២០១៨
« យើង​ជា​ព្រះ​ដ៏​ជា​ព្រះ » ៖ និមិត្ត​សញ្ញា​នៃ​ព្រះគ្រីស្ទ​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់
ខែ ធ្នូ ឆ្នាំ ២០១៨


« យើង​ជា​ព្រះ​ដ៏​ជា​ព្រះ » ៖ និមិត្ត​សញ្ញា​នៃ​ព្រះគ្រីស្ទ​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់

ដោយឡែក នៅក្នុង​កំណត់ត្រា​បុរាណ​នេះ ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​គេ​ស្វែងរក ឬ​គេ​ពុំ​អាច​រក​ទ្រង់​ឃើញ​ឡើយ ។

រូបភាព
Christ teaching from the scriptures

ពន្លឺ និង​សេចក្ដីពិត ដោយ ស៊ីម៉ូន ឌូវី

ពេល​ម៉ូសេ​បាំង​មុខ​របស់​លោក នោះ​ព្រះបន្ទូល​ប្រកប​ដោយ​សេចក្តីមេត្តាកុរណា​របស់​ព្រះអម្ចាស់​បាន​ចេញ​មក​ពី​គុមបន្លា​ភ្លើង​ដោយ​សំឡេង​ខ្ទរ​នៃ​ភាពអស់កល្ប​ថា ៖ « យើង​បាន​ឃើញ​សេចក្តី​វេទនា​របស់​រាស្ត្រ​យើង ដែល​នៅ​ស្រុក​អេស៊ីព្ទ​ហើយ … ពី​ព្រោះ​យើង​ស្គាល់​សេចក្តី​ទុក្ខ​ព្រួយ​របស់​គេ

ដូច្នេះ​យើង​បាន​ចុះ​មក ដើម្បី​នឹង​ជួយ​ដោះ​គេ​ឲ្យ​រួច ។ …

ម៉ូសេ​ក៏​ទូល​ទៅ​ព្រះ​ថា មើល​កាល​ណា​ទូលបង្គំ​ទៅ​ប្រាប់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ព្រះ​នៃ​ឰយុកោ​អ្នក​រាល់​គ្នា​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា ហើយ​គេ​សួរ​ទូលបង្គំ​ថា តើ​ព្រះ​ទ្រង់​ព្រះនាម​ជា​អ្វី ? នោះ​តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ប្រាប់​គេ​ថា​ដូច​ម្តេច ?

ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ម៉ូសេ​ថា « យើង​ជា​ព្រះ​ដ៏​ជា​ព្រះ ៖ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៀត​ថា ឯង​ត្រូវ​ឆ្លើយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដូច្នេះ​ថា ព្រះ​ដ៏​ជា​ព្រះ​ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា » ( និក្ខមនំ ៣:៧–៨, ១៣–១៤ ) ។

ពួក​សាសន៍​អ៊ីស្រាអែល​ជំនាន់​ដើម​ស្គាល់​ទ្រង់​ថា ព្រះយេហូវ៉ា ជីវិត​មុន​ឆាក​ជីវិត​នេះ​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន​រកឃើញ​ព្រះអង្គ​ទ្រង់​ថា ជា​ធនធនា​ដែល​ប្រជារាស្ត្រ​របស់​ទ្រង់​គួរតែ​ស្វែងរក​ការ​ប្រោសលោះ ។ ជា​ច្រើន​ពាន់​ឆ្នាំ​ក្រោយ​មក ព្រះយេស៊ូវគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ បាន​បញ្ជាក់​អំពី​ការសន្យា​របស់​ទ្រង់​ឡើង​វិញ​អំពី​ការរំដោះ​ដល់​ពួក​អ៊ីស្រាអែល​សម័យ​ទំនើប​ជាមួយ​ព្រះបន្ទូល​ទាំង​នេះ ៖ « ចូរ​សង្ឃឹម​ឡើង ហើយ​ចូរ​កុំ​ខ្លាច​ឡើយ ដ្បិត​យើង​ជា​ព្រះអម្ចាស់​គង់​នៅ​ជាមួយ​នឹង​អ្នក ហើយ​នឹង​ឈរ​នៅ​ក្បែរ​អ្នក ហើយ​អ្នក​នឹង​ថ្លែង​ទីបន្ទាល់​អំពី​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ​ថា យើង​ជា ព្រះរាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់នៅ ថា យើង​គង់​នៅ​តាំង​ពី​ដើម ហើយ យើង​នៅ​ឥឡូវ​នេះ ហើយ​ថា យើង​ត្រូវ​យាង​មក​ទៀត » ( គ. និង ស. ៦៨:៦ ការគូសបញ្ជាក់​ត្រូវបាន​បន្ថែម ) ។

