២០១៨
បុព្វហេតុ​មួយ​នៃ​ការ​សាទរ
ខែ ធ្នូ ឆ្នាំ ២០១៨


បុព្វហេតុ​មួយ​នៃ​ការ​សាទរ

រូបភាព
ប្រធាន ដាល្លិន អេក អូក
រូបភាព
youth at Be One celebration

សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​ជា​យុវមជ្ឈិមវ័យ​នៅ​គ្រា​នោះ វិវរណៈ​ឆ្នាំ ១៩៧៨ ស្តីពី​បព្វជិតភាព​គឺជា​ព្រឹត្តិការណ៍​ដែល​ពួកគេ​នឹង​ចងចាំ​ជាប់​ជានិច្ច ។

I.

ព័ត៌មាន​នោះ​បាន​ឮ​មក​ដល់​ខ្ញុំ​តាម​ទូរសព្ទ​មួយ​ដែល​កម្រ​រោទិ៍​ឡើង ។ កូន​ប្រុស​ខ្ញុំ​ពីរ​នាក់ និង​ខ្ញុំ​កំពុង​ធ្វើការ​នៅ​ឯ​ទីធ្លា​នៅ​ផ្ទះ​លើ​ភ្នំ​របស់​យើង ដែល​យើង​បាន​សាងសង់​ទុក​ជា​កន្លែង​មួយ​ដើម្បី​សម្រាក​លំហែ​ពី​ការទទួលខុសត្រូវ​ដ៏​ធ្ងន់​របស់​ខ្ញុំ ក្នុងនាម​ជា​ប្រធាន​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ។ អែលឌើរ ប៊យដ៍ ឃេ ផាកកឺ គឺជា​អ្នក​ទូរសព្ទ​មក ។ លោក​បាន​ប្រាប់​ខ្ញុំ​អំពី​វិវរណៈ​ស្តីពី​បព្វជិតភាព ដែល​ទើបតែ​បាន​ប្រកាស​រួច ។ យើង​បាន​សន្ទនា​គ្នា​ដោយ​អំណរ ហើយ​ខ្ញុំ​បាន​ដើរ​ត្រឡប់​ទៅ​ធ្វើការ​វិញ ។ ខ្ញុំ​អង្គុយ​លើ​ពំនូក​ដី​ដែល​យើង​បាន​លើក ហើយ​បក់ដៃ​ហៅ​កូន​ប្រុស​ខ្ញុំ​ឲ្យ​មក ។ នៅពេល​ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា ឥឡូវ​នេះ ពួក​សមាជិក​សាសនាចក្រ​ដែល​ជា​បុរស​សក្តិសម​ទាំងអស់​អាច​ត្រូវបាន​តែងតាំង​ឲ្យ​នូវ​បព្វជិតភាព នោះ​ខ្ញុំ​បាន​យំ​ដោយ​អំណរ ។

