២០១៨
របៀប ៣ យ៉ាង​ដែល​ពួកព្យាការី​គឺជា​ភស្តុតាង​ថា ព្រះ​ស្រឡាញ់​អ្នក
ខែ ធ្នូ ឆ្នាំ ២០១៨


មាន​តែ​ឌីជីថល​ប៉ុណ្ណោះ

របៀប ៣ យ៉ាង​ដែល​ពួកព្យាការី​គឺជា​ភស្តុតាង​ថា ព្រះ​ស្រឡាញ់​អ្នក

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​វើរជីញ៉ា ស.រ.អា. ។

ពួកព្យាការី​គឺជា​​របៀប​មួយ​ក្នុង​ចំណោម​​របៀប​ជា​ច្រើន ដែល​ព្រះវរបិតាសួគ៌​បង្ហាញ​អំពី​សេចក្តី​ស្រឡាញ់​ដ៏​ធំធេង​ដល់​យើង ។

រូបភាព
President Nelson speaking

តើ​អ្នក​ដឹង​ថា ព្រះ​ស្រឡាញ់​អ្នក​ដោយ​របៀប​ណា ? សម្រាប់​ខ្ញុំ វា​អាច​ជា​ពេល​ព្រះអាទិត្យ​លិច​ដ៏​ស្រស់ស្អាត ការរកឃើញ​នូវ​សារលិខិត​ដ៏​ល្អ​ឥតខ្ចោះ​មក​ពីការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ឬ​ការទទួល​សារ​ដ៏​ផ្អែមល្ហែម​មក​ពី​មិត្តភក្តិ ។ ប៉ុន្តែ​សាក្សី​ដែល​កាន់តែ​មាន​ឥទ្ធិពល​មួយ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​សម្រាប់​ខ្ញុំ​នោះ គឺ​ការមាន​ព្យាការី​នៅ​រស់​ម្នាក់​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ ។ អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា « ដោយសារ​ព្រះវរបិតាសួគ៌​ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់ នោះ​ទ្រង់​ពុំ​បាន​ទុក​ពួកគេ​ឲ្យ​ដើរ​ឆ្លង​កាត់​ជីវិត​រមែង​ស្លាប់​នេះ​ដោយ​គ្មាន​ការ​ដឹកនាំ និង​ការណែនាំ​ឡើយ » ។ នេះ​ជា​របៀប​បី​យ៉ាង​ដែល​យើង​អាច​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ​តាមរយៈ​ព្យាការី​នៅរស់ ។

១. ព្យាការី​ទទួល​វិវរណៈ​សម្រាប់​ពិភពលោក​ទាំង​មូល ប៉ុន្តែ​ក៏​សម្រាប់​ខ្ញុំ​ផងដែរ ។

ចាប់តាំង​ពី​ដំបូង​មក ព្រះប្រទាន​វិវរណៈ​ដល់​ពួកព្យាការី​ជានិច្ច ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « ទោះ​ជា​ដោយ​សំឡេង​របស់​យើង​ផ្ទាល់ ឬ​ក៏​ដោយ​សំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់​យើង​ក្ដី​គឺ​ដូច​តែ​គ្នា » ( គ. និង ស. ១:៣៨ ) ។ សមាជិក​សាសនាចក្រ​បាន​ទទួល​ពរ​ទាំង​អស់​គ្នា និង​ជា​បុគ្គល​រៀងៗ​ខ្លួន ដោយសារ​វិវរណៈ​សម័យ​ទំនើប រួមទាំង​ការបកប្រែ និង​ការបោះពុម្ព​នៃ​ព្រះគម្ពីរ​មរមន ការសាងសង់​ព្រះវិហារ​បរិសុទ្ធ និង​ការផ្តោត​ចិត្ត​ទុកដាក់​ទៅលើ​ការងារ​បម្រើ​ដល់​គ្នា​ទៅវិញ​ទៅមក ។

ចំពោះខ្ញុំ​ផ្ទាល់ ជីវិត​របស់​ខ្ញុំ​បាន​ផ្លាស់ប្តូរ​ដោយសារ​ប្រធាន ថូម៉ាស អេស ម៉នសុន ( ១៩២៧–២០១៨ ) ក្នុង​ឆ្នាំ ២០១២ នៅពេល​លោក​បាន​ប្រកាស​ថា បងប្អូន​ស្រី​អាច​បម្រើ​បេសកកម្ម​នៅ​អាយុ ១៩ ឆ្នាំ ។ ខ្ញុំ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់ និង​ការទុក​ព្រះទ័យ​ដ៏​ខ្លាំង​ពី​ព្រះ​នៅ​គ្រានោះ ហើយ​ដោយសារ​ការប្រកាស​នេះ នោះខ្ញុំ​អាច​ចេញ​បម្រើ​បេសកកម្ម​របស់​ខ្ញុំ​បន្ទាប់​ពី​ប្រាំមួយ​ថ្ងៃ​នៃ​ខួប​កំណើត​គម្រប់ ១៩ ឆ្នាំ​របស់​ខ្ញុំ ។ ការសម្រេច​ចិត្ត​របស់​ខ្ញុំ​ដើម្បី​បម្រើ​នៅ​គ្រា​នោះ​បាន​សម្រួច​សម្រាំង​ដំណើរ​ជីវិត​របស់​ខ្ញុំ​ទាំង​មូល ។

