២០១៩
ជីវិត​គឺ​ដូចជា​កីឡា​រត់​ម៉ារ៉ាតុន ៖ យុវវ័យ​នៅ​ប្រទេស​ក្រិក
ខែ មេសា ឆ្នាំ ២០១៩


ជីវិត​គឺ​ដូចជា កីឡា​រត់​ម៉ារ៉ាតុន

ពួក​បរិសុទ្ធ​យុវវ័យ​ថ្ងៃ​ចុង​ក្រោយ​ទាំង​នេះ​រស់នៅ​សព្វ​ថ្ងៃ​នេះ នៅ​កន្លែង​ដែល​សាវក​ប៉ុល​បាន​រស់នៅ​អំឡុង​គ្រា​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ ហើយ​ពួកគេ​បាន​រស់នៅ​តាម​ការបង្រៀន​របស់​លោក ។

រូបភាព
Bryana

« ខ្ញុំ​បាន​រៀន​ថា ដំណឹងល្អ​គឺ​ដូចគ្នា​នៅ​គ្រប់​ទីកន្លែង ។ ខ្ញុំ​បាន​រៀន​ផ្តោត​ចិត្ត​ទៅលើ​សេចក្តីពិត​នៃ​ដំណឹងល្អ ហើយ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ជាជាង​ត្រូវបាន​បង្វែរ​អារម្មណ៍​ដោយសារ​តែ​វប្បធម៌​នៃ​ការរស់នៅ​ក្រៅ​ប្រទេស »—ប្រាយ​អាណា ដបុលយូ អាយុ ១៥ ឆ្នាំ ។

រូបភាព
Marie

« ខ្ញុំ​បាន​សរសេរ​ពាក្យ ចងចាំ នៅលើ​កញ្ចក់​របស់​ខ្ញុំ ដើម្បី​ចងចាំ​ពី​រឿង​ទាំងអស់​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ​នេះ ៖ សន្និសីទ​ដើម្បី​កម្លាំង​នៃ​យុវជន ការ​បោះជំរំ​របស់​ក្រុម​យុវនារី ថ្នាក់​សិក្ខាសាលា ។ វា​ជួយ​ខ្ញុំ​ឲ្យ​ចងចាំ​ពី​កន្លែង​ដែល​ខ្ញុំ​បាន​ចេញ​មក » ។—ម៉ារី អេច អាយុ ១៧ ឆ្នាំ

រូបភាព
Lizzie

« ខ្ញុំ​ដឹង​ថា ពេល​ខ្ញុំ​ទៅ​រៀន​ថ្នាក់​សិក្ខាសាលា នោះ​ខ្ញុំ​អាច​ទទួល​អារម្មណ៍​នៃ​ការពេញចិត្ត​ដែល​ដឹង​ថា ខ្ញុំ​កំពុង​ធ្វើ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ ហើយ​ខ្ញុំ​ដឹង​ថា អ្វីៗ​គ្រប់​យ៉ាង​នឹង​ដំណើរ​ការល្អ » ។—លីស្ស៊ី ធី អាយុ ១៧ ឆ្នាំ

រូបភាព
Loukia

លូគៀ ស៊ី អាយុ ១៥ ឆ្នាំ បាន​ថ្លែង​ទីបន្ទាល់​របស់​នាង​ជា​លើក​ដំបូង​នៅ​ការ​បោះជំរំ​របស់​ក្រុម​យុវនារី និង​ក្រោយ​មក​ទៀត​ពេល​នាង​ទទួល​បុណ្យ​ជ្រមុជទឹក ។

រូបភាព
Haig

« ផ្នែក​ដែល​ខ្ញុំ​ចូលចិត្ត​នៅក្នុង​សន្និសីទ​ដើម្បី​កម្លាំង​នៃ​យុវជន​គឺ កីឡា ការរាំ និង​ការប្រជុំ​ក្រុម​គឺជា​ការប្រជុំ​ធម្មនិដ្ឋាន និង​ការរំឭក​ឡើង​វិញ​នៅ​ពេល​ព្រឹក ។ វា​ជួយ​ខ្ញុំ​ឲ្យ​ក្លាយ​ជា​មនុស្ស​កាន់តែ​មាន​ប្រយោជន៍ និង​អត់ធ្មត់ ហើយ​មាន​អំណរគុណ​ចំពោះ​ព្រះគម្ពីរ​កាន់តែ​ច្រើន​ឡើង » ។—ហាហ្គ ធី អាយុ ១៤ ឆ្នាំ

