២០១៨
សំឡេង​តូច​រហៀង​នៅក្នុង​ពេល​ធ្វើ​ការសម្រេច​ចិត្ត​ដ៏​ធំ
ខែ ធ្នូ ឆ្នាំ ២០១៨


យុវមជ្ឈិមវ័យ

សំឡេង​តូច​រហៀង​នៅក្នុង​ពេល​ធ្វើ ការសម្រេច​ចិត្ត​ដ៏​ធំ

ដកស្រង់​ចេញ​ពីសុន្ទរកថា​ដែល​មាន​ចំណង​ជើង​ថា « Heeding the Voice of the Lord » បាន​ថ្លែង​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់–អៃដាហូ នៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៧ ។

ប្រសិនបើ​អ្នក​មាន​ភាព​សក្តិសម នោះ​ព្រះ​វរ​បិតា​សួគ៌​នឹង​ពុំ​ទុក​ឲ្យ​អ្នក​ធ្វើ​កំហុស​ដ៏​ធ្ងន់ធ្ងរ​ដោយ​ពុំ​ព្រមាន​អ្នក​ជាមុន​នោះ​ទេ ។

រូបភាព
climbing a mountain

រូបភាព​មក​ពី Getty Images

ក្នុ ង​នាម​ជា​ប្រធាន​បេសកកម្ម​ថ្មី​ម្នាក់​នៅក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​នា​ឆ្នាំ ២០១១ នោះ​ខ្ញុំ​រំភើប​ចិត្ត​ដើម្បី​ចេញ​ទៅ​ជួប​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង ។ អែមមីលី​ភរិយា​របស់​ខ្ញុំ និង​ខ្ញុំ​បាន​សម្រេច​ចិត្ត​ទៅ​ពិនិត្យ​មើល​ផ្ទះ និង​សួរសុខទុក្ខ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​គ្រប់គូ​នៅក្នុង​បេសកកម្ម ។

នៅពេល​យើង​បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង​ហ្គូតេម៉ាឡា ទៅ​កាន់​តំបន់​ជនបទ​មួយ​ទៀត​របស់​យើង​ដែល​មាន​ឈ្មោះ​ថា​សូឡូឡា នោះ​យើង​បាន​ដឹង​ថា ក្រុម​បាតុកម្ម​មួយ​បាន​បិទ​ផ្លូវ​នៅ​ខាង​មុខ​ពួក​យើង ។ បាតុកម្ម​នៅ​ហ្គូតេម៉ាឡា​អាច​ចំណាយ​ពេល​រាប់​ម៉ោង ហើយ​ជាទូទៅ​គ្មាន​ផ្លូវ​ដែល​អាចឆ្លង​កាត់​ផុត​ពី​ពួកគេ​ឡើយ ។ ប៉ុន្តែ​នៅពេល​យើង​បាន​សួរ​អំពី​ផ្លូវ​វាង​ដែល​អាច​មាន នោះ​យើង​បាន​ដឹង​អំពី​ផ្លូវ​មួយ​ផ្សេង​ទៀត ។ ប៉ុន្តែ​ផ្លូវ​នោះ​មាន​ស្លាក​ព្រមាន​ដូច្នេះ ៖

  • វាពុំ​មែន​ជា​ផ្លូវ​ល្អ​អស្ចារ្យ​ទេ ។

  • សូម​ប្រុង​ប្រយ័ត្ន​កុំ​បើក​លើ​ផ្លូវ​នេះ​នៅ​ពេល​ងងឹត ។

  • ជារឿយៗ​ក្រុម​ចោរ​ប្លន់​មាន​នៅ​តាម​ផ្លូវ​នេះ ។

ដោយ​ជា​ប្រធាន​បេសកកម្ម​ថ្មី និង​ភរិយា​ដែល​មាន​ចិត្ត​មោះមុត នោះ​អែមមីលី និង​ខ្ញុំ​បាន​បើក​ឡាន​លើ​ផ្លូវ​នោះ ។ បន្ទាប់​ពី​បើក​ឡាន​បាន​មួយ​រយៈ​មក យើង​បាន​ទៅ​ដល់​ចំណុច​មួយ​នៅលើ​ផ្លូវ​ដីហុយ ដែល​មើល​ទៅ​ដូចជា​ផ្លូវ​ជ្រាល​ចុះ​នៅ​ខាង​មុខ​យើង ។ អែមមីលី​និយាយ​លេង​ថា យើង​គួរតែ​យក​ម៉ាស៊ីនថត​រូប​មក ហើយ​ថតរូប​នៅពេល​យើង​ឡើង​ទៅដល់​គែម​ផ្លូវ ។