ព្រះគម្ពីរ​ជា​ព្រះបន្ទូល​នៃ​ជីវិត​ត្រូវបាន​រៀបចំ​ឡើង ដើម្បី​ចង្អុល​បង្ហាញ​ដល់​បុត្រាបុត្រី​របស់​ព្រះ​នៅគ្រប់​ជំនាន់​អំពី ព្រះយេស៊ូវគ្រីស្ទ​សម្រាប់​ការរំដោះ​ពី​អំពើ​បាប និង​សេចក្តីស្លាប់ និង​ពី​បញ្ហា​នានា​ខាង​លោកិយ​ទាំងអស់​របស់​យើង ។ ព្រះគម្ពីរ​សញ្ញា​ចាស់​ក៏​គ្មាន​ករណី​លើកលែង ដូចជា​ភាគ​នៃ​ព្រះគម្ពីរ​នីមួយៗ​ដែរ ព្រះគម្ពីរ​សញ្ញា​ចាស់​មាន​គោលបំណង​បង្វែរ​ដួងចិត្ត និង​គំនិត​របស់​យើង​ទៅរក​ព្រះអង្គ​ដែល​រំដោះ​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ប៉ុន្តែ​ដោយ​ឡែក នៅក្នុង​កំណត់ត្រា​បុរាណ​នេះ ទ្រង់​ត្រូវបាន​គេ​ស្វែងរក ឬ​គេ​ពុំ​អាច​រក​ទ្រង់​ឃើញ​ឡើយ ។

នៅពេល​ស្វែងរក​ព្រះគ្រីស្ទ​នៅក្នុង​គម្ពីរ​ណា​មួយ​ទាំង​នេះ វា​ជួយ​រំឭក​យើង​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​អ្វី​ដែល​យើង​កំពុង​ស្វែងរក ។ ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ ប្រភព​នៃ​ជីវិត ! បញ្ហា​នៃ​សេចក្តីស្លាប់​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម​ដែល​ជា​លទ្ធផល​នៃ​ការធ្លាក់ នោះ​ព្រះគ្រីស្ទ គឺជា ដំណោះស្រាយ​ដ៏​អស់កល្ប​របស់​ពួក​សាសន៍​អ៊ីស្រាអែល ។ លីហៃ​បាន​ប្រកាស​ថា « ទ្រង់​ថ្វាយ​រូបអង្គ​ទ្រង់ … ដើម្បី តបស្នង ការ​ចុង​បំផុត​នៃ​ក្រឹត្យវិន័យ » ( នីហ្វៃ​ទី ២ ២:៧ ការគូសបញ្ជាក់​ត្រូវ​បាន​បន្ថែម ) ។ វា​គឺជា​ចម្លើយ​នោះ—ព្រះអង្គ​ប្រោសលោះ​នៃ​អ៊ីស្រាអែល « យើង​គឺ​ជា​ព្រះ » ដ៏​មហិមា—ដែល​យើង​ស្វែងរក​នៅពេល​ស្រាវជ្រាវ​ក្នុង​ព្រះគម្ពីរ ។ ប៉ុន្តែ នៅក្នុង​កំណាព្យ ហើយ​ជារឿយៗ​នៅក្នុង​ភាសា​ហួស​សម័យ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ បញ្ហា​អស់កល្ប—ហើយ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ដំណោះស្រាយ​នោះ—ពុំ​ត្រូវ​បាន​រកឃើញ​ដោយ​ងាយៗ​នោះ​ទេ ។ ទោះជា​យ៉ា​ងនោះ​ក្តី ព្រះយេស៊ូវគ្រីស្ទ​កំពុង​រង់ចាំ​​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ឲ្យ​ស៊ីជម្រៅ ក្នុង​និទាន​កថា​បុរាណ ។

