២០១៩
ប៊ប និង ឡូរី ស្សើស្តុន—បេសកកម្ម​ភ្នំពេញ​កម្ពុជា
ខែ មេសា ឆ្នាំ ២០១៩


ការបង្ហាញ​អំពី​សេចក្តីជំនឿ​

ប៊ប និង ឡូរី ស្សើស្តុន

បាន​បម្រើ​នៅ​បេសកកម្ម​ភ្នំពេញ​កម្ពុជា

រូបភាព
senior missionary couple

« ពេល​យើង​​បាន​ដឹង​ថា យើង​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅ​បេសកកម្ម​ភ្នំពេញ​កម្ពុជា នោះ​ពួកយើង​បាន​យំ ។ ពួកយើង​​ពិតជា​រំភើប​ចិត្ត​ណាស់ ! » បងប្រុស ប៊ប ស្សើស្តុន​ និយាយ​ ។ « យើង​ពុំ​បាន​ជ្រើសរើស​យក​ប្រទេស​កម្ពុជានោះទេ ប៉ុន្តែ​វា​គឺជាអំណោយ​មួយដ៏ប្រពៃ​អ្វី​ម៉្លេះ ! ឱ វា​ជា​ពរជ័យ​ដ៏​អស្ចារ្យ​មួយ ! » បងស្រី​ស្សើស្តុន​​និយាយ ។

រូបភាព
senior missionary hugging Cambodian woman

បងប្រុស និង​បងស្រី​ស្សើស្តុន​ទទួល​អារម្មណ៍​នៃ​ទំនាក់ទំនង​ពិសេស​ជាមួយ​នឹង​ប្រជាជន​កម្ពុជា ។ បងស្រី​ស្សើស្តុន​​និយាយ​ថា « យើង​ស្រឡាញ់​ពួកគេ ហើយ​យើង​បាន​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​នោះ​ពីពួកគេ​វិញ » ។ « ប្រជាជន​នៅ​​ប្រទេស​កម្ពុជា​បានបង្ហាញ​ពួកយើង​នូវ​សេចក្តីសប្បុរស​ដ៏​អស្ចារ្យ » ។

រូបភាព
senior couple visiting members

ស្តីពី​ការទទួលខុសត្រូវ​ទាំងអស់​ដែល​បងប្រុស និង​បងស្រី​ស្សើស្តុន​មាន​នៅ​ក្នុង​បេសកកម្ម​ពួកគាត់ នោះ​ពួកគាត់​ផ្តល់​តម្លៃ​ខ្ពស់​បំផុត​ដល់​ឱកាស​ដែល​បាន​សួរសុខទុក្ខ​សមាជិក​នៅ​តាម​ផ្ទះ​របស់​ពួកគេ ។

រូបភាព
senior missionary with Cambodian woman

បងស្រី​ស្សើស្តុន​ចាំ​ពី​ការមើលទៅ​អស់​អ្នក​ដែល​គាត់​បាន​បម្រើ​នៅ​ប្រទេស​កម្ពុជា ហើយ​គិត​ថា « ខ្ញុំ​ទន្ទឹង​រង់ចាំ​រហូត​ដល់​ខ្ញុំ​ជួប​អ្នក​នៅក្នុង​ជីវិត​បន្ទាប់ ដើម្បី​ខ្ញុំ​នឹង​ប្រាប់​រឿង​គ្រប់​យ៉ាង​ដែល​ខ្ញុំ​មាន​អារម្មណ៍​ចំពោះ​អ្នក និង​សេចក្តីស្រឡាញ់​ដែល​ខ្ញុំ​មាន​ចំពោះ​អ្នក » ។

នៅក្នុង​បេសកកម្ម​ជាមួយ​គ្នា​ជា​ដំបូង​របស់​ពួកគេ ប៊ប និង ឡូរី ស្សើស្តុន បាន​រៀន​ថា ការងារ​បម្រើ​ប្រកប​ដោយ​អត្ថន័យ​អាច​កើត​មាន​ឡើង ទោះបីជា​មាន​រនាំង​នៃ​ភាសា និង​វប្បធម៌​ខុសគ្នា​ក្ដី ដោយ​សារ​យើង​ទាំងអស់​គ្នា​គឺជា​បុត្រាបុត្រី​របស់​ព្រះ ។​