ជាច្រើន​ឆ្នាំ​មុន កាល​ខ្ញុំ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យក្មេង​នៅ​ប្រទេស​ហ្គូតេម៉ាឡា ខ្ញុំ​បាន​ដឹង​ថា មាន​ស្លាក​តូច​មួយ​លើ​ផ្លូវ​ដែល​មាន​ន័យ​ថា « ទៅ​មុខ​ដោយ​ប្រុង​ប្រយ័ត្ន » ។ វា​អាច​មាន​ន័យ​ថា « ឈប់ » ។ ខ្ញុំ​បាន​ឃើញ​ស្លាក​មួយ ប៉ុន្តែ​ពុំ​យល់​ពី​ន័យ​របស់​វា​ឡើយ ។

មួយ​សន្ទុះ​ក្រោយ​មក យើង​បាន​ឃើញ​ថា ឡាន​យើង​បាន​ធ្លាក់​ចុះ​ពី​លើ​ចំណោត​កម្ពស់ ៦ ម៉ែត្រ ជា​ស្ពាន​ដែល​បាន​លិច​ទឹក ។ ខ្ញុំ​រៀបចំ​លោត​ចេញ​ពី​ឡាន​នៅ​ខាង​ខ្ញុំ ប៉ុន្តែ​អែមមីលី​ពុំ​អាច​បើក​ទ្វារ​ឡាន​របស់​គាត់​ទេ ។ នៅពេល​គាត់​បាន​ព្យាយាម​ឡើង​លើ​កៅអី ហើយ​ចេញ​មក​តាម​ទ្វារ​ឡាន​របស់​ខ្ញុំ នោះ​ឡាន​យើង​ក៏​ចាប់ផ្តើម​ឃ្លីងឃ្លោងៗ ។ ប្រាកដ​ណាស់ វា​គឺជា​គ្រា​មួយ​ដែល​ពោរពេញ​ដោយ​ការ​ភ័យខ្លាច ។

មាន​គំនិត​ជា​ច្រើន​បាន​ផុស​ឡើង​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ ។ ខ្ញុំ​នឹក​ឃើញ​ដល់​ចំណង​ជើង​អត្ថបទ​កាសែត​ដែល​អាច​សរសេរ​ថា ៖ « ប្រធាន​បេសកកម្ម​ថ្មី​បើក​ឡាន​រំលង​ទំនប់​មាត់ច្រាំង​ដែល​គ្មាន​ស្ពាន បណ្តាល​ឲ្យ​ភរិយា​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ » ឬ « ប្រធាន​បេសកកម្ម​ថ្មី និង​ភរិយា​បាន​បាត់​ខ្លួន បន្ទាប់​ពី​ត្រូវ​បាន​ចោរ​ប្លន់​នៅ​តាម​ផ្លូវ​មួយ​ដែល​ពួកគេ​ពុំ​គួរ​ធ្វើ​ដំណើរ​ឡើយ » ។

