២០១៩
ចូរ​ទុកចិត្ត​លើ​ការដោះលែង​ឲ្យ​រួច​របស់​ព្រះអង្គ​សង្គ្រោះ
ខែ មេសា ឆ្នាំ ២០១៩


ចូរ​ទុកចិត្ត​លើ​ការដោះលែង​ឲ្យ​រួច​របស់​ព្រះអង្គ​សង្គ្រោះ

ដកស្រង់​ចេញ​មកពី​សុន្ទរកថា​ការប្រជុំ​ធម្មនិដ្ឋាន « The Power of Deliverance » ដែល​បាន​ថ្លែង​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០០៨ ។

ដង្វាយធួន​ និង​ការរស់​ឡើង​វិញ​របស់​ព្រះអង្គសង្គ្រោះ​​ផ្តល់​ព្រះចេស្តារ​ដល់​ទ្រង់ ឲ្យ​ពង្រឹង​យើង​នៅក្នុង​ការសាកល្បង​របស់​យើង ឬ​ដោះលែង​យើង​ចេញ​ពី​ការសាកល្បង​ទាំង​នោះ ។

រូបភាព
image of the Savior with arms outstretched

រូបភាពលម្អិត​មកពី សម្រាប់​គោលបំណង​នេះ ដោយ យ៉ុងសាំង ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ពី ហេវិន ឡាយ

សម្រាប់​ពួកយើង​ដែល​បាន​បាត់បង់​មនុស្ស​ជាទីស្រឡាញ់ នោះ​ពេល​វេលា​បន្ទាប់​ពី​ពួកគេ​ស្លាប់​អាច​នឹង​មាន​ទុក្ខ និង​ឯកោ​—ហើយ​ភាពកើត​ទុក្ខ និង​ឯកោ​នេះ​កើត​មាន​កាន់តែ​ខ្លាំង​លើ​អស់​អ្នក​ដែល​គ្មាន​ចំណេះ​ដឹង និង​ទីបន្ទាល់​អំពី​ដង្វាយធួន និង​ការរស់​ឡើង​វិញ​របស់​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​ចាំ​ពី​សិស្ស​ពីរ​នាក់​របស់ទ្រង់​ដែល​មាន​ចិត្ត​សង្ស័យ​នៅលើ​ផ្លូវ​ទៅ​ក្រុង​អេម៉ោស ។ ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​បាន​នៅ​ក្បែរ​នឹង​ពួកគេ ហើយ​សួរ​ពី​មូលហេតុ​ដែល​ពួកគេ​កើត​ទុក្ខ ។ លូកា​ផ្តល់​ចម្លើយ​នោះ​ដល់​យើង ៖

« នោះ​គេ​ឆ្លើយ​ថា គឺ​ពី​ដំណើរ​លោក​យេស៊ូវ ពី​ស្រុក​ណាសារ៉ែត ជា​ហោរា ដែល​ការ​លោក​ធ្វើ និង​ពាក្យ​សម្តី​របស់​លោក​សុទ្ធ​តែ​មាន​ឫទ្ធិ​នៅ​ចំពោះ​ព្រះ និង​បណ្តាជន​ទាំងឡាយ​ផង ៖

ហើយ​ពី​បែប​យ៉ាង​ណា​ដែល​ពួក​សង្គ្រាជ និង​ពួក​នាម៉ឺន​យើង​ខ្ញុំ បាន​បញ្ជូន​លោក​ទៅ​ឲ្យ​ជាប់​ទោស​ដល់​ជីវិត ហើយ​ឆ្កាង​លោក​ផង ។

តែ​យើង​ខ្ញុំ​បាន​សង្ឃឹម​ថា គឺ​លោក​នេះ​ហើយ​ជា​ព្រះ​ដែល​រៀប​នឹង​ប្រោស​លោះ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន » ( លូកា ២៤:១៩–២១ ) ។

យើង​ទទួល​បាន​ការលួងលោម​ចេញ​ពី​ចំណេះ​ដឹង និង​ទីបន្ទាល់​របស់យើង​ថា នោះ គឺ​ជា ទ្រង់​ដែល​បាន​ប្រោសលោះ​ពួកសាសន៍​អ៊ីស្រាអែល ។ គឺ ជា ទ្រង់​ដែល « [ ផ្ដាច់ ] ចំណង​នៃ​សេចក្ដីស្លាប់ » ( ម៉ូសាយ ១៥:២៣ ) ។ គឺ ជា ទ្រង់​ដែល​បាន​ក្លាយ​ជា « ផល​ដំបូង​ពី​ពួក​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ » ( កូរិនថូស​ទី ១ ១៥:២០ ) ។ គឺ ជា ទ្រង់​ដែល​អាច​ធ្វើ​ឲ្យ​សេចក្តីសញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ ចង​ភ្ជាប់​យើង​ជារៀងរហូត​ជាមួយ​អស់​អ្នក​ដែល​យើង « ស្រឡាញ់​ដែល​លាចាកទៅ​ជា​យូរ ! » 