ឡេសលី នីលសុន ជាង​ថត​រូប

រូបភាព
Sister Thurston hugging grieving girl

ប៊ប ៖

ពីមុន​ឡូរី និង​ខ្ញុំ​រៀបការ យើង​បាន​និយាយ​អំពី​ការបម្រើ​បេសកកម្ម​ពេល​យើង​ចូល​និវត្តន៍ ។ យើង​ទាំងពីរ​នាក់​បាន​​បម្រើ​បេសកកម្ម​ពីមុន ។ ឡូរី​បាន​បម្រើ​នៅ​ទីក្រុង​កូបេ​ប្រទេស​ជប៉ុន ហើយ​ខ្ញុំ​បាន​បម្រើ​នៅ​ទីក្រុង​ប្រ៊ីសបេន ប្រទេស​អូស្ត្រាលី ។ ទីបំផុត​ពេល​ពួកយើង​​ចាប់ផ្តើម​រៀបចំ​ខ្លួន​ចូល​និវត្តន៍ យើង​បាន​ប្រាប់​កូនៗ​របស់​យើង​ថា ពួកយើង​ចង់​បម្រើ​បេសកកម្ម​ឲ្យ​បាន​ច្រើន ។

ពួក​យើង​មាន​សំណាង​ណាស់​​ដែល​អាច​ចូលនិវត្តន៍​ទាំង​នៅ​វ័យ​ក្មេង ។ ពេល​យើង​បាន​ឮថា ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀម​ច្បង​មួយ​ចំនួន​ពុំ​អាច​បម្រើ​​នៅក្នុង​កន្លែង​មួយ​ចំនួន ដូចជា​ប្រទេស​តតីយលោក ដោយសារ​តែ​បញ្ហា​សុខភាព និង​កង្វល់​ផ្សេងៗ​ទៀត នោះ​យើង​បាន​គិត​ថា « ពួកយើង​​អាយុ​អត់​ទាន់​ដល់ ៦០ ទេ ។ យើង​មាន​សុខភាព​ល្អ សូម​ប្រើ​ពួក​យើង​ចុះ ! »

ខ្ញុំ​​បាន​ចូលនិវត្តន៍​ពីរ​ថ្ងៃ​បន្ទាប់​ពី​ខួប​កំណើត​គម្រប់ ៥៦ ឆ្នាំ​របស់​ខ្ញុំ ។ តាមពិតទៅ ពួកយើង​បាន​ទទួល​ការហៅ​បម្រើ​បេសកម្ម​របស់យើង ពេល​ខ្ញុំ​កំពុង​ធ្វើ​ការ​នៅឡើយ ។ ពេល​យើង​បាន​បើក​កញ្ចប់​ការហៅ​បម្រើ​របស់យើង ហើយ​បាន​ដឹង​ថា យើង​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅ​បេសកកម្ម​ភ្នំពេញ​កម្ពុជា នោះ​ពួកយើង​បាន​យំ ។ ពួកយើង​​ពិតជា​រំភើប​ចិត្ត​ណាស់ !

ឡូរី ៖

យើង​ពុំ​ដែលគិតថា យើង​នឹង​ទៅ​បម្រើ​នៅ​ប្រទេស​កម្ពុជា​ទេ ។ ខ្ញុំបាន​​គិត​ថា យើង​អាច​នឹង​ទៅ​ប្រទេស​អាហ្វ្រិក ឬ​ប្រទេស​ណា​មួយ​បែប​ដូចអញ្ចឹង ។ យើង​បាន​ចាប់ផ្តើម​សួរ​ខ្លួន​ឯង​ថា « មែនហើយ តើ​​ការផ្សងព្រេង​បែប​ណា​ទៅ​ដែល​​រង់​ចាំ​យើង​នោះ ? » យើង​ពុំ​បាន​ជ្រើសរើស​យក​ប្រទេស​កម្ពុជានោះទេ ប៉ុន្តែ​វា​គឺជាអំណោយ​មួយដ៏ប្រពៃ​អ្វី​ម៉្លេះ ! ឱ វា​ជា​ពរជ័យ​ដ៏​អស្ចារ្យ​មួយ ! ព្រះអម្ចាស់​​វាងវៃ​ជាង​ពួកយើង ។ ទ្រង់​បាន​បញ្ជូន​យើង​ទៅ​កន្លែង​ដែល​គេ​ត្រូវការ​យើង ។