ព្រះ​ក៏​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដោយ​ការប្រទាន​ពរ​ដល់​យើង​តាមរយៈ​ការទូន្មាន​របស់​ពួកព្យាការី ។ ប៉ុន្តែ​យើង​នៅតែ​ត្រូវ​ស្តាប់​ដោយ​យក​ចិត្ត​ទុកដាក់ ហើយ​សួរ​ខ្លួន​យើង​ថា « តើ​ផ្នែក​អ្វី​នៃ​សារលិខិត​នេះ​គឺ​សម្រាប់​រូប​ខ្ញុំ ? » នៅពេល​ណា​ដែល​ការអធិស្ឋាន ឬ​សំណួរ​របស់​ខ្ញុំ​ត្រូវបាន​ឆ្លើយ​តប តាមរយៈ​សារលិខិត​របស់​ពួកព្យាការី និង​ពួក​សាវក​ក្តី នោះ​ព្រះវិញ្ញាណ​រំជួល​ដួងចិត្ត​ខ្ញុំ​ជាមួយ​នឹង​ចំណេះ​ដឹង​ថា ព្រះ​ស្រឡាញ់​ខ្ញុំ ហើយ​ស្គាល់​ខ្ញុំ​ដោយ​ផ្ទាល់ ។

២. ពួកព្យាការី​អាច​ក្លាយ​ជា​មគ្គុទេសក៍​ផ្ទាល់​ខ្លួន​របស់​អ្នក ។

ព្រះ​វរ​បិតា​សួគ៌​បាន​ប្រទាន​ព្យាការី​មួយ​រូប​ដល់​យើង​សម្រាប់​ជំនាន់​របស់​យើង​គឺ​ប្រធាន រ័សុល អិម ណិលសុន ។ ទោះបី​លោក​មាន​អាយុ​ចាស់​ជាង​អ្នក​ច្រើន​ឆ្នាំ​ក្តី បទពិសោធន៍​ជីវិត​របស់​លោក​គឺ​ពិតជា​មាន​ប្រយោជន៍​ដ៏​ធំ​ធេង​មួយ នៅពេល​លោក​ចែកចាយ​អំពី​ប្រាជ្ញា និង​ព្រះឱវាទ​មក​ពី​ព្រះ ។ ជាមួយ​នឹង​តម្រូវការ​របស់​យើង​នៅក្នុង​ចិត្ត នោះ​ព្រះវរបិតាសួគ៌​បាន​រៀបចំ​ប្រធាន​ណិលសុន ជាមួយ​នឹង​បទពិសោធន៍​នានា​ពេញ​មួយ​ជីវិត​លោក ហើយ​បន្ត​ដឹកនាំ​លោក​ដោយ​ទេវភាព ដូច្នេះ​លោក​អាច​បង្រៀន និង​យល់​អំពី​ជំនាន់​របស់​យើង ។

ប្រធាន​ណិលសុន​កាន់​កូនសោ​ទាំងអស់​ដើម្បី​ទទួល​វិវរណៈ ។ ព្រះ​វរ​បិតា​សួគ៌​ដែល​ជ្រាប​ដឹង​ទាំងស្រុង​អំពី​ការលំបាក និង​តម្រូវការ​នៃ​ជំនាន់​របស់​យើង បាន​ប្រទាន​វិវរណៈ​ដល់​ប្រធាន​ណិលសុន អំពី​របៀប​ដែល​លោក​អាច​បង្រៀន និង​ដឹកនាំ​យើង​ឲ្យ​បាន​ល្អ​បំផុត ។ ការប្រជុំ​ធម្មនិដ្ឋាន​របស់​ប្រធាន​ណិលសុន​ដែល​មាន​ចំណង​ជើង​ថា « ការប្រែក្លាយ​ជា​បុគ្គល​រស់នៅ​ដ៏​ស្មោះត្រង់​ក្នុង​សហស្សវត្ស »  ជា​ការប្រជុំ​មួយ​ដែល​បាន​បង្រៀន​អំពី​ព្រះឱវាទ​របស់​ព្រះអម្ចាស់ និង​ការទូន្មាន​ទៅ​កាន់​បុគ្គល​រស់នៅ​ដ៏​ស្មោះត្រង់​ក្នុង​សហស្សវត្ស គឺជា​ភស្តុតាង​ដែល​បង្ហាញ​ថា ព្រះ​វរ​បិតា​សួគ៌​ប្រើ​ប្រធាន​ណិលសុន​ដើម្បី​ជួយ​ដឹកនាំ​យើង​ក្នុង​ជីវិត​នេះ ។