នៅក្នុង​រដូវការ​បុណ្យ​អ៊ីស្ទើរ​នេះ ខ្ញុំ​ចង់​ចែកចាយ​ផ្នែក​មួយ​នៃ​សារលិខិត​​ការប្រជុំ​ធម្មនិដ្ឋាន​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​ថ្លែង​កាល​ពី​ពីរបី​ឆ្នាំ​​កន្លង​ទៅ អំពី​ព្រះចេស្តា​នៃ​ការដោះលែង​ឲ្យ​រួច​របស់​ព្រះអង្គសង្គ្រោះ ។ វា​បាន​ពង្រឹង​ដល់​ខ្ញុំ ពេល​ខ្ញុំ​បាន​រៀបចំ​សារលិខិត​នេះ ហើយ​ចែកចាយ​វា ។ ខ្ញុំ​សូម​អធិស្ឋាន​ថា សារលិខិត​នេះ​នឹង​ពង្រឹង​​ដល់​អ្នក ពេល​អ្នក​អាន​វា ។

អ្នក​ខ្លះ​ស្លាប់​ទាំង​វ័យ​ក្មេង ហើយ​ទីបំផុត​គឺ​យើង​ទាំងអស់​គ្នា​នឹង​ស្លាប់ ។ ពួកយើង​ម្នាក់ៗ​នឹង​ត្រូវបាន​សាកល្បង ដោយ​ការប្រឈមមុខ​នឹង​សេចក្តី​ស្លាប់​នៃ​មនុស្ស​ដែល​យើង​ស្រឡាញ់ ។

កាល​ពី​ម្សិលម្ងៃ ខ្ញុំ​បាន​ជួប​បុរស​ម្នាក់​ដែល​ខ្ញុំ​ពុំ​បាន​ឃើញ​​គាត់តាំង​ពី​ប្រពន្ធ​គាត់​បាន​ចែកឋាន​ទៅម៉្លេះ ។ វា​គឺជា​ឱកាស​ជួបជុំ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ​ក្នុង​សង្គម​​ដ៏​ជា​ទីមនោរម្យ​មួយ ។ គាត់​បាន​ញញឹម​ពេល​គាត់​ដើរ​សំដៅ​មក​រក​ខ្ញុំ ។ ដោយ​ចាំ​ពី​មរណភាព​របស់​ភរិយា​គាត់ នោះ​ខ្ញុំ​បាន​ស្វាគមន៍​គាត់​ដោយ​ប្រើ​ឃ្លា​សាមញ្ញ​មួយ​ដោយ​ប្រុង​ប្រយ័ត្ន​ថា ៖ « តើ​លោក​មាន​សុខទុក្ខ​យ៉ាង​ណា​ដែរ ? »

គាត់​ឈប់​ញញឹម ទឹកភ្នែក​គាត់​ចាប់ផ្តើម​ហូរ ហើយ​គាត់​បាន​និយាយ​ស្ងាត់ៗ ដោយ​ស្មោះអស់ពីចិត្ត​ថា « ខ្ញុំ​សុខសប្បាយ​ធម្មតា​ទេ ។​ ប៉ុន្តែ​វា​ពិបាក​ណាស់ » ។

វា ពិតជា ពិបាក​ណាស់ ដូច​ដែល​ភាគច្រើន​នៃ​អ្នក​ទាំងអស់​គ្នា​​បាន​ដឹង ហើយ​ជួនកាល​ពួកយើង​គ្រប់​គ្នា​​នឹង​ដឹង ។ ផ្នែក​ដ៏​លំបាក​បំផុត​នៃ​ការសាកល្បង​នោះ​គឺ ដើម្បី​ស្គាល់​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ​ពេល​កើត​ទុក្ខ ឯកោ និង​បាត់បង់ ដែល​យើង​អាច​ទទួល​អារម្មណ៍ ដែល​ជា​ផ្នែក​មួយ​​នៃ​អ្វី​ដែល​យើង​បាត់បង់ ។ ការឈឺចាប់​អាច​បន្ត​បៀមជាប់​នៅ​ដូចជា​ជំងឺ​រាំរ៉ៃ​មួយ ។ ហើយ​មនុស្ស​ខ្លះ មាន​អារម្មណ៍​នៃ​កំហឹង ឬ​ភាព​អយុត្តិធម៌ ។

