២០១៩
ការធ្វើ​ឲ្យ​​ការងារ​បម្រើ​ពោរពេញ​ដោយ​អំណរ
ខែ មេសា ឆ្នាំ ២០១៩


គោលការណ៍​នៃ​ការងារបម្រើ

ការធ្វើ​ឲ្យ​​ការងារ​បម្រើ ពោរពេញ​ដោយ​អំណរ

ការ​បម្រើ​ដោយ​សេចក្តីស្រឡាញ់​នាំ​មកនូវ​អំណរ​ដល់​​ទាំង​អ្នក​ផ្ដល់​ឲ្យ និង​អ្នកទទួល ។

រូបភាព
Jesus with the leper

មនុស្ស​ឃ្លង់​ដែល​បាន​ថ្លែង​អំណរគុណល ដោយ ចន ស្ទា

ជួនកាល​ការស្វែងរក​សុភមង្គល​របស់​យើង​ក្នុង​​ជីវិត​នេះ អាច​ទំនង​ជា​ដូចជា​ការ​រត់​នៅ​មួយ​កន្លែង ។ យើង​រត់ ហើយ​រត់​ទៀត ហើយ​នៅតែ​មាន​អារម្មណ៍​ថា យើង​ពុំ​បាន​ទៅ​ដល់​កន្លែង​ណា​ឡើយ ។ សម្រាប់​មនុស្ស​មួ​យ​ចំនួន គំនិត​នៃ​ការផ្តល់​ការងារ​បម្រើ​​ដល់​មនុស្ស​ដទៃ ហាក់ដូចជា​ការបន្ថែម​កិច្ចការ​ដើម្បី​ធ្វើ ។

ប៉ុន្តែ​ព្រះវរបិតាសួគ៌​របស់​យើង​សព្វ​ព្រះទ័យ​ឲ្យ​យើង​ទទួល​បទពិសោធន៍​នៃ​អំណរ ហើយ​បាន​មានបន្ទូល​ប្រាប់​យើង​ថា « មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដីអំណរ » ( នីហ្វៃ​ទី ២ ២:២៥ ) ។ ហើយ​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ថា ការផ្តល់ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ​គឺ​ជា​ផ្នែក​ចាំបាច់​មួយ​នៃ​របៀប​ដែល​យើង​នាំ​អំណរ​ដល់​ជីវិត​យើង និង​មនុស្ស​ដទៃ ។

តើអំណរ​ជា​អ្វី ?

អំណរ​ត្រូវបាន​ផ្តល់​និយមន័យ​ថា « អារម្មណ៍​មួយ​នៃ​ការពេញចិត្ត និង​សុភមង្គល​ដ៏អស្ចារ្យ » ។ ពួកព្យាការី​ថ្ងៃ​ចុងក្រោយ​បាន​ផ្តល់​ការបញ្ជាក់​ច្បាស់លាស់​ស្តីពី​ប្រភព​ដែល​អំណរ​កើត​មាន និង​របៀប​ស្វែងរក​អំណរ ។ ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « អំណរ​ដែល​យើង​ទទួល​វា​មាន​ទំនាក់ទំនង​តែ​បន្តិចបន្តួច​ជាមួយ​កាលៈទេសៈ​នៃ​ជីវិត​យើង និង​អ្វីគ្រប់យ៉ាង​ដែល​យើង​ធ្វើ​ជាមួយ​នឹង​ការផ្តោត​យកចិត្ត​ទុក​ដាក់​នឹង​ជីវិត​របស់យើង …អំណរ​កើត​ឡើង និង​ដោយសារ​តែ [ ព្រះយេស៊ូវ​គ្រីស្ទ ] ។ ទ្រង់​គឺ​ជា​ប្រភព​នៃ​អំណរ​ទាំងអស់ » ។

