២០១៨
ព្រះគម្ពីរ​មរមន ៖ អំណោយ​ដ៏​ពិសេស
ខែ ធ្នូ ឆ្នាំ ២០១៨


ព្រះគម្ពីរ​មរមន ៖ អំណោយ​ដ៏​ពិសេស

ខ្លោដែត ប៉ាយប៊ី ប៊ើត រដ្ឋ​វ៉ាស៊ីនតោ ស. រ. អា.

រូបភាព
man boarding ship

រចនា​រូបភាព​ដោយ អ៊ីវ៉ា វ៉ាស្វីស្ស

នៅ​យប់​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​ឆ្នាំ ២០១៦ អំឡុងពេល​ដែល​ស្វាមី​ខ្ញុំ និង​ខ្ញុំ​កំពុង​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​នៅ​ព្រះវិហារ​បរិសុទ្ធ ម៉ានីល ហ្វីលីពិន នោះ​ខ្ញុំ​ចង់​ឲ្យ​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ទៅ​នរណា​ម្នាក់ ។ នៅក្នុង​គម្រប​ខាង​មុខ​នៃ​គម្ពីរ​នេះ ខ្ញុំ​បាន​សរសេរ​ទីបន្ទាល់​របស់​ខ្ញុំ ហើយ​ដាក់​បញ្ចូល​កាត​មួយ​នៃ​រូប​ព្រះវិហារ​បរិសុទ្ធ​ម៉ានីល ដែល​មាន​ព័ត៌មាន​ស្តីពី​ទីកន្លែង​ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​សាសនាចក្រ ។ បន្ទាប់​មក ខ្ញុំ​បាន​លុត​ជង្គង់​អធិស្ឋាន ហើយ​ទូល​សូម​ព្រះអម្ចាស់​ឲ្យ​ដឹក​នាំ​ខ្ញុំ​ទៅ​ជួប​នរណា​ម្នាក់​ដែល​ទ្រង់​បាន​រៀបចំ ។

ខ្ញុំ​បាន​ចេញ​ពី​ផ្ទះ​របស់​យើង ហើយ​ឆ្លង​ថ្នល់ ។ មាន​បុរស​ពីរ​នាក់​បាន​មក​លេង​សន្តិសុខ​ម្នាក់ ដែល​យាម​នៅ​មជ្ឈមណ្ឌល​បំពាក់​បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា​ក្បែរ​នោះ ។ គាត់​បាន​ស្រែក​ថា « រីករាយ​បុណ្យ​គ្រីស្ទម៉ាស់ ! » ខ្ញុំ​ទទួល​ការបំផុស​គំនិត​ឲ្យ​ដើរ​ទៅ​រក​ពួកគេ ។

បន្ទាប់​ពី​ខ្ញុំ​បាន​ណែនាំ​ខ្លួន​ឲ្យ​ពួកគេ​ស្គាល់​ហើយ ខ្ញុំ​បាន​ដឹង​ថា បុរស​ម្នាក់​គឺជា​អ្នក​ថែសួន​នៅ​មជ្ឈមណ្ឌល​បំពាក់​បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​បុរស​ម្នាក់​ទៀត​គឺជា​កសិករ ។ ខ្ញុំ​ដឹង​ថា ពួកគេ​ទាំងពីរ​នាក់​ជា​សមាជិក​សាសនាចក្រ ។

ខ្ញុំ​បាន​សួរ ប្រសិនបើ​ពួកគេ​ស្គាល់​នរណា​ម្នាក់​ដែល​ចាប់​អារម្មណ៍​ទទួល​យក​អំណោយ​បុណ្យ​គ្រីស្ទម៉ាស់​មួយ​ជា​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ដែរ​ឬទេ ។ បុរស​ជា​កសិករ​បាន​មើល​ដោយ​ភ្ញាក់ផ្អើល ។ គាត់​បាន​និយាយ​ថា គាត់​មាន​មិត្ត​ម្នាក់​ដែល​នឹង​មក​លេង​បរិវេណ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​គាត់​នៅពេល​បន្តិច​ទៀត ។ គាត់​ចង់​ឲ្យ​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ទៅ​មិត្ត​របស់​គាត់ ប៉ុន្តែ​គាត់​ពុំ​អាច​រក​វា​បាន ។ ដោយ​អារម្មណ៍​ក្តុកក្តួល នោះ​ខ្ញុំ​បាន​ទាញ​យក​ព្រះគម្ពីរ​មរមន​ចេញ​ពី​កាបូប​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​អំពី​ការអធិស្ឋាន​របស់​ខ្ញុំ ហើយ​បាន​ជូន​ព្រះគម្ពីរ​នោះ​ទៅ​គាត់ ។