ព្រះអង្គ​សង្គ្រោះ​ជ្រាប​ដឹង​ពី​ការឈឺចាប់​របស់យើង ។

ដង្វាយធួន និង​ការរស់​ឡើង​វិញ​របស់​ព្រះអង្គសង្គ្រោះ​​ផ្តល់​ព្រះចេស្តារ​ដល់​ទ្រង់ ឲ្យ​ដោះលែង​យើង​ចេញ​ពី​ការសាកល្បង​ទាំង​នោះ ។ តាមរយៈ​បទពិសោធន៍​របស់​ទ្រង់ ទ្រង់​អាច​ជ្រាបដឹង​ពី​ការឈឺចាប់​ទាំងអស់របស់យើង ។ ទ្រង់​អាច​ជ្រាប​ដឹង​ការឈឺចាប់​ទាំង​នោះ តាមរយៈ​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ ប៉ុន្តែ​ទ្រង់​បាន​ជ្រើស​ជ្រាប​ដឹង​តាមរយៈ​ការទទួល​បទពិសោធន៍​នូវ​ការឈឺចាប់​ដោយ​ព្រះអង្គ​ផ្ទាល់​ជំនួស​វិញ ។ នេះ​គឺ​ជា​ដំណើរ​រឿង ៖

« ហើយ​មើល​ចុះ ទ្រង់​នឹង​ប្រសូត​មក​ពី​នាង​ម៉ា​រា នៅ​ក្រុង​យេរូសាឡិម ដែល​ជា​ដែនដី​របស់​ពួក​អយ្យកោ​ដើម​របស់​យើង នាង​ជា​ស្ត្រី​ព្រហ្មចារី គឺជា​ប្រដាប់​ដ៏​ជម្រើស ហើយ​ពិសេស​មួយ ដែល​នឹង​ត្រូវ​គ្រប​ដណ្ដប់ ហើយ​ចាប់​ទំ​ផ្ទៃ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​នឹង​ប្រសូត​បាន​បុត្រ​មួយ មែន​ហើយ គឺជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ។

ហើយ​ព្រះយេស៊ូវគ្រីស្ទ​នឹង​យាង​ទៅ​ដោយ​រង​ការឈឺចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង​ហើយ​ទ្រង់​ធ្វើ​យ៉ាង​នេះ គឺ​ដើម្បី​ឲ្យ​បាន​បំពេញ​នូវ​ពាក្យ​ទាំងឡាយ ដែល​បាន​ចែង​មក​ថា ទ្រង់​នឹង​លើក​ដាក់​លើ​ខ្លួន​ទ្រង់​នូវ​ការ​ឈឺចាប់ និង​ជំងឺ​ទាំងឡាយ​របស់​រាស្ត្រ​ទ្រង់ ។

ហើយ​ទ្រង់​នឹង​យក​ដាក់​លើ​រូបអង្គ​ទ្រង់​នូវ​សេចក្ដី​ស្លាប់ ដើម្បី​ទ្រង់​អាច​ស្រាយចំណង​ទាំង​ឡាយ​នៃ​សេចក្ដី​ស្លាប់​ដែល​ចង​រាស្ត្រ​ទ្រង់ ហើយ​ទ្រង់​នឹង​ដាក់​លើ​រូបអង្គ​ទ្រង់​នូវ​ជំងឺ​ឈឺ​ចាប់​របស់​ពួក​គេ ដើម្បី​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់ បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា ស្រប​តាម​សាច់ឈាម ដើម្បី​ទ្រង់​អាច​ដឹង​ស្រប​តាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែប​ណា​តាម​ជំងឺ​របស់​គេ » ( អាលម៉ា ៧:១០–១២ ) ។

រូបភាព
Jesus Christ praying

រូបភាពលម្អិត​មកពី ចៀម​ដែល​បាត់ ដោយ យ៉ុងសាំង ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ពី ហេវិន ឡាយ

មនុស្ស​ល្អ​នៅ​ជុំ​វិញ​អ្នក​នឹង​ព្យាយាម​យល់​ពី​ការឈឺចាប់​​របស់​អ្នក​នៅ​គ្រា​នៃ​ការស្លាប់​របស់​មនុស្ស​ជាទីស្រឡាញ់​ណា​ម្នាក់ ។ ពួកគេ​អាច​ទទួល​អារម្មណ៍​នៃ​ការឈឺចាប់​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ។ ព្រះអង្គ​សង្គ្រោះ​ពុំ​គ្រាន់តែ​យល់ និង​ទទួល​អារម្មណ៍​ឈឺចាប់​ប៉ុណ្ណោះ​ទេ ទ្រង់​ថែម​ទាំង​ទទួល​អារម្មណ៍​​នៃ​ការឈឺចាប់​ផ្ទាល់ របស់​អ្នក ផងដែរ ដែល​មាន​តែ​អ្នក​ប៉ុណ្ណោះ​ដែល​អាច​​ទទួល​អារម្មណ៍​ឈឺចាប់​នោះ ។ ហើយ​ទ្រង់​ស្គាល់​អ្នក​យ៉ាង​ច្បាស់ ។ ទ្រង់​ជ្រាប​ពី​ចិត្ត​របស់​អ្នក ។

អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ

ព្រះអង្គ​សង្គ្រោះ​អាច​ដឹងថា តើ​កិច្ចការ​ណា​មួយ​​នៃ​កិច្ចការ​ជាច្រើន​ដែល​អ្នក​អាច​ធ្វើ ដែល​នឹង​ក្លាយ​ជា​ល្អ​បំផុត​សម្រាប់​អ្នក នៅពេល​អ្នក​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​លួងលោម និង​ប្រទាន​ពរ​ដល់​អ្នក ។ ទ្រង់​នឹង​ជ្រាប​ដឹង​ពីកន្លែង​ដែល​ល្អ​បំផុត​សម្រាប់​ឲ្យ​អ្នក​ចាប់ផ្តើម ។ ជួនកាល​វា​​​គឺជា​ការអធិស្ឋាន ។ ជួនកាល​វា​​​គឺជា​ការទៅ​លួងលោម​ចិត្ត​បុគ្គល​ណា​ម្នាក់​ទៀត ។ ខ្ញុំ​ស្គាល់​ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​មាន​ជំងឺពិការភាព ដែល​ត្រូវបាន​បំផុសគំនិត​ឲ្យ​ទៅ​សួរសុខទុក្ខ​ស្ត្រី​មេម៉ាយ​ម្នាក់​ផ្សេង​ទៀត ។ ខ្ញុំ​ពុំ​បាន​នៅ​ទីនោះ​ទេ ប៉ុន្តែ​ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា ព្រះអម្ចាស់​បាន​បំផុស​គំនិត​សិស្ស​ស្មោះត្រង់​ម្នាក់ ឲ្យ​ឈោង​ទៅ​ជួយ​បុគ្គល​ម្នាក់​ទៀត ហើយ​រឿង​នោះ​អាច​ជួយ​ពួកគេ​ទាំង​ពីរ​នាក់ ។

មាន​មធ្យោបាយ​ជាច្រើន​ដែល​ព្រះអង្គសង្គ្រោះ​អាច​ជួយ​សង្គ្រោះ​អស់​អ្នក​ដែល​មាន​ការឈឺចាប់ ហើយ​របៀប​នីមួយៗ​ត្រូវម៉ាច់​នឹង​ពួកគេ​តែ​ម្តង ។ ប៉ុន្តែ​អ្នក​អាច​ប្រាកដ​ថា ទ្រង់​អាច និង​ធ្វើ​វា​ក្នុង​របៀប​មួយ​ដែល​ល្អ​បំផុត​សម្រាប់​អស់​អ្នក​ដែល​ឈឺចាប់ និង​​សម្រាប់​អស់​អ្នក​ដែល​នៅជុំវិញ​ពួកគេ ។ ឧទាហរណ៍​ពេល​ព្រះ​ដោះលែង​មនុស្ស​ចេញពី​ការឈឺចាប់ គឺ​ថា​ពួកគេ​មាន​អារម្មណ៍​បន្ទាប​ខ្លួន​ដូចជា​កូន​ក្មេង​នៅ​ចំពោះ​ព្រះភក្ត្រ​ទ្រង់ ។ គំរូ​ដ៏អស្ចារ្យ​ស្តីពី​អំណាច​នៃ​ភាពរាបសា​ដ៏​ស្មោះត្រង់​កើត​ចេញ​ពី​ជីវិត​របស់​យ៉ូប ( សូមមើល យ៉ូប ១:២០–២២ ) ។ ឧទាហរណ៍​មួយ​ទៀត ដែល​យ៉ូប​ក៏​មាន​ដែរ​នោះ​គឺ ​សេចក្តីជំនឿ​​ដែល​មាន​នៅក្នុង​អំណាច​នៃ​ការរស់​ឡើង​វិញ​របស់​ព្រះអង្គសង្គ្រោះ​ ( សូមមើល យ៉ូប ១៩:២៦ ) ។

យើង​ទាំងអស់​គ្នា​នឹង​រស់​ឡើង​វិញ រួម​ទាំង​មនុស្ស​ជាទីស្រឡាញ់​របស់យើង​ដែល​បាន​ស្លាប់​ផងដែរ ។ ការជួបជុំ​ដែល​យើង​នឹង​មាន​ជាមួយ​ពួកគេ​ ពុំ​មែន​ជា​ការមាន​រូបកាយ​ដែល​ពុក​ផុយ​នោះ​ទេ ប៉ុន្តែ​ជា​ការមាន​រូបកាយ​ដែល​នឹង​ពុំ​ចេះ​ស្លាប់ ពុំ​ចាស់ និង​គ្មាន​ជំងឺ​ឡើយ ។​

ពេល​ព្រះអង្គសង្គ្រោះ​បង្ហាញ​ព្រះកាយ​ដល់​ពួកសាវក​ទ្រង់​បន្ទាប់​ពី​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ នោះទ្រង់​ពុំ​គ្រាន់តែ​ធានា​ជា​ថ្មី​ចំពោះ​ទុក្ខសោក​​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ថែមទាំង​ធានា​ចំពោះ​យើង​ទាំងអស់​គ្នា​ដែល​​មាន​ការឈឺចាប់​ផងដែរ ។ ទ្រង់​បាន​​ធានា​ដល់​ពួកគេ និង​ពួកយើង​ជា​ថ្មី​ទៀត​តាម​របៀប​នេះ ៖

« សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត​ចុះ ។…

ចូរ​មើល​មក​ដៃ និង​ជើង​ខ្ញុំ​ឲ្យ​បាន​ដឹង​ថា នេះ​គឺ​ខ្ញុំ​ពិត​មែន ចូរ​ពាល់​ខ្ញុំ​មើល ដ្បិត​ខ្មោច​គ្មាន​សាច់​ឬ​ឆ្អឹង ដូច​ជា​ឃើញ​ខ្ញុំ​នេះ​ទេ » ( លូកា ២៤:៣៦, ៣៩ ) ។

ព្រះអម្ចាស់​អាច​បំផុសគំនិត​យើង​ឲ្យ​ទទួល​នូវ​ព្រះចេស្តា​នៃ​ការដោះលែង​ចេញ​ពី​ការឈឺចាប់​របស់​យើង​ក្នុង​របៀប​មួយ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​យើង ។ យើង​អាច​ជ្រើស​បម្រើ​មនុស្ស​ដទៃ​សម្រាប់​ព្រះអម្ចាស់ ។ យើង​អាច​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គសង្គ្រោះ អំពី​ដំណឹងល្អ​របស់​ទ្រង់ អំពី​ការស្តារ​ឡើង​វិញ​នៃ​សាសនាចក្រ​របស់​ទ្រង់ និង​ការមាន​ព្រះជន្មរស់​ឡើង​វិញ​របស់​ទ្រង់ ។ យើង​អាច​គោរព​បទបញ្ញត្តិ​របស់​ទ្រង់ ។

ជម្រើស​ទាំងអស់​នោះ​អញ្ជើញ​​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​អង្គ​ដែល​លួងលោម​យើង​ក្នុង​របៀប​មួយ​ដែល​ត្រូវ​នឹង​តម្រូវ​ការ​របស់​យើង ។ ហើយ​តាមរយៈ​ការបំផុសគំនិត​របស់​ព្រះវិញ្ញាណ នោះ​យើង​អាច​មាន​ទីបន្ទាល់​អំពី​ការរស់​ឡើ​ង​វិញ និង​ទស្សនៈ​ច្បាស់លាស់​អំពី​ការជួបជុំ​ដ៏​រុងរឿង​នាពេល​ខាង​មុខ ។ ខ្ញុំ​ទទួល​អារម្មណ៍​លួងលោម​នោះ នៅពេល​ខ្ញុំ​​បាន​មើល​ទៅ​ថ្មក្បាល​ផ្នូរ​នៃ​បុគ្គល​ម្នាក់​ដែល​ខ្ញុំ​ស្គាល់—ជា​បុគ្គល​ដែល​ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​ឱប​ពួកគេ​ក្នុង​រង្វង់​ដៃ​​ខ្ញុំ​នៅពេល​ខាង​មុខ ។ ដោយ​ដឹង​ថា ខ្ញុំ​ពុំ​គ្រាន់តែ​អាច​ដោះលែង​ចេញ​ពី​ការឈឺចាប់ប៉ុណ្ណោះ​នោះ​ទេ ខ្ញុំ​ថែមទាំង​បាន​ពោរពេញ​ដោយ​ការរំពឹង​ទុក​មួយ​ដ៏​រីករាយ​ទៀត​ផង ។

ដោយ​មាន​បុគ្គល​តូច​នោះ​បាន​រស់នៅ​រហូត​ដល់​ចាស់​ទុំ នោះ​នាង​​ត្រូវការ​ការដោះលែង​ឲ្យ​រួច​ក្នុង​ការសាកល្បង​ផ្សេងៗ​ទៀត ។ នាង​ត្រូវបាន​សាកល្បង​ឲ្យ​បន្ត​នៅ​ស្មោះត្រង់នឹង​ព្រះ តាមរយៈ​ឧបសគ្គ​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ ដែល​កើត​មាន​លើ​មនុស្ស​គ្រប់​រូប ។ ទោះបី​ជា​រូបកាយ​នេះ​ជា​ការបង្កបង្កើត​ដ៏​សំខាន់​ក្តី ការរក្សា​វា​ឲ្យ​ដំណើរការ​គឺជា​ឧបសគ្គ​មួយ​ដែល​សាកល្បង​យើង​ទាំងអស់​គ្នា ។ មនុស្ស​គ្រប់​រូប​ត្រូវតែ​ពុះពារ​ឆ្លង​កាត់​នូវ​ជំងឺ និង​ឥទ្ធិពល​នៃ​ភាព​ចាស់ជរា ។

« ចូរ​មាន​ចិត្ត​រាបសា »