រូបភាព
Alexis

« នៅ​សន្និសីទ​ដើម្បី​កម្លាំង​នៃយុវជន យើង​បាន​ចាប់ផ្តើម​ក្រុម​មួយ ហើយ​វា​បាន​ពង្រឹង​ពួកយើង ។ វា​បាន​ជួយ​សម្រួច​សម្រាំង និង​ជះ​ឥទ្ធិពល​ដល់​កម្មវិធី​យុវវ័យ​នៅ​ក្នុង​ប្រទេស​ក្រិក ដោយសារ​ឥឡូវ​នេះ​យើង​ស្គាល់​គ្នា​បាន​ច្បាស់​ជាង​មុន » ។—អាឡិចស៊ីស អេច អាយុ ១៨ ឆ្នាំ

រូបភាព
Irini

« ការ​ច្រៀង​នៅលើ​វេទិកា​ក្នុង​សន្និសីទ​ដើម្បី​កម្លាំង​នៃ​យុវជន​គឺ​ជា​រឿង​មួយ​ដ៏​ក្លាហាន​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ ហើយ​គឺជា​គ្រា​ដ៏​ពិសេស​បំផុត​ដែល​ខ្ញុំ​ធ្លាប់​មាន ។ នៅ​គ្រា​នោះ ខ្ញុំ​បាន​រៀន​ថា យើង​មាន​សារៈសំខាន់​ខ្លាំង​ប៉ុណ្ណា​នៅក្នុង​ពិភពលោក​ដ៏​ស្រស់ស្អាត​នេះ » ។—អ៊ីរីនី អេស អាយុ ១៧ ឆ្នាំ

រូបភាព
Winifred

« នៅ​ឯ​ការ​បោះជំរំ​របស់​ក្រុម​យុវនារី ខ្ញុំ​បាន​រៀន​ថា ជីវិត​នេះ​គឺ​ដូច​ជា​កីឡា​រត់ម៉ារ៉ាតុន ។ វា​ជួយ​ខ្ញុំ​បង្កើន​សេចក្តីជំនឿ​ខ្ញុំ ដោយសារ​ដឹង​ថា យើង​ត្រូវ​បន្ត​ដើរ​លើ​ផ្លូវ​ត្រូវ គឺ​ដូច​ជា​យើង​កំពុង​រត់​កីឡា​ម៉ារ៉ាតុន​ដែរ ។ បទពិសោធន៍​នោះ​ជួយ​ខ្ញុំ​បង្កើន​ទីបន្ទាល់​របស់​ខ្ញុំ ហើយ​បន្ត​មាន​សេចក្តីជំនឿ ព្រមទាំង​បន្ត​នៅលើ​ផ្លូវ​ត្រូវ » ។—វីនីហ្វ្រីក ខេ អាយុ ១៤ ឆ្នាំ

រូបភាព
Pavlos

« ខ្ញុំ​ពិតជា​ចូលចិត្ត​មើល​ពី​សោភ័ណ្ឌភាព​នៃ​ការនៅ​ជាមួយ​ពួកយុវវ័យ​ដែល​មាន​ជំនឿ​ដូច​គ្នា ។ ខ្ញុំ​មាន​អារម្មណ៍​ថា យើង​ទាំងអស់​គ្នា​មាន​ទំនាក់ទំនង​គ្នា​ក្នុង​របៀប​ពិសេស​មួយ គឺ​ពិសេស​ជាង​ការគ្រាន់តែ​ស្គាល់​ឈ្មោះ​គ្នា​ទៅ​ទៀត » ។—ប៉ាវលុស ខេ អាយុ ១៥ ឆ្នាំ

រូបភាព
Joshua

« ខ្ញុំ​រីករាយ​ដែល​ខ្ញុំ​មាន​ឱកាស​ជួប​ជាមួយ​យុវវ័យ​ផ្សេង​ទៀត ដែល​ធ្វើ​កិច្ចការ​ដូច​គ្នា​ដែល​ខ្ញុំ​ធ្វើ​រៀងរាល់​ថ្ងៃ » ។—យ៉ូស្វេ ខេ អាយុ ១៧ ឆ្នាំ