៣. ពួកព្យាការី​ព្រមាន​យើង​អំពី​គ្រោះថ្នាក់ ។

ដោយសារ​ព្រះវរបិតាសួគ៌​ស្រឡាញ់​ពួកយើង​ជា​ខ្លាំង នោះ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​យើង​មាន​សុវត្ថិភាព​ទាំង​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ។ យើង​ត្រូវតែ​ប្រយ័ត្ន​ចំពោះ​គ្រប់​ការល្បួង​ទាំងអស់​ដែល​មាន​សំឡេង​លាន់​រំពង​ពេញ​លោកិយ​នេះ ប៉ុន្តែ​យើង​អាច​ទុកចិត្ត​ដល់​សំឡេង​របស់​ព្យាការី​ជានិច្ច ដោយសារ​ព្រះ​បាន​សន្យា​ដល់​យើង​ប្រកប​ដោយ​សេចក្តីស្រឡាញ់​ថា ទ្រង់​នឹង​ពុំ​អនុញ្ញាត​ឲ្យ​ព្យាការី​ដឹកនាំ​យើង​ឲ្យ​វង្វេង​ឡើយ ។ ប្រធាន​ណិលសុន​បាន​សុំ​ឲ្យ​យើង​អាន​ព្រះគម្ពីរ​មរមន​រៀងរាល់​ថ្ងៃ ហើយ​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន​ដើម្បី​បន្ត​ឲ្យ​មាន​សុវត្ថិភាព​ខាង​វិញ្ញាណ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សុំ​ជំរុញ​ចិត្ត​អ្នក​ឲ្យទៅ​ហួស​ពី​សមត្ថភាព​ខាង​វិញ្ញាណ​បច្ចុប្បន្ន​របស់​អ្នក​ដើម្បី​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន » ។​

ពួកព្យាការី​គឺជា​គ្រាន់តែ​ជា​របៀប​មួយ​នៃ​របៀប​ជា​ច្រើន ដែល​ព្រះវរបិតាសួគ៌​បង្ហាញ​អំពី​ព្រះទ័យ​ខ្វល់ខ្វាយ​ដ៏​ធំធេង​ដល់​យើង ហើយ​ទ្រង់​ស្គាល់​យើង​គ្រប់​រូប ។ អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « ការមាន​ពួក​ព្យាការី​គឺជា​សញ្ញា​មួយ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ។ ពួក​លោក​ប្រាប់​ឲ្យ​ដឹង​អំពី​ការ​សន្យា ព្រមទាំង​លក្ខណៈ​ពិត​នៃ​ព្រះ និង​ព្រះយេស៊ូវគ្រីស្ទ​ដល់​រាស្ត្រ​ទ្រង់ » ។ នៅពេល​ខ្ញុំ​បាន​ទុកចិត្ត​លើ​ប្រសាសន៍​របស់​ពួកព្យាការី ហើយ​ស្តាប់​តាម​ពាក្យ​ទូន្មាន​របស់​ពួកលោក នោះ​ខ្ញុំ​បាន​ទទួល​ចម្លើយ​ចំពោះ​សំណួរ​របស់​ខ្ញុំ ។ ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ការបើក​បង្ហាញ​អំពី​សេចក្តីស្រឡាញ់​នៃ​ព្រះ ។

កំណត់​ចំណាំ

  1. ឌៀថើរ អេហ្វ អុជដូហ្វ « Why Do We Need Prophets ? » EnsignLiahona ខែ មីនា ឆ្នាំ ២០១២ ទំព័រ ៤ ។

  2. សូមមើល រ័សុល អិម ណិលសុន « Stand as True Millennials » Ensign ខែ តុលា ឆ្នាំ ២០១៦ ទំព័រ ២៤–៣១ Liahona ខែ តុលា ឆ្នាំ ២០១៦ ទំព័រ ៤៦–៥៣ ។

  3. សូមមើល​ប្រធាន រ័សុល អិម ណិលសុន « ព្រះគម្ពីរ​មរមន ៖ តើ​ជីវិត​របស់​អ្នក​ទៅ​ជា​យ៉ាង​ណា បើ​គ្មាន​គម្ពីរ​នេះ ? » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦០–៦៣; « វិវរណៈ​សម្រាប់​សាសនាចក្រ វិវរណៈ​សម្រាប់​ជីវិត​របស់​យើង » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៣–៩៦ ។

  4. រ័សុល អិម ណិលសុន « វិវរណៈ​សម្រាប់​សាសនាចក្រ វិវរណៈ​សម្រាប់​ជីវិត​របស់​យើង » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥ ។

  5. អូលីសេស សូរ៉េស « ពួក​ព្យាការី​ថ្លែង​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៩ ។