ហេតុអ្វី​វិវរណៈ​ស្តីពី​បព្វជិតភាព​គឺជា​ឱកាស​នៃ​អំណរ​បែប​នេះ ? កាល​នៅ​ជា​យុវជន​កំពុង​សិក្សា និង​ធ្វើការ​នៅក្នុង​វិជ្ជាជីវៈផ្នែក​ច្បាប់ ខ្ញុំ​បាន​រស់នៅ​ក្នុង​តំបន់​ភាគ​ខាង​លិច​កណ្តាល និង​ភាគ​ខាង​កើត​នៃ​សហរដ្ឋ​អស់​រយៈពេល ១៧ ឆ្នាំ ។ ខ្ញុំ​បាន​សង្កេត​ឃើញ និង​ចូលរួម​ឈឺ​ចាប់ និង​មាន​បទពិសោធន៍​ដ៏​លំបាក​ពី​អស់​អ្នក​ដែល​រងទុក្ខ​ដោយសារ​ការរឹតត្បិត​នេះ និង​អស់​អ្នក​ដែល​បាន​សង្កេត​មើល​ច្បាប់​នេះ បាន​រិះគន់​វា និង​ស្វែងរក​ហេតុផល​ជា​ច្រើន ។ បន្ទាប់​មក​ខ្ញុំ​បាន​សិក្សា​អំពី​ហេតុផល​នានា​ដែល​ត្រូវបាន​ផ្តល់​ឲ្យ ហើយ​ពុំ​អាច​ទទួល​អារម្មណ៍​បញ្ជាក់​អំពី​សេចក្តីពិត​នៃ​ច្បាប់​នេះ​ឡើយ ។ ជា​ផ្នែក​មួយ​នៃ​ការសិក្សា​ប្រកប​ដោយ​ការអធិស្ឋាន​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​ដឹង​ថា ជាទូទៅ​ព្រះអម្ចាស់​កម្រ​នឹង​ប្រទាន​ហេតុផល​សម្រាប់​បទបញ្ញត្តិ និង​ការណែនាំ​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​អ្នក​បម្រើ​ទ្រង់​ណាស់ ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​បន្ត​ស្មោះត្រង់​ចំពោះ​អ្នក​ដឹកនាំ​ដែល​ជា​ពួកព្យការី​របស់​យើង ហើយ​អធិស្ឋាន—ដូច​ដែល​បាន​សន្យា​តាំង​ពី​ដើម​ដំបូង​នៃ​ការរឹតត្បិត​ទាំង​នេះ—ថា​ថ្ងៃ​នោះ​មក​ដល់ នៅពេល​ដែល​មនុស្ស​ទាំងអស់​នឹង​មាន​អំណរ​ជាមួយ​ពរជ័យ​នៃ​បព្វជិតភាព និង​ព្រះវិហារ​បរិសុទ្ធ ។ ឥឡូវ​នេះ ថ្ងៃ​នោះ​បាន​មក​ដល់​គឺ​នៅ​ថ្ងៃ​ទី ៨ ខែ មិថុនា ឆ្នាំ ១៩៧៨ ហើយ​ខ្ញុំ​បាន​យំ​ដោយ​អំណរ ។

II.

នៅពេល​យើង​បាន​ពិចារណា​អំពី​អ្វី​ដែល​បាន​កើត​ឡើង និង​អ្វី​ដែល​កំពុង​កើត​ឡើង​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ និង​នៅក្នុង​ជីវិត​នៃ​សមាជិក​សាសនាចក្រ​នេះ តាំង​ពី​ឆ្នាំ ១៩៧៨ មក នោះ​យើង​ទាំងអស់​គ្នា​មាន​បុព្វហេតុ​ដើម្បី​សាទរ ។

ទាក់ទង​នឹង​ប្រតិបត្តិការ​នេះ សាសនាចក្រ​មាន​ប្រតិកម្ម​យ៉ាង​លឿន​ទៅ​នឹង​វិវរណៈ​ស្តីពី​បព្វជិតភាព​នេះ ។ ពិធីបរិសុទ្ធ និង​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​បាន​កើត​ឡើង​ភ្លាម ។ ហេតុផល​នានា​ដែល​ត្រូវបាន​ផ្តល់​ឲ្យ​ដើម្បី​ព្យាយាម​ពន្យល់​អំពី​ការរឹតត្បិត​ពីមុនៗ​ទៅ​លើ​សមាជិក​ពូជពង្ស​អាហ្វ្រិក—ទោះបី​ជា​ការរឹតត្បិត​ដែល​បាន​បង្ហាញ​ពីមុន​ដោយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដែល​គួរឲ្យ​គោរព​ក្តី—ត្រូវបាន​ជំរុញ និង​ប្រកាស​ថា​ឈប់​អនុវត្ត​ជា​សាធារណ​ទៀត​ហើយ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​មក​កាន់​ព្យាការី​របស់​ទ្រង់ ហើយ​សមាជិក​សាសនាចក្រ​ទ្រង់​បាន​ធ្វើ​តាម ។