ដូច​អ្នក​ចាំ​ក្នុង​ចិត្ត​អំពី​ឈ្មោះ​ព្រះអម្ចាស់​ដែល​បាន​ចែកចាយ​ជាមួយ​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ីណាយ—« យើង​ជា​ព្រះ »—សូម​ពិចារណា​អំពី​អ្វីៗ​ជា​ច្រើន​ដែល​ព្រះ​យេស៊ូវគ្រីស្ទ តំណាង​ឲ្យ ដល់​អ្នក​ដែល​ដាក់​ទី​ទុកចិត្ត​លើ​ទ្រង់ ។ គំរូ​ដូចត​ទៅ​នេះ​គឺជា​និមិត្ត​សញ្ញា​នៃ​ការបង្រៀន​មក​ពី​ព្រះគម្ពីរ​សញ្ញា​ចាស់ ដែល​បាន​រៀបចំ​ឡើង​ដើម្បី​បង្វែរ​ដួងចិត្ត និង​គំនិត​របស់​យើង​ចំពោះ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​សម្រាប់​ការប្រោសលោះ ។

យើង​ជា​ព្រះ … កូន​ចៀម​ដែល​បាន​សម្លាប់​សម្រាប់​អ្នក

រូបភាព
Adam and Eve offering sacrifices

ការបូជាយញ្ញ​សត្វ និង​អាវ​ធ្វើ​ពី​ស្បែក

ពីមុន​អ័ដាម និង​អេវ៉ា​ត្រូវបាន​បណ្ដេញ​ចេញ​ពី​សួន​អេដែន នោះ​ព្រះអម្ចាស់​បាន​ឲ្យ​សម្លៀកបំពាក់​ដល់​ពួកគេ​ដែល​ធ្វើពី​ស្បែក​សត្វ ដើម្បី​ផ្តល់​ការបិទបាំង​កាយ​ឲ្យ​ពួកគេ ។ នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ពាក្យ ដង្វាយធួន នៅក្នុង​ទម្រង់​ជា​ច្រើន​របស់​វា​បង្ហាញ​ឡើង​ចំនួន ៨១ ដង ។ មាន ៧៣ ដង​កើត​ឡើង​ដដែលៗ​នៃ​ពាក្យ​នោះ ដែល​ន័យ​ដើម​ជា​ភាសា​ហេព្រើរ​គឺ kaphar ដែល​មាន​ន័យ​ថា « បិទបាំង » ។

បន្ទាប់​ពី​ពួកគេ​ត្រូវបាន​បណ្តេញ​ចេញពី​សួន​ច្បារ​មក អ័ដាម និង​អេវ៉ា​ត្រូវបាន​បញ្ជា​ឲ្យ​ថ្វាយ​កូន​ច្បង​នៃ​ហ្វូង​សត្វ​របស់​ពួកគេ​សម្រាប់​ជា​យញ្ញបូជា​ថ្វាយ​ដល់​ព្រះអម្ចាស់ ។ ក្រោយ​មក​ទេវតា​មួយ​អង្គ​បាន​បង្គាប់​ពួកគេ​ថា ការប្រតិបត្តិ​នេះ​គឺ​ជា « និមិត្ត​រូប​អំពី​ការ​បូជា​នៃ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​នៃ​ព្រះវរបិតា » ( ម៉ូសាយ ៥:៧ ) ។

ការធ្វើ​យញ្ញបូជា​សត្វ​បានបន្ត​នៅក្រោម​ក្រឹត្យវិន័យ​របស់​ម៉ូសេ ពិធី​ដែល​បិទបាំង​នៃ​អស់​អ្នក​ដែល​ចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​បព្វជិតភាព ។

នៅពេល​យើង​ចុះ​សេចក្តីសញ្ញា​ជាមួយ​ព្រះអម្ចាស់ ហើយ​ទទួល​ពិធីបរិសុទ្ធ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ នោះ​ដង្វាយធួន​របស់​ទ្រង់​បិទបាំង​យើង ដូច្នេះ​យើង​ពុំ​ត្រូវ​ប៉ះផ្ទាល់​នឹង​ឥទ្ធិពល​ទាំងស្រុង​នៃ​ការធ្លាក់​របស់​អ័ដាម​ឡើយ ។ ព្រះយេស៊ូវគ្រីស្ទ​ពិតជា​កូនចៀម​នៃ​ព្រះ ដែល​បាន​បូជា​សម្រាប់​យើង ដូច្នេះ​យើង​ពុំ​ចាំបាច់​ចុះ​ចូល​នឹង​ឥទ្ធិពល​នៃ​អំពើ​បាប និង​សេចក្តីស្លាប់​ឡើយ ។

