២០១៨
ការសម្រេច​ចិត្ត និង​អព្ភូតហេតុ ៖ ហើយ​ឥឡូវ​នេះ​ខ្ញុំ​ឃើញ
ខែ ធ្នូ ឆ្នាំ ២០១៨


នៅ​លើ​វេទិកា

ការសម្រេច​ចិត្ត និង​អព្ភូតហេតុ ៖ ហើយ​ឥឡូវ​នេះ​ខ្ញុំ​ឃើញ

មាន​គ្រា​មួយ​ក្នុង​ជីវិត​ខ្ញុំ កាល​ខ្ញុំ​ទទួល​បាន​ការរំជួល​ចិត្ត ដោយសារ​តែ​សេចក្តីស្រឡាញ់ និង​ពន្លឺ​នៃ​ព្រះគ្រីស្ទ ។ ចាប់តាំង​ពីពេល​នោះ​មក ជីវិត​របស់​ខ្ញុំ​បាន​ផ្លាស់ប្តូរ​ជា​រៀង​រហូត ។

ខ្ញុំ​ដឹង​ថា តើ​វា​មាន​សភាព​យ៉ាង​ដូចម្តេច​ដែល​រស់នៅ​គ្មាន​ដំណឹងល្អ​នោះ ។ ខ្ញុំ​រស់នៅ​ដោយ​គ្មាន​ដំណឹងល្អ​អស់​រយៈពេល ៣០ ឆ្នាំ ។ ខ្ញុំ​បាន​កើត​មក​ពី​ឪពុក​ម្តាយ​ល្អ​នៅក្នុង​ប្រទេស​រុស្ស៊ី ។ … ពេលខ្ញុំ​ធំ​ឡើង ខ្ញុំ​បាន​រៀបការ ហើយ​បាន​ផ្តល់​កំណើត​ឲ្យ​កូនស្រី​ម្នាក់​ដ៏​គួរ​ឲ្យ​ស្រឡាញ់ ។ មិនយូរ​ប៉ុន្មាន​ក្រោយ​មក ខ្ញុំ​បាន​បញ្ចប់​ការសិក្សា​ប្រកប​ដោយ​ជោគជ័យ​ពី​សាកលវិទ្យាល័យ ហើយ​ទទួល​បាន​ការងារ​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​ខ្លាំង​ណាស់ ។ ប៉ុន្តែ … ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទាល់តែ​សោះ ។

… អាពាហ៍ពិពាហ៍​របស់​ខ្ញុំ … បាន​ប្រេះឆា​បន្តិច​ម្តងៗ ។ … ខ្ញុំ​ពុំ​អាច​ផ្តល់​អាហារ​យ៉ាង​សាមញ្ញ​ដល់​កូនស្រី និង​រូប​ខ្ញុំ​ផង ។ ខ្ញុំ​មាន​បាប ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ខុស​ម្តង​ហើយ​ម្តង​ទៀត ។ សេចក្តីស្រេកឃ្លាន ការបាក់ទឹកចិត្ត និង​ការសម្រេច​ចិត្ត​ដោយ​គ្មាន​ការពិចារណា​បាន​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ជួប​នឹង​ទុក្ខសោក ។ ខ្ញុំ [ បាន​បន្ទោស ] ដល់​ជោគវាសនា​អាក្រក់ ប៉ុន្តែ​ពុំ​ទទួល​ស្គាល់​ថា នៅក្នុង​របៀប​ជា​ច្រើន ខ្ញុំ​បាន​រងទុក្ខ​ដោយសារ​តែ​លទ្ធផល​នៃ​អំពើ​បាប​ពី​ធម្មជាតិ​របស់​ខ្ញុំ ។ ប៉ុន្តែ​តើ​ខ្ញុំ​អាច​ដឹង​រឿង​នោះ​ដោយ​របៀប​ណា ? យោង​តាម​អ្វី​ដែល​ខ្ញុំ​ត្រូវបាន​បង្រៀន​គឺ​ថា គ្មាន​ទេ​អំពើ​បាប ។ …