យើង​បាន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សប្បុរសធម៌ ។ យើង​បាន​ធ្វើ​ការ​ក្នុង​គម្រោង​នានា​សម្រាប់​អង្គការ​សប្បុរសធម៌ អិល.ឌី.អេស ធ្វើ​របាយការណ៍​នានា ហើយ​ស្មើ​គម្រោង​ថ្មីៗ​បន្ថែម​ទៀត ។ យើង​ក៏​ពិនិត្យ​មើល​លើ​គម្រោង​កន្លង​មក​ផងដែរ ដូចជា​អណ្តូង​ស្នប់​​ដែល​បាន​​ធ្វើ​កាល​ពី​ពីរ​ឆ្នាំ​មុន​ជាដើម ។ យើង​ក៏​បាន​បម្រើ​នៅក្នុង​របៀប​ជា​ច្រើន​ទៀត​ផងដែរ ។

យើង​បាន​ចូលរួម​សន្និសីទ​ស្តេក និង​មណ្ឌល ដើម្បី​ជួយ​បំពាក់បំប៉ន​ថ្នាក់​ដឹកនាំ និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា យើង​បាន​ត្រួតពិនិត្យ​ផ្ទះ​របស់ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង​សួរ​សុខទុក្ខ​សមាជិក​នៅ​តាម​ផ្ទះ​របស់ពួកគេ ។ យើង​បាន​ធ្វើ​កិច្ចការ​គ្រប់​បែប​យ៉ាង​ដើម្បី​ជួយ​បេសកកម្ម​ឲ្យ​ដំណើរ​ការ​ទៅ​ដោយ​រលូន ។

មាន​អ្វី​ផ្សេងៗ​រៀងរាល់​ថ្ងៃ​នៅក្នុង​បេសកកម្ម​របស់​យើង ។ ថ្ងៃ​ខ្លះ យើង​បាន​ចេញ​ទៅ​តំបន់​​គម្ពោត​ព្រៃ ដើរ​លុយ​ទឹក​ ឬ​ភក់​ត្រឹម​ក្បាល​ជង្គង់ ។ ​ថ្ងៃ​ផ្សេង​ទៀត​យើង​ចំណាយ​ពេល​នៅក្នុង​ការិយាល័យ​បេសកកម្ម ។ ជាមួយ​នឹង​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​កិច្ចការ​សាធារណៈ នោះ​យើង​បាន​ទៅ​ក្រសួង​ធម្មការ និងសាសនា ។ នៅ​ប្រទេស​កម្ពុជា​ពាក្យ​ថា « ធម្មការ » ពុំមែន​​ជាពាក្យ​មិនល្អ​នោះ​ទេ ។ សាសនា​ព្រះពុទ្ធ​គឺជា​សាសនា​ផ្លូវការ—សាសនា​ផ្សេង​ទៀត​ត្រូវបាន​ចាត់ទុក​ថា​ជា​ធម្មការ ( ក្រុម​មាន​ជំនឿដូចគ្នា ) ។ យើង​ទៅ​ក្រសួង​ធម្មការ​ដើម្បី​ជួយ​ឲ្យ​គេ​ទទួលស្គាល់​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជាអង្គការ​ល្អ និង​អាច​ទុកចិត្ត​បាន ។

យើង​បាន​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​ពួកគាត់ ហើយ​ពួកគាត់​បានស្វែងរក​ជំនួយ ។​ ពួកគាត់​បាន​ទូរសព្ទ​មក ហើយ​និយាយ​ថា « យើង​មាន​គ្រោះ​ទឹក​ជំនន់ ហើយ​យើង​ត្រូវការ​អាហារ​សម្រាប់ ២០០ គ្រួសារ​ដែល​ត្រូវបាន​ជម្លៀស​ចេញ​ពី​ទីជម្រក » ។ ពួកគាត់​បាន​ដឹង​ថា ពួកគាត់​អាច​ពឹងពាក់​លើ​សាសនាចក្រ​ដើម្បី​ទទួល​បាន​ជំនួយ​ដែល​ពួកគាត់គ្មាន ដើម្បី​យក​ទៅ​កន្លែង​ដែល​ត្រូវការ ។

