២០១៨
ខាធី និង ឃ្វីនស៊ី
ខែ ធ្នូ ឆ្នាំ ២០១៨


ខាធី និង ឃ្វីនស៊ី

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

ជា​ធម្មតា ឃ្វីនស៊ី​បាន​ជួយ​ខាធី ។ ប៉ុន្តែ​យប់​នេះ ខាធី​ចង់​ជួយ​ឃ្វីនស៊ី​វិញ !

« មិត្រ​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា » ( សុភាសិត ១៧:១៧ ) ។

រូបភាព
Katie and Quincy

ខាធី​ចូលចិត្ត​ច្រៀង ។ នាង​ចូលចិត្ត​រាំ ។ ប៉ុន្តែ​នាង​ចូលចិត្ត​ថ្ងៃ​អាទិត្យ​ជាង​អ្វីៗ​ទាំងអស់ ! នោះ​គឺ​នៅ​ពេល​គាត់​បាន​ឃើញ​មិត្ត​របស់​គាត់​ឈ្មោះ​ឃ្វីនស៊ី ។

ខា​ធី​មាន​ជំងឺ​វិបត្ត​ក្រូម៉ូសូម ។ ជួនកាល នៅ​ព្រះវិហារ​គាត់​ភាន់​ច្រឡំ ហើយ​ពុំ​ដឹង​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​ទេ ។ ប៉ុន្តែ​គាត់​បាន​ដឹង​ថា ឃ្វីនស៊ី​នឹង​នៅ​ទីនោះ​ដើម្បី​ជួយ​គាត់ ។

ឃ្វីនស៊ី​នឹង​កាន់​ដៃ​ខាធី ហើយ​ដើរ​ជាមួយ​នាង​ទៅ​ថ្នាក់​អង្គការ​បឋម​សិក្សា ។ ជួនកាល​ខាធី​មាន​អារម្មណ៍​ថា ឡេះឡាស់​អំឡុង​ម៉ោង​ពេលវេលា​ចែកចាយ ហើយ​ឃ្វីនស៊ី​នឹង​ឱប​នាង ។ វា​បាន​ជួយ​ខាធី ឲ្យ​ស្ងប់ស្ងៀម​ជានិច្ច ។ បន្ទាប់​ពី​ពេលវេលា​ចែកចាយ​ចប់ ឃ្វីនស៊ី​បាន​ជួយ​ខាធី​រក​ថ្នាក់​របស់​នាង ។ ខាធី​ចូលចិត្ត​ឃ្វីនស៊ី ។

ថ្ងៃ​មួយ ខាធី​បាន​ដឹង​ថា មាន​រឿង​មួយ​ដ៏​ក្រៀម​ក្រំ​បាន​កើត​ឡើង​នៅក្នុង​គ្រួសារ​របស់​ឃ្វីនស៊ី ។ បងប្រុស​របស់​ឃ្វីនស៊ី​ឈ្មោះ​ខូរី​បាន​ស្លាប់ ! ខាធី​បាន​ដឹង​ថា មិត្ត​របស់​នាង​នឹង​កើត​ទុក្ខ ។ នាង​បាន​ដឹង​ថា ឃ្វីនស៊ី​ស្រឡាញ់​បងប្រុស​នាង​ខ្លាំង​ណាស់ ។

ម៉ាក់​បាន​ប្រាប់​ខាធី​ថា យប់​នេះ​មាន​មនុស្ស​នឹង​ទៅ​អគារ​សាសនាចក្រ ដើម្បី​បង្ហាញ​ដល់​គ្រួសារ​ឃ្វីនស៊ី​ថា ពួកគេ​មាន​គេ​ស្រឡាញ់ ។ បន្ទាប់​មក នៅ​ថ្ងៃ​ស្អែក​គឺជា​បុណ្យ​សព​របស់​ខូរី ។

ម៉ាក់​បាន​សួរ​ខាធី​ថា « តើ​កូន​ចង់​ទៅ​ព្រះវិហារ​ជាមួយ​ប៉ា និង​ម៉ាក់​យប់​នេះ​ដែរ​ឬ​ទេ ? »

ខាធី​បាន​ងក់​ក្បាល ។ នាង​ចង់​ប្រាប់​ឃ្វីនស៊ី​ថា នាង​ស្រឡាញ់​ឃ្វីនស៊ី !

ម៉ាក់​បាន​ជួយ​ខាធី​ស្លៀកពាក់​សម្លៀក​បំពាក់​ស្អាតបាត ។ បន្ទាប់​មក ពួកគេ​បាន​បើក​ឡាន​ទៅ​ព្រះវិហារ ។

ពេល​ពួកគេ​ទៅ​ដល់​ទីនោះ ខាធី​បាន​ឃើញ​មនុស្ស​ជាច្រើន ។ នាង​បាន​ដឹង​ថា ពួកគេ​មួយ​ចំនួន​មក​ពី​ព្រះវិហារ ។ នាង​បាន​ឃើញ​ប៊ីស្សព​របស់​នាង ។ នាង​បាន​ឃើញ​គ្រូបង្រៀន​ថ្នាក់​អង្គការ​បឋម​សិក្សា​របស់​នាង ។ ប៉ុន្តែ​នាង​ពុំ​បាន​ឃើញ​មិត្ត​របស់​នាង​ទេ ។

ខេធី​បាន​សួរ « ម៉ាក់ តើ​ឃ្វីនស៊ី​នៅ​ឯណា ? »

ម៉ាក់​ពុំ​ដឹង​ទេ ។

ម៉ាក់​បាន​និយាយ​ថា « ហេតុអ្វី​យើង​មិន​សួរ​គេ​ទៅ ? »

