២០១៩
កូន​ប្រុស​យើង​គឺជា​បុត្រ​របស់​ព្រះវរបិតាសួគ៌
ខែ មេសា ឆ្នាំ ២០១៩


គេហដ្ឋាន​របស់​យើង ក្រុម​គ្រួសារ​របស់​យើង

កូន​ប្រុស​យើង​គឺជា​បុត្រ​របស់​ព្រះវរបិតាសួគ៌

អ្នក​និពន្ធ​រស់នៅ​ក្នុង​រដ្ឋ អារីស្សូណា ស.រ.អា. ។

ពាក្យ​ដែល​ពុំមែន​ជា​ពាក្យ​ផ្ទាល់​របស់​ខ្ញុំ​បាន​ផុស​ឡើង​ក្នុង​គំនិត​ខ្ញុំ​ថា ៖ « តើ​អ្នក​គិតថា អ្នក​ស្រឡាញ់​គាត់​ជាង​យើង​ស្រឡាញ់​គាត់​ឬ ? »

រូបភាព
mother and son

រូប​ថត​របស់​អ្នក​និពន្ធ និង​កូន​ប្រុស​របស់​នាង

ហេឌិន​កូន​ប្រុស​តូច​ដ៏គួរ​ឲ្យ​ស្រឡាញ់​របស់យើង បាន​កើត​​មក​លើ​ផែនដី​នេះ​​ដោយ​ស្លេកស្លាំង អត់​ដក​ដង្ហើម និង​មាន​ការពិបាក​នឹង​រស់នៅ ។ អត់​យំ ។ អត់​កម្រើក ។

ពេល​វេជ្ជបណ្ឌិត និង​​គិលានុប្បដ្ឋយិកា​​​រត់​ខ្វែង​ដៃខ្វែងជើង​ពេញ​បន្ទប់ពេទ្យ នោះខ្ញុំ​ដឹង​ថា មាន​អ្វី​អាក្រក់​បាន​កើត​ឡើង​ហើយ ។ ស្វាមី​ខ្ញុំ និង​ឪពុក​ខ្ញុំ​បាន​ផ្តល់​ការប្រសិទ្ធពរ​បព្វជិតភាព​មួយ​ភ្លាម​​ឲ្យ​ហេឌិន ហើយ​ហេឌិន​ត្រូវបាន​យក​ទៅ​​បន្ទប់​សង្គ្រោះ​បន្ទាន់​ភ្លាម ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក វេជ្ជបណ្ឌិត​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា ហេឌិន​មាន​ជំងឺ​បេះដូង​មិន​ប្រក្រតី​ដ៏​កម្រ​មួយ ។ ហេឌិន​បាន​ទទួល​ការវះកាត់​បេះ​ដូង​ជា​ច្រើន​ដង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ។

តាមរយៈ​អំណាច​នៃ​ការប្រសិទ្ធពរ​បព្វជិតភាព​ប្រកប​ដោយ​អព្ភូតហេតុ ការតម​អាហារ និង​អធិស្ឋាន នោះ​ហេឌិន​បាន​រស់រាន​មាន​ជីវិត​ទោះបី​គាត់​មិន​ត្រូវបាន​រំពឹង​ថា​នឹង​រស់​ក្តី ។ យើង​បាន​រីករាយ​ជា​ខ្លាំង​ដើម្បី​នាំយក​កូនប្រុស​របស់​យើង​មក​ផ្ទះ ហើយ​ចាប់ផ្តើម​ជីវិត​ថ្មី​របស់យើង​ជាមួយ​គ្នា ។

ហេឌិន​បាន​នាំ​មក​នូវ​អំណរ​ដ៏​ច្រើន​អនេក​មក​ក្នុង​ជីវិត​យើង ។ យើង​ស្រឡាញ់ និង​ពេញចិត្ត​គាត់​ណាស់ ។ ប៉ុន្តែ​យូរៗទៅ ខ្ញុំ​បាន​ចាប់ផ្តើម​បារម្ភ​ថា គាត់​ពុំ​រីកលូតលាស់​ដូច​ការរំពឹង​ទុក​ឡើយ ។ ទោះបី​អ្នក​ឯកទេស​បាន​បញ្ជាក់​ជាមួយ​យើង​ថា គាត់​នឹង​អភិវឌ្ឍ​​ក្តី ក៏​មន្ទិល​សង្ស័យ​បានបន្ត​មាន​ កាល​ខ្ញុំ​ពុះពារ​ជួយ​ដល់​កូន​ប្រុស​របស់​ខ្ញុំ ។