លោកុប្បត្តិ ៣:២១; ៣៧:៣; និក្ខមនំ ៤០:១៤–១៥; អេសេគាល ១៦:១–១២; ម៉ាថាយ ២២:១១–១២; កាឡាទី ៣:២៦–២៩; នីហ្វៃ​ទី ១ ១១:២១, ៣២–៣៣; អាលម៉ា ៣៤:១៤–១៦; ម៉ូសេ ៥:៥–៨; ៧:៤៧

យើង​ជា … នំបុ័ង​ជីវិត

រូបភាព
gathering manna in the wilderness

នំ​ម៉ាន៉ា

អំឡុងពេល​ម៉ូសេ និង​កូន​ចៅ​នៃ​សាសន៍​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​ពី​ស្រុក​អេស៊ីព្ទ​ទៅ​កាន់​ដែនដី​សន្យា ពួកគេ​បាន​ពឹងផ្អែក​លើ​ព្រះគុណ​នៃ​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​អាហារ​ប្រចាំ​ថ្ងៃ ។ ព្រះអម្ចាស់​បាន​ប្រទាន​ពួកគេ​នូវ « នំបុ័ង​ពី​លើ​មេឃ​មក » ដែល​មនុស្ស​ហៅ​ថា « នំ​ម៉ាន៉ា » ( ដែល​បកស្រាយ​ថា « តើ​នេះ​ជា​អ្វី ? » ) ។ អ្នក​ដែល​បាន​ប្រមូល​អាហា​ប្រចាំ​ថ្ងៃ និង​បន្ត​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ និង​ព្យាការី​របស់​ទ្រង់​មាន​ជីវិត​បន្ត​រហូត​ដល់​ដំណើរ​ពួកគេ​ចប់​នៅក្នុង​ទីរហោស្ថាន ។

ព្រះយេស៊ូវគ្រីស្ទ​គឺជា​នំបុ័ង​ជីវិត ទ្រង់​បាន​យាង​ចុះ​ពី​ស្ថានសួគ៌​មក​កាន់​ផែនដី ដើម្បី​នាំ​ឲ្យ​យើង​មាន​ជីវិត​រៀងរាល់​ថ្ងៃ​នៃ​ដំណើរ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង​នេះ ។ នៅពេល​យើង​ប្រមូល​ព្រះបន្ទូល​របស់​ទ្រង់​រៀងរាល់​ថ្ងៃ យើង​នឹង​ដក​ពិសោធន៍​នូវ​ភាព​ផ្អែមល្អែម និង​ភាពក្លៀវក្លា​ដែល​មាន​តាមរយៈ​ទ្រង់​ពេញ​មួយ​ដំណើរ​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង ។

និក្ខមនំ ១៦:៤, ១២–២១, ៣១; ចោទិយកថា ៨:២–៣; យ៉ូហាន ៦:២៦–៣៥, ៤៨–៥៨, ៦៦–៦៨; នីហ្វៃ​ទី ៣ ២០:៨

យើង​ជា … ប្រភព​នៃ​ទឹក​រស់

រូបភាព
Moses smiting the rock at Horeb

ទឹក​ចេញ​មក​ពី​ថ្ម​នៅ​ភ្នំហោរែប

នៅពេល​កូនចៅ​សាសន៍​អ៊ីស្រាអែល​ស្រេក​ទឹក​នៅក្នុង​ទីរហោស្ថាន នោះ​ម៉ូសេ​បាន​អធិស្ឋាន​ទៅកាន់​ព្រះអម្ចាស់ ។ ម៉ូសេ​ត្រូវបាន​បង្គាប់​ឲ្យ​វាយ​ដុំ​ថ្ម​មួយ​នៅ​ភ្នំហោរែប ( ភ្នំ​ស៊ីណាយ ) ជាមួយ​ឈើ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​លោក ។ នៅពេល​លោក​ធ្វើ​ដូច្នេះ ទឹក​បាន​ធ្លាយ​ចេញ​មក​ពី​ថ្ម ដើម្បី​ផ្គត់ផ្គង់​ដល់​ជីវិត​នៃ​ពួកសាសន៍​អ៊ីស្រាអែល​រាប់លាន​នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​នោះ ។