ដោយ​ពុំ​ដឹង​ថា ត្រូវ​ធ្វើ​ដូចម្តេច នោះ​ខ្ញុំ​បាន​ឈប់​មួយ​សន្ទុះ​នៅ​ខាង​ក្រៅ​រថយន្ត ហើយ​អធិស្ឋាន​ទូល​សូម​ដល់​ព្រះវរបិតាសួគ៌ « សូម​ជួយ​ទូលបង្គំ​នៅក្នុង​គ្រានៃ​ការធ្វេស​ប្រហែស​របស់​ទូលបង្គំ » ។ តើ​អ្នក​អាច​ជឿ​ដែរ​ឬទេ​ថា រំពេច​នោះ មាន​ឡាន​ដឹក​ចេក​ដ៏​ធំ​មួយ​បាន​បើក​ពី​ក្រោយ​យើង ? តៃកុង​ឡាន និង​អ្នក​ធ្វើ​ដំណើរ​នោះ​បាន​ឃើញ​ពួកយើង ហើយ​បាន​មក​សើច​ដាក់​យើង និង​សប្បាយ​រីករាយ​នឹង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​នៃ​ជន​បរទេស​ដ៏​រងេរងើ ។ ពួកគេ​បាន​ចង្អុល​ទៅ​ស្លាក​នៅលើ​ផ្លូវ​នោះ ។ តាម​ពិត​ទៅ វា​គ្រាន់តែ​ជា​មែក​ស្លាក​តូច​មួយ​ប៉ុណ្ណោះ ។

បន្ទាប់​មក ជា​ពរជ័យ​ដ៏​ប្រកប​ដោយ​អព្ភូតហេតុ​របស់​យើង នោះ​ពួកគេ​បាន​ទម្លាក់​ច្រវាក់​ពី​ឡាន​របស់​ពួកគេ ជា​ច្រវាក់​តែ​មួយ​គត់​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​រយៈពេល​បម្រើ​បី​ឆ្នាំ​នៅ​ហ្គូតេម៉ាឡា ។ ពីមុន​ពួកគេ​ចេញ​ទៅ ពួកគេ​បាន​កាត់​ដើម​ឈើ​មួយ ហើយ​ទាញ​វា​ដាក់​ទទឹង​ផ្លូវ​នោះ ។ ខ្ញុំ​គិត​ថា ពួកគេ​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួក​អាមេរិក​ខាង​ជើង​ដែល​មក​បន្ទាប់​ទៀត​កាត់​ផ្លូវ​នេះ​នឹង​ពុំ​ធ្វើ​កំហុស​ដូច​នេះ​ទៀត​ឡើយ ។

ស្ដាប់​តាម​ការបំផុសគំនិត និង​ការព្រមាន

ខ្ញុំ​ប្រាប់​អ្នក​នូវ​រឿង​នេះ​ដើម្បី​ចង្អុល​បង្ហាញ​ថា យើង​ត្រូវ​តែ​ស្តាប់​តាម​ការព្រមាន ការបំផុសគំនិត និង​ការណែនាំ​ដែល​បាន​ប្រទាន​ដល់​ពួកយើង​តាមរយៈ​សំឡេង​នៃ​ព្រះអម្ចាស់—ទោះបី​ជា​សំឡេង​ខ្លាំង ឬ​តិច​ក្តី ។ សំឡេង​នោះ​កើត​ឡើង​ក្នុង​ទម្រង់​ជាច្រើន ៖ ខគម្ពីរ បទបញ្ញត្តិ ការខ្សឹបប្រាប់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ប្រសាសន៍​របស់​ពួកព្យាការី​នៅរស់ និង​ដំបូន្មាន​ពី​ឪពុក​ម្តាយ ថ្នាក់​ដឹកនាំ​សាសនាចក្រ និង​កល្យាណ​មិត្ត ។ តើ​យើង​កំពុង​ស្តាប់ និង​ស្តាប់​តាម​ការបំផុសគំនិត និង​ការព្រមាន​ទាំង​នេះ​ដែរ​ឬ​ទេ ? ហេតុអ្វី​វា​សំខាន់​ដើម្បី​ធ្វើ​ដូច្នេះ ?