ផ្ទុយ​ទៅវិញ ការផ្លាស់ប្តូរ​នានា​នៅក្នុង​ដួងចិត្ត និង​ការអនុវត្ត​នៃ​សមាជិក​ម្នាក់ៗ​ពុំ​ទាន់​កើត​មាន​ភ្លាមៗ និង​ជា​សាកល​ឡើយ ។ មនុស្ស​ខ្លះ​បាន​ទទួល​យក​ឥទ្ធិពល​នៃ​វិវរណៈ​នេះ​ភ្លាមៗ និង​ដោយ​ព្រះគុណ មនុស្ស​ខ្លះ​ទៀត​បាន​ទទួល​វា​ដោយ​សន្សឹមៗ ហើយ​ខ្លះ​ទៀត​នៅក្នុង​ជីវិត​ពួកគេ​ផ្ទាល់ បាន​បន្ត​ឥរិយាបថ​នៃ​ការប្រកាន់​ពូជសាសន៍​ដែល​ជា​ការឈឺចាប់​ជា​ខ្លាំង ដល់​មនុស្ស​ជាច្រើន​នៅ​ទូទៅ​ពិភពលោក រួម​ទាំង​រយៈពេល ៤០ ឆ្នាំ​កន្លង​ទៅ ។ អ្នក​ខ្លះ​ចង់​ត្រឡប់​ទៅមើល ដោយ​ផ្តោត​ចិត្ត​ទុកដាក់​ទៅលើ​ការត្រួតពិនិត្យ​មើល​ពី​អតីតកាល​ឡើង​វិញ រួមទាំង​ស្វែងរក​ហេតុផល​សម្រាប់​ការរឹតត្បិត​ដែល​ឥឡូវ​នេះ​ផុត​សម័យ​ទៅ​ហើយ​នោះ ។ ប៉ុន្តែ​សមាជិក​ភាគ​ច្រើន​នៅក្នុង​សាសនាចក្រ រួមទាំង​ថ្នាក់​ដឹកនាំ​រៀម​ច្បង​នៃ​សាសនាចក្រ បាន​ផ្តោត​ចិត្ត​ទុកដាក់​លើ​ឱកាស​នានា​អំពី​អនាគត ជាជាង​ការខក​ចិត្ត​ពី​រឿង​អតីតកាល ។ ពួកគាត់​ភាគ​ច្រើន​បាន​ទុកចិត្ត​លើ​ប្រាជ្ញា និង​ពេលវេលា​របស់​ព្រះអម្ចាស់ ហើយ​បាន​ទទួល​ការណែនាំ​ពី​ព្យាការី​របស់​ទ្រង់ ។ តាម​រយៈ​ការធ្វើ​ដូច្នោះ យើង​បាន​ដឹង​ពី​សារៈសំខាន់​ដ៏​អស់កល្ប​នៃ​ការបង្រៀន​របស់​ព្យាការី​របស់​ទ្រង់​ថា « នៅ​ក្រោម​ព្រះ​នេត្រ​ទ្រង់ មនុស្ស​ណា​ក៏​មាន​តម្លៃ​ដូច​ជា​មនុស្ស​ណា​ដែរ » ( យ៉ាកុប ២:២១ ) ។ តាម​រយៈការធ្វើ​ដូច្នោះ យើង​បាន​ទទួល​ការជំរុញ​ចិត្ត​ថ្មី​ឲ្យ​បំពេញ​ការត្រាស់​បញ្ជា​ពី​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​ថា យើង​ត្រូវ​បង្រៀន​ដំណឹងល្អ​ដ៏​អស់កល្ប​ជានិច្ច​ដល់​មនុស្ស​ទាំងអស់—ទៅដល់ « គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន » ( គ. និង ស. ៤២:៥៨ ) ។

III.