ព្រះយេស៊ូវគ្រីស្ទ​គឺជា​ថ្ម​ដា​នៃ​សាសន៍​អ៊ីស្រាអែល នៅពេល​ទ្រង់​ត្រូវបាន​គេវាយ​នៅ​ត្រង់​ភ្នំ​កាល់វ៉ារី នោះ​ព្រះលោហិត​បាន​ហូរ​ចេញ​មក​ពី​ព្រះកាយ​របស់​ទ្រង់ ។ ព្រះលោហិត​របស់​ព្រះគ្រីស្ទ​បាន​ផ្តល់​ជីវិត​ដល់​ពួកយើង ! យើង​អាច​ទទួល​បាន​ជីវិត​ដែល​រកឃើញ​នៅក្នុង​ព្រះ​លោហិត​ដ៏ធួន​នៃ​ព្រះគ្រីស្ទ នៅពេល​យើង​ធ្វើ​តាម​ព្យាការី​ដែល​ត្រូវបាន​ប្រគល់​កូនសោ ដើម្បី​នាំ​យក​ទឹករស់​ចេញ​មក​ពី​ទ្រង់ ។

និក្ខមនំ ១៧:១–៦; ជន​គណនា ២០:៨, ១១; យ៉ូហាន ៤:១០–១៥; កូរិនថូស​ទី ១ ១០:១–៤; គ. និង ស. ២៨:២

យើង​ជា … អង្គ​ព្យាបាល​របស់​អ្នក

រូបភាព
Moses and the brass serpent

សត្វពស់​ដែល​ត្រូវបាន​លើក​ឡើង​នៅលើ​បង្គោល​ឈើ

ភាពលំបាក​នៃ​ការធ្វើ​ដំណើរ​របស់​ពួកគេ បាន​បណ្តាល​ឲ្យ​ពួក​កូនចៅ​នៃ​សាសន៍​អ៊ីស្រាអែល​ត្អូញត្អែល រអ៊ូរទាំ​ទាស់​នឹង​ព្យាការី និង​ព្រះអម្ចាស់ ។ ជា​លទ្ធផល ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ​សត្វ​ពស់​មាន​ពិស​ចឹក​ពួកគេ ដែល​នាំ​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់ ។ ម៉ូសេ​បាន​អធិស្ឋាន​ទៅកាន់​ព្រះអម្ចាស់​សូម​ឲ្យ​ដក​សត្វ​ពស់​នោះ​ចេញ ផ្ទុយ​ទៅវិញ ព្រះអម្ចាស់​បាន​ប្រទាន​នូវ​វិធី​មួយ​សម្រាប់​មនុស្ស​ដើម្បី​គេច​ផុត​ពី​សេចក្តីស្លាប់ នៅពេល​ពួកគេ​ត្រូវបាន​ពស់​ចឹក ។ សកម្មភាព​ដែល​តម្រូវ​ឲ្យ​ពួកគេ​បាន​ទទួល​ការព្យាបាល​នោះ​គឺ មើល​ទៅ​សត្វ​ពស់​លង្ហិន​ដែល​ចង​ជាប់​ទៅ​នឹង​បង្គោល​មួយ ។

ព្រះ​យេស៊ូវគ្រីស្ទ​ត្រូវបាន​គេ​បោះ​ដែក​គោល​ភ្ជាប់​ទៅលើ​បង្គោល — ឈើ​ឆ្កាង — ដើម្បី​យើង​អាច​មើល​ទៅកាន់​ទ្រង់​នៅក្នុង​ការរងទុក្ខ​របស់​យើង ហើយ​យក​ឈ្នះ​លើ​បញ្ហា​ទាំង​អស់​នោះ ។ ព្រះ​យេស៊ូវគ្រីស្ទ​ពុំ​ដក​ការសាកល្បង​យើង​ចេញ​ជានិច្ច​នោះ​ទេ ប៉ុន្តែ​ក្នុងនាម​ជា​អង្គ​ព្យាបាល​របស់​យើង នោះ​ទ្រង់​អាច​យក​ភាព​ពិសពុល​ចេញ​ពី​ពួកគេ​តាមរយៈ​ពរជ័យ​នៃ​ដង្វាយធួន​របស់​ទ្រង់ ។

ជន​គណនា ២១:៤–៩; យ៉ូហាន ៣:១៤–១៦; ពេត្រុស​ទី ១ ២:២៤; អាលម៉ា ៣៣:១៨–២២; ហេលេមិន ៨:១៤–១៥; នីហ្វៃ​ទី ៣ ២៧:១៣–១៥