២០១៨
ប្លែនកា សូលីស—ទីក្រុង​អាស៊ិនស្សីអុន ប្រទេស​ប៉ារ៉ាហ្គាយ
ខែ ធ្នូ ឆ្នាំ ២០១៨


គំនូរ​អំពី​សេចក្តីជំនឿ

ប្លែនកា សូលីស

ទីក្រុង​អាស៊ិនស្សីអុន ប្រទេស​ប៉ារ៉ាហ្គាយ

នៅពេល​ស្វាមី និង​ម្តាយ​របស់​ប្លែនកា​បាន​ឈឺ ហើយ​ពុំ​អាច​មើល​ថែ​ខ្លួន​ពួកគាត់​បាន នោះ​ប្លែនកា​បាន​ឈប់​ធ្វើការ​ដើម្បី​មើល​ថែ​ពួកគាត់​ពេញ​ម៉ោង ។ តាមរយៈ​ការបែរ​ទៅ​រក​ព្រះអម្ចាស់ នោះ​ប្លែនកា​បាន​រកឃើញ​កម្លាំង​ហួស​ពី​កម្លាំង​របស់​គាត់ ។

ខូឌី ប៊ែល ជាង​ថត​រូប

ការសាកល្បង​ដ៏​លំបាក​បំផុត​របស់​គ្រួសារ​យើង​បាន​កើត​ឡើង នៅពេល​ស្វាមី​របស់​ខ្ញុំ​បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់ ។ គាត់​បាន​សម្រាក​នៅក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​អស់​រយៈពេល​បួន​ខែ ។ នោះ​គឺ​ជា​រយៈពេល​ដ៏​តានតឹង​ចិត្ត​បំផុត ! ស្វាមី​របស់​ខ្ញុំ​ពុំ​អាច​មើល​ថែ​ខ្លួន​គាត់​បាន​ឡើយ នៅពេល​យើង​ចេញ​ពី​មន្ទីរពេទ្យ ។ នៅ​ពេល​ដំណាល​គ្នា​នោះ ម្តាយ​របស់​ខ្ញុំ​បាន​រងទុក្ខ​ដោយសារ​ជំងឺ​ភ្លេច​ភ្លាំង ហើយ​ត្រូវ​សម្រាក​នៅ​លើ​គ្រែ​ទាំង​ស្រុង ។

ខ្ញុំ​មាន​ការងារ​ដែល​មាន​លំនឹង​មួយ​ក្នុង​នាម​ជា​គិលានុបដ្ឋាយិកា​ដែល​មាន​អាជ្ញាប័ណ្ណ​ម្នាក់ ហើយ​ខ្ញុំ​បាន​មើល​ថែ​ស្វាមី​របស់​ខ្ញុំ និង​ម្តាយ​ខ្ញុំ​នៅ​ពេល​ដំណាល​គ្នា​នោះ ។ ខ្ញុំ​បាន​បាក់​ទឹក​ចិត្ត​ដោយសារ​ពួកគាត់​ទាំងពីរ​នាក់​ដេក​ឈឺ​នៅលើ​គ្រែ ។ ខ្ញុំ​ពុំ​បាន​ដេក​ជា​ច្រើន​យប់ ដោយសារ​ខ្ញុំ​ត្រូវ​ធ្វើ​កិច្ចការ​គ្រប់​យ៉ាង​សម្រាប់​ពួកគាត់ ។ ពួកគាត់​ទាំងពីរ​នាក់​ដូចជា​ទារក​អញ្ចឹង ។ ការមើល​ថែទាំ​ពួកគាត់ និង​ធ្វើការ​នៅពេល​ដំណាល​គ្នា នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ត្រូវធ្វើ​ការទ្វេ​ដង ។ ខ្ញុំ​ពុំ​អាច​មើល​ថែ​ពួកគាត់​ដូច​ដែល​ខ្ញុំ​គួរតែ​ធ្វើ​នោះ​ទេ ដូច្នេះ​ខ្ញុំ​បាន​ឈប់​ធ្វើ​ការ ។