តើ​យើង​មាន​បទពិសោធន៍​អ្វី​ខ្លះ​នៅក្នុង​ប្រទេស​កម្ពុជា ? គឺ​អ្វីៗ​គ្រប់​យ៉ាង​ដែល​អ្នក​អាច​គិត​ឃើញ យើង​ប្រហែល​ជា​ធ្លាប់​ជួប​បទពិសោធន៍​នោះ​ហើយ !​ យើង​បាន​អង្គុយ​នៅលើ​កម្រាល​​ដ៏​រាបសា​បំផុត—ជាទូទៅ​ជាកម្រាលដី​ផ្ទាល់ ឬ​ជា​រនាប​ធ្វើ​ពី​ឫស្សី​—នៅក្នុង​ផ្ទះ​ដ៏​រាបសា​បំផុត ។ យើង​ក៏​បាន​ធ្លាប់​ទៅ​លេង​ផ្ទះដ៏​ធំស្កឹមស្កៃ​របស់​មន្ត្រី​រដ្ឋាភិបាល​ផងដែរ ។ ប៊ប​ក៏​បាន​បម្រើ​ជាគណៈ​ប្រធាន​សាខា​អស់មួយ​រយៈពេល​ផងដែរ ។

ប៊ប ៖

ប្រធាន​បេសកកម្ម​បាន​ទូរសព្ទ​មក​ខ្ញុំ ហើយ​និយាយ​ថា « សួស្តី ខ្ញុំ​ចង់​ឲ្យ​អែលឌើរ​បម្រើ​ជា​ទីប្រឹក្សា​ទី​ពីរ​នៅក្នុង​សាខា​មួយ » ។ មួយ​ឆ្នាំ​កន្លះ​ក្រោយ​មក ខ្ញុំ​បាន​នៅក្នុង​បន្ទប់​ផ្សារភ្ជាប់​នៃ​ព្រះវិហារ​បរិសុទ្ធ​ហុងកុង​ប្រទេស​ចិន ជាមួយ​ប្រធាន​សាខា​ដែល​ខ្ញុំ​បាន​បម្រើ​ជាមួយ ។ គាត់​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​លើក​ដំបូង ! គាត់ និង​គ្រួសារ​គាត់​បាន​សន្សំ​ប្រាក់ ហើយ​ព្យាយាម​អស់​រយៈពេល​ប្រាំពីរ​ដង​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ ប៉ុន្តែ​មាន​បញ្ហា​បាន​កើត​ឡើង ឬ​មាន​សមាជិក​គ្រួសារ​បាន​ឈឺ ។ តែងតែ​មាន​រឿង​ផ្សេងៗ​បាន​កើត​ឡើង ។ បន្ទាប់​ពី​ប្រាំពីរ​ឆ្នាំ​មក ពួកគេ​សន្សំ​ប្រាក់​បាន​តែ ៤០ ដុល្លារ​ប៉ុណ្ណោះ ។

