២០១៩
ទោះបី​ជា​ព្យុះ​សង្ឃរា​ក៏​ពុំ​អាច​បញ្ឈប់​យើង​បាន​ដែរ
ខែ មេសា ឆ្នាំ ២០១៩


ទោះបី​ជា​ព្យុះ​សង្ឃរា​ក៏​ពុំ​អាច​បញ្ឈប់​យើង​បាន​ដែរ

កូរៀម៉ា សាន់ទីអាហ្គោ ឌឺ ជេសឺ ទីក្រុង សាន់ ហ៊ន ប្រទេស ពឺតតូ រីកូ

រូបភាព
Couple standing in hurricane aftermath

រចនា​រូបភាព​ដោយ ស៊ូសានណេ ស៊ីមម៉ុន

មិនយូរ​ប៉ុន្មាន​បន្ទាប់​ពី​ខ្ញុំ​ត្រឡប់​មក​ពី​បេសកកម្ម​វិញ ខ្ញុំ​បាន​ទទួល​ការអញ្ជើញ​​​ទៅ​ក្នុង​ពិធី​រាំកម្សាន្ត​មួយ ។ នៅក្នុង​ពិធី​រាំកម្សាន្ត​នោះ ខ្ញុំវង្វេង​ដៃបាត់​ទូរសព្ទ ហើយ​យុវជន​ម្នាក់​បាន​ស្ម័គ្រ​ចិត្ត​ជួយ​រក​ទូរសព្ទ​របស់​ខ្ញុំ ។​ ពេល​យើង​ដើរ​រក យើង​បាន​ឃើញ​ថា យើង​ទាំងពីរ​នាក់​គឺជា​អ្នក​ត្រឡប់​មក​ពី​បេសកកម្ម​ដូច​គ្នា ហើយ​បាន​ចែកចាយ​គំនិត និង​គោលដៅ​ជាច្រើន ។

ទំនាក់ទំនង​របស់​យើង​បាន​អភិវឌ្ឍ​ឡើង ហើយ​យើង​បាន​ឈាន​ដល់​ការ​ភ្ជាប់​ពាក្យ ។ វា​ជា​ក្តីសុបិន​របស់​យើង​ដើម្បី​​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ វ៉ាស៊ីនតោន ឌី.ស៊ី ពីមុន​វា​ត្រូវបាន​បិទ​សម្រាប់​ការជួសជុល​នៅ​ខែ មីនា ឆ្នាំ ២០១៨ ។ ប៉ុន្តែ​បន្ទាប់​ពី​ការសម្រេច​ចិត្ត​នោះ​មក យើង​​ត្រូវបាន​សាកល្បង ។ ដំបូង ខ្ញុំ​បាន​បាត់បង់​ការងារ ហើយ​គ្មាន​មធ្យោបាយ​ណា​ដើម្បី​សន្សំ​ប្រាក់​សម្រាប់​ការធ្វើ​ដំណើរ​ទៅព្រះវិហារ​បរិសុទ្ធ​ឡើយ ។ បន្ទាប់​មក​ទៀត មាន​ព្យុះ​សង្ឃរា​មួយ​បាន​បោកបក់​​ទៅលើ​ប្រទេស ពើរតូ រីកូ ពីមុន​កាលបរិច្ឆេទ​មង្គល​ការ​របស់យើង ។

ពេល​ព្យុះ​សង្ឃរា​ម៉ារៀ​បាន​កើត​ឡើង វា​បាន​បំផ្លិចបំផ្លាញ​កោះ​ដ៏​ស្រស់ស្អាត​របស់យើង ។ ហាង​លក់​ទំនិញ​បាន​បិទ​ទ្វារ ។ យើង​​អត់​មាន​ភ្លើង​អគ្គិសនី ទឹក អាហារ​ឡើយ ហើយ​យើង​ពិបាក​រកវត្ថុ​ប្រើប្រាស់​ចាំបាច់​ផ្សេងៗ​ទៀត​ ។ យើង​បាន​បាត់​បង់​អ្វី​គ្រប់​យ៉ាង​ដែល​យើង​គ្រោង​ទុក​ប្រើ​សម្រាប់​ពិធី​ទទួលភ្ញៀវ​ក្នុងពិធី​មង្គល​ការ​របស់យើង ។ យើង​ត្រូវតែ​លុប​ចោល​ពិធី​ទទួលភ្ញៀវ​​នោះ ហើយ​វា​ទំនង​ថា យើង​ក៏​នឹង​លុប​ចោល​ពិធី​មង្គល​ការ​របស់យើង​ផងដែរ ។ ការធ្វើ​ដំណើរ​ចេញចូល​ប្រទេស ពើរតូ រីកូ គឺ​មាន​កំណត់ ហើយ​គ្មាន​នរណា​ម្នាក់​ដឹង​ថា វា​មាន​កំណត់​យូរ​ប៉ុណ្ណា​នោះទេ ។ ខ្ញុំ​បាន​ចាប់ផ្ដើម​មាន​អារម្មណ៍​​បាក់ទឹកចិត្ត ហើយ​ខ្ញុំ​ពោរពេញ​ដោយ​មន្ទិលសង្ស័យ និង​ការភាន់​ច្រឡំ ។