ខ្ញុំ​ចាត់ទុក​រយៈពេល​នេះ​ថា ជា​ពេល​ដ៏​លំបាក​បំផុត​នៅ​ក្នុង​ជីវិត​ខ្ញុំ ។ វា​មាន​ការលំបាក​សម្រាប់​ខ្ញុំ​ដើម្បី​ក្លាយ​ពី​មនុស្ស​ដែល​បំពេញ​សេចក្តីត្រូវការ​ខ្លួន​ឯង​បាន​ទៅ​ជា​មនុស្ស​បាត​ដៃ​ទទេ ។ ខ្ញុំ​បាន​ចាប់ផ្តើម​ព្រួយ​បារម្ភ​អំពី​រឿង​ហិរញ្ញវត្ថុ ។ ខ្ញុំ​ពុំ​ដឹង​ថា ត្រូវធ្វើ​អ្វី​ឡើយ​ដើម្បី​បង់​ថ្លៃ​ចំណាយ​ទាំងអស់​របស់​យើង ។ ខ្ញុំ​បាន​ចាប់ផ្តើម​គិត​អំពី​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ។ ខ្ញុំ​បាន​ទូល​សូម​ដល់​ព្រះអម្ចាស់​ឲ្យ​ជួយ​ខ្ញុំ​ធ្វើការ​ម្តង​ទៀត ហើយ​នៅតែ​អាច​មើល​ថែ​គ្រួសារ​របស់​ខ្ញុំ ។

ខ្ញុំ​បាន​និយាយ​នឹង​កូន​ប្រុស​របស់​ខ្ញុំ ហើយ​កូន​ខ្ញុំ​បាន​ផ្តល់​យោបល់​ថា ខ្ញុំ​គួរ​ធ្វើ និង​លក់​គាវ ។ ខ្ញុំ​ខ្លាច​ដោយសារ​ខ្ញុំ​ពុំ​ចេះ​ធ្វើ​វា​ទេ ប៉ុន្តែ​ខ្ញុំ​មាន​អ្វី​មួយ​ដែល​ខ្ញុំ​ចូលចិត្ត ។ ខ្ញុំ​បាន​ចូលរួម​វគ្គសិក្សា​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​បី​បួន​ដង​នៅ​ព្រះវិហារ ។ វគ្គសិក្សា​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​គឺ « ការ​ចាប់ផ្ដើម និង​ការ​ពង្រីក​អាជីវកម្ម​របស់​ខ្ញុំ » ។ នៅពេល​ខ្ញុំ​ចូល​រៀន នោះ​ខ្ញុំ​បាន​យល់​នូវ​អ្វី​ដែល​នឹង​មាន​នៅ​ពេលខាង​មុខ​របស់​ខ្ញុំ ។ ព្រះអម្ចាស់​បាន​បញ្ជូន​វគ្គ​សិក្សា​នេះ​ដល់​ខ្ញុំ បន្ទាប់​ពី​ខ្ញុំ​បាន​ទូល​សូម​ជំនួយ​ពី​ទ្រង់ ។ ខ្ញុំ​បាន​ទូល​សូម​ទ្រង់​ឲ្យ​ខ្ញុំ​មាន​ការងារ​ធ្វើ ហើយ​ទ្រង់​បាន​ប្រទាន​ដល់​ខ្ញុំ​នូវ​ឱកាស ។

ខ្ញុំ​បាន​ធ្វើការ​រហូត​ដល់​យប់​អាធ្រាត​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​នោះ ។ វា​ចំណាយ​ពេល​មួយ​ឆ្នាំ​ដើម្បី​ឲ្យ​អាជីវកម្ម​នោះ​ដំណើរការ​ពេញ​លេញ ។ ខ្ញុំ​បាន​ចាប់ផ្តើម​លក់​គាវ​ឲ្យ​មិត្តភក្តិ និង​អ្នក​ជិត​ខាង ហើយ​ខ្ញុំ​បាន​ចាប់ផ្តើម​គិត​ថា ខ្ញុំ​អាច​ធ្វើ​ការងារ​នេះ​ទាំង​ស្រុង​ដើម្បី​ចិញ្ចឹម​គ្រួសារ ដូច្នេះ​ខ្ញុំ​អាច​មើល​ថែ​គ្រួសារ​ខ្ញុំ ។ យើង​មាន​ចិត្ត​រីករាយ នៅពេល​អាជីវកម្ម​គ្រួសារ​ដ៏​ល្អ​បាន​បើក​ដំណើរការ ។ ប៉ុន្តែ​សុភមង្គល​របស់​យើង​មាន​រយៈពេល​ខ្លី​ណាស់ ។