យើង​បាន​ជួយ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​ប្រទេស​កម្ពុជា​ចូល​រួម​ព្រះវិហារ​បរិសុទ្ធ​បាន​បី​ដង​នៅក្នុង​បេសកកម្ម​របស់​យើង ។ យើង​បាន​យក​ប្រធាន​សាខា​ជាច្រើន​នាក់​ដែល​បាន​សម្ភាស​ចេញ​ប័ណ្ណ​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​គេ ប៉ុន្តែពួកគេ​ពុំ​ធ្លាប់​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ឡើយ ។ នៅ​ប្រទេស​កម្ពុជា យ៉ាង​ហោច​ណាស់ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀម​ច្បង​អាច​ជួយ​ក្រុមគ្រួសារ​ទាំង​នេះ​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ ពួកគេ​ត្រូវការ​មាន​មនុស្ស​ម្នាក់​ទៅ​ជាមួយ​ពួកគេ ដោយសារ​ពួកគេ​ពុំ​ដឹង​ពី​របៀប​ជិះ​យន្ត​ហោះ​​ទេ ។ មាន​ពួកគេ​ជា​ច្រើន​ថែម​ទាំង​ពុំ​ធ្លាប់​ជិះ​ឡាន​ក្រុង​ទៀត​ផង ! ហើយ​ឥឡូវ​ពួកគេ​ត្រូវ​ជិះ​យន្តហោះ​ទៅទីក្រុង​ហុងកុង ហើយ​​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ វា​ពិបាក​សម្រាប់​ពួកគេ​ធ្វើ​ដំណើរ​នោះ​​តែ​ឯង ។ យើង​មាន​អំណរគុណ​ចំពោះ​មូលនិធិ​ជំនួយ​សម្រាប់​ការធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ ដែល​បាន​ជួយ​ដល់​ពួកគេ ។

ឡូរី ៖

ការក្លាយ​ជា​សមាជិក​សាសនាចក្រ​នៅ​ប្រទេស​កម្ពុជា​អាច​ជា​ឧបសគ្គ​មួយ ។ នៅក្នុង​ប្រទេស​កម្ពុជា​ទាំង​មូល​ពុំ​មាន​ផ្នត់​គំនិត​នៃ​ថ្ងៃ​ឈប់​សម្រាក​ទេ ។ សមាជិក​គ្រប់​រូប​ដែល​ទៅ​ព្រះ​វិហារ​ត្រូវ​ធ្វើ​ការ​លះបង់​ដើម្បី​ទៅ​ទីនោះ ។

ប្រទេស​កម្ពុជា​ក៏​មានអ្នក​កាន់​ឥស្លាម​សាសនា​ប្រាំ​មួយ​ភាគរយ ហើយ​គ្រិស្តសាសនា​តែ​ពីរ​ភាគរយ​ប៉ុណ្ណោះ—ទាំងអស់​ផ្សេង​ទៀត​គឺជា​ពុទ្ធសាសនិក ។ ការផ្លាស់ប្តូរ​​ជីវិត​រស់នៅពី​ពុទ្ធសាសនិក​ទៅជា​គ្រិស្តសាសនិក​គឺ​មាន​ការពិបាកខ្លាំង​ណាស់ ។ សមាជិក​ខ្លះ​បាត់បង់​ការងារ ហើយ​មាន​គ្រា​ជាច្រើន​ដែល​អ្នក​ជិតខាង​របស់​ពួកគេ​បាន​បដិសេធ​ពួកគេ ។

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ក៏​ជា​រឿង​ធំ​មួយ​ផងដែរ ។ ព្រះសង្ឃ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​នឹង​ដើរ​បិណ្ឌបាទ​រៀងរាល់​ព្រឹក​ដោយ​ទទួល​បាន​បាយ ឬ​ប្រាក់​ខ្លះ ហើយ​ប្រជាជន​ស៊ាំ​នឹង​រឿង​នោះ ។ ប៉ុន្តែ​ដើម្បី​យក​ប្រាក់ខែ​របស់​អ្នក ហើយ​យកវា​មួយ​ផ្នែក​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺ​ជា​រឿង​ធំ​មួយ ។