ការធ្វើ​ឲ្យ​ខ្លួន​យើង​ខ្វល់ខ្វាយ​នឹង​អ្វី​ដែល​ពុំ​បាន​បើក​សម្តែង ឬ​ជាមួយ​ការពន្យល់​ពី​អតីតកាល ដោយ​អស់​អ្នក​ដែល​បាន​ដំណើរការ​ជាមួយ​នឹង​ការយល់​ដឹង​ដែល​មាន​កម្រិត អាច​កើត​ឡើង​តាមរយៈ​តែ​ការប៉ាន់ស្មាន និង​ភាពស្មុគស្មាញ​ប៉ុណ្ណោះ ។ ចំពោះ​អស់​អ្នក​ដែល​មាន​ការខ្វល់ខ្វាយ​បែប​នេះ យើង​សូម​បង្ហាញ​សេចក្តីស្រឡាញ់​របស់​យើង និង​ការអញ្ជើញ​ពិសេស​នេះ ។ សូម​ឲ្យ​យើង​ទាំងអស់​គ្នា​ទន្ទឹង​ចាំមើល​ដោយ​សាមគ្គីភាព​នៃ​សេចក្តីជំនឿ និង​ការទុកចិត្ត​របស់​យើង​លើ​ការសន្យា​របស់​ព្រះអម្ចាស់​ថា « ទ្រង់​អញ្ជើញ​ពួក​គេ​ទាំង​អស់​គ្នា​ឲ្យ​មក​រក​ទ្រង់ ហើយ​ទទួល​ទាន​នូវ​សេចក្ដី​ល្អ​សប្បុរស​របស់​ទ្រង់ ហើយ​ទ្រង់​ពុំ​បដិសេធ​អ្នក​ណា​ម្នាក់ ដែល​មក​រក​ទ្រង់​ឡើយ គឺ​ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី » ( នីហ្វៃ​ទី ២ ២៦:៣៣ ) ។

នៅពេល​យើង​សម្លឹង​ទៅមើល​អនាគតកាល ឥទ្ធិពល​សំខាន់​បំផុត​មួយ​នៃ​វិវរណៈ​ស្តីពី​បព្វជិតភាព​គឺ​ជា​ការហៅ​មក​ពី​ព្រះ ដើម្បី​បោះបង់​ចោល​ឥរិយាបថ​នៃ​ការលំអៀង ទាស់​នឹង​ក្រុម​ណា​មួយ​នៃ​បុត្រាបុត្រី​របស់​ព្រះ ។ ការប្រកាន់​ពូជ​សាសន៍​គឺ​ប្រហែល​ជា​ប្រភព​នៃ​ភាពលំអៀង​ដ៏​ពេញ​និយម​នា​ពេល​សព្វថ្ងៃនេះ ហើយ​យើង​ទាំង​អស់​គ្នា​ត្រូវបាន​ហៅ​ឲ្យ​ប្រែចិត្ត​ពី​រឿង​នោះ ។ ប៉ុន្តែ​នៅ​ទូទាំង​ប្រវត្តិសាស្ត្រ បុត្រាបុត្រី​ជា​ច្រើន​ក្រុម​របស់​ព្រះ​ត្រូវបាន ឬ​បាន​ទទួល​រង​ការបៀតបៀន ឬ​ត្រូវបាន​ដាក់​នៅក្នុង​ស្ថានភាព​ដែល​ពុំគួរ​ឲ្យ​ពេញចិត្ត​ដោយ​ការលំអៀង ដូចជា​អស់​អ្នក​ដែល​ផ្អែក​ទៅលើ​ជាតិពន្ធ ឬ​វប្បធម៌ ឬ​សញ្ជាតិ ឬ​ការអប់រំ ឬ​ស្ថានភាព​សេដ្ឋកិច្ច ។