ព្រះចេស្ដា​នៃ​ការដោះលែង​ឲ្យ​រួច​ពី​ការសាកល្បង​របស់យើង​គឺមាន​សម្រាប់​យើង ។ វា​ដំណើរ​ការ​​ក្នុង​របៀប​មួយ​ដូច​នឹង​ការដោះលែង​ចេញពី​ការសាកល្បង​ដែល​កើត​ឡើង​នឹង​ការប្រឈម​មុខ​នឹង​សេចក្តីស្លាប់​របស់​មនុស្ស​ជា​ទីស្រឡាញ់ ។ ដូច​ជា​ការដោះលែង​នោះ ដែល​ពុំ​មែន​តែងតែ​ជា​ការប្រោស​ប្រណី​ជីវិត​ដល់​មនុស្ស​ជាទីស្រឡាញ់​ជានិច្ច នោះ​ការដោះលែង​ចេញ​ពី​ការសាកល្បង​ផ្សេង​ទៀត​អាច​ពុំ​ត្រូវបាន​ដក​ចេញ​ពី​ពួកគេ​ដូច​គ្នា​នោះ​ដែរ ។ ព្រះអម្ចាស់​អាច​ពុំ​បន្ធូរ​ការឈឺចាប់​ឡើយ រហូត​ដល់​យើង​អភិវឌ្ឍ​នូវ​សេចក្តីជំនឿ​ ដើម្បី​ធ្វើ​ជម្រើស​ដែល​នឹង​នាំ​ព្រះចេស្តា​នៃ​ដង្វាយធួន​ឲ្យ​ដំណើរ​ការ​ក្នុង​ជីវិត​របស់យើង​សិន ។ ទ្រង់​ពុំ​តម្រូវ​រឿង​នោះ​ចេញ​ពី​ភាព​ព្រងើយ​កន្តើយ​ឡើយ ប៉ុន្តែ​ត្រូវ​ចេញ​ពី​សេចក្តីស្រឡាញ់​សម្រាប់​យើង ។

មគ្គុទេស៍​មួយ​សម្រាប់​ការទទួល​ព្រះចេស្តា​នៃ​ការដោះលែង​ឲ្យ​រួច​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ជីវិត​នេះ ត្រូវបាន​ប្រទាន​​ឲ្យ​ទៅ ថូម៉ាស ប៊ី ម៉ាស ដែល​កាល​នោះ​គឺ​ជាប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ លោក​មាន​ការសាកល្បង​​ដ៏​លំបាក ហើយ​ព្រះអម្ចាស់​បាន​ជ្រាប​ថា លោក​នឹង​​ប្រឈម​មុខ​នឹង​ការសាកល្បង​ជាច្រើន​ទៀត ។ នេះ​គឺជា​ព្រះឱវាទ​​ចំពោះ​លោក ដែល​ខ្ញុំ​បាន​យក​វា​ដាក់​លើ​ខ្លួន​ខ្ញុំ ហើយ​សូម​ផ្តល់​ជូន​ដល់​អ្នក ៖ « ចូរ​មាន​ចិត្ត​រាបសា ហើយ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​នឹង​ដឹក​ដៃ​អ្នក ហើយ​ប្រទាន​ចម្លើយ​ដល់​បទអធិស្ឋាន​ទាំងឡាយ​របស់​អ្នក » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១២:១០ ) ។

រូបភាព
Christ with lamb

ព្រះអម្ចាស់​​​សព្វព្រះទ័យ​ដឹកនាំ​យើង​ទៅ​រក​ការ​ដោះលែង​ជានិច្ច តាមរយៈ​ការប្រែកាន់តែ​សុចរិត​របស់យើង ។ ការណ៍​នោះ​តម្រូវ​ឲ្យ​មាន​ការប្រែចិត្ត ។ ហើយ​វា​ត្រូវការ​ការបន្ទាបខ្លួន ។ ដូច្នេះ​ផ្លូវ​ទៅកាន់​ការដោះលែង តម្រូវ​ឲ្យ​មាន​ការបន្ទាបខ្លួន ដើម្បី​ព្រះអម្ចាស់​អាច​ដឹកនាំ​យើង​ដោយ​ដឹកដៃ​ទៅ​កន្លែង​ដែល​ទ្រង់​មាន​ព្រះទ័យ​ចង់​យក​យើង​ទៅ ដោយ​ឆ្លងកាត់​បញ្ហា​របស់​យើង ហើយ​បន្ត​ទៅកាន់​ភាពបរិសុទ្ធ ។

