២០១៨
បុណ្យ​គ្រីស្ទម៉ាស់​មួយ​ដ៏​ផ្អែម​ល្ហែម
ខែ ធ្នូ ឆ្នាំ ២០១៨


បុណ្យ​គ្រីស្ទម៉ាស់​មួយ​ដ៏​ផ្អែម​ល្ហែម

វីលសុន ខូរៀ ដូស សានតូស ទីក្រុង ភើណាមប៊ូកូ ប្រទេស​ប្រេស៊ីល

រូបភាព
lollipops

រចនា​រូបភាព​ដោយ អិនយ៉ា ថត

គ្រួសារ​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​បុណ្យ​គ្រីស្ទម៉ាស់​ក្លាយ​ជា​ឱកាស​មួយ​ដ៏​គួរ​ឲ្យ​ចងចាំ​យ៉ាង​យូរ​អង្វែង​តាម​ដែល​ខ្ញុំ​អាច​ចាំ​បាន ។ ពេល​ខ្ញុំ​ចេញ​ទៅ​បម្រើ​បេសកកម្ម ប្រេស៊ីល ផតតូ អាលើហ្គ្រើ ភាគ​ខាង​ត្បូង នោះ​ខ្ញុំ​ពុំ​ដឹង​ថា តើ​វា​លំបាក​ប៉ុណ្ណា​សម្រាប់​ខ្ញុំ ដើម្បី​ចំណាយ​ពេល​នៃ​បុណ្យ​គ្រីស្ទម៉ាស់​នៅឆ្ងាយ​ពី​ពួកគេ​នៅ​គ្រា​ដំបូង​នោះ​ទេ ។

នៅ​អំឡុងពេល​បុណ្យ​គ្រីស្ទម៉ាស់​គ្រា​ដំបូង​របស់​ខ្ញុំ​នៅក្នុង​តំបន់​បេសកកម្ម នោះ​ខ្ញុំ​មាន​បំណង​ចង់​នៅ​ជាមួយ​គ្រួសារ​ខ្ញុំ ប៉ុន្តែ​ដៃគូ​ខ្ញុំ និង​ខ្ញុំ​នៅ​ឯកោ​តែ​ពីរ​នាក់​ប៉ុណ្ណោះ ។ អារម្មណ៍​មួយ​នៃ​ការអាណិត​ខ្លួន​ឯង និង​ភាពក្រៀមក្រំ​បាន​កើត​មាន​ចំពោះ​ខ្ញុំ ។

នៅ​យប់​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ គ្រួសារ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​មួយ​បាន​អញ្ជើញ​ដៃគូ​ខ្ញុំ និង​ខ្ញុំ​ទៅ​បរិភោគ​អាហារ​ពេល​ល្ងាច ។ យើង​មាន​ឱកាស​រីករាយ​ជាមួយ​គ្នា​នា​ល្ងាច​នោះ ប៉ុន្តែ​សុភមង្គល​របស់​គ្រួសារ​នេះ​បានរំឭក​ខ្ញុំ​ថា ខ្ញុំ​បាន​នៅ​ឆ្ងាយ​ពី​គ្រួសារ​របស់​ខ្ញុំ​ផ្ទាល់ ។ យប់​នោះ​ពេល​យើង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ខ្ញុំ​បាន​ព្យាយាម​ដេក ហើយ​បំភ្លេច​ថា នៅថ្ងៃ​បន្ទាប់​គឺជា​ថ្ងៃ​បុណ្យគ្រីស្ទម៉ាស់ ។ ជាគ្រាដំបូង​នៅ​ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​បាន​មាន​អារម្មណ៍​ធូរ​ស្បើយ នៅពេល​បុណ្យ​គ្រីស្ទម៉ាស់​បាន​ចប់​ទៅ ។

មួយ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​គិត​អំពី​បុណ្យ​គ្រីស្ទម៉ាស់​ពី​ឆ្នាំ​មុន​នោះ ហើយ​បាន​គិត​អំពី​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​ដើម្បី​មាន​បុណ្យ​គ្រីស្ទម៉ាស់​ដ៏​ប្រសើរ​មួយ​នៅក្នុង​តំបន់​បេសកកម្ម ។ ខ្ញុំ​បាន​ដឹង​ថា អារម្មណ៍​នៃ​ភាព​កើត​ទុក្ខ​ដែល​ខ្ញុំ​មាន​កាល​ពី​ឆ្នាំ​មុន​នោះ កើត​ឡើង​មក​ពី​ការផ្តោត​ចិត្ត​តែ​លើ​ខ្លួន​ខ្ញុំ ដោយ​មិន​បាន​ផ្តោត​លើ​ព្រះអង្គសង្គ្រោះ​ឡើយ ។ ខ្ញុំ​ក៏​បាន​ដឹង​ថា បុណ្យ​គ្រីស្ទម៉ាស់​គឺជា​គ្រា​ដើម្បី​ចងចាំ​ការប្រសូត​របស់​ព្រះអង្គសង្គ្រោះ ហើយ​ថា ខ្ញុំ​គួរតែ​រីករាយ​បម្រើ​ទ្រង់​ក្នុង​នាម​ជា​អ្នក​តំណាង​ឲ្យ​ទ្រង់ ។