ក្នុង​នាម​ជា​អ្នក​បម្រើ​របស់​ព្រះ ដែល​មាន​ចំណេះ​ដឹង និង​ការទទួលខុសត្រូវ​ចំពោះ​ផែនការនៃ​សេចក្តីសង្គ្រោះ​ដ៏​មហិមា​របស់​ទ្រង់ នោះ​យើង​គួរតែ​ពន្លឿន​ការរៀបចំ​ឥរិយាបថ និង​ទង្វើ​របស់​យើង—ទាំង​ស្ថាប័ន និង​ផ្ទាល់​ខ្លួន—ដើម្បី​ដាក់​ការលំអៀង​ទាំងអស់​របស់​យើង​ទុក​នៅ​មួយ​ឡែក ។ ដូច​ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​ការប្រជុំ​ថ្មី​នេះ​របស់​យើង​ជាមួយ​នឹង​រដ្ឋមន្ត្រី​ជាតិ​នៃ​សមាគមន៍​ជាតិ​សម្រាប់​ការលើក​កម្ពស់​ពណ៌សម្បុរ​មនុស្ស ៖ « យើង​ទាំងអស់​គ្នា​សូម​អញ្ជើញ​មនុស្ស អង្គការ និង​រដ្ឋាភិបាល [ ទាំង​អស់ ] ឲ្យ​ធ្វើ​ការ​ជាមួយ​សង្គម​ស៊ីវិល​ដ៏​ធំ​មហិមា ដោយ​លុប​បំបាត់​ចោល​នូវ​ការលំអៀង​គ្រប់​បែប​យ៉ាង​ទាំង​អស់ » ។

ទោះបីជា​យើង​រួបរួម​គ្នា​ដើម្បី​លុប​បំបាត់​ចោល​នូវ​ឥរិយាបថ និង​ការអនុវត្ត​នៃ​ការលំអៀង​ក្តី យើង​គួរតែ​ចាំ​ថា វា​ពុំមែន​ជា​ការលំអៀង​ដែល​សាសនាចក្រ​ទទូច​ឲ្យ​មាន​ច្បាប់​ជាក់លាក់​ក្នុង​គោលបំណង​នៃ​តម្រូវការ​ស្តីពី​ភាពសក្តិសម​សម្រាប់​ព្រះអម្ចាស់ ដើម្បី​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​នោះ​ទេ ។ ព្រះអម្ចាស់​បាន​ប្រកាស​ថា ការគោរព​តាម​សេចក្តីសញ្ញា និង​បទបញ្ញត្តិ​គឺ​ជា​តម្រូវ​ការ​ដ៏​ចាំបាច់​មួយ​ដើម្បី​រីករាយ​នឹង​ពរជ័យ​ដ៏​បរិសុទ្ធ ។ ការព្យាយាម​ដើម្បី​លុប​បំបាត់​តម្រូវការ​មក​ពី​ព្រះ​សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច និង​ក្រុមគ្រួសារ​អស់កល្ប គឺ​ដូចជា​ការព្យាយាម​បង្កើត​ផែនការ​របស់​សាតាំង​ដែល « មនុស្ស​ទាំងអស់​នឹង​ត្រូវបាន​សង្គ្រោះ » ។ យើង​ដែល​មាន​ជីវិត​រមែង​ស្លាប់​នេះ​បាន​បដិសេធ​ផែនការ​របស់​សាតាំង​រួច​ទៅហើយ​នៅក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ ។ យើង​បាន​ជ្រើសរើស​យក​ផែនការ​របស់​ព្រះវរបិតាសួគ៌​យើង ដែល​ប្រទាន​សេរីភាព​ដើម្បី​ជ្រើសរើស និង​រក្សា​សេចក្តីសញ្ញា​អស់កល្ប​ជានិច្ច និង​បទញ្ញាត្តិ​ដែល​អនុវត្ត​ស្មើ​គ្នា​ចំពោះ​មនុស្ស​ទាំងអស់ ។ ភាពស្មើ​គ្នា​របស់​ព្រះអម្ចាស់​គឺ​មិនមែន​ជា​លទ្ធផល​ស្មើ​គ្នា​សម្រាប់​មនុស្ស​ទាំងអស់​នោះ​ទេ ប៉ុន្តែ​ជា​ឱកាស​ស្មើ​គ្នា​ចំពោះ​មនុស្ស​ទាំងអស់ ។

IV.