ស្វាមី​ខ្ញុំ និង​ខ្ញុំ​បាន​សិក្សា​អំពី​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​រៀន​ពី​ជំងឺ​របស់​ហេឌិន ។ យើង​បាន​ធ្វើ​នូវ​អ្វី​​គ្រប់យ៉ាង​ដែល​វេជ្ជបណ្ឌិត​បានប្រាប់​យើង​ឲ្យ​ធ្វើ ។ ប៉ុន្តែ​​ការរីកចម្រើន​នោះ​ពុំ​កើត​ឡើង​សោះ ។

ការនឿយហត់ និង​ភាព​ស្មុគស្មាញ​របស់​ខ្ញុំ​បាន​កើន​ឡើង ។ ខ្ញុំ​បាន​ទូល​អង្វរ​ដល់​ព្រះវរបិតា​ខ្ញុំ​​ដែល​គង់​នៅ​ស្ថានសួគ៌ ឲ្យ​ជួយ​ខ្ញុំ​ស្វែងរក​នរណាម្នាក់​ដែល​អាច​ជួយ​ហេឌិន ប៉ុន្តែ​ជំនួយ​នោះ​ពុំបាន​កើត​ឡើង​ទេ ។ ស្ថានភាព​របស់​ហេឌិន​ប្រែកាន់តែ​ដុនដាប​ទៅៗ ។ គាត់​បាន​ចាប់ផ្ដើម​មាន​ការប្រកាច់ ។ យើង​មាន​ការភ័យ​ព្រួយ ។ យើង​គិតថា យើង​នឹង​បាត់បង់​គាត់​ហើយ ។

យប់​មួយ ខ្ញុំ​​នៅ​ស្រាវជ្រាវ​រក​ចម្លើយ​រហូត​ដល់យប់ជ្រៅ ។ ខ្ញុំបាន​សរសេរ​សំបុត្រ​មួយ​ឲ្យ​ទៅ​ហេឌិន ។ ខ្ញុំ​បាន​ប្រាប់​គាត់​អំពី​ក្តីស្រឡាញ់​ដ៏​ធំធេង​ដែលខ្ញុំ​មាន​ចំពោះ​គាត់ និង​ពី​ការខិតខំ​ជា​ខ្លាំង​ដែល​ខ្ញុំ​បាន​ធ្វើ​ដើម្បី​ឲ្យ​ជីវិត​គាត់​មាន​ភាព​ងាយស្រួល ។ ខ្ញុំ​បាន​សន្យា​ថា ខ្ញុំនឹង​ចំណាយ​ពេ​ល​ពេញ​មួយ​ជីវិតរបស់​ខ្ញុំ ដើម្បី​រក​ជំនួយ​តាម​គាត់​ត្រូវការ ។

ភាពស្មុគស្មាញ និង​គ្រា​ដែល​ពុំ​ប្រាកដ​ប្រជា​បាន​កើត​មាន​ចំពោះខ្ញុំ ។ ខ្ញុំ​បានលុត​ជង្គង់​ចុះ ហើយ​ទូល​សួរ​ទៅ​កាន់​ព្រះវរបិតា​​​របស់​ខ្ញុំ​ដែល​គង់នៅ​ស្ថាន​សួរ​ថា « ហេតុអ្វី ? » ខ្ញុំ​បាន​គិត​ថា ទ្រង់​បាន​បញ្ជូន​ហេឌិន​​មក​ខ្ញុំ ដោយសារ​ទ្រង់​បានដឹង​ថា ខ្ញុំ​ពុំ​បោះបង់​ការព្យាយាម​ជួយ​កូន​ប្រុស​ខ្ញុំ​ឡើយ ។ ដូច្នេះ ហេតុអ្វី​ខ្ញុំ​ពុំ​បាន​ចម្លើយ​អ្វី​សោះ ? ហេតុអ្វី​វេជ្ជបណ្ឌិត​ថ្មី​គ្រប់​រូប និង​ការព្យាបាល​ថ្មី​ៗ​នាំ​ទៅរក​​ឧបសគ្គ​ផ្សេង​មួយ​ទៀត ? តើ​ព្រះវរបិតាសួគ៌មិន​​ស្រឡាញ់​​ហេឌិន​ទេ​ឬ ?