ការផ្តល់​ការងារ​បម្រើ​នាំ​មក​នូវ​អំណរ

ពេល​លីហៃ​បាន​ទទួល​ទាន​ផ្លែឈើ​​ជីវិត នោះ​ព្រលឹង​វិញ្ញាណលោក​ក៏​បាន​ពោរពេញ​ទៅ « ដោយ​សេចក្តី​អំណរ​ជា​ខ្លាំង » ( នីហ្វៃទី ១ ៨:១២ ) ។ បំណង​ប្រាថ្នា​ដំបូង​របស់​លោក​គឺ​ចែកចាយ​ផ្លែឈើ​នោះ​ជាមួយ​អស់​អ្នក​ដែល​លោក​ស្រឡាញ់ ។

បំណង​ប្រាថ្នា​របស់យើង​ដើម្បី​ផ្តល់​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ អាច​នាំ​អំណរ​បែប​នោះ​ដល់​យើង និង​ដល់​ពួកគេ ។ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ថា ផលផ្លែ​ដែល​យើង​នាំ​មក ពេល​យើង​ភ្ជាប់​ទៅ​នឹង​ទ្រង់ ជួយ​នាំភាព​ពេញលេញ​នៃ​សេចក្ដីអំណរ​ដល់​យើង ( សូមមើល យ៉ូហាន ១៥:១–១១ ) ។ ការធ្វើ​កិច្ចការ​របស់​ទ្រង់​ដោយ​ការបម្រើ និង​ការនាំ​មនុស្ស​ដទៃ​ទៅ​កាន់​ទ្រង់ អាច​ជា​បទពិសោធន៍​នៃ​អំណរ​មួយ ( សូមមើល លូកា ១៥:៧; អាលម៉ា ២៩:៩; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៨:១៦; ៥០:២២ ) ។ យើង​អាច​ទទួល​បទពិសោធន៍​នៃ​អំណរ​នេះ ទោះបី​យើង​ប្រឈមមុន​នឹង​ការប្រឆាំង និង​ការរង​ទុក្ខ​ក្តី ( សូមមើល កូរិនថូស​ទី ២ ៧:៤; កូល៉ុស ១:១១ ) ។

ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​យើង​នូវ​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ ដែល​ជា​ប្រភព​ដ៏អស្ចារ្យ​បំផុត​មួយ​នៃ​អំណរ​ដ៏​ពិត​ប្រាកដ​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ គឺ​រក​ឃើញ​​តាមរយៈ​ការបម្រើ ។ ពេលយើង​ផ្តល់​ការងារ​បម្រើ​ដល់​បងប្អូន​ប្រុស​ស្រី​របស់​យើង​ដូច​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ ដោយ​សេចក្តីសប្បុរស និង​សេចក្តីស្រឡាញ់​ក្នុង​ដួងចិត្ត​យើង នោះ​យើង​អាច​ទទួល​បទពិសោធន៍​នៃអំណរ​ដែល​មាន​លើស​ពី​សុភមង្គល​ធម្មតា​ទៅ​ទៀត ។

ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​បង្រៀន​ថា « ពេល​យើង​ទទួល​យក [ ការផ្តល់​ការងារ​បម្រើ ] ដោយ​ដួងចិត្ត​ប្រកប​ដោយ​ឆន្ទៈ នោះ​យើង​នឹង​នឹង​កាន់តែ​ជិត​ប្រែក្លាយ​ទៅ​ជា​រាស្ត្រ​នៃ​ស៊ីយ៉ូន ហើយ​នឹង​ទទួល​អំណរ​ដ៏​មហិមា​ជាមួយ​នឹង​អស់អ្នក​ដែល​យើង​បាន​ជួយ​នៅ​តាម​ផ្លូវ​នៃ​ភាព​ជា​សិស្ស » ។

តើ​យើង​អាច​ធ្វើ​ឲ្យ​ការផ្តល់ការងារ​បម្រើ​កាន់តែ​ពោរពេញ​ដោយ​អំណរ​យ៉ាង​ដូចម្តេច ?