រូបភាព
Olivia

« សន្និសីទ​ដើម្បី​កម្លាំង​នៃ​យុវជន និង​ការ​បោះជំរំ​របស់​ក្រុម​យុវនារី ទទួល​អារម្មណ៍​ដូច​គ្នា មិន​ថា​អ្នក​ទៅ​ណា​នៅក្នុង​ពិភពលោក​នេះ​ទេ ។ ខ្ញុំ​រីករាយ​នឹង​ការ​បោះជំរំ​របស់​ក្រុម​យុវនារី​តូចៗ ដោយសារ​វា​ងាយ​ទាក់ទង​គ្នា​ជាង » ។—អូលីវៀ អេច អាយុ ១៥ ឆ្នាំ

រូបភាព
Irene

« ខ្ញុំ​ពុំ​មែន​ជា​សមាជិក​សាសនាចក្រ​ទេ ប៉ុន្តែ​ខ្ញុំ​មក​រៀងរាល់​សប្តាហ៍​ដែល​ខ្ញុំ​អាច​មក​បាន ។ ខ្ញុំ​ពេញចិត្ត​នឹង​អ្វី​ដែល​ក្រុមយុវនារី​ឈរ​ការពារ » ។—អ៊ីរេនី ស៊ី អាយុ ១៤ ឆ្នាំ

រូបភាព
youth in Greece

ពីរបី​ខែ​កន្លង​ទៅ សិស្ស​ថ្នាក់​សិក្ខាសាលា​មួយ​បាន​ជួប​គ្នា​នៅ​កូន​ភ្នំ​អើរីយ៉ូស ក្បែរ​ទីក្រុង​អាតែន ប្រទេស​ក្រិក ជា​កន្លែង​ដែល​សាវក​ប៉ុល​បាន​ថ្លែង​ការបង្រៀន​ដ៏​មាន​ឥទ្ធិពល​មួយ ( សូមមើល កិច្ចការ ១៧:២២–៣៤ ) ។ ពួក​សិស្ស​បាន​និយាយ​គ្នា​អំពី​ឥទ្ធិពល​នៃ​ថ្នាក់​សិក្ខាសាលា​មាន​នៅក្នុង​ជីវិត​ពួកគេ រួមទាំង​ការបង្រៀន​របស់​ប៉ុល​ផងដែរ ។

អាឡិចស៊ីស អេច អាយុ ១៨ ឆ្នាំ និយាយ​ថា « ការរស់នៅ​ក្នុង​ប្រទេស​ក្រិក​ធ្វើ​ឲ្យ​ព្រះគម្ពីរ​សញ្ញា​ថ្មី​មាន​ភាព​រស់​រវើក​ឡើង ។ ឪពុក​របស់​ខ្ញុំ​ចូលចិត្ត​ទៅ​កន្លែង​បាក់បែក​នានា​ដែល​ប៉ុល​បាន​បង្រៀន ហើយ​គាត់​នឹង​ចែកចាយ​ខគម្ពីរ ឬ​ប្រាប់​ពួកយើង​អំពី​រឿង​មួយ​ស្តីពី​កន្លែង​ដែល​ព្រឹត្តិការណ៍​នោះ​បាន​កើត​ឡើង » ។

ដូចប៉ុល​បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​នៅក្នុង​ជំនាន់​លោក​ដែរ នោះ​ពួកយុវវ័យ​នៅ​ក្នុង​ប្រទេស​ក្រិក​ក៏​ជួប​នឹង​បញ្ហា​សង្គម នយោបាយ និង​សេដ្ឋកិច្ច​ផងដែរ ។ សន្និសីទ​យុវវ័យ និង​ការបោះជំរំ​ក្រុម​យុវនារី​គឺជា​ព្រឹត្តិការណ៍​កម្រ​មួយ​នៅ​ក្នុង​ប្រទេស​ក្រិក ហើយ​ការ​ចូលរួម​ថ្នាក់​សិក្ខាសាលា​អាច​ជា​ការពិបាក​ផងដែរ ។ ទោះបី​ជា​មាន​ឧបសគ្គ​ទាំង​នេះ និង​ឧបសគ្គ​ផ្សេង​ទៀត​ក្តី ពួកយុវវ័យ​នៅក្នុង​ប្រទេស​ក្រិក​បាន​អនុវត្ត​ការលើក​ទឹកចិត្ត​របស់​ប៉ុល ដើម្បី « ឈរ​មាំមួន​ហើយ​ព្រម​ទាំង​មាន​ចិត្ត​មាន​គំនិត​តែ​មួយ ដើម្បី​នឹង​តតាំង​ជា​មួយ​គ្នា ដោយ​នូវ​សេចក្តី​ជំនឿ ខាង​ឯ​ដំណឹង​ល្អផង » ( ភីលីព ១:២៧ ) ។