ការសាកល្បង​អាច​បង្កើត​ឲ្យ​មាន​ការពេញចិត្ត ឬ​ការបាក់​ទឹក​ចិត្ត ។ ភាពរាបសា​ដែល​អ្នក និង​ខ្ញុំ​ត្រូវការ​សម្រាប់​ឲ្យ​ព្រះអម្ចាស់​ដឹកនាំ​យើង​ដោយ​ដឹកដៃ​យើង​នោះ កើត​ឡើង​ពី​សេចក្តីជំនឿ ។ វា​កើត​ឡើង​ពី​សេចក្តីជំនឿ​ដែល​ថា ព្រះ​ពិតជា​មាន​ព្រះជន្ម​រស់នៅ ថា​ទ្រង់​ស្រឡាញ់​ពួកយើង ហើយ​អ្វី​ដែល​ទ្រង់​សព្វ​ព្រះទ័យ—យ៉ាង​ខ្លាំង—ឲ្យ​យើង​មាន​នោះ​គឺ​ជា​អ្វី​ដែល​ល្អ​បំផុត​សម្រាប់យើង ។

ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​យើង​នូវ​ភាពរាបសា​នោះ ។ អ្នក​បាន​អាន​នូវ​របៀប​ដែល​ទ្រង់​បាន​អធិស្ឋាន​នៅក្នុង​ច្បារ​គែតសេម៉ានី អំឡុងពេល​ទ្រង់​រងទុក្ខ​នូវ​ការសាកល្បង​ជំនួស​ពួកយើង ដែល​ហួស​ពី​សមត្ថភាព​ដែល​យើង​អាច​យល់​បាន ឬ​ស៊ូទ្រាំ​បាន ឬ​ឲ្យ​ខ្ញុំ​ពិពណ៌នា​បាន ។ អ្នក​ចាំ​ពី​ការអធិស្ឋាន​របស់​ទ្រង់ថា ៖ « ឱ​ព្រះវរបិតា​អើយ បើ​សិន​ជា​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » ( លូកា ២២:៤២ ) ។

ទ្រង់​​បាន​ស្គាល់ ហើយ​បាន​ទុក​ព្រះទ័យ​លើ​ព្រះវរបិតាសួគ៌​ទ្រង់​គឺ​ព្រះអេឡូហិម​ដ៏​មហិមា ។ ទ្រង់​បាន​ជ្រាប​ថា ព្រះវរបិតា​ទ្រង់​មាន​គ្រប់​ព្រះ​ចេស្ដា​ទាំង​អស់ និង​មាន​ព្រះទ័យ​សប្បុរស​ជា​ខ្លាំង ។ បុត្រា​សំណព្វ​បាន​ទូល​សូម​ដោយ​ពាក្យ​រាបសា—ដូចជា​កុមារ​តូចៗ​ទាំង​នោះ—ទូល​សូម​នូវ​ព្រះចេស្តា​នៃ​ការដោះលែង​ឲ្យ​រួច ដើម្បី​ជួយ​ទ្រង់ ។

ចូរ​ក្លាហាន និង​ទទួល​ការលួងលោម

ព្រះ​វរបិតា​ពុំ​បាន​ដោះលែង​ព្រះរាជបុត្រា​ឲ្យ​រួច​តាមរយៈ​ការដកយក​ការសាកល្បង​ចេញ​ឡើយ ។ សម្រាប់​ជា​ប្រយោជន៍​យើង ទ្រង់​ពុំ​ធ្វើ​បែប​នោះ​ឡើយ ប៉ុន្តែ​ទ្រង់​អនុញ្ញាត​ឲ្យ​ព្រះអង្គសង្គ្រោះ​បញ្ចប់​នូវ​បេសកកម្ម​ដែល​ទ្រង់​យាង​ចុះ​មក​ធ្វើ ។​ ប៉ុន្តែ​យើង​អាច​មានចិត្ត​​ក្លាហាន និង​ទទួល​ការលួងលោម​ជា​រៀងរហូត ចេញ​ពីការដឹង​​អំពី​ជំនួយ​ដែល​ព្រះវរបិតា​បាន​ប្រទាន​មក ៖

« នោះ​មាន​ទេវតា​លេច​មក​ឯ​ទ្រង់​អំពី​ស្ថានសួគ៌ មក​ចម្រើន​កម្លាំង​ថ្វាយ ។

ហើយ​ដោយ​ទ្រង់​កើត​ទុក្ខ​ជា​ខ្លាំង បាន​ជា​ទ្រង់​អធិស្ឋាន​ទទូច​រឹត​តែ​ខ្លាំង​ឡើង ញើស​ទ្រង់​ក៏​ត្រឡប់​ដូច​ជា​ដំណក់​ឈាម​ដ៏​ធំៗ ស្រក់​ទៅ​ដី ។

រួច​ទ្រង់​ក្រោក​ពី​ទី​អធិស្ឋាន វិល​ទៅ​ឯ​ពួក​សិស្ស​វិញ ក៏​ឃើញ​គេ​ដេក​លក់​ដោយ​ព្រួយ​ចិត្ត ។

ទ្រង់​មាន​ព្រះបន្ទូល​ថា ហេតុ​អ្វី​បាន​ជា​ដេក​លក់​ដូច្នេះ ចូរ​ក្រោក​ឡើង​អធិស្ឋាន​ចុះ ដើម្បី​កុំ​ឲ្យ​ត្រូវ​សេចក្តី​ល្បួង​ឡើយ » ( លូកា ២២:៤៣–៤៦ ) ។