មាន​របៀប​ជា​ច្រើន​ដែល​​នាំ​អំណរ​កាន់តែអស្ចារ្យ​មក​កាន់​ការងារ​បម្រើ​របស់​យើង ។​ នេះ​គឺ​ជា​យោបល់​មួយ​ចំនួន ៖

  1. យល់​ដឹង​ពី​គោលបំណង​របស់​អ្នក​ក្នុងការ​ផ្តល់ការងារ​បម្រើ ។ មាន​ហេតុផលជាច្រើន​ដើម្បី​ផ្តល់ការងារ​បម្រើ ។ សំខាន់​បំផុត កិច្ចខិតខំ​របស់​យើង​គួរតែ​ស្រប​ទៅ​នឹង​ព្រះរាជ​បំណង​របស់​ព្រះ​គឺ « ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ ពេល​យើង​ទទួល​យក​ការអញ្ជើញ​របស់​ប្រធាន​ណិនសុន ដើម្បី​ជួយ​មនុស្ស​ដទៃ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា នោះ​យើង​អាច​រកឃើញ​អំណរ​ក្នុងការ​ចូលរួម​ក្នុង​កិច្ចការ​រ​របស់​ព្រះ ។ ( សម្រាប់​គោលបំណង​បន្ថែម​ស្តីពី​ការផ្តល់​ការ​ងារ​បម្រើ សូមមើល « គោលការណ៍​នៃ​ការងារ​បម្រើ ៖ គោលបំណង​ដែល​នឹង​ផ្លាស់ប្តូរ​ការងារ​បម្រើ​របស់​អ្នក » នៅក្នុង​ទស្សនាវដ្តី លីអាហូណា ខែ មករា ឆ្នាំ ២០១៩ ) ។

  2. ធ្វើ​ឲ្យ​ការងារ​បម្រើ​​ផ្តោត​ទៅលើ​មនុស្ស មិនមែន​ទៅលើ​កិច្ចការ​ឡើយ ។ ជារឿយៗ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​រំឭក​យើង​ថា « ចូរកុំ​ឲ្យ​បញ្ហា​មួយដែល​ត្រូវ​ដោះស្រាយ ក្លាយ​ជារឿង​សំខាន់​ជាង​មនុស្ស​ម្នាក់​ដែល​ត្រូវ​ស្រឡាញ់ » ។ ការងារ​បម្រើ​គឺ​ស្តីពី​ការស្រឡាញ់​មនុស្ស ពុំមែន​ជា​ការធ្វើ​កិច្ចការ​អ្វី​មួយ​នោះ​ទេ ។ នៅ​ពេល​យើង​ស្រឡាញ់​កាន់តែ​ច្រើន​ដូច​ព្រះអង្គសង្គ្រោះ​ស្រឡាញ់ នោះ​យើង​នឹង​កាន់តែ​បើក​ផ្លូវ​ឆ្ពោះទៅរក​អំណរ​ដែល​កើត​មក​ពី​ការបម្រើ​មនុស្ស​ដទៃ ។

  3. ធ្វើ​ឲ្យ​​ការងារ​បម្រើ​​ជា​រឿង​សាមញ្ញ ។ ប្រធាន អិម រ័សុល បាឡឺដ ប្រធាន​ស្ដីទី​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ប្រាប់​យើង​ថា ៖ « រឿង​ដ៏​អស្ចារ្យ​កើត​ឡើង​តាមរយៈ​រឿង​ដ៏​សាមញ្ញ និង​តូចតាច ។… ទង្វើ​តូចតាច និង​សាមញ្ញ​ប្រកប​ដោយ​សន្ដានចិត្ត​របស់​យើង និង​ការបម្រើ​នឹង​រួមផ្សំ​ទៅជា​ជីវិត​មួយ​ដែល​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​ចំពោះ​ព្រះវរបិតាសួគ៌ ការបូជា​ចំពោះ​កិច្ចការ​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ អារម្មណ៍​នៃ​ក្ដីសុខសាន្ដ និង​អំណរ​រាល់​ពេល​ដែល​យើង​ជួយ​គ្នា » ។