ការរស់នៅ​ក្នុង​ប្រទេស​ក្រិក​មាន​ន័យថា សមាជិក​វ័យ​ក្មេង​ទាំង​នេះ​មាន​ឱកាស​រីករាយ​នឹង​អាកាសធាតុ​ក្តៅ​ល្មម ឆ្នេរ​សមុទ្រ អាហារ និង​ការរាំ ។ ពួកគេ​ក៏​ចូលចិត្ត​ជួបជុំ​គ្នា​ផងដែរ ។ ពេល​ពួកគេ​ជួប​គ្នា​ក្នុង​ថ្នាក់​សិក្ខាសាលា និង​សកម្មភាព​សាខា នោះពួកគេ​មាន​សេចក្តីជំនឿ និង​មិត្តភាព​កាន់តែ​រឹងមាំ​ឡើង ។

ថ្នាក់​សិក្ខាសាលា​នៅលើ​ភ្នំ​អើរីយ៉ូស

រូបភាព
Seminary students

ក្រុម​ថ្នាក់​សិក្ខាសាលា​នៅខាង​មុខ​សាលា​ប្រជុំ​អាថែន ។

រូបថត​បាន​ទទួល​សិទ្ធិ​អនុញ្ញាត​ពី លីអាន ហេឌើរ

នៅពេល​ថ្នាក់​សិក្ខាសាលា​បាន​ចាប់ផ្តើម​នៅ​ប្រទេស​ក្រិក​ពីរបី​ឆ្នាំ​កន្លង​ទៅ គឺ​មាន​សិស្ស​តែ​ប្រាំ​នាក់​ប៉ុណ្ណោះ ។ ពួកគេ​ជួប​គ្នា​បី​ដង​ពេល​ព្រឹក​ក្នុង​មួយ​សប្តាហ៍ ដោយ​មាន​អ្នក​ខ្លះ​ចូលរួម​តាម​វីដេអូ​សន្និសីទ​អ៊ិនធើរណែត ។ ពួកគេ​ក៏​ជួប​គ្នា​នៅ​រសៀល​ថ្ងៃ​ពុធ​ផងដែរ​សម្រាប់​ថ្នាក់​សិក្ខាសាលា បន្ទាប់​មក​មាន​កម្មវិធី​មួយ ។ ពួកគេ​បាន​ជិតស្និទ្ធ​នឹង​គ្នា ហើយ​ពួកគេ​ក្លាយ​ជា​ពន្លឺ​ដល់​មិត្តភក្តិ​របស់ពួកគេ ដែល​កត់សម្គាល់​ឃើញ​គំរូ​របស់​ពួកគេ ។ ពេល​មិត្តភក្តិ​របស់ពួកគេ​សួរ​សំណួរ នោះ​ពួកយុវវ័យ​នាំ​ពួកគេ​ទៅ​ថ្នាក់​សិក្ខាសាលា និង​សកម្មភាព​ម៉្ញូតឆល ។

យុវជន​ម្នាក់​ឈ្មោះ ប៉ោឡូស ខេ អាយុ ១៥ ឆ្នាំ​និយាយ​ថា « ការទៅ​រៀន​ថ្នាក់​សិក្ខា​សាលា​គឺជា​របៀប​មួយ​ល្អ​ដើម្បី​ចាប់ផ្តើម​ថ្ងៃ​ថ្មី និង​ជួយ​ខ្ញុំ​ឲ្យ​បន្ត​រឹងមាំ ។ វា​ជួយ​ខ្ញុំ​ឲ្យ​ផ្តោត​លើ​ការធ្វើ​ជា​គំរូ​ដល់​មនុស្ស​ដទៃ ។ វា​ជួយខ្ញុំ​ឲ្យ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ដោយ​គិត​អំពី​ព្រះយេស៊ូវគ្រីស្ទ » ។