ខ្ញុំ​ខ្លួន​ឯង​បាន​ចាប់ផ្តើម​ឈឺ ។ ខ្ញុំ​បាន​ទៅ​ជួប​វេជ្ជបណ្ឌិត ហើយ​ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ជំងឺ​មហា​រីក​សុដន់ ។ ខ្ញុំ​បាន​ទទួល​ការវះកាត់ ការព្យាបាល​ដោយ​ចាក់​ថ្នាំ​គីមី និង​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ទប់ទល់​នឹង​ជំងឺ ។ នៅពេល​រឿង​ទាំង​នេះ​បាន​កើត​ឡើង ខ្ញុំ​បាន​បោះបង់​អាជីវកម្ម​គ្រួសារ​របស់​ខ្ញុំ​ដែល​ខ្ញុំ​បាន​រង់ចាំ​ជា​យូរ​យារ​នោះ ។ នៅ​ចន្លោះ​ពេល​នៃ​ការព្យាបាល​របស់​ខ្ញុំ និង​ការមើល​ថែ​ម្តាយ និង​ស្វាមីខ្ញុំ​ដែល​ពុំ​អាច​ជួយ​ខ្លួន​ឯង​បាន នោះ​ខ្ញុំ​គ្មាន​សមត្ថភាព​ដើម្បី​ធ្វើ​អាជីវកម្ម​នោះ​ឡើយ ។

នៅទីបំផុត សុខភាព​ស្វាមី​របស់​ខ្ញុំ​បាន​ធូរស្បើយ​ឡើង​បន្តិច​ម្តងៗ ហើយ​ម្តាយ​របស់​ខ្ញុំ​បាន​ស្លាប់ ។ ឥឡូវ​នេះ ខ្ញុំ​បូជា​ខ្លួន​របស់​ខ្ញុំ​ដើម្បី​ទទួល​ការព្យាបាល ។

ខ្ញុំ​ពុំ​ធុញទ្រាន់​ក្នុងការ​អធិស្ឋាន និង​ទូល​សុំ​កម្លាំង​មក​ពី​ព្រះអម្ចាស់​ដើម្បី​បន្ត​ទៅ​មុខ​ទៀត​ឡើយ ។ ខ្ញុំ​អធិស្ឋាន​ទៅ​កាន់​ទ្រង់​នៅ​គ្រប់​ពេលវេលា​ទាំងអស់ ។ អ្វីៗ​ដែល​គ្រួសារ​ខ្ញុំ​បាន​ហែល​ឆ្លង​កាត់ បាន​ជួយ​ខ្ញុំ​ឲ្យ​ទទួល​ស្គាល់​ថា ព្រះអម្ចាស់​បាន​យាង​ជាមួយ​ខ្ញុំ​តាមរយៈ​អ្វីៗ​ទាំង​នោះ ។ ទ្រង់​ប្រទាន​ដល់​ខ្ញុំ​នូវ​ឱកាស​ដើម្បី​ក្រោក​ឡើង​ម្តង​ទៀត ។ វា​គឺ​ជា​កម្លាំង​ដ៏​ច្រើន​មហិមា​ដែល​ព្រះ​អម្ចាស់​ប្រទាន​ដល់​ខ្ញុំ ។

ខ្ញុំ​ពុំ​ធ្លាប់​សួរ​ខ្លួន​ខ្ញុំ​ថា « ហេតុអ្វី​រឿង​នេះ​វា​កើត​ឡើង​ចំពោះ​ខ្ញុំ ? »​ទេ ។ ខ្ញុំ​បាន​គិត​ជានិច្ច​ថា មាន​ហេតុផល​មួយ​ចំពោះ​រឿង​នេះ ។ ខ្ញុំ​ទុកចិត្ត​លើ​ព្រះអម្ចាស់ ហើយ​ទទួល​យក​នូវ​អ្វី​ដែល​ទ្រង់​បញ្ជូន​ដល់​ខ្ញុំ ។ ទ្រង់​បាន​គាំទ្រ​ខ្ញុំ នៅពេល​ខ្ញុំ​បាន​ហែល​ឆ្លង​កាត់​គ្រា​ដ៏​លំបាកៗ ហើយ​ខ្ញុំ​ត្រូវបាន​ពង្រឹង ។