យើង​អាន​នៅក្នុង​សុភាសិត​ថា ៖

« ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹងផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ។

ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង ។

កុំ​ឲ្យ​មើល​ខ្លួន​ថា មាន​ប្រាជ្ញា​ឡើយ ចូរ​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​វិញ ហើយ​ចៀស​ចេញ​ពី​សេចក្តី​អាក្រក់​ទៅ » ( សុភាសិត ៣:៥–៧ ) ។

យើង​ត្រូវតែ​ទុកចិត្ត​លើ​ព្រះអម្ចាស់​ដោយ​អស់​ពី​ដួងចិត្ត​របស់​យើង ។ យើង​ត្រូវតែ​យល់​ថា ចំណេះ​ដឹង​របស់​យើង​មាន​ភាព​ខ្វះខាត​នូវ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង ​និង​អ្នកដទៃ​ទៀត ។ ប្រសិនបើ​យើង​ពិតជា​ទុកចិត្ត​ទ្រង់​មែន ឱ​នេះ​ជា​ការសន្យា​ដ៏​អស្ចារ្យ​អ្វី​ម៉្លេះ​ដែល​ទ្រង់​ប្រទាន​ឲ្យ ៖ ទ្រង់​នឹង​ដឹកនាំ​ផ្លូវ​របស់​យើង ។

នៅក្នុង​គ្រួសារ​យើង យើង​មាន​ពាក្យ​ស្លោក​មួយ​ដែល​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​បេសកកម្ម​របស់​យើង ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​គោលគំនិត​នេះ​យូរ​មក​ហើយ ។ លោក​បាន​ថ្លែង​ដូច្នេះ​ថា ៖ « ការគោរព​ប្រតិបត្តិ​នាំ​មក​នូវ​ភាព​ជោគជ័យ ការគោរព​ប្រតិបត្តិ​ដោយ​ឥត​ល្អៀង នាំ​មក​នូវ​អព្ភូតហេតុ » ។

ពាក្យ​ស្លោក​របស់​គ្រួសារ​យើង និង​បេសកកម្ម​របស់​យើង​គឺ ៖ « ការគោរព​ប្រតិបត្តិ​នាំ​មក​នូវ​ភាព​ជោគជ័យ ប៉ុន្តែ​ការគោរព​ប្រតិបត្តិ​ដោយ​ឥត​ល្អៀង នាំ​មក​នូវ​អព្ភូតហេតុ » ។

ខ្ញុំ​ពុំ​យល់​ន័យ​ទាំងស្រុង​នូវ​នៃ​ពាក្យ​គោរព​ប្រតិបត្តិ​ដោយ​ឥត​ល្អៀង​ឡើយ ប៉ុន្តែ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​យល់ ។ វា​ពុំមែន​មាន​ន័យ​ថា យើង​គោរព​ប្រតិបត្តិ​យ៉ាង​ល្អ​ឥតខ្ចោះ​ក្នុង​ពេល​នេះ​នៅក្នុង​រឿង​គ្រប់​យ៉ាង​នោះ​ទេ ទោះបី​ជា​យើង​អាច​ល្អឥត​ខ្ចោះ​នៅក្នុងការ​គោរព​តាម​បទបញ្ញត្តិ​ជាច្រើន​របស់​ព្រះអម្ចាស់​ក្តី ។ ប៉ុន្តែ​ការប្រែចិត្ត​ត្រូវតែ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការគោរព​ប្រតិបត្តិ​ដោយ​ឥត​ល្អៀង ។ ការគោរព​ប្រតិបត្តិ​ដោយ​ឥត​ល្អៀង​តម្រូវ​ឲ្យ​មាន​ការតាំងចិត្ត​ចំពោះ​ការព្រមាន និង​ការបំផុសគំនិត ព្រមទាំង​បទបញ្ញត្តិ​ទាំងអស់​ដែល​ព្រះវរបិតាសួគ៌​ប្រទាន​ដល់​ពួកយើង ។

