយ​គាត់​ដោះ​អាវ​រងា​ចេញ ។ ពេល​បងប្អូន​របស់​ខាល​បាន​ឃើញ​គាត់ ពួកគេ​បាន​ស្រែក​ថា « ខាល​មក​ដល់​ផ្ទះ​ហើយ ! ចូរ​យើង​បើក​អំណោយ​ទៅ ! » គ្រប់គ្នា​បាន​លូន​ជុំវិញ​ដើម​គ្រីស្ទម៉ាស់ ហើយ​រង់ចាំ​ប៉ា​ចែក​អំណោយ ។ ខាល​ចូលចិត្ត​មើល​ពួកគេ​ចែក​របស់របរ​ឲ្យ​គ្នា ។

ប៉ា​បាន​និយាយ​ថា « មែនហើយ ! ឥឡូវ​នេះ ដល់​ពេល​ធ្វើ​ការ​ហើយ ។ ប៉ុន្តែ​ដំបូង ប៉ា​គិត​ថា យើង​ត្រូវ​ញ៉ាំ​ទឹក​ផ្លែឈើ និង​នំ​ស៊ីណាម៉ុន​សិន » ។

ប៉ា​បាន​ដើរ​ទៅ​ផ្ទះបាយ ហើយ​បើក​ទូរ​ទឹកកក ។ គាត់​បាន​ឈប់ ហើយ​សម្លឹង​មើល ។

ប៉ា​បាន​និយាយ​ថា « មើល​នែ៎ ! ។ ដប​ទឹក​ដោះគោ​បាន​ពេញ​ហើយ ហើយ​ស៊ុត​មាន់​ក៏​បាន​ប្រមូល​រួច​ដែរ ! តើ​នរណា​បាន​ធ្វើ​កិច្ចការ​នោះ ? »

ប៉ា​បាន​ដើរ​ត្រឡប់​មក​បន្ទប់​ទទួល​ភ្ញៀវ​វិញ ។ ខាល​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​របស់​គាត់​ដើម្បី​ទប់​មិន​ញញឹម ។

ប៉ា​បាន​និយាយ ជាមួយ​នឹង​ស្នាម​ញញឹម​របស់​គាត់​ផ្ទាល់​ថា « ខាល តើ​កូន​បាន​ដឹង​អ្វី​ខ្លះ​អំពី​រឿង​នេះ​ទេ ? ហាក់​ដូចជា​កិច្ចការ​របស់​យើង​បាន​ធ្វើ​រួច​ហើយ » ។

ខាល​បាន​ស្រែក​ថា « រីករាយ​ថ្ងៃ​បុណ្យគ្រីស្ទម៉ាស់ ! »

ប៉ា​បាន​ឱប​ខាល ។ « អរគុណ​កូន ។ នេះ​ជា​ការចេះ​គិតគូរ​មួយ​ល្អ​ណាស់ ។ នេះ​ប្រហែល​ជា​បុណ្យ​គ្រីស្ទម៉ាស់​ដ៏​ល្អ​បំផុត​របស់​យើង ! »

ខាល​បាន​ញញឹម ។ គាត់​បាន​ដឹង​រួច​ទៅ​ហើយ​ថា នេះ​គឺជា​បុណ្យ​គ្រីស្ទម៉ាស់​ដ៏​ល្អ​បំផុត របស់​គាត់