ខ្ញុំ​បាន​និយាយ​ជាមួយ​ដៃគូ​របស់​ខ្ញុំ យើង​បាន​សម្រេច​ចិត្ត​ទិញ​ស្ករគ្រាប់​ជូន​សមាជិក សាសនា​គន់ការី កុមារ និង​នរណា​ផ្សេង​ទៀត​ដែល​យើង​ជួប​នៅ​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​នោះ ។ យើង​ក៏​បាន​ហាត់​សម​ទំនុកតម្កើង​បុណ្យ​គ្រីស្ទម៉ាស់​ដើម្បី​ច្រៀង​ផងដែរ ។ ដួងចិត្ត​របស់​ខ្ញុំ​មាន​អំណរ​នៅ​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ នៅពេល​យើង​បាន​ជួប​មនុស្ស​នានា បាន​ច្រៀង​ទំនុកតម្កើង ហើយ​បាន​ចែក​ស្ករ​គ្រាប់​នោះ ។

នៅ​ល្ងាច​នោះ​ពេលយើង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ យើង​បាន​ជួប​បុរស​ចំណាស់​ម្នាក់​អង្គុយ​នៅលើ​ចិញ្ចើម​ថ្នល់ ។ យើង​បាន​សួរ​គាត់ ប្រសិនបើ​គាត់​បាន​ទទួល​អំណោយ​បុណ្យ​គ្រីស្ទម៉ាស់​នៅ​ថ្ងៃ​នោះ​ដែរ​ឬ​ទេ ។ គាត់​បាន​ឆ្លើយ​ថា បាទ​បាន​ហើយ—គាត់​បាន​និយាយ​ជាមួយ​កូនៗ​របស់​គាត់​ដែល​រស់នៅ​ឆ្ងាយ​តាម​ទូរសព្ទ ។

យើង​បាន​និយាយ​ថា « ពួកខ្ញុំ​មាន​អំណោយ​មួយ​បន្ថែម​ទៀត​ជូន​លោក​អ៊ំ » ។ យើង​បាន​ឲ្យ​ស្ករ​គ្រាប់​គាត់ ។

គាត់​បាន​និយាយ​ថា « ស្ករគ្រាប់​នេះ​ពុំ​គ្រាន់តែ​ផ្អែម​ត្រឹម​មាត់​របស់​អ៊ំ​ឡើយ ប៉ុន្តែ​វា​ក៏​ផ្អែម​ដល់​ព្រលឹង​របស់​អ៊ំ​ផងដែរ » ។

ខ្ញុំ​មាន​បុណ្យ​គ្រីស្ទម៉ាស់​ដ៏​មិន​គួរ​ឲ្យ​រីករាយ​មួយ​នៅក្នុង​បេសកកម្ម​របស់​ខ្ញុំ ដោយសារ​ខ្ញុំ​ផ្តោត​ចិត្ត​តែលើ​ខ្លួន​ខ្ញុំ ។ ខ្ញុំ​ក៏​មាន​បុណ្យ​គ្រីស្ទម៉ាស់​ដ៏​រីករាយ​បំផុត​នៅពេល​ខ្ញុំ​ផ្ដោតទៅ​លើ​ព្រះអង្គ​សង្គ្រោះ​ជំនួស​វិញ ។ ខ្ញុំ​ដឹង​ថា នៅពេល​យើង​ផ្តោត​ចិត្ត​ទុកដាក់​ទៅលើ​ទ្រង់ នោះ​ទ្រង់​នឹង​នាំ​ភាពផ្អែមល្ហែម​មក​កាន់​វិញ្ញាណ​របស់​យើង​នៅ​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ និង​គ្រប់​ថ្ងៃ​ទាំងអស់នៅ​ក្នុង​ឆ្នាំ​នេះ ។