ព្រះវិញ្ញាណ​បាន​រំជួល​ដួងចិត្ត​ពួកយើង​ទាំងអស់​គ្នា ហើយ​កសិករ​នោះ​បាន​បង្ហាញ​សេចក្តីសង្ឃឹម​ថា មិត្តភក្តិ​របស់​គាត់​នឹង​អាន​ព្រះគម្ពីរ​មរមន ហើយ​ទទួល​យក​ដំណឹងល្អ ។ នៅពេល​ខ្ញុំ​បាន​ដើរ​ត្រឡប់​ទៅ​ផ្ទះ​ខ្ញុំ​វិញ នោះ​ខ្ញុំ​ថ្លែង​អំណរគុណ​ដល់​ព្រះអម្ចាស់ ហើយ​បាន​អធិស្ឋាន​ថា មិត្ត​របស់​កសិករ​នោះ​នឹង​រក្សា​ការតាំងចិត្ត​របស់​គាត់​ដើម្បី​ទៅលេង​បរិវេណ​ព្រះវិហារ​បរិសុទ្ធ ។

ប្រហែល​ជា ១៥ នាទី​ក្រោយ​មក ខ្ញុំ​បាន​ទទួល​ការហៅ​ទូរសព្ទ​មក​ពី​សន្តិសុខ​យាម​ទ្វារ អិម. ធី. ស៊ី. ។ មិត្ត​ភក្តិ​របស់​កសិករ​នោះ​បាន​មក​ដល់ ។ រំភេច​នោះ​ខ្ញុំ​បាន​ចេញ​ទៅ​ជួប​គាត់ ។ គាត់​គឺ​ជា​មេបញ្ជា​ការ​បើក​កប៉ាល់​ពាណិជ្ជករ​ដែល​នឹង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​សមុទ្រ​វិញ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ទៀត ។ គាត់​បាន​អរគុណ​ខ្ញុំ​សម្រាប់​ព្រះគម្ពីរ​មរមន ហើយ​និយាយ​ថា គាត់​នឹង​យក​វា​ទៅលើ​កប៉ាល់​ជាមួយ​គាត់ ។ ពីមុន​គាត់​លា​ខ្ញុំ ខ្ញុំ​បាន​សម្លឹ​ង​មើល​ចំ​កែវ​ភ្នែក​របស់​គាត់ ហើយ​និយាយ​ថា « ព្រះគម្ពីរ​នេះ​គឺ​ជា​ព្រះ​គម្ពីរ​ពិត » ។ នៅពេល​ខ្ញុំ​និយាយ​ពាក្យ​នោះ ព្រះវិញ្ញាណ​បាន​បញ្ជាក់​សេចក្តីពិត​នេះ​ដល់​ខ្ញុំ ។

នៅ​បុណ្យ​គ្រីស្ទម៉ាស​នោះ​ខ្ញុំ​បាន​ផ្តល់​អំណោយ​ពិសេស​មួយ ៖ គឺ​ព្រះគម្ពីរ​មរមន និង​ទីបន្ទាល់​របស់​ខ្ញុំ​ថា វា​ជា​ព្រះគម្ពីរ​ពិត ។ ខ្ញុំ​ក៏​បាន​ទទួល​អំណោយ​ពិសេស​មួយ​ផងដែរ ៖ ព្រះអម្ចាស់​បាន​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ខ្ញុំ ហើយ​បាន​ប្រទាន​ពរ​ដល់​ខ្ញុំ​នូវ​ឱកាស​មួយ​ដើម្បី​ចែកចាយ​ដំណឹងល្អ ។