ពេល​យុវវ័យ​មាន​ភាព​រឹងមាំ និង​មាន​សាមគ្គី​ភាព​កើន​ឡើង នោះ​ពរជ័យ និង​ឱកាស​នានា​បាន​កើត​មាន​ឡើង ។ ឧទាហរណ៍ ក្នុង​ឆ្នាំ ២០១៧ ពួកគេ​ទទួល​ពរ​ដើម្បី​ចូលរួម​សន្និសីទ​យុវវ័យ​ដ៏​ធំ​មួយ​ក្នុង​តំបន់ គឺ​សន្និសីទ​ដើម្បី​កម្លាំង​នៃ​យុវជន ។ ពួកយុវនារី​ក៏​បាន​ចូលរួម​ក្នុង​ការ​បោះជំរំ​របស់​ក្រុម​យុវនារី​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​ក្រិក​ផងដែរ ។ ជាលទ្ធផល ពួកគេ​បាន​ស្និទ្ធស្នាល​នឹង​គ្នា​កាន់តែ​ខ្លាំង​ឡើង ហើយ​យុវនារី​ពីរ​នាក់​បាន​ចូល​ជា​សមាជិក​សាសនាចក្រ ។

សន្និសីទ​ដើម្បី​កម្លាំង​នៃ​យុវជន​អន្តរជាតិ

រូបភាព
youth spelling out youth theme at FSY

នៅ​សន្និសីទ​ដើម្បី​កម្លាំង​នៃ​យុវជន ការប្រកប​ពាក្យ « ចូរ​សូម » មក​ពី​យ៉ាកុប ១:៥ ។

សន្និសិទ​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ ប្រទេស​អាល្លឺម៉ង់ បាន​នាំ​ពួកបរិសុទ្ធ​យុវវ័យ​ថ្ងៃ​ចុងក្រោយ​មក​ពី​ទ្វីប​អឺរ៉ុប​មក​ជួប​ជុំ​គ្នា ។ យុវវ័យ​មក​ពី​ប្រទេស​ក្រិក និង​ស៊ីរ៉ុស បាន​ធ្វើ​ដំណើរ​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ ហើយ​បទពិសោធន៍​នៃ​សន្និសីទ​មាន​ឥទ្ធិពល​ខ្លាំង​លើ​ពួកគេ ។ សម្រាប់ ម៉ាស្ស៊ីម៉ូស អេ អាយុ ១៤ ឆ្នាំ « រឿង​ដ៏​គួរ​ឲ្យ​ចងចាំ​បំផុត​នៅ​សន្និសីទ​ដើម្បី​កម្លាំង​នៃ​យុវជន​គឺ​ពេល​យើង​ចែកចាយ​ទីបន្ទាល់​របស់​យើង ។ អ្នក​ចូលរួម​ទាំងអស់​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ហើយ​វា​បាន​បំផុសគំនិត​ខ្ញុំ​ឲ្យ​អភិវឌ្ឍ​នូវ​ទីបន្ទាល់​របស់​ខ្ញុំ​ផ្ទាល់ » ។

លូគៀ ស៊ី អាយុ ១៥ ឆ្នាំ បន្ថែម​ថា « នៅ​គ្រា​ដំបូង​មាន​យុវវ័យ​តែ​បួន​នាក់​ប៉ុណ្ណោះ​ដែល​គ្រោង​ទៅ​កម្មវិធី​នោះ ប៉ុន្តែ​នៅ​ទីបំផុត យើង​មាន​យុវវ័យ ១៥ នាក់​ចូលរួម—កំណត់ត្រា​មួយ​សម្រាប់​ប្រទេស​ក្រិក—រួមទាំង​មិត្តភក្តិ ៣ នាក់​ដែល​មិនមែន​ជា​សមាជិក​ផងដែរ ។

វា​ពិតជា​ល្អ​ណាស់​ដើម្បី​ជួប​គ្នា​នៅ​កន្លែង​មួយ​ដែល​អ្នក​មាន​នូវ​ដំណឹងល្អ​ដូចគ្នា ហើយ​អ្នក​ពុំមែន​ជា​មនុស្ស​ប្លែក​ពី​គេ ។ ពួក​យើង​ទាំងអស់​គ្នា​នៅ​ជាមួយ​គ្នា ហើយ​យើង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ដូច​គ្នា ។ រឿងទាំងនេះ​ជួយ​ដល់​ខ្ញុំ » ។