ជួនកាល​យើង​ពុំ​យល់​ពី​មូលហេតុ​ដែល​ព្រះវរបិតាសួគ៌​សុំ​យើង​នូវ​រឿង​ជាក់លាក់​ឡើយ ។ គ្រា​ទាំង​នោះ​អាច​ជា​គ្រា​មួយ​ចំនួន​ដ៏​លំបាក​បំផុត​ដើម្បី​គោរព​ប្រតិបត្តិ​ដោយ​ឥត​ល្អៀង ។ តើ​អ្នក​ចាំ​ទេ​នៅពេល​អ័ដាម មនុស្ស​ម្នាក់​ដ៏​អស្ចារ្យ​បំផុត​នៃ​មនុស្ស​ទាំងអស់​ត្រូវបាន​សួរ​ថា ហេតុអ្វី​លោក​បាន​ថ្វាយ​យញ្ញបូជា ៖ « ហើយ​ជា​ច្រើន​ថ្ងៃ​កន្លង​មក នោះ​មាន​ទេវតា​មួយ​ពី​ព្រះ​អម្ចាស់​បាន​លេច​មក​ឲ្យ​អ័ដាម​ឃើញ ដោយ​សួរ​ថា ៖ ហេតុ​អ្វី​បាន​ជា​អ្នក​ថ្វាយ​យញ្ញ​បូជា​ទាំង​ឡាយ​ដល់​ព្រះ​អម្ចាស់ ? ហើយ​អ័ដាម​បាន​ទូល​តប​ទៅ​លោក​ថា ៖ ខ្ញុំ​មិន​ដឹង​ទេ លើក​លែងតែ​ព្រះ​អម្ចាស់​ទ្រង់​បញ្ជា​ខ្ញុំ​ប៉ុណ្ណោះ » ( ម៉ូសេ ៥:៦ ) ។

រូបភាព
street signs

ដើរ​តាម​ពន្លឺ ដោយ ស៊ីម៉ូន ឌូវី; រូបភាព​ព្រះគ្រីស្ទ ដោយ ហិនរីឆ ហូហ្វមិន

ធ្វើ​តាម​ពួកព្យាការី

អែមមីលី​គឺជា​គំរូ​ដ៏​អស្ចារ្យ​អំពី​ការគោរព​ប្រតិបត្តិ​ដោយ​ឥតល្អៀង ទោះបី​នៅពេល​គាត់​ពុំ​បាន​យល់​ក្តី ។ នៅ​អំឡុង​សន្និសីទ​ទូទៅ​ខែ​តុលា ឆ្នាំ ២០០០ គាត់​បាន​ស្តាប់​ឮ​ការទូន្មាន​ដូច​តទៅ​នេះ​មក​ពី​ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី ( ១៩១០–២០០៨ ) ៖ « យើង​ពុំ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការចាក់​សាក់ និង ‹ ការចាក់ខ្លួន​ផ្សេងៗ​ក្រៅ​ពី​គោលបំណង​នៃ​វេជ្ជសាស្ត្រ​ឡើយ › ។ ប៉ុន្តែ​យើង​ពុំ​និយាយ​អំពី ‹ ការចោះ​តូច​ពាក់ក្រវិល​មួយ​គូ​នៅលើ​ត្រចៀក​របស់​ស្ត្រី ›—គឺ​តែមួយ​គូ​ប៉ុណ្ណោះ » ។

ពេល​ភរិយា​ខ្ញុំ​បានទៅដល់​ផ្ទះ​វិញ គាត់​បាន​ពន្យល់​កូនស្រី​ទីពីរ​របស់​យើង​អំពី​សារៈសំខាន់​នៃ​ការធ្វើ​តាម​ពួកព្យាការី​ទោះជា​រឿង​អ្វី​ក៏​ដោយ ។ ដូច​គាត់​បាន​និយាយ ភរិយា​របស់​ខ្ញុំ​ក៏​បាន​គោរព​តាម​ផងដែរ ។ គាត់​បាន​ដោះ​ក្រវិល​គូ​ទីពីរ​របស់​គាត់​ចេញ​ជា​លើក​ចុង​ក្រោយ ។ ខ្ញុំ​ជឿ​ថា គាត់​នៅតែ​ពុំ​យល់​ពី​មូល​ហេតុ​នោះ​នៅឡើយ ប៉ុន្តែ​ខ្ញុំ​ដឹង​អំពី​មូលហេតុ​ដែល​វា​សំខាន់​ចំពោះ​គាត់ ។