ជាទូទៅ ខាធី​ពុំ​ចូលចិត្ត​និយាយ​ពេល​មាន​មនុស្ស​ច្រើន​នោះ​ទេ ។ ប៉ុន្តែ​យប់​នេះ នាង​ត្រូវតែ​រក​ឃ្វីនស៊ី ។ ខាធី​មាន​ចិត្ត​ក្លាហាន ។ នាង​បាន​ដើរ​សំដៅ​ទៅរក​ប៊ីស្សព ។

នាង​បាន​ប្រាប់​គាត់​ថា « ​ឃ្វីនស៊ី​កើត​ទុក្ខ ខ្ញុំ​ត្រូវ​រក​ឃ្វីនស៊ី ! » ។

ប៊ីស្សព​បាន​ញញឹម ហើយ​បាន​ចាប់​ដៃ​ខាធី ។ « អញ្ចឹង តោះ​ទៅ​រក​ឃ្វីនស៊ី » ។

ទាំងអស់​គ្នា ទាំង​ប៊ីស្សព ម៉ាក់ និង​ខាធី​បាន​ដើរ​ជុំ​វិញ​អគារ ។ ទីបំផុត​ពួកគេ​បាន​រកឃើញ​នាង ! ឃ្វីនស៊ី​កំពុង​អង្គុយ​នៅ​កន្លែង​កាច់​ជ្រុង​មួយ ។ គាត់​មើល​ទៅ​ដូចជា​កើត​ទុក្ខ​ក្រៀម​ក្រំ​ណាស់ ។

ខាធី​បាន​ដើរ​ទៅរក​មិត្ត​នាង ហើយ​ឱប​នាង ។ គាត់​បាន​គិត​ថា ឃ្វីនស៊ី​នឹក​បងប្រុស​នាង​ខ្លាំង​ណាស់ ។

ខាធី​បាន​និយាយ​ថា « ​ឃ្វីនស៊ី​មិន​ជា​អ្វីទេ ព្រះយេស៊ូវ​នឹង​មើល​ថែ​ខូរី​ហើយ » ។ នាង​បាន​ប៉ះ​សក់​ឃ្វីនស៊ី​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​ប្រាកដ​ថា វា​ថ្នមៗ ។

ឃ្វីនស៊ី​បាន​ចាប់ផ្តើម​យំ ។ ខាធី​បាន​ឱប​នាង​កាន់តែ​ខ្លាំង ។

ខាធី​បាន​និយាយ​ថា « ឃ្វីនស៊ី​មិន​អី​ទេ ។ ព្រះយេស៊ូវ​នឹង​មើល​ថែ​ខូរី​ហើយ » ។

ឃ្វីនស៊ី​បាន​យំ​ហើយ​យំ​ទៀត ។ ខាធី​បាន​បន្ត​ឱប​មិត្ត​របស់​នាង ។ មួយ​រយៈ​ក្រោយ​មក ឃ្វីនស៊ី​បានស្ងាត់​បន្តិច ។ នាង​នៅ​តែ​រដឺតរដក​នៅ​ឡើយ ប៉ុន្តែ​នាង​ពុំ​យំ​ខ្លាំង​ដូច​មុន​ទេ ។ នាង​បាន​ងើយ​មើល​ទៅ​ខាធី ។

នាង​បាននិយាយ​ថា « អរគុណ​ខាធី ។ ឯង​និយាយ​ត្រូវ​ហើយ ។ ព្រះយេស៊ូវ​នឹង​មើល​ថែ​បងប្រុស​របស់​ខ្ញុំ​ហើយ » ។

ខាធី​បាន​រីករាយ​ថា នាង​អាច​ជួយ​មិត្ត​របស់​នាង​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្បើយ​វិញ ។ នាង​ស្រឡាញ់​ឃ្វីនស៊ី !

មិត្ត​ដែល​ពិការ

ពិការភាព​មួយ​ចំនួន​ធ្វើ​ឲ្យ​រូបកាយ​មួយ​ពិបាក​ធ្វើ​ការ ។ ពិការភាព​មួយ​ចំនួន​ទៀត​ធ្វើ​ឲ្យ​ខួរ​ក្បាល​ពិបាក​ធ្វើ​ការ ។ មនុស្ស​មួយ​ចំនួន​មាន​ពិការ​ភាព​ដែល​ប៉ះពាល់​ដល់​ខួរ​ក្បាល និង​រូប​កាយ​របស់​ពួកគេ ។ ទោះ​មាន​រឿង​អ្វី​ក៏ដោយ គ្រប់ ក្មេង​ទាំងអស់​មាន​សារៈសំខាន់ និង​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ព្រះ !

ប្រសិនបើ​អ្នក​ជួប​នរណា​ម្នាក់​ដែល​ពិការ ៖

សូម​កុំ …

  • សម្លឹង​មើល ចង្អុល ឬ​ខ្សឹប​ខ្សៀវ​គ្នា​អំពី​ពួកគេ ។

  • ព្រងើយ​កន្តើយ​នឹង​ពួកគេ ។

  • សើច​ចំអក​ដល់​ពួកគេ ។

  • ហៅ​ពួកគេ​ដោយ​ពាក្យ​អាក្រក់ ។

សូម​ធ្វើ …

  • និយាយ​សួស្តី ហើយ​ធ្វើ​ល្អ ។

  • សួរ​សំណួរ​ក្នុង​របៀប​មួយ​គួរសម ។

  • ការពារ​ពួកគេ ប្រសិន​បើ​មាន​អ្នក​ដទៃ​ធ្វើ​មិន​ល្អ​ដាក់​ពួកគេ ។

  • សូម​ចងចាំ​ថា ពួកគេ​គឺ​ជា​បុត្រ​របស់​ព្រះ ដូច​ជា​អ្នក​ផងដែរ !