ជេសៀណា អាយុ ១៦ និយាយ​ថា « ឪពុក​ខ្ញុំ​ពុំមែន​ជា​សមាជិក​ទេ ហើយ​គាត់​ពុំ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​សន្និសីទ​ដើម្បី​កម្លាំង​នៃ​យុវជន ឬ​ទទួល​បុណ្យ​ជ្រមុជទឹក​ឡើយ ។ ប៉ុន្តែ​ក្រោយ​មក​ប្រធាន​សាខា​បាន​តម​អាហារ​សម្រាប់​ខ្ញុំ ហើយ​លោក​យាយ​ខ្ញុំ​បាន​និយាយ​រឿង​នេះជាមួយ​ឪពុក​ខ្ញុំ ។ បន្ទាប់​មក ឪពុក​ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​អាច​ទៅ​សន្និសីទ​នោះ​បាន ! »

នៅ​សន្និសីទ​ដើម្បី​កម្លាំង​នៃ​យុវជន ជេសៀណា​បានទទួល​បទពិសោធន៍​ដំបូងៗ​ជាច្រើន​ដូចជា « ការចូលរួម​ក្នុង​មេរៀន និង​សកម្មភាព ព្រមទាំង​ការថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ថា តើការទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​សភាព​បែប​ណា ។ ខ្ញុំ​ពុំ​ធ្លាប់​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ដូច​នេះ​ពីមុន​ឡើយ ហើយ​ខ្ញុំពិតជា​រីករាយ និង​រំភើប​ចិត្ត​ខ្លាំង​ណាស់ ។ ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ជា​លើក​ដំបូង » ។

រូបភាព
youth at FSY

បន្ថែម​ពី​លើ​ការ​ទទួល​បាន​អាហារ​ខាង​វិញ្ញាណ នោះ​ពួក​យុវជន​អាច​សម្រាក​លំហែកាយ ហើយ​មានភាព​រីករាយ​ជាមួយ​គ្នា​នៅ​ក្នុង​សន្និសីទ​នោះ ។ ហាហ្គ ធី អាយុ ១៤ ឆ្នាំ​មក​ពី​ប្រទេស​ស៊ីរ៉ុស​បាន​មក​ចូលរួម​សន្និសីទ​នេះ​ផងដែរ ។ « ខ្ញុំ​បាន​រៀន​ដើម្បី​មាន​ទំនាក់ទំនង​ក្នុង​សង្គម​កាន់តែ​ច្រើន រៀន​ដើម្បី​មាន​មិត្តភាព​ពិតប្រាកដ និង​មាន​ភាព​រីករាយ ទោះបី​នៅក្នុង​គ្រា​លំបាក​ក្តី » ។

ការ​បោះជំរំ​របស់​ក្រុម​យុវនារី

រូបភាព
young women at Marathon Greece

ក្រុម​យុវនារី​នៅ​ទីក្រុង​ម៉ារ៉ាតុង​ប្រទេស​ក្រិក ។

ការ​បោះជំរំ​របស់​ក្រុម​យុវនារី​ក៏​មាន​ឥទ្ធិពល​ស្រដៀង​គ្នា​នេះ​ផងដែរ ។ យុវនារី​ដប់ពីរ​នាក់​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​របស់​ពួកគេ​នៅ​ក្បែរ​ទីលាន​ប្រកួត​ម៉ារ៉ាតុន​ពី​បុរាណ​កាល​មួយ ។ ពួកគេ​បាន​ចំណាយ​ពេល​បី​ថ្ងៃ​ជាមួយ​គ្នា ដោយ​រៀន​ពឹង​ផ្អែក​គ្នា​ទៅលើ​ផ្នែក​កម្លាំង និង​ការ​លើក​ទឹកចិត្ត ។