ខ្ញុំ​នឹង​មិន​​ភ្លេច​​គ្រា​នោះ​ឡើយ ។ រំពេច​នោះ អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​​ដ៏​ជ្រាលជ្រៅ​បាន​ផុស​ឡើង​នៅ​ក្នុង​ចិត្ត​ខ្ញុំ​ភ្លាម ។ ពាក្យ​ដែល​ពុំមែន​ជា​ពាក្យ​ផ្ទាល់​របស់​ខ្ញុំ​បាន​ផុស​ឡើង​ក្នុង​គំនិត​ខ្ញុំ​ថា ៖ « ជើលីន តើ​អ្នក​គិតថា អ្នក​ស្រឡាញ់​គាត់​ជាង​យើង​ស្រឡាញ់​គាត់​ឬ ? »

ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ជា​ខ្លាំង ។ ម៉ោង​ហាក់ដូចជា​នៅ​ស្ងៀម​ទ្រឹង ។ ទឹក​ភ្នែក​បាន​ហូរ​ចុះ​លើ​មុខ​ខ្ញុំ—ពុំ​មែន​ដោយ​ភាព​ស្មុគស្មាញ​ពីមុន​​ទេ ប៉ុន្តែ​ដោយសារ​សេចក្តីសង្ឃឹម ការយល់ដឹង និង​សេចក្តីស្រឡាញ់​វិញ ។

នៅ​គ្រានោះ អ្វីៗ​គ្រប់យ៉ាង​បាន​ផ្លាស់ប្តូរ ។ ចិត្ត​របស់​ខ្ញុំ​​ត្រូវ​បាន​បន្ទន់ ។ សំណួរ​របស់​ខ្ញុំ​បាន​ផ្លាស់ប្ដូរ ។ ឥឡូវ​នេះ ខ្ញុំ​យល់​​ថា ព្រះវរបិតាគង់នៅស្ថានសួគ៌​ស្រឡាញ់​ហេឌិន​ដោយ​នូវ​សេចក្តីស្រឡាញ់​ដ៏​ល្អ​ឥត​ខ្ចោះ ។ ហេឌិន​ត្រូវបាន​បញ្ជូន​មក​កាន់​ផែនដី​នៅក្នុង​រូបកាយ​ដែល​ស័ក្តិសម​សម្រាប់​តម្រូវការ​របស់​គាត់ និងឱកាស​គាត់​សម្រាប់​រីកចម្រើន និង​រៀនសូត្រ ។ គាត់​មាន​សមត្ថភាព​ពិសេស និង​ឧបសគ្គ​​ផ្ទាល់​ខ្លួន​គាត់ ដូច​ជា​ពួកយើង​ម្នាក់ៗ​មាន​ផងដែរ ។ ខ្ញុំ​បាន​ដឹង​ច្បាស់​ថា កុមារ​ដែល​ពិការ​គឺ​មាន​តម្លៃ ហើយ​ជា​បុត្រ​សំណព្វ​របស់ព្រះវរបិតាសួគ៌ ដែល​មាន​បេសកកម្ម​ពិសេស​នៅលើ​ផែនដី​នេះ ។

ស្វាមី​ខ្ញុំ និង​ខ្ញុំបន្ត​ទទួល​ចម្លើយ និង​ពរជ័យ​ ប៉ុន្តែ​វា​កើត​ឡើង​តាមពេលវេលា​របស់​ព្រះអម្ចាស់ ពុំ​មែន​តាម​ពេល​វេលា​របស់យើង​ទេ ។ យើង​ត្រូវបាន​ដឹកនាំ​ទៅ​រក​សៀវភៅ​ ការព្យាបាល សាលារៀន និង​គ្រូបង្រៀន​ត្រឹមត្រូវ ដើម្បីជួយ​ហេឌិន​មាន​ជោគជ័យ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​គាត់ ។ យើង​ព្យាយាម​ស្រាវជ្រាវ​រក​ផ្លូវ​ដែល​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​បាន​ដាក់​សម្រាប់​ហេឌិន​ ជំនួស​ឲ្យ​ផ្លូវ​ដែល​យើង​ចង់​បាន​ឲ្យ​គាត់​ដើរ​ ។ យើង​កំពុង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ជួយ​ហេឌិន​ឲ្យ​ឈាន​ទៅ​ដល់​សក្តានុពល​នៃ​ភាព​ជា​ព្រះ​របស់​គាត់ និង​រស់នៅ​ក្នុង​ជីវិត​ដែល​ព្រះវរបិតាសួគ៌​បាន​រៀបចំ​សម្រាប់​គាត់ ។ ការយល់​ដឹង​របស់​យើង​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​បាន​ប្រែកាន់តែ​ច្បាស់​ឡើង​ក្នុង​ពេល​នេះ​ដោយសារ​យើង​យល់​ថា ហេឌិន​គឺ​បុត្រ​របស់​ទ្រង់​ពីមុន​គាត់ក្លាយ​ជា​កូន​របស់យើង ។