មនុស្ស​ជា​ច្រើន​ធ្លាប់​មាន​ការប៉ះទង្គិច​ផ្លូវ​ចិត្ត​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ដោយសារ​ខ្មែរ​ក្រហម ជា​របប​កុំម្មុយនិស្ត​មួយ​ដែល​បាន​ត្រួតត្រា​ប្រទេស​កម្ពុជា​ក្នុង​ទសវត្សរ៍​ឆ្នាំ ៧០ នោះ​ប្រជាជន​គ្រប់​រូប​ដែល​មាន​អាយុ​លើ​ពី ៤០ ឆ្នាំ​ឡើង​ទៅ​មាន​រឿង​រន្ធត់​មួយផ្ទាល់​ខ្លួន ។ ខ្ញុំ​ពុំ​ធ្លាប់​ជួប​នរណា​ម្នាក់​ដែល​ពុំ​រង​គ្រោះ​ដោយ​សារ​រឿង​នេះ​ឡើយ ។ ប្រជាជន​គ្រប់​គ្នា​មាន​សមាជិក​គ្រួសារ​ដែល​ត្រូវ​បាន​សម្លាប់ ។ ទោះបី​ជាពួកគេ​បាន​ហែល​ឆ្លង​កាត់​នូវ​រឿង​ជាច្រើន​ក្តី ខ្ញុំ​ពុំ​អាច​ជឿឡើយ​ថា ពួកគេ​ជា​មនុស្ស​ដែល​ពូកែ​ស៊ូទ្រាំ និង​មាន​ឆន្ទៈ​ព្យាយាម​ខ្លាំង​យ៉ាង​នេះ​នោះ ។ ប៉ុន្តែ​នៅក្នុង​ការពូកែ​ស៊ូទ្រាំ​របស់​ពួកគេ នោះ​ក៏​នៅតែ​មាន​មនុស្ស​ជាច្រើន​ដែល​ផ្តល់​តម្លៃ​ទាប​ដល់​ខ្លួន​ឯង ។ មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា ពួកគេ​ពុំ​សំខាន់ ឬ​គ្មាន​តម្លៃ​អ្វី​ឡើយ ។

វា​ពិតជា​រឿង​ដ៏អស្ចារ្យ​ណាស់​ដែល​ឃើញថា ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​​បាន​ជួយ​ពួកគេ​ឲ្យ​រីករាយ ។ ពេល​ពួកគេ​បាន​ដឹង​ថា ពួកគេ​ពុំ​គ្រាន់តែ​ជា​មនុស្ស​អស្ចារ្យ​ប៉ុណ្ណោះ​ទេ ពួកគេ​ថែមទាំង​ជា​បុត្រ​របស់​ព្រះ​ផងដែរ នោះ​ពួកគេ​និយាយ​ថា « តើ​អ្នក​និយាយ​លេង​ទេ​មែនទេ ? ឥឡូវ​នេះ ខ្ញុំ​មាន​អ្វី​មួយ​ដើម្បី​រួម​ចំណែក​ហើយ » ។

សាសនាចក្រ​នឹង​រីកចម្រើន​យ៉ាង​ពិតប្រាកដ​នៅ​ប្រទេស​កម្ពុជា ។ មនុស្ស​អស្ចារ្យ​ជា​ច្រើន​ត្រូវបាន​នាំ​ឲ្យ​ស្គាល់​សាសនាចក្រ ។ ពួកបរិសុទ្ធ​នៅ​ទីនោះ​គឺជា​អ្នក​ត្រួសត្រាយ ហើយ​អស់​អ្នក​ដែល​ពិតជា​ឱប​ក្រសោប​យក​ដំណឹងល្អ បាន​ទទួល​ពរ​ក្នុង​របៀប​ជា​ច្រើន ដោយសារ​ពួកគេ​ស្គាល់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ច្បាស់ ។ វា​ពិតជា​អស្ចារ្យ​ណាស់ ។

យើង​មាន​សមាជិក និង​វួដ​ជាច្រើន​ដែល​រឹងមាំ​នៅ​បរិវេណ​តំបន់​មួយ​ដែល​ហៅ​ថា « ភ្នំ​សំរាម » ជា​កន្លែង​ចោល​សំរាម​មួយ​ដែល​មាន​មនុស្ស​រស់នៅ ។ សមាជិក​នៅ​ទីនោះ​គឺជា​អ្នក​ដើរ​រើសអែតចាយ និង​ប្រមូល​អែតចាយ ។ ពួកគេ​រក​ប្រាក់​ដោយ​ការដើរ​រើស​វត្ថុ​ផ្លាស្ទីក និង​អាលុយ​មីញ៉ូម​ដែល​ពួកគេ​កាយ​យក​វា​ចេញ​ពី​គំនរ​សំរាម ។ ពួកគេ​រស់នៅ​ក្នុង​ផ្ទះ​តូចៗ ដែល​យើង​បាន​ទៅ​សួរ​សុខទុក្ខជាច្រើន​ដង ។