ចំពោះ​ពួកយើង​មួយ​ចំនួន រឿង​នោះ​អាច​មិន​សំខាន់​ឡើយ ដោយសារ​វា​ហាក់​ដូចជា​រឿង​តូចតាច ។ រឿង​នោះ​ពិត​ណាស់ ។ ប៉ុន្តែ​ខ្ញុំ​ពុំ​ចាំ​ពី​បន្ទូល​របស់​ព្រះអង្គសង្គ្រោះ​ដែល​ថា « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ ដែល​ឃើញ​ថា​សំខាន់​ចុះ » ( សូមមើល យ៉ូហាន ១៤:១៥ ) ។

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ សំឡេង​ដ៏​ច្បាស់​នៃ​ការព្រមាន ដែល​យើង​ត្រូវតែ​ស្តាប់​តាម​នោះ​ចេញ​មក​ពី​ពួក​សាវក និង​ពួកព្យាការី​ដែល​ព្រះអម្ចាស់​បាន​ជ្រើសរើស ។ វា​អាច​ពុំ​មាន​ប្រជាប្រិយ​តាមរយៈ​បទដ្ឋាន​នៃ​លោកិយ​ឡើយ គឺ​ដូចជា​រឿង​តូចតាច​ដែល​បាន​ស្នើសុំ​ដោយ​ប្រធាន​ហ៊ីងគ្លី ។ ប៉ុន្តែ​អ្នក​អាច—អ្នក​ត្រូវតែ—ទុកចិត្ត​ថា វា​ចេញ​មក​ពី​ព្រះវរបិតាសួគ៌ ។ វា​អាច​គ្រាន់តែ​ជា​មែកស្លាក​តូច​មួយ​ប៉ុណ្ណោះ ឬ​វា​អាច​ជា​ដើម​ឈើ​មួយ​ទាំង​មូល​ដែល​ដាក់​នៅ​ទទឹង​លើ​ផ្លូវ ។ ខ្ញុំ​សូម​ដាស់តឿន​អ្នក​ឲ្យ​អាន ឬ​ស្តាប់​សន្និសីទ​ទូទៅ​ជាមួយ​នឹង​គំនិត​នេះ​ក្នុង​ចិត្ត ៖ តើ​មែក​ស្លាក ឬ​ដើម​ឈើ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ដាក់​នៅលើ​ផ្លូវ​របស់​ខ្ញុំ ?

ទុកចិត្ត​លើ​ព្រះអម្ចាស់

ពួក​អ្នក​មួយ​ចំនួន​អាច​កំពុង​គិត​ថា « មែនហើយ នោះ​ជា​រឿង​អស្ចារ្យ​ណាស់ ។ ប៉ុន្តែ​តើ​អ្នក​ធ្វើ​ដូចម្តេច នៅពេល​អ្នក​កំពុង​ស្វែងរក​ការបំផុសគំនិត ព្រះឱវាទ ការព្រមាន និង​ការណែនាំ​ពី​ព្រះអម្ចាស់ ហើយ​អ្នក​ហាក់​ដូចជា​ពុំ​ទទួល​ចម្លើយ​នោះ ? »

ប្រហែល​អ្នក​មាន​កង្វល់​នេះ​ទាក់ទង​នឹង​ការសម្រេច​ចិត្ត​ដ៏​សំខាន់​នៅក្នុង​ជីវិត​អ្នក ។ ចូរ​ចាំ​អំពី​ការសន្យា​ឲ្យ​ដាក់​ទីពឹង​លើ​ព្រះអម្ចាស់​ឲ្យ​អស់​អំពី​ចិត្ត​អ្នក ហើយ​ទ្រង់​នឹង​ដឹកនាំ​ផ្លូវ​របស់​អ្នក ។