រូបភាព
Blanca caring for her mother

ទោះបី​វា​ជា​ឧបសគ្គ​មួយ​ដើម្បី​ឈប់ធ្វើការ ហើយ​មើល​ថែ​ម្តាយ និង​ស្វាមី​ដែល​មាន​ជំងឺ​ក្តី ក៏​ប្លែនកា​បាន​ធ្វើ​កិច្ចការ​ទាំង​នោះ​ដោយ​ស្ម័គ្រចិត្ត ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​ចង់​បាន​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ពួកគាត់ ។ ម្តាយ​របស់​ខ្ញុំ​សក្តិសម​នឹង​ទទួល​ការមើល​ថែ​ពី​ខ្ញុំ ហើយ​ស្វាមី​ខ្ញុំ​ក៏​ដូចគ្នា​ផងដែរ » ។

រូបភាព
Blanca reading the Liahona magazine

ប្លែនកា​បាន​ចូលរៀន​វគ្គសិក្សា​ភាព​ខ្លួន​ទីពឹង​ខ្លួន​របស់​សាសនាចក្រ​បី​បួន​ដង ដើម្បី​ជួយ​ចិញ្ចឹម​គាត់ និង​គ្រួសារ ។ គាត់​មាន​អំណរគុណ​ចំពោះ​អ្វី​ដែល​គាត់​បាន​រៀន ។ គាត់​បាន​និយាយ​ថា « ព្រះអម្ចាស់​បាន​បញ្ជូន​វគ្គ​សិក្សា​នេះ​ដល់​ខ្ញុំ បន្ទាប់​ពី​ខ្ញុំ​បាន​ទូល​សូម​ជំនួយ​ពី​ទ្រង់ » ។

រូបភាព
Blanca and husband reading scriptures

ម្ភៃ​បី​ឆ្នាំ​បន្ទាប់​ពី​គាត់ និង​ស្វាមី​គាត់ អានីបាល បាន​ចូល​ជា​សមាជិក​សាសនាចក្រ នោះ​ប្លែនកា​និយាយ​ថា « ចាប់តាំង​ពី​បុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ​មក ខ្ញុំ​បាន​ទទួល​អារម្មណ៍​ថា ខ្ញុំ​នៅ​កន្លែង​ត្រឹមត្រូវ​គឺ​នៅ​ក្នុង​សាសនាចក្រ​ពិត » ។

រូបភាព
Blanca and husband

ប្លែនកា​មាន​អំណរគុណ​ដែល​ឃើញ​សុខភាព​របស់​ស្វាមី​គាត់​បាន​ធូរស្បើយ​ឡើង ។ គាត់​ក៏​មាន​អំណរគុណ​ផងដែរ​សម្រាប់​ឱកាស​ដែល​គាត់​បាន​មើល​ថែ​ម្តាយ​គាត់ ដែល​បាន​ចែកឋាន​នោះ ។

រូបភាព
Blanca sweeping kitchen

ប្លែនកា​និយាយ​ថា គាត់​ពុំ​អាច​ហែល​ឆ្លង​កាត់​ឧបសគ្គ​របស់​គាត់​ដោយ​ខ្លួន​ឯង​នោះ​ទេ ។ គាត់​និយាយ​ថា « ព្រះអម្ចាស់​បាន​យាង​ជាមួយ​ខ្ញុំ​ឆ្លង​កាត់​រឿង​ទាំងអស់​នេះ ។ វា​គឺ​ជា​កម្លាំង​ដ៏​ច្រើន​មហិមា​ដែល​ព្រះ​អម្ចាស់​ប្រទាន​ដល់​ខ្ញុំ » ។