ព្រះអង្គសង្គ្រោះ​​បាន​អធិស្ឋាន​ទូល​សូម​ការដោះលែង​ឲ្យ​រួច ។ អ្វី​ដែល​ទ្រង់​បាន​ពោល​ពាក្យ​អធិស្ឋាន​ពុំ​មែន​ជា​ការគេច​ចេញ​ពី​ការសាកល្បង​នោះ​ទេ ប៉ុន្តែ​ជា​ការលួងលោម​សម​ល្មម​ដើម្បី​ឆ្លង​កាត់​ការសាកល្បង​នោះ​ដោយ​រុងរឿង ។

ការត្រាស់​បង្គាប់​របស់​ទ្រង់​ទៅកាន់​សិស្ស​ទ្រង់ ដែល​ពួកគេ​នឹង​ត្រូវ​ទទួល​ការសាកល្បង​​គឺជា​​មគ្គុទេស៍​មួយ​សម្រាប់​យើង ។ យើង​អាច​ប្ដេជ្ញា​ចិត្ត​ធ្វើ​តាម​ការបង្គាប់​នោះ ។ យើង​អាច​ប្ដេជ្ញា​ចិត្ត​ក្រោក​ឡើង ហើយ​អធិស្ឋាន​ដោយ​សេចក្តីជំនឿ និង​រាបសា​បំផុត ។ ហើយ​យើង​អាច​ធ្វើ​តាម​ការត្រាស់​បង្គាប់​ប​ន្ថែម​នៅ​ក្នុង​គម្ពីរ​ម៉ាកុស ៖ « ចូរ​ក្រោក​ឡើង យើង​ទៅ » ( ម៉ាកុស ១៤:៤២ ) ។

ចេញ​ពី​ខគម្ពីរ​នេះ អ្នក​មាន​ការទូន្មាន​សម្រាប់​​ហែល​ឆ្លង​កាត់ការសាកល្បង​​​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​នៃ​ជីវិត ។ អ្នក​នឹង​ត្រូវការ​ជំនួយ​របស់​ព្រះ បន្ទាប់​ពី​អ្នក​បាន​ធ្វើ​អស់​ពី​សមត្ថភាព​ដែល​អ្នក​អាច​ធ្វើ​សម្រាប់​ខ្លួន​អ្នក ។ ដូច្នេះ​ ចូរ​ក្រោក​ឡើង ហើយ​ទៅ ប៉ុន្តែ​សូម​ទទួល​ជំនួយ​ពី​ទ្រង់​ឲ្យ​បាន​កាន់តែ​ឆាប់ កុំ​ចាំ​រហូត​ដល់​មាន​វិបត្តិ ទើប​ទូល​សូម​រក​ការដោះលែង​នោះ ។

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ដ៏​ឱឡារិក​របស់​ខ្ញុំ​ថា ព្រះ​គឺជា​ព្រះវរបិតា​មាន​ព្រះជន្ម​រស់​នៅ ហើយ​ទ្រង់​ស្រឡាញ់​អ្នក ។ ខ្ញុំ​ដឹង​រឿង​នោះ ។ ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់​គឺ​ល្អ​ឥត​ខ្ចោះ ហើយ​វា​ ជា ផែនការ​នៃ​សុភមង្គល ។ ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្ម​រស់ឡើងវិញ ហើយ​យើង​នឹង​រស់​ឡើង​វិញ​ផងដែរ ។ ទ្រង់​បាន​រងទុក្ខ ដើម្បី​ទ្រង់​អាច​ជួយ​យើង​ក្នុង​គ្រប់​ការសាកល្បង​របស់យើង ។ ទ្រង់​បាន​បង់ថ្លៃ​​​លោះ​​សម្រាប់​អំពើ​បាប​ទាំងអស់​របស់យើង និង​​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះវរបិតាសួគ៌ ដើម្បី​យើង​អាច​ត្រូវបាន​ដោះលែង​ឲ្យ​រួច​ពី​សេចក្តីស្លាប់ និង​អំពើ​បាប ។

ខ្ញុំ​ដឹង​ថា នៅក្នុង​សាសនាចក្រ​ព្រះយេស៊ូវគ្រីស្ទ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​យាង​មក​លួងលោម និង​សម្អាត​យើង ពេល​យើង​ធ្វើ​តាម​លោក​ចៅហ្វាយ ។ សូម​ឲ្យ​អ្នក​ទទួល​ការលួងលោម និង​ជំនួយ​របស់​ទ្រង់​ក្នុង​គ្រា​អាសន្ន​របស់​អ្នក ពេញ​ទាំង​ការសាកល្បង​នានា​នៃ​ជីវិត​របស់​អ្នក ។

កំណត់​ចំណាំ

  1. « ដើរ​តាម​ពន្លឺ » ទំនុក​តម្កើង លេខ ៤៦ ។