លូគៀ​និយាយ​ថា « កាល​ខ្ញុំ​អាយុ ១២ ឆ្នាំ ខ្ញុំ​បាន​ទៅ​ព្រះវិហារ​ជា​លើក​ដំបូង ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ប៉ុន្តែ​ក្រោយ​មក ខ្ញុំ​បាន​ដឹង​ថា អ្នក​ដែល​មាន​អាយុ ១២ ឆ្នាំ​គឺ​មាន​តែ​ខ្ញុំ​ម្នាក់​ឯង​ប៉ុណ្ណោះ ។ ពីរ​ឆ្នាំ​ក្រោយ​មក យើង​មាន​យុវនារី​ជា​ច្រើន​ដែល​ពួកយើង​អាច​បោះជំរំ​របស់​ក្រុម​យុវនារី​ជាលើក​ដំបូង » ។ ពេល​ពួកគេ​ជួបជុំ​គ្នា លូគៀ​និយាយ​ថា « ខ្ញុំ​បាន​ស្គាល់​ពី​អត្ថន័យ​នៃ​ការ​ក្លាយ​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ហើយ ។ ពេល​យើងរស់​នៅតាម​ដំណឹង​ល្អ នោះមាន​ពន្លឺ​មួយ​ដែល​ហ៊ុម​ព័ទ្ធ​យើង » ។

រូបភាព
young women holding flag

ការ​បោះជំរំ​របស់​ក្រុម​យុវនារី​ឆ្នាំ ២០១៧—ការបោះជំរំ​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​ក្រិក ។

សម្រាប់ ប្រាយ​អាណា ដបុលយូ អាយុ ១៥ ឆ្នាំ សន្និសីទ​ដើម្បី​កម្លាំង​នៃ​យុវជន និង​ការ​បោះជំរំ​របស់​ក្រុម​យុវនារី បាន​ជួយ​នាង​បើក​ដួងចិត្ត ហើយ​និយាយ​ជាមួយ​មនុស្ស​ដទៃ ។ នាង​និយាយ​ថា « ជារឿយៗ​គ្រួសារ​ខ្ញុំ​ប្តូរ​ទីលំនៅ ហើយ​ខ្ញុំ​ពិបាក​នឹង​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដទៃ ដោយសារ​ខ្ញុំ​អៀន ។ ប៉ុន្តែ​ដោយសារ​ខ្ញុំ​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​ក្រុម​របស់​យើង​នៅ​សន្និសីទ​ដើម្បី​កម្លាំង​នៃ​យុវជន នោះ​ខ្ញុំ​បាន​រាប់អាន​មិត្ត​ល្អៗ​មួយ​ចំនួន ។ អំឡុងពេល​ការប្រជុំ​ថ្លែង​ទីបន្ទាល់ យើង​បាន​ចែកចាយ​អារម្មណ៍​យើង ហើយ​ខ្ញុំ​ដឹង​ថា មនុស្ស​ផ្សេង​ទៀត​ក៏​ទទួល​អារម្មណ៍​ដែល​ខ្ញុំ​បាន​ទទួល​ផងដែរ » ។

ម៉ារី អេច អាយុ ១៧ ឆ្នាំ ចាំ​ពី​បាវចនា​ការបោះជំរំ​នោះ​គឺ « ជីវិត​គឺ​ជា​កីឡា​រត់​ម៉ារ៉ាតុន ពុំមែន​ជា​ការរត់​ប្រណាំង​ទេ » ។ នាង​និយាយ​ថា ពួកយុវនារី និង​ថ្នាក់​ដឹកនាំ​របស់​ពួកគេ​បាន​ពិភាក្សា​អំពី​សារៈសំខាន់​នៃ​ការស៊ូទ្រាំ និង​ការបញ្ចប់​ការប្រកួត​នោះ ។ « វា​រំឭក​ខ្ញុំ​ថា ខ្ញុំ​អាច​ស៊ូទ្រាំ​បាន កំណត់​ល្បឿន​រត់​របស់​ខ្ញុំ ហើយ​បន្ត​ផ្តោត​ចិត្ត​លើ​ទីផ្តាច់​ព្រ័ត្ត ។ នោះ​ខ្ញុំ​អាច​សម្រេច​បាន​នូវ​កិច្ចការ​ដែល​ព្រះវរបិតាសួគ៌​ត្រូវការ​ឲ្យ​ខ្ញុំ​ធ្វើ » ។

រូបភាព
young woman at girls camp

« ការមើល​ព្រះអាទិត្យ​រះ​នាំ​ឲ្យ​មាន​ចិត្ត​ស្ងប់ វិញ្ញាណ​ស្រស់ស្រាយ » ។ —លីស្ស៊ី ធី