សាសនា​នៅ​ក្នុង​សហភាពសូវៀតត្រូវបាន​ហាម​ប្រាម​បន្ទាប់​ពី​បដិវត្ដន៍​របប​គុម្មនីសយ៍​ក្នុង​ឆ្នាំ ១៩១៧ ។ ខ្ញុំ​ត្រូវបាន​បង្រៀន​តាំង​ពី​ថ្នាក់​មត្តេយ្យ​ថា គ្មាន​ព្រះ​ទេ ហើយ​មាន​តែ​បក្ស​គុម្មនីសយ៍ និង​លោកតា​លេនីន​ប៉ុណ្ណោះ​ដែល​អាច​នាំ​សុភមង្គល​មក​កាន់​ប្រជាជន​រុស្ស៊ី ។ មនុស្ស​ដែល​កាន់​សាសនា​ត្រូវ​ទទួល​រង​ការបៀតបៀន​យ៉ាង​សាហាវ​ឃោរឃៅ​នៅក្នុង​សង្គម​របស់​យើង ។ អ្នក​មាន​ជំនឿ​បាត់បង់​ការងារ​របស់​ពួកគេ ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ទៅ​សាលា​រៀន ហើយ​ត្រូវបាន​គេហៅ​ថា « មនុស្ស​ឆ្កួត » ។ ប្រជាជន​ត្រូវបាន​តម្រូវ​ឲ្យ​រៀន​ថ្នាក់​អ្នក​ដែល​មិន​ជឿលើ​ព្រះ​នៅ​សាកលវិទ្យាល័យ ជា​កន្លែង​ដែល​យើង​បាន​បង្ហាញ​ថា គ្មាន​ព្រះ​ទេ ។ … ខ្ញុំ​ពុំ​គិត​អំពី​ព្រះ​ឡើយ ។ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ចាប់​ក្នុង​ចិត្ត​ខ្ញុំ​អំពី​ជម្រើស​មិន​ល្អ​របស់​ខ្ញុំ ។ ក្រោយ​មក​ខ្ញុំ​បាន​រៀន​ថា ការឈឺចាប់​ដែល​ខ្ញុំ​បាន​ទទួល​អារម្មណ៍​នោះ​គឺជា ពន្លឺ​នៃ​ព្រះគ្រីស្ទ​ដែល​ផ្តល់​ដល់​ខ្ញុំ​នូវ​ញាណ​មួយ​នៃ​ការដឹង​អ្វី​ដែល​ល្អ និង​អាក្រក់ ។ …

…ជីវិត​របស់​ខ្ញុំហាក់បី​ដូចជា​រូង​ងងឹត​ក្រោម​ដី​មួយ​ដែល​មានតែ​សេចក្តីស្លាប់​នៅ​ទីបំផុត​ប៉ុណ្ណោះ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​ស្លាប់​ដោយ​សន្សឹមៗ​ហើយ ។ … ខ្ញុំ​ពុំ​ចេះ​របៀប​អធិស្ឋាន​ឡើយ ដូច្នេះ​ខ្ញុំ​បាន​សុបិន ។ … ខ្ញុំ​បាន​សុបិន​ថា នៅ​ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​រត់​គេច​ចេញ​ពី​ទុក្ខសោក​គ្រប់​យ៉ាង​នៅក្នុង​ជីវិត​របស់​ខ្ញុំ ហើយ​ចាប់ផ្តើម​ជីវិត​ថ្មី​ម្តង​ទៀត—ជា​ជីវិត​ថ្មី​ដែល​រីករាយ និង​មាន​ពន្លឺ ។ ខ្ញុំ​ចង់​ឲ្យ​កូនស្រី​របស់​ខ្ញុំ​មាន​ជីវិត​ដែល​ល្អ​ប្រសើរ​ជាង​ខ្ញុំ ។ …

រូបភាព
walking through a tunnel

រូបថត​មក​ពី Getty Images

[ បន្ទាប់​មក ] ព្រះគម្ពីរ​មរមន​បាន​ចូល​មក​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​អាន​ព្រះគម្ពីរ​មួយ​ជំពូក​រៀង​រាល់​ព្រឹក​ពី​មុន​ទៅ​ធ្វើការ ។ ការអាន​ព្រះគម្ពីរ​នេះ ធ្វើ​ឲ្យ​ខ្ញុំ​រៀន​ថា ព្រះ​មាន​ព្រះជន្ម​រស់ ថា​ព្រះយេស៊ូវគឺជា​ព្រះរាជ​បុត្រា​ទ្រង់ [ ដែល ] យាង​ចុះ​មក​កាន់​ផែនដី​នេះ​ដើម្បី​ជួយ​អ្នក​មាន​បាប​ដូចជា​រូប​ខ្ញុំ ។ កាល​ណា​ខ្ញុំ​កាន់តែ​អាន​ព្រះគម្ពីរ​នេះ នោះ​ខ្ញុំ​កាន់តែ​ឃើញ​ការខ្វះចន្លោះ​រវាង​ការបង្រៀន​នៃ​ព្រះគ្រីស្ទ និង​របៀប​ដែល​ខ្ញុំ​បាន​រស់​នៅ ។ ខ្ញុំ​បាន​រៀន​ថា ហេតុអ្វី​ជីវិត​របស់​ខ្ញុំ​មាន​ទុក្ខសោក​អ្វី​ម៉្លេះ ? …

… ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការផ្លាស់ប្តូរ​ដ៏​ធំ ។ ខ្ញុំ​នឹង​ចងចាំ​នូវ​រាត្រី​នោះ​ជានិច្ច … កាល​ខ្ញុំ​យំ​ពេញ​មួយ​យប់ ដោយសារ​ដឹង​ថា ជីវិត​ខ្ញុំ​មិន​ល្អ ថា​ការសម្រេច​ចិត្ត​មិន​ល្អ​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​បំផុត​មាន​ការឈឺចាប់ ។ វា​គឺជា​បទពិសោធន៍​ដ៏​ឈឺ​ចាប់​ខ្លាំង​បំផុត​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​បាន​យំ​ខ្សឹបខ្សួល និង​អធិស្ឋាន​ទូល​អង្វរពេញ​មួយ​យប់ ។ … នៅ​ទាប​ភ្លឺ​ឡើង ខ្ញុំ​អស់​កម្លាំង​រលីង​ពី​ខ្លួន ហើយ​គ្មាន​ទឹកភ្នែក​យំ​ទៀត​ទេ ។ នៅពេល​ពន្លឺ​ព្រះអាទិត្យ​នា​ពេល​ព្រឹក​បាន​រះ​ឡើង ភាពសុខសាន្ត និង​ការធូរស្បើយ​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ ។ ខ្ញុំ​ឮ​ពាក្យ​ថា ៖ « នេះ​ជា​ព្រះហស្ត​យើង ។ យើង​នឹង​នាំ​អ្នក ហើយ​ដឹក​ដៃ​អ្នក ។ ប៉ុន្តែ​អ្នក​ត្រូវ​សន្យា​នឹង​ខ្ញុំ​ថា អ្នក​ត្រូវតែ​ផ្លាស់ប្តូរ » ។ ហើយ​ខ្ញុំ​បាន​ធ្វើ​តាម​ការសន្យា​នោះ ។ ខ្ញុំ​ចង់​បាន​ការណែនាំ និង​ជំនួយ​នេះ​ជាង​អ្វីៗ​ទាំងអស់ ។ …

នៅ​រាត្រី​នៃ​ក្តីឈឺចាប់ និង​អំណរ​នៅ​ឯ​ប្រទេស​រុស្ស៊ី​នោះ ខ្ញុំ​ពុំ​បាន​ដឹង​ឡើយ​ថា ការសន្យា​របស់​ព្រះគ្រីស្ទ​មាន​ទំហំ​ធំធេង​បែប​ណា​នោះ​ទេ ។ កាល​នោះ​ខ្ញុំ​ពុំ​ដឹង​ឡើយ​ថា ក្នុងរយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាមេរិក ជា​កន្លែង​ដែល​ខ្ញុំ​រៀន​កាន់តែ​ច្រើន​អំពី​ដំណឹងល្អ ហើយ​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​ខ្ញុំ​បាន​ជ្រមុជទឹក ។ … ខ្ញុំ​ពុំ​ដឹង​ទេ​ថា កូនស្រី​របស់​ខ្ញុំ​នឹង​មក​ប្រទេស​អាមេរិក​ដើម្បី​ចូលរួម​ជាមួយ​ពួកយើង​ក្នុង​សុភមង្គល​ឡើយ ។ …

… ទ្រង់​បាន​ប្រទាន​អព្ភូតហេតុ​ជា​ច្រើន​ដែល​ខ្ញុំ​ពុំ​មាន​ឱកាស​សង្ស័យ​អំពី​ជំនួយ​នៃ​ភាព​ជាព្រះ​របស់​ទ្រង់​ក្នុង​ជីវិត​របស់​ខ្ញុំ​ឡើយ ។ …

ចូរ​ដើរ​ជាមួយ​ព្រះគ្រីស្ទ ! ចូរ​កាន់​ព្រះហស្ត​ទ្រង់​ឲ្យ​ជាប់ ! ចូរ​ទទួល​ទាន​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ។ ចូរ​ទទួល​ពន្លឺ​របស់​ទ្រង់​នូវ​គ្រប់​ផ្នែក​ទាំងអស់​របស់​អ្នក​ជាមួយ​នឹង​ព្រលឹង​ទាំងស្រុង​របស់​អ្នក ។ នៅ​ក្នុង​គ្រា​ដ៏​លំបាក នោះ​អ្នក​ពុំ​ត្រូវ​បាន​ទុក​ចោល​ឲ្យ​នៅក្នុង​រូង​ក្រោម​ដី​ដ៏​ងងឹត​នោះ​ទេ ប៉ុន្តែ​នឹង​ទទួល​ពន្លឺ​នៃ​សេចក្តីស្រឡាញ់​របស់​ទ្រង់​ជាមួយ​នឹង​ពន្លឺ​កាន់តែ​ភ្លឺ​ឡើង​នៅ​ខាង​មុខ​អ្នក​ជានិច្ច ។