  4. ដក​យក​ការតានតឹង​ផ្លូវ​ចិត្ត​ពី​ការងារ​បម្រើ ។ វា​ពុំ​មែន​ជា​ការទទួលខុសត្រូវ​របស់​អ្នក ដើម្បី​ធ្វើ​ឲ្យមាន​សេចក្តីសង្គ្រោះ​សម្រាប់​នរណា​ម្នាក់​ឡើយ ។ នោះ​គឺ​ជា​រឿង​រវាង​បុគ្គល​ម្នាក់ៗ និង​ព្រះអម្ចាស់ ។ ការទទួលខុសត្រូវ​របស់យើង​គឺ​ស្រឡាញ់​ពួកគេ ហើយ​ជួយ​ពួកគេ​ឲ្យ​បែរ​ទៅរក​ព្រះយេស៊ូវគ្រីស្ទ ដែល​ជា​ព្រះអង្គសង្គ្រោះ​របស់​ពួកគេ ។

រូបភាព
Jesus with children

ព្រះគ្រីស្ទី និង​កុមារ​នៅក្នុង​ព្រះគម្ពីរ​មរមន ដោយ ឌេល ភៀសុន

កុំ​ពន្យារពេល​នៃ​អំណរ​ក្នុងការ​បម្រើ

ជួនកាល​មនុស្ស​មាន​ចិត្ត​រារែក​ក្នុង​ការ​សូម​ជំនួយ​ដែល​ពួកគេ​ត្រូវការ ដូច្នេះ​ការផ្តល់​ការបម្រើ​របស់យើង​អាច​ក្លាយ​ជា​អ្វី​ដែល​ពួកគេ​ត្រូវការ ។ ប៉ុន្តែ​ការបង្ខំ​ខ្លួន​យើង​ទៅលើ​មនុស្សក៏​ពុំមែន​ជា​ចម្លើយ​ផងដែរ ។ ការសូម​ការអនុញ្ញាត​ពីមុន​ផ្តល់​ការងារ​បម្រើ​​គឺ​ជា​គំនិត​ល្អ​មួយ ។

អែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​​ប្រាប់​អំពី​ម្តាយ​ទោល​ម្នាក់​ដែល​​មាន​ជំងឺអុត​ស្វាយ—ហើយ​ក្រោយ​មក​កូនៗ​របស់​គាត់​ក៏​ឈឺ​ផងដែរ ។ ផ្ទះដែល​ធ្លាប់តែមាន​សណ្ដាប់ធ្នាប់ បែរជា​មាន​ភាពរាយប៉ាយ និង​រញ៉េរញ៉ៃ ។ ចាន​ក្បាន និង​សម្លៀក​បំពាក់​ប្រឡាក់​គរ​ដូច​ភ្នំ ។

នៅ​គ្រា​ដែល​គាត់​មាន​អារម្មណ៍​ស្មុគស្មាញ​ពេញទំហឹង នោះ​មាន​បងប្អូន​ស្ត្រី​​ខាង​សមាគម​សង្គ្រោះ​បាន​គោះ​ទ្វារ​ផ្ទះ​គាត់ ។ ពួកគេ​ពុំ​បាន​និយាយ​ថា « សូម​ប្រាប់​យើង បើមាន​អ្វី​ឲ្យ​ពួកយើង​ជួយ » ឡើយ ។ ពេល​ពួកគេបាន​ឃើញ​ស្ថានភាព​នោះ ពួកគេ​បាន​ធ្វើ​វា​តែ​ម្តង ។