ទាក់ទង​នឹង​ព្រឹត្តិការណ៍​សំខាន់ៗ​នៅក្នុង​ជីវិត​របស់​យើង នោះ​យើង​ពិតជា​ចង់​បាន​ការណែនាំ​ច្បាស់លាស់ ហើយ​ថា​វា​ពិបាក​នឹង​រក​ឃើញ ។ ប៉ុន្តែ​ខ្ញុំ​បាន​យល់ច្បាស់​ថា ប្រសិនបើ​ខ្ញុំ​ប្រែចិត្ត គោរព​ប្រតិបត្តិ​ដោយ​ឥត​ល្អៀង ធ្វើតាម​អ្នក​ដឹក​នាំ​របស់​ខ្ញុំ ហើយ​ធ្វើ​ការសម្រេច​ចិត្ត​ល្អៗ​ផ្សេង​ទៀត—ឬ​និយាយ​ម្យ៉ាង​ទៀត​ថា ប្រសិនបើ​ខ្ញុំ​មាន​ភាព​សក្តិសម—នោះ​ព្រះ​វរ​បិតា​សួគ៌​នឹង​ពុំ​ទុក​ឲ្យ​ខ្ញុំ​ធ្វើ​កំហុស​ធ្ងន់ធ្ងរ​ដោយ​ពុំ​ព្រមាន​ខ្ញុំ​ជាមុន​នោះ​ទេ ។ ហើយ​ទ្រង់​ក៏​នឹង​ពុំ​អនុញ្ញាត្ត​អ្នក​ឲ្យ​ធ្វើ​ដែរ ។

ឱ​មិត្ត​វ័យក្មេង​របស់​ខ្ញុំ​អើយ ព្រះ​វរ​បិតា​សួគ៌​គង់​នៅ​ទីនេះ​ដើម្បី​កុំ​ឲ្យ​យើង​ធ្វើ​កំហុស​ធ្ងន់ធ្ងរ ប្រសិនបើ​យើង​ស្វែងរក​ការព្រមាន ការបំផុសគំនិត​របស់​ទ្រង់ និង​វិវរណៈ​មក​ពី​គ្រប់​ប្រភព​ដែល​មាន​ទាំងអស់—និង​ប្រសិនបើ​យើង​ស្តាប់​តាម និង​អនុវត្ត​តាម​អ្វីៗ​ទាំង​នោះ ។ យើង​មាន​សិទ្ធិ​ដើម្បី​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ជាមួយ​យើង​ជានិច្ច ជាពិសេស​នៅក្នុង​គ្រា​ដ៏​ចាំបាច់​នៃ​ជីវិត ។

នេះ​ជា​ក្តីសង្ឃឹម​របស់​ខ្ញុំ​ថា អ្នក​នឹង​រកឃើញ​ដោយ​ជោគជ័យ​នូវ​មែក និង​ដើមឈើ​នៃ​ស្លាក​ព្រមាន ដែល​ព្រះវរបិតាសួគ៌​បាន​ដាក់​នៅលើ​ផ្លូវ​របស់​អ្នក ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​ស្តាប់​តាម​សំឡេង​នៃ​ព្រះអម្ចាស់ នៅពេល​យើង​ទទួល​សំឡេង​នោះ​ពី​ប្រភព​ជា​ច្រើន​របស់​វា ហើយ​ព្យាយាម​គោរព​ប្រតិបត្តិ​ដោយ​ឥត​ល្អៀង នោះ​យើង​អាច​មាន​ជីវិត​ដែល​បញ្ចប់​ដោយ « ហើយ​ពួកគេ​បាន​រស់នៅ​ដោយ​រីករាយ​ជា​រៀងដរាប​តទៅ » ។ ការណ៍​នោះ​អាច​កើត​ឡើង​បាន​តាមរយៈ​ការរស់នៅ​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ និង​ការ​ចុះ និង​ការ​រក្សា​សេចក្ដីសញ្ញា​ពិសិដ្ឋ​ទាំងឡាយ​ប៉ុណ្ណោះ ។

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន នៅក្នុង R. Scott Lloyd « Elder Nelson Delivers Spiritual Thanksgiving Feast to MTCs » ព័ត៌មាន​សាសនាចក្រ​វគ្គ​នៃ​គេហទំព័រ LDS.org ថ្ងៃ​ទី ៤ ខែ ធ្នូ ឆ្នាំ ២០១៣ news.lds.org ។

  2. ហ្គរដុន ប៊ី ហ៊ិងគ្លី « Great Shall Be the Peace of Thy Children » Liahona ខែ មករា ឆ្នាំ ២០០១ ទំព័រ ៦៨ ។