ប៊ប ៖

ថ្ងៃ​មួយ​យើង​បាន​ឮ​ភ្លេង​​យ៉ាងខ្លាំងៗ ហើយ​យើង​បាន​កត់សម្គាល់​ឃើញ​ថា មាន​គេ​សង់​រោង​មួយ​ឡើង ។ នៅ​ប្រទេស​កម្ពុជា ពេលឮភ្លេង​បែប​នោះ វា​មាន​ន័យ​ថា អាចមាន​​មនុស្ស​រៀបការ ឬ​មាន​មនុស្ស​ស្លាប់ ។

ឡូរី ៖

យើង​បាន​ដឹង​ថា មាន​ម្តាយ​ម្នាក់​ដែល​មាន​កូន​ប្រាំ ឬ​ប្រាំ​មួយ​នាក់​ទើប​តែ​ស្លាប់ ។ ពុំ​ឃើញ​មាន​ស្វាមី​នៅ​ទីនោះ​ឡើយ ។ កូនៗ​ទើប​តែ​ក្រោក​ពី​ដេក​ឡើង ហើយ​បាន​ដឹង​ថា ម្តាយ​របស់​ពួកគេ​បាន​ស្លាប់ ។

កូន​ស្រី​ម្នាក់​បាន​ស្រែក​យំ​យ៉ាង​ខ្លាំង ។ តាមរយៈ​អ្នក​បកប្រែ នាង​បាន​និយាយ​ថា « ខ្ញុំ​ជា​កូន​ច្បង​គេ ។ ខ្ញុំ​ត្រូវ​មើល​ថែ​បងប្អូន​បង្កើត​របស់​ខ្ញុំ​ទាំងអស់​នេះ ។ ខ្ញុំ​មិន​ដឹង​ថា ត្រូវ​ធ្វើ​អ្វី​នោះ​ទេ » ។

ខ្ញុំ​បាន​ឱប​នាង​ក្នុង​រង្វង់​ដៃ​ខ្ញុំ​យ៉ាង​ណែន ។ តើ​ខ្ញុំ​អាច​មិន​ឱប​នាង​យ៉ាង​ដូច​ម្ដេច​ទៅ ? ក្មេង​ស្រីនេះ​ទើបតែ​បាត់បង់​ម្តាយ​នាង ។ ខ្ញុំ​បាន​និយាយ​ជា​ភាសា​អង់គ្លេស​ទៅកាន់​នាង​ថា « មីង​ដឹង​ថា ក្មួយ​មិន​យល់​មីង​និយាយ​អ្វី​ទេ តែ​មីង​សន្យា​ថា ក្មួយ​នឹង​ឃើញ​ម្តាយ​ក្មួយ​ម្តង​ទៀត ។ ក្មួយ​នឹង​ពុំ​កើត​អី​ទេ ។ យើង​នឹង​ពុំ​ទុក​ក្មួយ​ឲ្យ​នៅ​ឯកោ​ឡើយ » ។

បទពិសោធន៍​ជាច្រើន​បែប​នេះ​បាន​ភ្ជាប់​ទំនាក់ទំនង​ពិសេស​​រវាង​យើង​ជាមួយ​នឹង​ប្រជាជន​កម្ពុជា ។

យើង​បាន​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​នោះ​ត្រឡប់​មក​វិញ ។ ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជា​បង្ហាញ​ពួកយើង​នូវ​សេចក្តីសប្បុរស​ដ៏​អស្ចារ្យ ។ ពួកយើង​ស្រឡាញ់​ពួកគេ ដោយសារ​ពួកគេ​គឺ​ជា​បុត្រាបុត្រី​របស់​ព្រះ ។ ពួកគេ​គឺ​ជា​បងប្អូន​ប្រុស​ស្រី​នឹង​យើង ។