នៅ​យប់​​មួយ គូ​ដណ្តឹង​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ពិភាក្សា​គ្នា​អំពី​ស្ថាន​ភាព​របស់​ពួកយើង ។ ការធ្វើ​ដំណើរ​ពុំ​ដឹង​ពិតប្រាកដ ហើយ​យើង​គ្មានសម្លៀកបំពាក់​សម្រាប់​​ពិធី​ទទួល​ភ្ញៀវ ឬ​ពិធី​មង្គល​ការ​យើង​ឡើយ ប៉ុន្តែ​ព្រះវិញ្ញាណ​បាន​បញ្ជាក់​ថា យើង​ត្រូវតែ​ទុកចិត្ត​លើ​ព្រះអម្ចាស់ ។ រឿង​សំខាន់​បំផុត​នោះ​គឺ​ការផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ យើង​បាន​អធិស្ឋាន​​ទៅ​កាន់​ព្រះវរបិតាសួគ៌​ទូល​សូម​ជំនួយ ។

ពេល​យន្តហោះចេញ​ពី​ប្រទេស ពើរតូ រីកូ បាន​ដំណើរ​ការ​វិញ នោះ​យើង​បាន​ធ្វើ​គម្រោង​ហោះហើរ​ថ្មី ហើយ​ដាក់​កាលវិភាគ​ផ្សារភ្ជាប់​របស់យើង​ឡើង​វិញ ។ យើងគ្មាន​ប្រព័ន្ធ​ទាក់ទង​​អស់រយៈពេល​ជាច្រើន​សប្តាហ៍​បន្ទាប់​ពី​ព្យុះសង្ឃរា​នោះ ប៉ុន្តែ​ទូរសព្ទ​ដៃ​របស់​មិត្តភក្តិ​ខ្ញុំ​មាន​ដំណើរការ ។ គាត់​បាន​អនុញ្ញាត​ឲ្យ​យើង​ប្រើ​ទូរសព្ទ​របស់​គាត់​ដើម្បី​ទាក់ទង​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ យើង​បាន​រៀបចំ​អ្វីៗ​គ្រប់​យ៉ាង​ជា​ថ្មី ដើម្បី​យើង​អាច​​ផ្សារភ្ជាប់​បាន ! ពីរបី​សប្តាហ៍​ពីមុន​ការធ្វើ​ដំណើរ​របស់យើង សមាជិក​គ្រួសារ និង​មិត្តភក្ដិ បាន​បរិច្ចាគ​ស្បែក​ជើង និង​សម្លៀកបំពាក់ ព្រមទាំង​ជួយ​ទិញ​វត្ថុ​ជា​ច្រើន​ទៀត​សម្រាប់​ពិធី​មង្គល​ការ​របស់​យើង ។

ទីបំផុត​ពេល​យើងបាន​ចូលទៅក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​យើង​​បាន​ទុក​នូវ​ក្តីកង្វល់​ទាំង​អស់​មួយ​អន្លើរសិន ។ យើង​បាន​កាន់ដៃ​គ្នា​ចូលទៅ​ក្នុង​អនាគត​កាល​របស់​យើង ។ ខ្ញុំ​អាច​និយាយ​យ៉ាង​ពិត​ប្រាកដ​ថា ខ្ញុំ​បាន​ទទួល​​ព្រះហស្ត​ដឹកនាំ​របស់​ព្រះអម្ចាស់ និង​ការធានា​អះអាង​ដល់​យើង​ថា ដរាប​ណា​យើង​ទុកចិត្ត​លើ​ទ្រង់ នោះ​អ្វីៗ​គ្រប់យ៉ាង​នឹង​ដំណើរ​ការ​ល្អ ។ សព្វ​ថ្ងៃ​នេះ យើង​មាន​ពរ​ដែល​មាន​កូន​ប្រុស​ដ៏​ស្រស់ស្អាត​ម្នាក់ ហើយ​យើង​គឺ​ជា​គ្រួសារ​មួយ​ដែល​បាន​ផ្សារ​ភ្ជាប់​សម្រាប់ភាពអស់កល្ប​ជានិច្ច ។