« ពួកគេ​បាន​រៀបចំ​ភាព​រញ៉េរញ៉ៃ​នោះ បាន​បោស​សម្អាត​ផ្ទះ ហើយ​បាន​ទូរសព្ទ​ទៅ​មិត្ត​ម្នាក់​ឲ្យ​យក​អាហារ​ដែល​ត្រូវការ​ចាំបាច់​មក ។ នៅទី​បំផុត កាល​ពួកគេ​បាន​បញ្ចប់​កិច្ចការ​ខ្លួន ហើយ​បាន​លា​ចេញ​ទៅ​វិញ នោះ​ពួកគេ​បាន​បន្សល់​ទុក​ឲ្យ​ម្ដាយ​វ័យ​ក្មេង​នោះ​នូវ​ទឹក​ភ្នែក—ជា​ទឹក​ភ្នែក​នៃ​អំណរគុណ និង​ក្ដីស្រឡាញ់ » ។

ទាំង​អ្នក​ផ្តល់​ឲ្យ និង​អ្នក​ទទួល​បាន​ទទួល​អារម្មណ៍​កក់​ក្តៅ​នៃ​អំណរ ។

បណ្តុះ​អំណរ​នៅក្នុង​ជីវិត​របស់​អ្នក

ដរាប​ណា​យើង​បណ្តុះ​ឲ្យ​មាន អំណរ ភាពសុខសាន្ត និង​ក្តីរីករាយ​ចិត្ត​ក្នុង​ជីវិត​យើង ដរាប​​នោះ​យើង​នឹង​អាច​ចែកចាយ​វា​ជាមួយ​មនុស្ស​ដទៃ ពេល​យើង​ផ្តល់​ការងារ​បម្រើ ។ អំណរ​កើត​មក​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល កាឡាទី ៥:២២ និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១:១៣ ) ។ វា​ជាអ្វី​ដែល​យើង​អាចអធិស្ឋាន​ទូល​សូម​បាន ( សូមមើល គោលលទ្ធិ និង​សេ់ ១៣៦:២៩ ) ហើយ​នាំ​វា​មក​ក្នុង​ជីវិត​របស់យើង ។ នេះ​ជា​គំនិត​យោបល់​មួយចំនួន ​ដើម្បី​បណ្តុះ​ឲ្យ​មាន​អំណរ​នៅក្នុង​ជីវិត​យើង​ផ្ទាល់ ៖

  1. ចូរ​រាប់​ព្រះពរ​របស់​អ្នក ។ ពេល​អ្នក​ពិនិត្យ​មើល​ជីវិត​របស់​អ្នក សូម​សរសេរ​សៀវភៅកំណត់ហេតុ​របស់​អ្នក នូវ​អ្វីៗ​ដែល​ព្រះ​បាន​ប្រទាន​ពរ​ដល់​អ្នក ។ សូម​កត់ចំណាំ​អំពី​រឿង​ល្អ​ដែល​មាន​នៅ​ជុំវិញ​អ្នក ។ សូម​ផ្តោត​ចិត្ត​ទុកដាក់​លើ​អ្វី​ដែល​អាច​រារាំង​អ្នក​ពី​ការទទួល​អារម្មណ៍​អំណរ ហើយ​កត់ត្រា​របៀប​នានា ដើម្បី​ដោះស្រាយ ឬ​យល់​ពី​របៀប​នោះ​កាន់តែ​ប្រសើរ​ឡើង ។ អំឡុងពេលរដូវកាល​​បុណ្យ​អ៊ីស្ទើរ​​នេះ សូម​ឆ្លៀត​ពេល​ស្រាវជ្រាវ​រក​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ឡើងជាមួយ​ព្រះអង្គ​សង្គ្រោះ​ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០១:៣៦ ) ។