ផ្នែក​ដ៏​ល្អ​បំផុត​មួយ​នៃ​ការបោះជំរំ​នោះ​គឺ ការប្រជុំ​ធម្មនិដ្ឋាន​ពេល​ព្រះអាទិត្យ​រះ​នៅ​ឆ្នេរ​សមុទ្រ​នៅ​ព្រឹក​ថ្ងៃ​ចុង​ក្រោយ​នៃ​ការបោះជំរំ​នោះ ។ លីស្ស៊ី ធី អាយុ ១៧ ឆ្នាំ និយាយ​ថា « យើង​បាន​យក​ព្រះគម្ពីរ​យើង យើង​មាន​ការប្រជុំ​ធម្មនិដ្ឋាន និង​បាន​មើល​ព្រះអាទិត្យ​រះ ។ យើង​ទាំងអស់​គ្នា​ទទួល​អារម្មណ៍​នៃ​ក្ដី​ស្រឡាញ់​របស់​ព្រះ ។ យើង​បាន​ចំណាយ​ពេល​ជាមួយ​គ្នា​ក្នុង​កម្មវិធី​នោះ តាំងពី​ដើម​រហូត​ដល់​ចប់ » ។

ការប្រឈម​មុខ​នឹង​អនាគត​ដោយ​គ្មាន​ភ័យ​ខ្លាច

អ៊ីរីនី អេស អាយុ ១៧ ឆ្នាំ និយាយ​ថា « សម្រាប់​សន្និសីទ​ដើម្បី​កម្លាំង​នៃ​យុវជន និង​ការបោះជំរំ​របស់​ក្រុម​យុវនារី នោះ​ខ្ញុំ​បាន​រៀន​ច្រើន​អំពី​ដំណឹងល្អ និង​របៀប​ដែល​ដំណឹងល្អ​អាច​ជួយ​ខ្ញុំ​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​បាន​រាប់អាន​មិត្តភក្តិ​ជា​ច្រើន​នាក់ ហើយ​រៀន​ពី​សារៈសំខាន់​ដ៏​អស្ចារ្យ​ដើម្បី​បង្ហាញ​គំនិត និង​អារម្មណ៍​របស់​ខ្ញុំ ។ ខ្ញុំ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​យ៉ាង​ខ្លាំង និង​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ » ។

នាង​បាន​និយាយ​ថា ការនៅ​ជាមួយ​ពួកយុវវ័យ​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ផ្សេង​ទៀត បាន​ពង្រឹង​ទំនុកចិត្ត​របស់​នាង ។ ម៉ាណាសេ អេ អាយុ ១៧ និយាយ​ថា « ពីមុន​សន្និសីទ​ដើម្បី​កម្លាំង​នៃ​យុវជន ខ្ញុំ​ពុំ​អាច​មើល​ឃើញ​ពីអ្វី​ៗ​ដ៏​ល្អ និង​ស្រស់ស្អាត​ដែល​ព្រះ​បាន​បង្កើត​សម្រាប់យើង និង​ផែនការ​ដែល​ទ្រង់​កំពុង​តែ​បង្កើត​សម្រាប់យើង​ឡើយ ។

យើង​ពុំ​គួរ​ទទួល​ឥទ្ធិពល​ពី​នរណា​ម្នាក់ ឬ​អ្វី​មួយ​ផ្សេង​ទៀត​ដែល​នៅជុំវិញ​យើង ដែល​នឹង​ព្យាយាម​ទាញ​យើង​ចេញ​ពី​ការរស់នៅ​តាម​ដំណឹងល្អ​ឡើយ ។ ដំណឹងល្អ​គឺ​ដូច​គ្នា​នៅ​គ្រប់​ទីកន្លែង ហើយ​យើង​គួរតែ​បន្ត​នៅលើ​ផ្លូវ​ត្រឹមត្រូវ » ។

ហើយ​ទោះបី​យើង​រស់នៅ​ប្រទេស​ក្រិក ឬ​កន្លែង​ផ្សេង​ទៀត​ក្នុង​ពិភពលោក​នេះ ការចែកចាយ​សេចក្តីល្អ​នោះ​ជាមួយ​គ្នា​ធ្វើ​ឲ្យ​យើង​មាន​ភាព​សាមគ្គី​គ្នា​ក្នុង​វិញ្ញាណ ។