ជាមួយ​នឹង​មនុស្ស​មួយ​ចំនួន ខ្ញុំ​ចាំ​ពី​ការគិតថា « ខ្ញុំ​ទន្ទឹង​រង់ចាំ​រហូត​ដល់​ខ្ញុំ​ជួប​អ្នក​នៅក្នុង​ជីវិត​បន្ទាប់ ដើម្បី​ខ្ញុំ​នឹង​ប្រាប់​រឿង​គ្រប់​យ៉ាង​ដែល​ខ្ញុំ​មាន​អារម្មណ៍​ចំពោះ​អ្នក និង​សេចក្តីស្រឡាញ់​ដែល​ខ្ញុំ​មាន​ចំពោះ​អ្នក និង​អ្វី​ដែល​ខ្ញុំ​បាន​កោត​សរសើរ​អំពី​អ្នក ដែល​ខ្ញុំ​ពុំ​អាច​និយាយ​វា​ក្នុង​ពេល​នេះ​​បាន » ។

បេសកកម្ម​របស់យើង​បាន​ផ្តល់​ពរ​ដល់​យើង​​តាម​របៀប​ជា​ច្រើន ។ សមាជិក​មួយ​ចំនួន​និយាយ​ថា « ខ្ញុំ​ពុំដឹង​ថា តើ​ខ្ញុំ​អាច​បម្រើ​បេសកកម្ម​បាន​ឬ​អត់​នោះទេ ។ ខ្ញុំ​ពុំ​អាច​ចាកចោល​ចៅ​ខ្ញុំ​ឡើយ » ។ យើង​មាន​ចៅ​ប្រុស​តូចៗ​ប្រាំ​នាក់​ ដែល​មាន​អាយុ ប្រាំ​ឆ្នាំ បួន​ឆ្នាំ បី​ឆ្នាំ ពីរ​ឆ្នាំ និង​មួយ​ឆ្នាំ ពេល​យើង​ចេញ​បម្រើ​បេសកកម្ម ។ មាន​ចៅ​ស្រីពីរ​នាក់​បាន​កើត​អំឡុងពេល​យើង​បាន​ចាកចេញ​ទៅ​បេសកកម្ម ។ ខ្ញុំ​នឹង​រក្សា​ទុក​ស្លាក​ឈ្មោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ភាសា​ខ្មែរ​របស់​ខ្ញុំ​ ហើយ​ទុក​វា​ឲ្យ​ចៅ​ស្រី​​តូចៗរបស់​ខ្ញុំ​មើល នោះ​ពួកគេ​នឹង​ដឹង​ថា ជីដូន​របស់​ពួកគេ​ពុំ​បាន​នៅទីនោះពេល​ពួកគេ​កើត ដោយ​សារ​ជីដូន​ពួកគេ​បាន​ទៅ​ធ្វើ​អ្វី​ដែល​ព្រះអម្ចាស់​ត្រូវការ​គាត់ឲ្យ​ធ្វើ ។

ប៊ប ៖

មាន​វិធី​ជាច្រើន​ដើម្បី​បម្រើ​​ព្រះអម្ចាស់​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ យើង​បាន​យក​អ្វី​ដែល​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​ថ្លែង​អំពី​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀម​ច្បង​ដាក់​ទុក​ក្នុង​ចិត្ត​របស់យើង ។ លោក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សន្យា​នឹង​បងប្អូន​ថា បងប្អូន​នឹង​ធ្វើ​កិច្ចការ​នានា​សម្រាប់ [ គ្រួសារ​បងប្អូន ] នៅក្នុង​ការបម្រើ​របស់​ព្រះអម្ចាស់ បងប្អូន​ពុំ​អាច​ធ្វើ​បាន​ឡើយ ប្រសិនបើ​បងប្អូន​នៅ​ផ្ទះសំកាំង​មើល​ពួកគេ​នោះ ។ ឱ តើ​មាន​អំណោយ​​ណា​ដែល​ប្រសើរ​ជាង​នេះ ដែល​លោកយាយ​លោកតា​អាច​ឲ្យ​ទៅ​​ពូជពង្ស​របស់​ពួកគេ​ជាង​ទង្វើ ព្រមទាំង​ពាក្យ​សម្តី​ថា « នៅក្នុង​គ្រួសារ​នេះ យើង​បម្រើ​បេសកកម្ម ! › [ « We Are All Enlisted » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៤៦ ] » ។