ការប្តេជ្ញា​ចិត្ត​របស់​យើង​នៅក្នុង​កម្មវិធី​រំឭក​ខួប​នេះ​គឺ សាទរ​ខួប​លើក​ទី ៤០ ឆ្នាំ​នៃ​វិវរណៈ​ស្តីពី​បព្វជិតភាព​ដោយ​ការទន្ទឹង​រង់ចាំ ។ នៅពេល​យើង​ធ្វើ​ដូច្នេះ យើង​បង្ហាញ​អំណរគុណ​ជា​ពិសេស​សម្រាប់​សមាជិក​ពូជពង្ស​ពួក​អាហ្វ្រិក​ដ៏​អស្ចារ្យ​របស់​យើង ជាពិសេស​សមាជិក​អាហ្វ្រិក​អាមេរិក​កាំង​របស់​យើង ដែល​បាន​តស៊ូ​ដោយ​សេចក្តីជំនឿ និង​ស្មោះត្រង់ ហែល​ឆ្លង​កាត់​រយៈពេល​ផ្លាស់ប្តូរ​ដ៏​លំបាក​នៃ​ការសាបសូន្យ​នូវ​ភាពលំអៀង ។ ឥឡូវ​នេះ យើង​ចូលរួម​ជាមួយ​គ្នា​នៅក្នុង​ការផ្តោត​ចិត្ត​ទុក​ដាក់​របស់​យើង​លើ​ឥទ្ធិពល​ដ៏​រុងរឿង​បន្ទាប់​ពី​ឆ្នាំ ១៩៧៨ នៃ​វិវរណៈ​នោះ នៅក្នុង​ការផ្តល់​ពរ​ដល់​បុត្រាបុត្រី​របស់​ព្រះ​ទាំង​អស់​នៅលើ​ពិភពលោក ។ ពួកព្យាការី​ដែល​ជា​អ្នកដឹកនាំ​យើង​បាន​ប្រកាស​នៅ​គ្រា​នោះថា ៖

« ឥឡូវ​នេះ ព្រះអម្ចាស់​បាន​បើក​សម្តែង​ព្រះទ័យ​ទ្រង់​សម្រាប់​ជា​ពរជ័យ​ដល់​បុត្រា​បុត្រី​ទ្រង់​ទាំងអស់​ទូទាំង​ពិភពលោក ដែល​នឹង​ស្តាប់​តាម​សំឡេង​នៃ​អ្នក​បម្រើ​ដែល​មាន​សិទ្ធិ​អំណាច ហើយ​រៀបចំ​ពួកគេ​ដើម្បី​ទទួល​គ្រប់​ពរជ័យ​នៃ​ដំណឹងល្អ » ។

ឥឡូវ​នេះ​ព្រះវិហារ​បរិសុទ្ធ​ត្រូវ​បាន​សាងសង់​នៅក្នុង​ប្រទេស​ជា​ច្រើន សម្រាប់​ជា​ពរជ័យ​ដល់​បុត្រាបុត្រី​របស់​ទ្រង់​ទាំង​សង្ខាង​នៃ​វាំងនន ។ យើង​រីករាយ​ជាមួយ​គ្នា​នៅលើ​ផែនដី និង​នៅលើ​ស្ថានសួគ៌ ។ នេះ​គឺជា​ផ្នែក​នៃ​ការរៀបចំ​របស់​យើង​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ដែល​បាន​ប្រកាស​តាមរយៈ​ព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន​ថា « ទ្រង់​មិនដែល​បញ្ជា​ដល់​អ្នក​ណា​ម្នាក់​ថា គេ​នឹង​មិន​គួរ​ទទួល​យក​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​នោះ​ឡើយ » ( នីហ្វៃ​ទី ២ ២៦:២៤ ) ហើយ​ដែល​បាន​ប្រកាស​តាមរយៈ​ព្យាការី​សម័យ​ទំនើប​ថា « បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​រួម​គ្នា​តែ​មួយ​ទេ ឈ្មោះ​ថា​អ្នក​រាល់​គ្នា​ពុំ​មែន​ជា​របស់​ផង​យើង​ឡើយ » ( គ. និង ស. ៣៨:២៧ ) ។