២០១៨
« អ្នក​បាន​ធ្វើ​វា​ដល់​យើង​ដែរ »
ខែ ធ្នូ ឆ្នាំ ២០១៨


« អ្នក​បាន​ធ្វើ​វា​ដល់​យើង​ដែរ »

ស្សានណាន់ ណៃត៍ រដ្ឋ កាលីហ្វ័រញ៉ា ស.រ.អា.

រូបភាព
shaking hands

រចនា​រូបភាព​ដោយ អេលែន ហ្គានស៍

គ្រួសារ​របស់​យើង​មាន​ប្រពៃណី​បុណ្យគ្រីស្ទម៉ាស់​មួយ គឺ​ការជូន​អំណោយ​ជា​កញ្ចប់​អាហារ, ស្រោម​ដៃ, មួក និង​របស់​ប្រើ​ប្រាស់​ចាំបាច់​ផ្សេងៗ​ទៀត​ដល់​អ្នក​ដែល​ខ្វះខាត ។ នៅ​ក្នុង​ឆ្នាំ ២០១៦ យប់​មុន​បុណ្យ​គ្រីស្ទម៉ាស់​មាន​អាកាសធាតុ​ត្រជាក់​ណាស់​នៅ​តំបន់​រដ្ឋ​កាលីហ្វូញ៉ា ស.រ.អា. ជា​កន្លែង​ដែល​យើង​រស់នៅ ។ យើង​បាន​ពាក់​អាវ​ជា​ច្រើន​ជាន់ ប៉ុន្តែ​យើង​នៅតែ​រងា !

ពេល​យើង​បើក​ឡាន​ទៅ​ក្បែរ​ឧទ្យាន​មួយ​នៅ​ក្បែរ​ផ្ទះ​របស់​យើង ជាកន្លែង​ដែល​មនុស្ស​ជាច្រើន​គ្មាន​ផ្ទះ​រស់នៅ នោះ​យើង​បាន​ឃើញ​បុរស​ម្នាក់​ប្រច្រៀត​ជ្រក​នៅ​ក្រោម​ដំបូល​ចំណត​ឡាន​ក្រុង​មួយ ដោយ​រុំ​ខ្លួន​គាត់​នឹង​ភួយ​កញ្ចាស់​មួយ ។ ដេននីស​ស្វាមី​របស់​ខ្ញុំ បាន​ឈប់​ឡាន ហើយ​យក​ចូណាថាន់​កូនប្រុស​របស់​យើង​បាន​ទៅ​ជាមួយ​គាត់ ដើម្បី​ជូន​អំណោយ​ជា​កញ្ចប់​របស់​យើង​ដល់​គាត់ ។ អែបប៊ី​កូនស្រី​របស់​យើង និង​ខ្ញុំ​បាន​នៅក្នុង​ឡាន ហើយ​មើល​ពួកគេ ។

បុរស​នោះ​បាន​ងើយ​ក្បាល​គាត់​ឡើង​លើ នៅពេល​ដេននីស​បាន​ហុច​កញ្ចប់​អំណោយ​នោះ​ជូន​គាត់ ។ បុរស​នោះ​បាន​ញញឹម​យ៉ាង​រីករាយ ។ ពួកគេ​បាន​ចាប់​ដៃ​គ្នា ហើយ​ចាប់ផ្តើម​និយាយ​គ្នា ។ នេះ​ពុំមែន​ជា​រឿង​ធម្មតា​ទេ ដោយសារ​ជាធម្មតា​គ្មាន​ការសន្ទនា​គ្នា​បែប​នោះ​ទេ ។

បន្ទាប់​ពី​បួន​ប្រាំ​នាទី​ក្រោយ​មក ដេននីស​បាន​ត្រឡប់​មក​កាន់​ឡាន​វិញ ហើយ​បើក​គូថ​ឡាន ។

ខ្ញុំ​បាន​សួរ « យ៉ាង​ម៉េច​ហើយ​បង ? »

គាត់​បាន​ឆ្លើយ​ថា « មិន​អី​ទេ ។ បង​នឹង​ឲ្យ​អាវ​រងា​ទៅ​គាត់​មួយ ។ គាត់​ត្រូវការ​វា​ជាង​បង​ត្រូវការ​ទៅទៀត » ។

ខ្ញុំ​ពុំ​បាន​និយាយ​អ្វី​ទេ ។ នោះ​គឺជា​អាវ​រងា​ដ៏​ស្អាត​ដែល​ដេននីស​ពាក់​វា​បាន​ពីរបី​ដង​ប៉ុណ្ណោះ ! ដេននីស​បាន​ត្រឡប់​ទៅរក​បុរស​នោះ​វិញ ហើយ​បាន​ជួយ​ពាក់​អាវ​រងា​នោះ​ឲ្យ​គាត់ ។ បុរស​នោះ​បាន​ញញឹម​ដោយរីករាយ ។ ដេននីស និង​បុរស​នោះ​បាន​បន្ត​និយាយ​គ្នា​ទៀត ។

ខ្ញុំ​ទទួល​អារម្មណ៍​ជំរុញចិត្ត​មួយ​ថា ចង់​ជួប​បុរស​នេះ ។ ខ្ញុំ​បាន​បើក​ទ្វារ​ឡាន ហើយ​អែបប៊ី​បាន​ដើរ​តាម​ខ្ញុំ ។ ដេននីស​បាន​ញញឹម​នៅពេល​យើង​ដើរ​សំដៅ​ទៅ​រក​ពួកគាត់ ហើយ​គាត់​បាន​ណែនាំ​ពួកយើង​ឲ្យ​ស្គាល់​បុរស​នោះ ។ ខ្ញុំ​បាន​ឈោង​ដៃ​ទៅ​ចាប់ដៃ​គាត់ ហើយ​សួរ​ឈ្មោះ​របស់​គាត់ ។

គាត់​បាន​ចាប់​ដៃ​ខ្ញុំ​ដោយ​ស្នាម​ញញឹម​ដ៏​កក់ក្តៅ ហើយ​តប​ថា « យេស៊ូវ » ។

គ្រួសារ​របស់​យើង​បាន​បន្ត​និយាយ​ជាមួយ​គាត់ ប៉ុន្តែ​ចាប់​តាំង​ពីពេល​នោះ​មក ខ្ញុំ​ពុំ​បាន​ឮ​ដំណឹង​អ្វី​ច្រើន​ពី​បុរស​ម្នាក់​នោះ​ឡើយ ។ ខ្ញុំ​បន្ត​គិត​អំពី​សារៈសំខាន់​នៃ​ឈ្មោះ​ដ៏​ពិរោះ​របស់​បុរស​នេះ ៖ យេស៊ូវ—គឺជា​ព្រះនាម​នៃ​ព្រះអង្គសង្គ្រោះ ។ នៅ​គ្រា​នោះ ខ្ញុំ​ត្រូវបាន​រំឭក​ឲ្យ​ចាំ​អំពី​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ ៖ « ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើការ​ទាំងនោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ » ( ម៉ាថាយ ២៥:៤០ ) ។ បទពិសោធន៍​នោះ​បាន​ផ្លាស់ប្ដូរ​ខ្ញុំ​ជា​រៀងរហូត ។