  2. អនុវត្ត​នូវ​ស្ថានភាព​ផ្លូវ​ចិត្ត ។ អ្នក​អាច​រកឃើញ​អំណរ​កាន់តែ​ងាយ​ស្រួល​ក្នុង​គ្រា​នៃ​ការស្មឹងស្មាធ​ដ៏​ស្ងប់ស្ងាត់ ។១០ សូម​ស្តាប់​ឲ្យ​ហ្មត់ចត់​​នូវ​អ្វី​ដែល​នាំ​អ្នក​ឲ្យ​មាន​អំណរ ( សូមមើល របាក្សត្រ​ទី ១ ១៦:១៥ ) ។ ជួនកាល ការចំណាយពេល​ងាកចេញ​ពី​ប្រព័ន្ធ​សង្គម​អាច​ជា​រឿង​ចាំបាច់ ដើម្បី​អនុវត្ត​នូវ​ស្ថានភាព​ផ្លូវ​ចិត្ត ។១១

  3. ចៀសវាង​ការប្រៀបធៀប​ខ្លួនឯង ។ មាន​ពាក្យ​និយាយ​ថា ការ​ប្រៀបធៀប​គឺ​ជា​ចោរប្លន់​អំណរ ។ ប៉ុល​បាន​ព្រមាន​អស់​អ្នក​ដែល « គេ​វាស់ ហើយ​ផ្ទឹម​ខ្លួន​នឹង​ខ្លួន​គេ នោះ​គ្មាន​ប្រាជ្ញា​ទេ » ( កូរិនថូស​ទី ២ ១០:១២ ) ។

  4. ស្វែងរក​វិវរណៈ​ផ្ទាល់​ខ្លួន ។ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា ៖ « បើ​សិន​ជា​អ្នក​សូម នោះ​អ្នក​នឹង​បាន​ទទួល​វិវរណៈ​ថែម​ទៅ​លើ​វិវរណៈ តម្រិះ​ថែម​ទៅ​លើ​តម្រិះ ដើម្បី​ឲ្យ​អ្នក​អាច​បាន​ស្គាល់​សេចក្ដី​អាថ៌​កំបាំង​ទាំង​ឡាយ និង​របស់​ទាំង​ឡាយ​ដ៏​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត—ដែល​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​អំណរ ជា​អ្វី​ដែល​នាំ​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ( គ. និង ស. ៤២:៦១ ) ។

ការអញ្ជើញ​ឲ្យ​អនុវត្ត

តើ​អ្នក​អាច​បង្កើន​អំណរ​ដែល​អ្នករកឃើញ​នៅក្នុង​ជីវិត​របស់​អ្នក តាមរយៈ​ការងារ​បម្រើ​ដោយ​របៀប​ណា ?

កំណត់​ចំណាំ

  1. « Joy » en.oxforddictionaries.com

  2. រ័សុល អិម ណិលសុន « អំណរ​និង ការរស់​រាន​ខាង​វិញ្ញាណ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២ ។

  3. ជីន ប៊ី ប៊ីងហាំ « ការងារ​បម្រើ​ដូចដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៧ ។

  4. សូមមើល រ័សុល អិម ណិលសុន « As We Go Forward Together » Liahona ខែ មេសា ឆ្នាំ ២០១៨ ទំព័រ ៤–៧ ។

  5. ថូម៉ាស អេស ម៉នសុន « Finding Joy in the Journey » Liahona ខែ វិច្ឆកា ឆ្នាំ ២០០៨ ទំព័រ ៨៦ ។

  6. អិម រ័សុល បាឡឺដ « Finding Joy through Loving Service » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៤៩ ។

  7. សូម​មើល ឌៀថើរ អេស្វ អុជដូហ្វ « Living the Gospel Joyful » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១២០–១២៣ ។

  8. សូមមើល ហិនរី ប៊ី អាវរីង « O Remember, Remember » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៦៧ ។

  9. សូមមើល ជីន ប៊ី ប៊ីងហាំ « ដើម្បី​ឲ្យ​អំណរ​បងប្អូន​បាន​ពេញ​លេញ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៨៧ ។

  10. សូមមើល ឌៀថើរ អេស្វ អុជដូហ្វ « Of Things That Matter Most » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ២១ ។

  11. សូមមើល ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Spiritual Eclipse » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤៦ ។